ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

វិបត្តិសង្គម រុញ​ស៊ីលី​ឱ្យ​លុបចោល​សន្និសីទ​អាកាសធាតុ​COP២៥ និង​ជំនួប​APEC

វិបត្តិសង្គម រុញ​ស៊ីលី​ឱ្យ​លុបចោល​សន្និសីទ​អាកាសធាតុ​COP២៥ និង​ជំនួប​APEC ការ​ដក​ខ្លួន​មិន​ទទួល​​ជំនួប​COP២៥​របស់​ស៊ីលី អាចបង្អាក់កិច្ច​ខិត​ខំ​​ប្រយុទ្ធ​ប្រឆាំងនឹង​អាកាសធាតុ​​ Lucas BARIOULET / AFP

    ជំនួប​កំពូល​សហប្រតិបត្តិការ​​សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់​អាប៉ិច នៅ​ខែ​វិច្ឆកា

    សន្និសីទ​ពិភពលោក​ស្តីពីអាកាសធាតុលើក​ទី ២៥ ឬ​ហៅ​កាត់​ថា​COP២៥ នៅ​ខែ​ធ្នូ

    ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​ពីរ​នេះ ​​ត្រូវ​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ស៊ីលី។ ប៉ុន្តែ​ដោយ​មិន​អាច​ពន្លត់​កំហឹង​ពលរដ្ឋ និង​រំសាយ​ចលនា​បាតុកម្ម​សង្គម​បាន លោក​ប្រធានាធិបតី​ស៊ីលី បាន​សម្រេច​លុប​ចោល​ការ​រៀប​ចំ​ជំនួប​កំពូល​ទាំង​ពីរនោះ​វិញ។ នេះ​មាន​ន័យថា​​ប្រធានាធិបតី​ស៊ីលី​ មិនមែន​ត្រឹមតែ​មិន​អាច​ដោះស្រាយ​វិបត្តិ​ក្នុង​ស្រុក​ទេ តែ​ត្រូវ​​បរាជ័យលើ​​ផ្នែក​ការទូត​ទៀត។

    ប្រធានាធិបតី​ស៊ីលី ធ្លាក់ប្រជាប្រិយភាព​មកនៅ​ត្រឹម​តែ ១៤%​ប៉ុណ្ណោះ ! ជា​កំរិត​ដ៏​ទាបបំផុត​មិនធ្លាប់​មាន​ទេ គិត​ចាប់​តាំង​ពី​ប្រទេស​នេះ ចាប់​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​មក។

    លោក ពីណេរ៉ា (Sebastian Pinera) ប្រធានាធិបតី​​ដែល​ជា​អ្នក​អភិរក្ស​និយម បាន​ព្រម​ធ្វើ​សម្បទាន​ច្រើនណាស់ ៖ ដំឡើង​ប្រាក់ខែ​អប្បបរិមា និង​ដំឡើង​ប្រាក់​ចូល​និវត្តន៍ បង្កក​តម្លៃ​អគ្គីសនី ថ្លៃ​ផ្លូវ បញ្ចុះ​ប្រាក់​បំណាច់​របស់​សមាជិក​សភា ... វិធានការ​ទាំង​អស់​នេះ គ្មាន​ចែង​នៅ​ក្នុង​កម្មវិធីនយោបាយ​របស់​លោក​ទេ តែ​លោក​សុទ្ធ​ចិត្ត​ធ្វើ​ដើម្បី​តម្រូវ​ចិត្ត​បាតុករ។

    ​សមាសភាព​រដ្ឋាភិបាល​មួយភាគ​បី​ត្រូវ​បាន​ប្តូរ​ផ្លាស់ ប៉ុន្តែ​កំហឹង​ពលរដ្ឋ​ដែល​ផ្ទុះ​ចេញ​ពី​​ដំបូង​ដោយ​ហេតុ​មានការ​ដំឡើង​ថ្លៃ​សំបុត្រ​រទេះភ្លើង​​ មិន​​ព្រម​ស្រក​ចុះសោះ។ បាតុកម្ម​នៅ​តែ​បន្ត​មាន​នៅ​ថ្ងៃ​ម្សិលមិញ​ ជា​គម្រប់​១៣​ថ្ងៃ​ជាប់​គ្នា ដើម្បី​ស្រែក​ទាមទារ​ឱ្យ​មាន​កំណែទម្រង់​ប្រទេស​ទាំង​មូល។ សន្ធឹក​នៃ​ចលនា​ប្រឆាំង​​ហាក់​ដូច​គ្មាន​អ្វី​អាច​ពន្លត់​បាន បាន​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី​ប្រកាស​លុប​ចោល​មិន​ទទួល​រៀប​ចំ​ជំនួប​កំពូល​អន្តរជាតិ​ពីរ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ ១៦-១៧​វិច្ឆិកា សម្រាប់​វេទិកា​​នៃកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក APEC និង​ជំនួប​កំពូល​អាកាសធាតុ​ COP២៥ នៅ​ថ្ងៃទី ២-១៣​ធ្នូ។

    ​លុប​ចោល​ជំនួប​អន្តរជាតិ​ ខាត​ប្រយោជន៍​ធំ

    បាតុករ មិន​ភ្ញាក់ផ្អើល​នឹង​សេចក្តី​សម្រេចចិត្ត​របស់​ប្រធានាធិបតីនេះ​ទេ គឺ​មាន​តែ​អំណរ​ក្នុង​ចិត្ត។ សម្រាប់​ក្រុម​បាតុករ ស្ថានភាព​បែប​នេះ ប្រមុខ​រដ្ឋ​-រដ្ឋាភិបាលលើ​ពិភពលោ​ក​មិន​គួរ​មក​ជួប​ប្រជុំ​នៅ​សង់ហ្សាហ្កោទេ។ បាតុករ​ខ្លះ​ទៀត​ យល់​ ការ​លុប​ជំនួប​អន្តរជាតិ​ទាំង​ពីរ គឺជា​ឱកាសផ្តល់​ឱ្យ​រដ្ឋាភិបាល​ងាក​មកផ្ចង់​​គិត​ដោះស្រាយ​បញ្ហា​សង្គម​ផ្ទៃក្នុង​ប្រទេស​កុំ​រវល់​គិត​បញ្ហា​ផ្សេង​ និង​ជា​ការ​បង្ហាញ​ប្រាប់​ពិភពលោក​ថា ស៊ីលី​មិនមែន​ជា​ប្រទេស​មហាសេរីនិយម​បែបថ្មី​អ្វី​ទេ។

    ប៉ុន្តែ​​សម្រាប់​អ្នក​ជំនាញ​សេដ្ឋកិច្ច​ និង​អ្នក​វិភាគ ការលុប​ជំនួប​ទាំង​ពីរ​នេះ គឺ​ជា​ការ​ខាត​ប្រយោជន៍​ និង​ខូច​រូបភាព​ប្រទេស​ខ្លាំងណាស់ !

    គឺ​នៅ​ស៊ីលី​នេះ​ហើយ​ដែល​លោក​ដូណាល់ ត្រាំ និង​សមភាគី​ចិន ស៊ី ជិនពីង ត្រូវ​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​មួយ​ទល់​នឹង​មួយ នា​ឱកាស​ជំនួប​កំពូល​APEC ដោយ​សង្ឃឹម​ថានឹង​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​​​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​កំពូល​ទាំង​ពីរ។

    ​ជំនួប​APEC ជា​ការ​ជួប​ជុំ​ថ្នាក់​ដឹកនាំ​ប្រទេស​មក​ពី​ជាង២០​​ប្រទេស​នៅ​ជាប់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក សន្និសីទ​អន្តរជាតិ​ស្តី​អំពីអាកាសធាតុ​COP២៥ ជា​ឱកាស​ជួប​ជុំ​​មនុស្ស​ម្នា​ប្រមាណ​ជាង​ជិត​២៥០០០​នាក់ មក​ពី​គ្រប់​ជ្រុង​នៃ​ភព​ផែន​ដី ភាគ​ច្រើន​ជា​សកម្មជន​អ្នកការពារ​បរិស្ថាន​ដែល​ត្រូ​វ​មក​ដាក់​សម្ពាធ​លើ​អ្នក​សម្រេច​ចិត្ត​ជា​​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល ដើម្បី​សម្រេច​កម្មវត្ថុ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួលអាកាសធាតុ។ ជំនួប​ពីរ​នេះ​អាច​នាំ​ចំណូល​ដល់​ស៊ីលី​ ក្នុង​វិស័យ​សណ្ឋាគារ សេវាកម្ម ទេសចរណ៍ ក្នុង​ទំហំ​ប្រមាណ​ជា​៤០លាន​ដុល្លារ​​។ នេះ​ជា​ផលវិបាក​សេដ្ឋកិច្ច​ភ្លាមៗ តែ​អ្វី​ដែល​ធ្ងន់ធ្ងរ​គឺ​ផលវិបាក​នៅ​ក្នុង​ពេល​អនាគត​យូរ​ឬ​មធ្យម​ ស៊ីរី​អាច​ខូច​រូបភាព ខាង​ផ្នែក​វិនិយោគ។ ចលនា​បាតុកម្ម​បាន​លាត​ត្រដាង​ឱ្យ​ឃើញ​ថា​សេដ្ឋកិច្ច​ស៊ីលី​ផុយស្រួយ​ជាង​ការ​គិត​​និង​មើល​ឃើញ​ទៅ​ទៀត ព្រោះ​សូម​បញ្ជាក់​ថា ស៊ីលី​នាំ​ចេញ ផលិតផល​ ទៅ​កាន់​បណ្តាប្រទេសនៃ​​ក្រុម​APEC ក្នុង​បរិមាណ​៧០%​។ ចំណែក​COP២៥​វិញ ជា​ជំនួប​ដែល​ផ្តល់​ឱកាសធំមែន​ទែន ព្រោះ​មិនមែន​មាន​ពាក់ព័ន្ធ​តែ​ប្រទេស​អ្នក​រៀប​ចំកម្មវិធីមួយ​ឯណា អាកាសធាតុ​ជា​ប្រធានបទ​ពិភពលោក ស៊ីលី​សង្ឃឹម​លើ​ការ​ដឹកនាំ​ធ្វើ​សន្និសីទ​នេះ​ ក្នុងការ​លើក​ស្ទួល​លម្អ​រូប​ភាព​ប្រទេស​លើ​ឆាក​អន្តរជាតិ តែ​ឥលូវ​បរាជ័យ​បាន​នាំ​មុខ​ទៅ​ហើយ។

    នឹង​គ្មានជំនួប​COP២៥ ?

    ការ​សម្រេច​លុប​ចោលជំនួប​ពី​សំណាក់​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ស៊ីលី យ៉ាង​ទាន់​ហន់​កៀក​ថ្ងៃ​​យ៉ាង​ដូច្នេះ ជា​ប្រការ​ដែល​មិន​ធ្លាប់​កើត​មាន​ឡើយ​ ហើយ​អាច​ជា​តំណាង​ហានិភ័យ​ទុច​បង្អាក់​ភាព​ស្វាហាប់​នៃ​កិច្ចខិតខំ​ប្រឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ស៊ីលី​បាន​ព្រម​ទទួល​ និង​ធ្វើ​ជា​ប្រធាន​COP២៥ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨ ជំនួស​ ប្រេស៊ីល​ដែល​មាន​ប្រធានាធិបតី​មិនចូលចិត្ត​បញ្ហា​អាកាសធាតុ និង​មាន​បញ្ហា​បាតុកម្ម​ក្នុង​ស្រុក ប្រកាស​ដក​ខ្លួន​ចេញ​មិន​​​ព្រម​ទទួលរៀប​ចំ​​COP២៥។

    ពេល​នេះ​ ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​អាកាសធាតុ កំពុង​ពិចារណា​រក​ដំណោះស្រាយ​​មក​ជំនួស​សេចក្តី​សម្រេច​របស់​ស៊ីលី។

    សន្និសីទ​អាច​នឹង​ត្រលប់​ទៅ​រៀប​ចំ​ធ្វើ​នៅ​ក្រុង Bonn ​ ប៊ន​ប្រទេស​អាល្លឺម៉ង់​ ឬ​ក្រុង​ហ្សឺណែវ ព្រោះ​​ជា​ទីស្នាក់ការ​COPស្រាប់ និង​ជា​ក្រុង​ធំ​ អាច​មាន​សមត្ថភាព​​​ទទួល​គ្រប់​គ្រាន់ បើ​ធ្វើ​នៅ​ក្នុង​ប្រទេស​ណាមួយ​ផ្សេង​ទៀត ដូច​ជា​​មិន​សូវ​​​ទំនង​ទេ ព្រោះជំនួប​បែប​នេះ​ត្រូវ​ការ​ពេល​វេលា​ច្រើន​រៀប​ចំ​ដល់​ទៅ​រាប់​ខែ ឬ​បើ​បាន​ពេល​មួយ​ឆ្នាំ កាន់​តែ​ប្រសើរ។ ជម្រើសទីពីរ គឺ​​ ​លើក​ពេលទៅ​ធ្វើ​រួម​ជាមួយ​​ជំនួប​ចរចា​អាកាសធាតុ​វគ្គ​ក្រោយៗ​តែ​ម្តង​នៅ​ខែ​មិថុនា។ ជា​ចុងក្រោយ​ នឹង​គ្មាន​COP២៥ សម្រាប់​ឆ្នាំ​២០១៩តែ​ម្តង ដោយ​ចាំ​រៀប​ចំ​ធ្វើ​ជា​មួយ​នឹង​ COP២៦ នៅ​អង់គ្លេស​ តែ​ទង្វើ​បែប​នេះ​មិន​មែន​ជា​សញ្ញា​ល្អ​សម្រាប់​ការ​ចរចា​អាកាសធាតុ​។

    COP២៥ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ដំណាក់កាល​ដ៏​សំខាន់​​ មុន​នឹង​ឈាន​ដល់​COP២៦​ នៅ​ខែ​ធ្នូ​ឆ្នាំ​២០២០ ដែល​នៅ​ពេល​នោះ ប្រទេស​ជា​សមាជិក​ត្រូវ​បង្ហាញ ផែនការ​ថ្មី​ ប្រកប​ដោយមហិច្ឆតា​បំផុត​ ស្តី​ពី​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ គោរព​តាម​ការ​សន្យា​និង​ប្តេជ្ញា​បច្ចុប្បន្ន នឹង​នាំ​ផែនដី​ឱ្យ​ឡើង​កម្តៅ​អាកាសធាតុ​ដល់​ទៅ​ជាង​បី​អង្សា​ឯណោះ។ ជំនួប​នៅ​ស៊ីលី ជា​ឱកាស​នយោបាយ​ដាក់​គំនាប​និង​សម្ពាធ លើ​គ្រប់​រដ្ឋ គ្រប់​ប្រទេស​ ​ឱ្យបង្កើន​ការ​ខិត​ប្រឹង​ប្រែង តែ​ឥលូវ​ឱកាស​នេះបាន​​បាត់​បង់​ យ៉ាង​ហោច​ក៏អស់​​មួយ​រយៈ​ដែរ។ ពិត​ជា​គួរ​ឱ្យ​សោកស្តាយ !

    ក្រៅ​អំពី​ចំណោទ​ប្រទេស​អ្នក​ទទួល​រៀប​ចំ សំណួរ​សំខាន់​មួយ​ទៀត គឺ​ប្រធាន​សន្និសីទ។ រហូត​មក​ទល់​ពេល​នេះ គឺ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ស៊ីលី​ជា​ប្រមុខ​ដឹកនាំ​ផ្លាស់​វេន។​ តើ​ត្រូវ​រក្សា​ទុក​ប្រធាន​ដដែល ឬ​ត្រូវ​រើស​ថ្មី​ ?! ការណ៍នេះ​​ធ្វើ​ឱ្យ​នយោបាយ​​ដឹកនាំ​ចុះ​ខ្សោយ​ខ្លាំង៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ប្រធានាធិបតីស៊ីលី​ប្រកាស​រុះរើ​រដ្ឋាភិបាល ដើម្បី​​តម្រូវចិត្តពលរដ្ឋ

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

      ស្វែងយល់បន្ថែម

    • ស៊ីលី ប្រកាស​អាសន្ន​ក្រោយ​អំពើ​បាតុកម្ម​ហិង្សា​ប្រឆាំង​ការឡើង​ថ្លៃ​មធ្យោបាយ​ធ្វើដំណើរ

      ស្វែងយល់បន្ថែម

    • អង្គការ​សហប្រជាជាតិ

      ប្រមុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​មេដឹកនាំ​នាំ​យក​ដំណឹងល្អ​ស្តីពី​អាកាសធាតុ

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      ​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

      ស្វែងយល់បន្ថែម

    • កិច្ចព្រមព្រៀង​ស្តីពីអាកាសធាតុ

      អាមេរិក​កំពុង​គៀងគរ​ឲ្យ​ប្រទេស​ផ្សេងទៀត​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ