អានតួអត្ថបទ
អ៊ីរ៉ង់-សហរដ្ឋអាមេរិក

សហភាពអឺរ៉ុប៖ វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាន់តែ​ធ្លាក់ចុះជ្រៅ ពិបាក​នឹង​ស្តារវិញ

ប្រទេស​លោកខាងលិច បានប្រតិកម្ម​បន្តបន្ទាប់ពីគ្នា នៅក្រោយ​អ៊ីរ៉ង់ ប្រកាស​លែង​គោរព កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយចំណុច​បន្ថែមទៀត។ នៅថ្ងៃ​អង្គារ​ម្សិលមិញ ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រូហានី បាន​ប្រកាស​ថា អ៊ីរ៉ង់​នឹង​ចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូម នៅរោងចក្រ​Fordo ដែលបាន​ផ្អាកសកម្មភាព ចាប់​តាំង​ពី​មាន​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពីនុយក្លេអ៊ែរ អ៊ីរ៉ង់​ឆ្នាំ ២០១៥។ រុស្ស៊ី និងសហភាពអឺរ៉ុប បាន​សំដែង​ក្តីបារម្ភ ចំណែក​បារាំង​បាន​ទាមទារ​ឲ្យ​ទីក្រុង​តេហេរ៉ង់ គិត និង​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​សាជាថ្មី។ 

ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់ រូហានី នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ខែ​កញ្ញា ២០១៩
ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់ រូហានី នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ខែ​កញ្ញា ២០១៩ © REUTERS/Brendan Mcdermid
ផ្សាយពាណិជ្ជកម្ម

បារាំង និង​សហភាពអឺរ៉ុប ដែល​ជា​ហត្ថលេខី​នៃ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​សំដែង​ការបារម្ភ ដូចគ្នា នៅក្រោយ ប្រធានាធិបតី អ៊ីរ៉ង់ លោក​ហាសាន់ រូហានី ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម នៅក្រោមដី ឈ្មោះ Fordo កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ទីក្រុង​ម៉ូស្គូ តាមរយៈអ្នកនាំពាក្យ​របស់​វិមាន​ក្រេមឡាំង បាន​សំដែង​ការព្រួយបារម្ភ ប៉ុន្តែ ក៏​យល់​ពី​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់ ដែល​បាន​កាត់បន្ថយ​ការគោរព​កិច្ចសន្យា​របស់ខ្លួន នៅក្នុង​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ ២០១៥ ដោយសារ​តែ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។

ដោយ​ដាក់ឲ្យដំណើរការ​រោងចក្រ​Fordo ដែល​ស្ថិតនៅ​ចម្ងាយប្រមាណ ១៨០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​តេហេរ៉ង់ គឺ​ជា​ការរំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលនៅក្នុង​នោះអ៊ីរ៉ង់បាន​សន្យា​កាត់បន្ថយ​សកម្មភាព​នុយក្លេអ៊ែរ របស់ខ្លួន ដូចជា​បិទ​រោងចក្រ​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម Fordo ជាដើម ជាថ្នូរ​នឹង​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ។

នៅក្រោយ អាមេរិក​ដកខ្លួន​ជា​ឯកតោ​ភាគី​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ តាំង​ពី​ខែ ឧសភា បាន​រំលោភ​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដូចជា ប្រកាស​ចម្រើនធាតុអ៊ុយរ៉ាញ៉ូម​ក្នុង​កម្រិត​ខ្ពស់​ជាងមុន ឬ ប្រកាស​បង្កើន​បរិមាណ​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូមជាដើម។ កាលពី​ដើម​ខែ​កញ្ញ​កន្លងទៅ អ៊ីរ៉ង់​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ទំនើប ៤០គ្រឿង សម្រាប់​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម។

ការប្រើម៉ាស៊ីន​ទំនើប​ដែល​មាន​កម្លាំង​ខ្លាំង ដើម្បី​ចម្រើនធាតុអ៊ុយរ៉ាញ៉ូម គឺ​ជា​ការរំលោភ​កិច្ចព្រមព្រៀង​មួយទៀត​របស់​អ៊ីរ៉ង់ ព្រោះថា ទៅតាម​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ អ៊ីរ៉ង់​មាន​សិទ្ធិ​ប្រើ​ត្រឹម​ម៉ាស៊ីន​ជំនាន់ទី​១​តែប៉ុណ្ណោះ។

ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ រោងចក្រ​នុយក្លេអ៊ែរ​Fordo គឺ​ជា​ចំណាត់ការ​ទី​៤​របស់​អ៊ីរ៉ង់​ក្នុង​ការកាត់បន្ថយ​ការគោរព​កិច្ចសន្យា​របស់ខ្លួន ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង។ ការសម្រេច​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់ កាលពី​ថ្ងៃ​អង្គារ មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ។ វា​កើតឡើង​នៅ​ក្រោយ​ពេល​ឱសានវាទ ៦០​ថ្ងៃ ដែល​អ៊ីរ៉ង់ បាន​ដាក់​ទៅ​លើ​បណ្តា​ប្រទេស​ហត្ថលេខី បាន​ចប់​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​វិច្ឆិកា។ នៅ​ថ្ងៃ​អង្គារ ប្រធានាធិបតី​អ៊ីរ៉ង់ បាន​ប្រកាស​ទុក​ពេល ២ខែ​ទៀត ឲ្យ​ប្រទេស​ហត្ថលេខី ចាត់វិធានការ​ជួយ​ការពារ​សេដ្ឋកិច្ច​អ៊ីរ៉ង់ ពី​ទណ្ឌកម្ម​អាមេរិក បើមិន​ដូច្នេះទេ អ៊ីរ៉ង់​នឹង​កាត់បន្ថយ​ការគោរព​កិច្ចសន្យា​មួយចំនុច​បន្ថែមទៀត។ រុស្ស៊ី បារាំង និង​សហភាពអឺរ៉ុប បាន​អះអាង​ថា ខ្លួន​នៅតែ​បន្ត​គោរព កិច្ចព្រមព្រៀង ប៉ុន្តែ នៅតែ​តាមដាន​របាយការណ៍ របស់​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ ដែល​មាន​នាទី​ត្រួតពិនិត្យ​ឃ្លាំមើល​កុំ​ឲ្យ​អ៊ីរ៉ង់​អាច​លួច​ចម្រើនធាតុអ៊ុយរ៉ាញ៉ូម ដើម្បី​គោលដៅ​យោធា។ ប៉ុន្តែ គ្រប់ប្រទេស​ហត្ថលេខី​ធ្លាប់បាន​បង្ហាញជំហរ ប្រឆាំង​នឹង​ការសម្រេចចិត្ត​របស់អាមេរិក ដែល​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង ជា​ឯកតោភាគី។ ប៉ុន្តែ ទាំង​រុស្ស៊ី និង​សហភាព​អឺរ៉ុប​វាយតម្លៃថា គេ​កាន់តែពិបាក​នឹង​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដរាបណា​អ៊ីរ៉ង់​បន្ត​កាត់​បន្ថយ​ការគោរព​កិច្ចសន្យា ទៅតាម កិច្ចព្រមព្រៀង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ