ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ
 
បាតុកម្ម​របស់​យុវជន​ដើម្បី​ប្រឆាំង​នឹង​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែលជាមូលហេតុនៃការឡើងកំដៅ​លើផែនដី នៅទីក្រុងLos Angeles​សហរដ្ឋអាមេរិក ថ្ងៃទី១ វិច្ឆិកា ២០១៩ © REUTERS/Mike Blake

អាមេរិក​ចាប់ផ្តើម​ដកខ្លួន​ជាផ្លូវការ​ពី​កិច្ចព្រមព្រៀង​ប៉ារីស ស្តីពីអាកាសធាតុ។ តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក នៅថ្ងៃ​ចន្ទទី​៤​វិច្ឆិកា រដ្ឋាភិបាល​អាមេរិក បាន​ដាក់ពាក្យ សុំ​ទៅ អង្គការ​សហប្រជាជាតិដើម្បី​ដកខ្លួន ជាផ្លូវការ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ ស្តីពី​អាកាសធាតុ។ ភ្លាមៗ បារាំង និងជប៉ុន​ដែល​ជាអ្នកជំរុញ ការពារ​កិច្ចព្រមព្រៀង​អាកាសធាតុ បាន​សំដែង​ការសោកស្តាយ នៅក្រោយ​ការប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក។

 

នៅដើម​ខែ​មិថុនា ឆ្នាំ ២០១៧ លោកដូណាល់ ត្រាំ ពិត​ជា​បាន​ប្រកាស​យ៉ាងដូច្នេះ មែន គឺ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ប៉ារីស ស្តីពី​អាកាសធាតុ។ ប៉ុន្តែ ការសម្រេច​របស់​លោកដូណាល់ ត្រាំ មានតែ​នៅ​លើ​មាត់​ប៉ុណ្ណោះ គឺ​មិនទាន់​អាច​អនុវត្ត​ចេញ​ជា​រូបរាង បានទេ ដោយសារ​ថា ទៅតាម​មាត្រា​របស់​កិច្ចព្រមព្រៀង ប្រទេស​ហត្ថលេខី​ត្រូវ​រង់ចាំ ពេលវេលា ៣ឆ្នាំ ក្រោយ ថ្ងៃ​ចុះហត្ថលេខា ទើបអាច​មាន​សិទ្ធិ​សុំ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង។ អាមេរិក​ក្រោមអាណត្តិ​របស់លោកអូបាម៉ា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ នៅថ្ងៃ​ទី ៤​វិច្ឆិកា ឆ្នាំ ២០១៦ ដូច្នេះ អាមេរិក​ទើប​អាច​មាន​សិទ្ធិ​សុំ​ដកខ្លួន ជាផ្លូវការ​ពី​កិច្ចព្រមព្រៀង នៅថ្ងៃ​ទី ៤​វិច្ឆិកា​ឆ្នាំ​២០១៩ គឺ​ថ្ងៃ​ចន្ទម្សិលមិញ​នេះ។

នៅ​ថ្ងៃ​ទី ៤​វិច្ឆិកា​ម្សិលមិញ​នេះ នៅពេល អាមេរិក​អាច​មាន​សិទ្ធិ ចាប់ផ្តើម​នីតិវិធី ដកខ្លួន​ជា​ផ្លូវការ​ពី​កិច្ចព្រមព្រៀង ក្រុង​ប៉ារីស​ស្តីពីអាកាសធាតុ ក្រសួងការបរទេស​អាមេរិក​បាន​ចេញសេចក្តីថ្លែងការណ៍​អះអាងថា អាមេរិក បាន​ដាក់ពាក្យ​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​អង្គការ​សហប្រជាជាតិ​ពី​បំណង​ដកខ្លួន​របស់​អាមេរិក ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ។

តាំងពី​ក្រុង​ប៉េកាំង ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង ដែល​ជាអ្នកជំរុញ​គាំទ្រ កិច្ចព្រមព្រៀង​ស្តីពីអាកាសធាតុ សំដែង​ការសោកស្តាយ ប៉ុន្តែ ជាមួយ​គ្នានោះ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន ចូលរួមជាមួយ​សហភាពអឺរ៉ុប ដើម្បី​កាត់បន្ថយ​ការបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់​ឲ្យ​បាន​សកម្មជាងមុន។

អាមេរិក ត្រូវ​រង់ចាំពេល មួយ​ឆ្នាំទៀត  ពោល​គឺ​រហូត​ដល់​ថ្ងៃទី ៤​វិច្ឆិកា ឆ្នាំ ២០២០ ទើប​អាមេរិក​អាច​ដកខ្លួន​ជាផ្លូវការ តែម្តង ពី កិច្ចព្រមព្រៀង​ស្តីពីអាកាសធាតុ។

នៅពេលនោះ អាមេរិក​នឹង​ក្លាយ​ជា​ប្រទេស​ឯកោ តែម្នាក់ឯង ក្នុង​លោក ដែល​ស្ថិតនៅក្រៅ​សៃង្វៀន នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ ព្រោះថា ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក ចំនួន ១៩៧ សូម្បីតែ​កូរ៉េខាងជើង គឺ​សុទ្ធតែ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ដែល​មាន​គោលដៅ កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ។

នៅក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជាក់​ជា​ថ្មី ពីមូលហេតុ ដែល​ធ្វើ​ឲ្យ​អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង។ ប្រមុខការបរទេស​អាមេរិក បាន​អះអាង​ថា កិច្ចព្រមព្រៀង ស្តីពី​អាកាសធាតុ គឺ​ជា​បន្ទុកដ៏ធ្ងន់ធ្ងរ មិនយុត្តិធម៌ សម្រាប់​សេដ្ឋកិច្ច និង​ប្រជាជន​អាមេរិកាំង។ សម្រាប់ រដ្ឋមន្រ្តីការបរទេស ទោះជា​អាមេរិក​ដកខ្លួន ចេញពី​កិច្ចព្រមព្រៀង ប៉ុន្តែ អាមេរិក​នៅតែ​បន្ត​អនុវត្ត​នយោបាយ ផ្សេងទៀត ដើម្បី​ចូលរួម ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​ប្រសិទ្ធិភាព។

តាំង​ពី​មិនទាន់ ជូនដំណឹង ទៅ​អង្គការ​សហប្រជាជាតិ ឬ​ចាំ​ឲ្យ​អាមេរិក​ដកខ្លួន ជាផ្លូវការ ចេញផុត​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ផង រដ្ឋបាល​អាមេរិក​របស់​លោកដូណាល់ ត្រាំ បាន​ធ្វើ​នយោបាយ​ជាច្រើន ដែលដើរ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង អាកាសធាតុ ទៅហើយ។ តាំង​ពី​ឆ្នាំ ២០១៧ ពោល​គឺ​នៅក្រោយ​លោកប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង រដ្ឋបាល​លោកដូណាល់ ត្រាំ ឈប់ គោរព​តាម​ការសន្យា របស់​អាមេរិក ក្នុង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ពី​២៦% ទៅ ២៨% រហូត ដល់​ឆ្នាំ ២០២៥។ លោកដូណាល់ ត្រាំ បាន​បន្ធូរបន្ថយ ច្បាប់​ស្តីពី​ការបញ្ចេញ​ផ្សែងពុល​របស់​រោងចក្រ​អគ្គិសនី ដែល​ដោយថាមពល​បានមកពីធ្យូងថ្ម។ ដោយសារ​តែ​យោគយល់ លើកទឹកចិត្ត​ថាមពល​បានមកពីធ្យូងថ្ម ការបញ្ចេញ​ឧស្ម័ន​កាបូនិក ដែល​ធ្លាប់​តែ​ចុះថយ ប្រមាណ ១២​%​ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១៨ បាន​កើនឡើង វិញ ប្រមាណ ៣% កាលពី​ឆ្នាំ មុន។

អាមេរិក ដែល​ជា​ប្រទេស​ធំទី ២ ក្នុង​ពិភពលោក បន្ទាប់ពី​ចិន ក្នុង​នាមជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូនិកច្រើនជាងគេ។ ដោយ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង អាកាសធាតុ ចង់​មាន​សេរីភាព ជំរុញ​សេដ្ឋកិច្ច​របស់ខ្លួន។ ប៉ុន្តែជាមួយគ្នានោះ អាមេរិក ក៏​លែង​មាន​សិទ្ធិ​អាច​ចូលរួម​ក្នុង​កិច្ចប្រជុំ របស់​សន្និសីទ​ស្តីពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ ដើម្បី​បញ្ចេញ​យោបល់​ឬ​សម្រេចអ្វី ទាក់ទង​នឹង​គោលការណ៍​ធំៗ​ក្នុង​កិច្ចព្រមព្រៀង​ដែល​មាន​និយាយ​តាំង​ពី​បញ្ហា​វិទ្យាសាស្រ្ត ឬ​ហិរញ្ញវត្ថុ។ ចង់ ឬ​មិនចង់ ប៉ះពាល់​ដល់​មហិច្ឆតា​របស់អាមេរិកខ្លួនឯង​ដែល​ចង់​ឲ្យ​មានកិច្ចព្រមព្រៀង​ជាលក្ខណៈ​សកល សម្រាប់​គ្រប់ប្រទេស រួមទាំង​ប្រទេស​ចិន៕

កិច្ចព្រមព្រៀង​ស្តី​ដួលរលំ​ដូច​ដូមីណូ

នេះជាអ្វីដែល​គេកំពុង​ព្រួយបារម្ភ។ នៅពេល​លោកដូណាល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១៧ គ្រប់ប្រទេស​នៅក្នុង​ពិភពលោក នាំមុខ​ដោយ​បារាំង និង​ប្រទេស​ផ្សេងទៀត ដែល​ប្រឈម​ខ្លាំង​នឹង​ផលវិបាក​ដោយសារ​ការប្រែប្រួលអាកាសធាតុ ធ្លាប់​បាន​ប្រតិកម្ម ទាំង​ខឹងសម្បារ សោកស្តាយ។ គេ​បារម្ភ​ខ្លាច​ថា នឹង​មាន​ប្រទេស​មួយចំនួន​ផ្សេងទៀត ដូចជា អូស្ត្រាលី​ជាដើម ដែលមាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ធ្យូងថ្ម ឬ​ប្រេស៊ីល​ដែល​មាន​ព្រៃអាម៉ាហ្សូន យកគំរូតាមអាមេរិក ដើរចេញ​ពីកិច្ចព្រមព្រៀង អាកាសធាតុ។ ចង់ ឬ​មិន​ចង់ ដោយសារ​តែ​ឃើញ​អាមេរិក ដែល ជាប្រទេស​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ច្រើនជាងគេ ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុ ប្រទេស​មួយចំនួន ផ្សេងទៀត ហាក់ នៅ​មិនស្ងប់​នោះទេ។  រុស្ស៊ី​ហើយ​និង​តួកគី​ជាដើម ​ទោះ​ជា​បាន​ចុះ​ហត្ថលេខា ប៉ុន្តែ នៅមិនទាន់​ផ្តល់សច្ចាប័ន​នៅឡើយទេ។

អាមេរិកដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ក៏កំពុង​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ​ផងដែរ ពី​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​បៃតង របស់​អង្គការ​សហប្រជាជាតិ ព្រោះថា​ អាមេរិកធ្លាប់​ជា​ប្រទេស​ដែល​ផ្តល់​ហិរញ្ញវត្ថុសំខាន់​មួយ សម្រាប់​ជួយ​ប្រទេស​ក្រីក្រ ដែល​រងគ្រោះដោយសារ​ការប្រែប្រួល​អាកាសធាតុ។

សម្រាប់​បារាំង ដែល​ជាម្ចាស់​ផ្ទះ និង​ជាអ្នកជំរុញ​ខ្លាំង​ឲ្យ​មាន​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ ទោះយ៉ាងណាក៏ដោយ ក៏គេ​ក៏មិន​អស់​សង្ឃឹមដែរ។ អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង ប៉ុន្តែនៅ​មាន​ប្រទេស​មហាអំណាច​ចិន​ម្នាក់ទៀត ដែល​បាន​សន្យា​ចូលរួម​អនុវត្ត​កិច្ចព្រមព្រៀង​តាមរយៈ ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។ នៅទឹកដី អាមេរិក ទោះ​ជា​រដ្ឋាភិបាល​របស់លោកដូណាល់ ត្រាំ ដក​អាមេរិក​ចេញពីកិច្ចព្រមព្រៀង ប៉ុន្តែ ថ្នាក់ដឹកនាំ​រដ្ឋ​ជាង​២០ របស់​អាមេរិក ហើយ​និង​ក្រុមហ៊ុន​អាមេរិក​រាប់រយ បានប្រកាស​ថា ពួកគេ​នៅតែ​ចូលរួម​គោរព​តាមកិច្ចព្រមព្រៀង គឺ​មិនដូច​លោកដូណាល់ ត្រាំ​នោះទេ។ ពួកគេ​នៅតែ​អនុវត្ត​គោលនយោបាយ​ដើម្បីកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ហើយ​និង​ចូលរួម​វិភាគទាន​សម្រាប់​គម្រោង បៃតង​របស់​អង្គការ​សហប្រជាជាតិ។

អាមេរិក​នឹង​អាច​ចេញជាផ្លូវការ​នៅថ្ងៃ ទី​៤​វិច្ឆិកា ឆ្នាំ ២០២០ ពោល​គឺ​នៅ​មួយថ្ងៃ ក្រោយ ដែល​អាមេរិក បោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ បើសិន​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះឆ្នោត នោះ​អាមេរិក​នឹង​អាច​​ប្តូរចិត្ត វិល​ត្រលប់​មក​ក្នុង​កិច្ចព្រមព្រៀង ប៉ុន្តែ បើសិន​លោកដូណាល់ ត្រាំ ដែល​ស្អប់​កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ​ឈ្នះឆ្នោត ចូលកាន់តំណែង ជាប្រធានាធិបតី​មួយអាណត្តិ​ទៀត នោះ​ក្តីបារម្ភ​ដែល​ថា ពពក​ខ្មៅ​អួរអាប់​ដែល​នឹង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង អាកាសធាតុ ដួលរលំ ដូច​ដូមីណូ ពិតជាអាច កើតចេញ ជា​រូបរាង ពិតៗ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កិច្ចព្រមព្រៀង​ស្តីពីអាកាសធាតុ

    អាមេរិក​កំពុង​គៀងគរ​ឲ្យ​ប្រទេស​ផ្សេងទៀត​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    គ្រោះ​ត្រជាក់​ខ្លាំង​ខុស​ប្រក្រតី​នៅ​អាមេរិក ជា​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ ?

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

    ស្វែងយល់បន្ថែម

  • អង់តាកទិក

    អ្នកវិទ្យាសាស្រ្ត៖ ទឹកកក​នៅ​ប៉ូល​ខាងត្បូង រលាយ​លឿន​ជាងពេលណាៗ​ទាំងអស់

    ស្វែងយល់បន្ថែម

  • ការប្រែប្រួលអាកាសធាតុ

    របាយការណ៍​របស់​អសប៖ ​សមុទ្រ​អាច​ប្រែក្លាយ​ពី​មិត្ត ទៅ​ជា​សត្រូវ​របស់មនុស្សលោក

    ស្វែងយល់បន្ថែម

  • រុស្ស៊ី

    លោកដូណាល់ ត្រាំ​ស្នើ ជួយពន្លត់ភ្លើងឆេះព្រៃ នៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ