អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

ចុះផ្សាយ​នៅ​ថ្ងៃ៖

បូលីវី​កំពុងជួប​ភាពមិនច្បាស់លាស់ បន្ទាប់ពី​ប្រធានាធិបតី និង​អ្នកដែល​មានសិទ្ធិ​ចូលកាន់តំណែង ដឹកនាំប្រទេស បណ្តោះអាសន្ន បាន​សុំលា​ឈប់​ពីមុខតំណែង ជាបន្តបន្ទាប់គ្នា កាលពី​ថ្ងៃ​អាទិត្យម្សិលមិញ។ នៅថ្ងៃអាទិត្យ​ម្សិលមិញ លោក​ប្រធានាធិបតី អេវ៉ូ ម៉ូរាលេស​បាន​ប្រកាសចុះចេញពី​តំណែង​ប្រធានាធិបតី គឺ​នៅតែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​ទើប​ប្រកាស​ឲ្យ​មានការរៀបចំ​បោះឆ្នោត​សាជាថ្មី។ លោក​ម៉ូរ៉ាលេស ដែល​បានឈ្នះឆ្នោត យ៉ាងប្រផិតប្រផើយ​បំផុត​លើ​បក្សប្រឆាំង បាន​សម្រេច​ចិត្ត​ឲ្យ​មានការបោះឆ្នោត​សាជាថ្មី បន្ទាប់ពី អង្គការ​រដ្ឋអាមេរិក បាន​ចេញរបាយការណ៍ រកឃើញ​ភាពមិនប្រក្រតី​ជាច្រើន នៅក្នុងការបោះឆ្នោត​ប្រធានាធិបតីបូលីវី កាលពី​ថ្ងៃទី ២០​តុលា​កន្លងទៅ។

ប្រធានាធិបតីបូលីវីលោក Evo Morales ប្រកាស​លាលែង​ពីតំណែងតាមទូរទស្សន៍​កាលពីថ្ងៃទី ១០ វិច្ឆិកា​២០១៩
ប្រធានាធិបតីបូលីវីលោក Evo Morales ប្រកាស​លាលែង​ពីតំណែងតាមទូរទស្សន៍​កាលពីថ្ងៃទី ១០ វិច្ឆិកា​២០១៩ © Bolivian Government TV via REUTERS
ផ្សាយពាណិជ្ជកម្ម

ស្ថានការណ៍​នៅប្រទេស​បូលីវី​បាន​វិវឌ្ឍ ប្រែប្រួល​ខ្លាំង កាលពីថ្ងៃ​អាទិត្យ។ អង្គការ​រដ្ឋអាមេរិក ដែល​ជាស្ថាប័ន​ឯករាជ្យ តាមដាន​ការបោះឆ្នោត ប្រធានាធិបតី​នៅ​បូលីវី បាន​ទាមទារ​ឲ្យ​គេ​លុបចោល​លទ្ធផល​ឆ្នោត ដែល​បានផ្តល់​ជ័យជំនះ បើក​ផ្លូវ​ឲ្យ​លោក​ម៉ូរាលេស​កាន់តំណែង​ជាប្រធានាធិបតី បូលីវី សម្រាប់​អាណត្តិទី៤ បន្ទាប់ពី បាន​រកឃើញ ភាពប្រក្រតី ការបន្លំ រាប់ សន្លឹកឆ្នោត ជាលក្ខណៈ ទូទៅ នៅក្នុង ការបោះឆ្នោត បូលីវី កាលពី​ថ្ងៃ ទី​២០​តុលា​កន្លងទៅ។

នៅ​ថ្ងៃ​ម្សិលមិញ លោក​ម៉ូរាលេស​ដែល​បាន​សហការ យល់ព្រម​ឲ្យ​មានការស៊ើបអង្កេត​របស់​អង្គការ​រដ្ឋអាមេរិក បាន​យល់ព្រម ឲ្យ​មានការរៀបចំ​ការបោះឆ្នោតឡើងវិញ។ ប៉ុន្តែ សម្បទាន​របស់​លោក​ម៉ូរាលេស​មិនបាន​ទៅ​បន្ថយ​កំហឹង​តវ៉ា​របស់​បាតុករ​បូលីវី ដែល​បានធ្វើ​បាតុកម្ម​ជាង​៣សប្តាហ៍មកហើយ ដើម្បី​ប្រឆាំង​លោក​ប្រធានាធិបតី ម៉ូរាលេស​នោះទេ។ នៅ​ថ្ងៃ​អាទិត្យដដែល ប្រមុខ​កងទ័ព ហើយនិង​មេប៉ូលិស បានចូលរួម ជាមួយ​បាតុករ ដោយ​បាន​ទាមទារ​ឲ្យ​លោកម៉ូរាលេស ចុះចេញពីតំណែង ដើម្បី​ស្រោចស្រង់ ភាពស្ងប់សា្ងត់​ក្នុង​ប្រទេស​ឡើងវិញ។ តាម​ប្រមុខ​កងទ័ព​បូលីវី លោក​ម៉ូរាលេស​ត្រូវតែ​ចុះចេញពីតំណែង ដើម្បីរក្សា​សន្តិភាព និងធានា​ស្ថិរភាព សម្រាប់​ប្រយោជន៍​របស់​ប្រជាជន​បូលីវី​ទាំងមូល។

លោកម៉ូរាលេស​បរិហារ​ការធ្វើរដ្ឋប្រហារ និងដីកា​តាមចាប់ខ្លួន​លោក ពីសំណាក់ប៉ូលិស​បូលីវី

លោក​ម៉ូរាលេស​សុខចិត្ត​ចុះចេញពីតំណែង​នៅពេលនេះ ក៏​ដោយសារ​តែ លោក​បាត់​ការគាំទ្រ​ពីខាង​កងទ័ព និង​ប៉ូលិស​បូលីវី​ដែរ។ នៅក្នុង​សុន្ទរកថា តាមទូរទស្សន៍ កាលពីថ្ងៃ​ម្សិលមិញ លោក​ម៉ូរាលេស និយាយ​ថា លោកសុខចិត្ត​ចុះចេញពីតំណែង ដើម្បី ជៀសវាង​កុំ​ឲ្យ​មានការប៉ះទង្គិចគ្នា​រវាង​ក្រុមអ្នកគាំទ្រ លោក ហើយ​និង​បាតុករ​ដឹកនាំ​ដោយ​បក្ស​ប្រឆាំង។

នៅ​យប់​ថ្ងៃ​អាទិត្យ លោក​ម៉ូរាលេស​ដែល​បានធ្វើដំណើរ​ចាកចេញ​ពី​រដ្ឋធានី​ទៅកាន់​ខេត្តកំណើត​របស់លោក នៅ​ភាគកណ្តាល​ប្រទេស​បាន​សរសេរ​ នៅក្នុង​សារTwitter បរិហារ​ពី​ការធ្វើ​រដ្ឋប្រហារ​ប្រឆាំង​រូបលោក បន្ទាប់ពី ប៉ូលិស​ចេញដីការ​តាម​ចាប់រូបលោក ចំណែក​ផ្ទះរបស់លោក​នៅ រដ្ឋធានី ក៏ត្រូវ​ជន​ងងឹតចូល​ដុតបំផ្លាញ។

មេបក្ស​ប្រឆាំង​បាន​បញ្ជាក់​ដំណឹង​ស្តីពីដីកា​តាមចាប់ខ្លួន​លោកម៉ូរាលេស  ប៉ុន្តែ មេប៉ូលិស បូលីវី លោក វិញបាន​បដិសេធ​ថា គ្មាន​ដីការ តាមចាប់​លោក​ម៉ូរាលេស​នោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ ប៉ូលិស​បាន​ចាប់ឃាត់ខ្លួន ប្រធាន​ ហើយ​និង​អនុប្រធាន​តុលាការ​បោះឆ្នោត ជាន់ខ្ពស់ ទៅតាមដីការ​របស់​អយ្យការ​ដែល​បាន​ស៊ើបអង្កេត​ទៅលើ​ភាពមិប្រក្រតី និង​ការចោទប្រកាន់​របស់​បក្ស​ប្រឆាំង ដែល​ថា ស្ថាប័ន​រៀបចំ​ការបោះឆ្នោត មួយនេះ​មានជំហរ​លំអៀង​ទៅរក​បក្សកាន់អំណាច​របស់​លោក​ម៉ូរាលេស។

លោក​អេវ៉ូ ម៉ូរាលេស​ជាមេដឹកនាំ​ដ៏កម្រ​ក្នុង​ពិភពលោក ដែលមានដើមកំណើតជា​ជនជាតិភាគតិច

លោក ម៉ូរាលេស បាន​ចូលកាន់តំណែង​ជា​ប្រធានាធិបតីបូលីវី តាំង​ពី​ឆ្នាំ ២០០៦ តាមរយៈ ការបោះឆ្នោត សកល ដែល​ធ្វើ​ឲ្យ​លោកក្លាយ​​ជា​ជនជាតិភាគតិច​ដំបូងគេ​នៅក្នុង​លោក​ដែល​មាន​ឱកាស​បាន​ចូលកាន់តំណែង ជាប្រធានាធិបតីស្របច្បាប់ ដឹកនាំ​ប្រទេស​បូលីវី។

នៅក្នុង​ការដឹកនាំ​៣អាណត្តិ​ជិត ១៤ឆ្នាំ​មកនេះ លោក​ម៉ូរាលេស​ ដែល​កើតចេញ​ពីគ្រួសារ​កសិករ​ដាំ​កូកា ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា មេដឹកនាំ​ដែល​បាន​នាំយក​យុត្តិធម៌ គិត​ដល់ប្រយោជន៍​របស់​ប្រជាជន​ក្រីក្រ និង​ប្រជាជន​ភាគតិច ដែល​ត្រូវ​បានមេដឹកនាំមុនៗ ទុកចោល នៅគន្លៀតជញ្ជាំង។ នៅក្នុង​អាណត្តិដឹកនាំ​របស់លោក លោកម៉ូរាលេស បាន​ធ្វើ​កំណែទម្រង់ជាច្រើន ដើម្បី ជំរុញ​សេដ្ឋកិច្ច​បូលីវី តាម​ប្រព័ន្ធគ្រប់គ្រង​សង្គមនិយម ដូចជា បង្កើត​ច្បាប់ ទទួល​ស្គាល់ ការងារ​របស់​ក្រុមជនជាតិភាគតិច បង្កើន​ការយកពន្ធ លើ​ប្រាក់ចំណូល ដើម្បី​កែលម្អ សេវា​សាធារណៈ ជាដើម។ នយោបាយ​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ បាន​ធ្វើ​ឲ្យ ចំនួន​អ្នកក្រីក្រ បាន​ថយចុះ ៣៨% នៅឆ្នាំ ២០០៦ មកនៅ​ត្រឹម ១៧% នៅ​ឆ្នាំ ២០១៨។

លោកម៉ូរាលេស ជាមេដឹកនាំ​សង្គមនិយម ចុងក្រោយគេ ដែល​បាន​ជំរុញសេដ្ឋកិច្ច​របស់​បូលីវី នៅពេល មេដឹកនាំ​ឆ្វេងនិយម សង្គមនិយម​របស់​ប្រទេស​អាមេរិកឡាទីន​ដទៃទៀត ត្រូវ​ខ្ទាតចេញពីតំណែង ឬ​កំពុង​រងការដាក់សម្ពាធ​ពីខាង​បក្ស​ស្តាំនិយម ដូចជា​នៅប្រទេសប្រេស៊ីល ឬ​នៅ​វ៉េណេស៊ុយអេឡា ជាដើម។

លោកម៉ូរាលេស និយាយ​ថាលោក ចង់​ដឹកនាំ​មួយអាណត្តិទៀត  ដើម្បី​សម្រេចចប់សព្វគ្រប់ នយោបាយ​កំណែទម្រង់

លោក​ម៉ូរាលេស​មាន​ស្នាដៃជា ច្រើន ដើម្បី​ជំរុញ​លទ្ធិប្រជាធិបតេយ្យ និង​ធ្វើ​នយោបាយ ដើម្បី​ប្រយោជន៍​ប្រជាជន​បូលីវី។ ប៉ុន្តែ លោក​បាន​ប្រព្រឹត្ត​កំហុស ដ៏ធំមួយ ដែល​ប្រជាជន​បូលីវី មិនអាច​អត់ឱន​ឲ្យ​បាន រហូត​ដល់​ធ្វើ​បាតុកម្ម​ប្រឆាំង​ខ្លាំង ទាមទារ​ឲ្យ​ចុះ​លោកចុះចេញពីតំណែង។ កំហុស​របស់​លោក​ម៉ូរាលេស គឺ មិនគោរព​តាមលទ្ធផល​បោះឆ្នោត​ប្រជាមតិ ឆ្នាំ ២០១៦ ដែល​នៅក្នុង​នោះ ប្រជាជន​បូលីវី បានប្រឆាំង​មិន​ឲ្យ​លោក​ម៉ូរាលេស​អាច​បន្ថែម​អាណត្តិ​ដឹកនាំ ១​អាណត្តិទៀត។ ដើម្បី អាច​ឈរឈ្មោះ សម្រាប់អាណត្តិ​ទី ៤ ក្នុង​ហេតុផល សម្រេច​គោលដៅ កំណែទម្រង់​របស់លោក លោក​ម៉ូរាលេស​បានដាក់ពាក្យ​សុំ​ទៅ​តុលាការ​រដ្ឋធម្មនុញ្ញ ដែល​បាន​លុបចោល លទ្ធផល​បោះឆ្នោត​ប្រជាមតិ។ ការរំលោភ មិន​គោរព​លទ្ធផល​ឆ្នោត​ប្រជាមតិ ធ្វើ​ឲ្យ​ប្រជាជន​បូលីវី សេចក្តីទុកចិត្ត​លើ​លោក​ម៉ូរាលេស។ លោក​ម៉ូរាលេស​ដែលបាន​បាក់មុខ​មួយជាន់ទៀត ដោយសារ​តែ​រដ្ឋាភិបាល​របស់លោក បរាជ័យ​មិនអាច​ទាមទារ​យក​សិទ្ធិ​លើ​សមុទ្រ ពីប្រទេស​ឈីលី នៅក្នុង​ការប្តឹងផ្តល់​ទៅតុលាការ​អន្តរជាតិ។

នៅពេល​ដែលចលនា​ប្រឆាំង​កាន់តែ​មាន​ទំហំធំ កើតពេញផ្ទៃប្រទេស គេឃើញ បណ្តើរ ៗ ប៉ូលិស​ចូលរួម​ក្នុង​ចលនាប្រឆាំង​របស់​បាតុករ។ អាច​ថា កងទ័ព និង​ប៉ូលិស បូលីវី បោះបង់​ចោល លោក​មូរ៉ាលេស ក៏ដោយសារតែ​គេឃើញថា លោក​ម៉ូរាលេស ចុះអន់ខ្សោយ​ប្រជាប្រិយភាព នៅក្នុង​ចំណោម​ប្រជាជន ប៉ុន្តែ មិនមែន​ដោយសារ​តែ​ពួកគេ​ចង់ធ្វើ​រដ្ឋប្រហារ​ដើម្បី ដណ្តើមអំណាច​ដឹកនាំ នោះទេ។

បូលីវី គ្មាន​មេដឹកនាំ នៅក្រោយ លោកម៉ូរាលេស ប្រកាស​ចុះចេញពីតំណែង

បូលីវី ស្ថិតក្នុង​ស្ថានភាពមិនច្បាស់លាស់ ដោយសារថា ប្រទេស គ្មាន​អ្នកដឹកនាំទេ។ បូលីវី កំពុង​ជួបវិបត្តិ​គ្មានអ្នកដឹកនាំ នៅក្រោយ នៅក្រោយ លោក ម៉ូរាលេស ប្រកាស​ចុះចេញពីតំណែង​ប្រធានាធិបតី។ តាមរដ្ឋធម្មនុញ្ញ នៅពេល​ប្រធានានាធិបតី​ចុះចេញពីតំណែង គឺ​អនុប្រធានាធិបតី​ហើយ​និង​ប្រធាន​ព្រឹទ្ធសភា​ដែល​ចូលកាន់តំណែង ជាមេដឹកនាំ​ស្តីទី។ ប៉ុន្តែ អ្វីដែលជាបញ្ហា​ចោទ គឺ ទាំង អនុប្រធានាធិបតី ប្រធានព្រឹទ្ធសភា រួមទាំង​រដ្ឋមន្រ្តីជាច្រើនរូប​របស់​រដ្ឋាភិបាល​លោក​ម៉ូរាលេស បាន​សុំ​លាលែង​ពីមុខតំណែង បន្តបន្ទាប់គ្នា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ។ អនុប្រធាន​ព្រឹទ្ធសភា នៅថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​អះអាងថា ខ្លួន​មាន​សិទ្ធិស្របច្បាប់ ដើម្បី ដឹកនាំ​ប្រទេស​បណ្តោះអាសន្ន បើសិន​ប្រធាន​ព្រឹទ្ធសភា​ចុះចេញពីតំណែង។

ប៉ុន្តែ មេដឹកនាំ​បក្ស​ប្រឆាំង វិញ បាន​ទាមទារ​ឲ្យ​បង្កើត​ក្រុមប្រឹក្សាភិបាល​គ្រប់គ្រង​បណ្តោះអាសន្ន​មួយ ដែល​មានការចូលរួម​ពីខាង​កងទ័ព និង​ប៉ូលិស នៅក្នុង​ពេលរង់ចាំ​ការបោះឆ្នោត ប្រធានាធិបតី​សាជាថ្មី។

នៅពេល​ដែល​កងទ័ព​ដកការទុកចិត្ត​ពីប្រធានាធិបតី ម៉ូរាលេស ដើម្បី​គោរព​តាមលទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាជន​បូលីវី ដែល​ប្រឆាំង លោក​ម៉ូរាលេស គេ​ក៏មិន​ច្បាស់​ក្នុង​ចិត្ត​ដែរថា ចលនា​ប្រឆាំង​លោក​ម៉ូរាលេស នឹង​អាច​ធានា​ឲ្យ​បូលីវី​មាន​លទ្ធិប្រជាធិបតេយ្យដែរ។ នៅ​រដ្ឋធានី La Paz សកម្មភាព​ឆក់ប្លន់ លួចគាស់​ហាងទំនិញ​បាន​កើតមាន​ជាបន្តបន្ទាប់ នៅក្នុង​ពេល​ប្រទេស​កំពុង​ជួប​អស្ថិរភាព​នយោបាយ។ បូលីវី នឹង​អាច​ធ្លាក់លង់ជ្រៅ ក្នុង​វិបត្តិនយោបាយ និង​អស្ថិរភាព ប្រសិន​បើ​គេ​មិន​ប្រញាប់ប្រញាល់​រកមេដឹកនាំ មក​ជំនួស​លោក​ម៉ូរាលេស​ទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ