ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាមេរិក

អតីត​ប្រធានាធិបតី​បូលីវី​រត់ភៀសខ្លួន​ទៅប្រទេស​ម៉ិចស៊ិក

media អតីតប្រធានាធិបតី បូលីវី លោកEvo Morales កាន់ទង់ជាតិម៉ិចស៊ិក នៅក្នុង​យន្តហោះរដ្ឋាភិបាលម៉ិចស៊ិក។ រូបថត​បង្ហោះដោយ​រដ្ឋមន្រ្តីការបរទេស​ម៉ិចស៊ិក នៅថ្ងៃ​ចន្ទទី ១១ វិច្ឆិកា ២០១៩ ©Mexican Foreign Minister Marcelo Ebrard via Twitter via REUTERS

មួយថ្ងៃ​ក្រោយប្រកាស​លាលែង​ចេញពី​មុខតំណែង អតីតប្រធានាធិបតី បូលីវី លោក អេវ៉ូ ម៉ូរាលេស កាលពីយប់​ថ្ងៃ​ចន្ទម្សិលមិញ បាន​ឡើជិះ​យន្តហោះ ទៅសុំ​ជ្រកកោន នៅប្រទេស​ម៉ិចស៊ិក។ នៅក្នុង​សារTwitter ទៅកាន់​អ្នកគាំទ្រ លោក​អតីតប្រធានាធិបតីដែល​បានអះអាងថា មាន​ដីកា​តាមចាប់រូបលោកនោះ ​បាន​សរសេរ​ថា លោក​ឈឺចាប់​ដែល​ចាកចោល​ប្រទេស ដោយសារ​ហេតុផល​នយោបាយ។

 

នៅ​ម៉ោង ៩កន្លះ យប់ ថ្ងៃ​ចន្ទ អតីតប្រធានាធិបតី បូលីវី លោក​អេវ៉ូ ម៉ូរាលេស បាន​សរសេរ​សារTwitter លា​បងប្អូនជនរួមជាតិ​បូលីវី និង​ថា លោក​កំពុង​ធ្វើដំណើរ​ចាកចេញ​ទៅ​ប្រទេស​ម៉ិចស៊ិក ដែល​កាលពីថ្ងៃអាទិត្យ បាន​ប្រកាស​ផ្តល់​សិទ្ធិជ្រកកោន ដល់​រូបលោក​ម៉ូរាលេស។

តាម​កាសែត​ក្នុង​ស្រុក​បូលីវី លោកអេវ៉ូ ម៉ូរាលេស ដែលប្រកាស​លាលែង​ចេញពីតំណែង កាលពីថ្ងៃ​ចន្ទ បាន​ឡើង​យន្តហោះ​យោធា​របស់​ម៉ិចស៊ិក​ដែល​បាន​ទៅដឹក​រូប​លោក នៅ​ព្រលាន​យន្តហោះ នៅ​Cochabamba ដែល​ស្ថិតនៅ​ភាគកណ្តាលប្រទេស​បូលីវី ក្នុង​ដែនអំណាច​របស់​អតីត​មេដឹកនាំ​សង្គមនិយម លោក​ម៉ូរាលេស។

នៅ​ថ្ងៃ​ចន្ទ រដ្ឋមន្រ្តី​ការបរទេស​ម៉ិចស៊ិក​បាន​បញ្ជាក់​ដំណឹង​នេះ ដោយ​បាន​បង្ហោះរូបថត​លោក ម៉ូរាលេស នៅក្នុង​យន្តហោះ និង​កាន់ទង់ជាតិ ម៉ិចស៊ិក។ តាម​ប្រមុខ​ការបរទេស ម៉ិចស៊ិក លោក​ម៉ូរាលេស​បាន​និយាយ​សុំ​សិទ្ធិជ្រកកោន​នយោបាយ នៅ​ប្រទេស​ម៉ិចស៊ិក។ នៅថ្ងៃ​ចន្ទ រដ្ឋមន្រ្តី ក្រសួង​មហាផ្ទៃ បូលីវី ជាមួយ​អតីត​រដ្ឋមន្រ្តីក្រសួងផែនការ​បាន​រត់ទៅលាក់ខ្លួន នៅ​ស្ថានទូត​អាហ្សង់ទីន នៅ​La Paz នៅក្រោយ ប៉ូលិស ចាប់ឃាត់ខ្លួន ប្រធាន​និង​អនុប្រធាន​គណៈកម្មការបោះឆ្នោត ដែល​បក្ស​ប្រឆាំង​ចោទ​ថា លំអៀងទៅខាង​ប្រធានាធិបតី​ម៉ូរាលេស។

 

នៅ​ក្នុង​សារ​Twitter​លា​អ្នកគាំទ្រ លោក​ម៉ូរាលេស​បាន​សរសេរបរិហារ អ្នកគាំទ្រ មេបក្សប្រឆាំង ដែលបាន​ចូលទៅលួច និង​ប៉ុនប៉ង​ដុតផ្ទះ​របស់លោក នៅ​Villa Victoria។ តាម​លោកម៉ូរាលេស គ្នីគ្នា​របស់​មេក្រុមបក្ស​ប្រឆាំង​បាន​លើក​គ្នា ទៅ​តាម​វាយប្រហារ​លោក នៅ​Cochabamba។ អតីតមេដឹកនាំ​បូលីវី វ័យ ៦០ឆ្នាំ​បាន​និយាយ​ទៀត​ថា លោក​ឈឺចាប់​ដែល​ត្រូវ​ចាកចោល​ប្រទេស ក្នុង​ហេតុផល​នយោបាយ ប៉ុន្តែ លោក​នៅ​តែ​ប្រុងប្រយ័ត្ន ហើយ​និង​វិលត្រលប់​ចូល​ប្រទេស​វិញ ជាមួយ​កម្លាំង និង​ថាមពល​ខ្លាំង​ជាងមុន។

ប្រឈមនឹង​មហាបាតុកម្មដែល​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត នៅ​៣​សប្តាហ៍មកនេះ លោក​ប្រធានាធិបតី​ម៉ូរាលេស បាន​សុខចិត្ត ចុះចេញ​តំណែង នៅ​ក្រោយ​ការទាមទារ​របស់​ប្រមុខកងទ័ព​បូលីវី។

ចលាចល និង​អសន្តិសុខ​កំពុង​កើតមាន នៅក្នុង​ប្រទេស​បូលីវី​ដែល​កំពុង​ជួប​វិបត្តិ​គ្មានមេដឹកនាំ។ ទាំង​អនុប្រធានាធិបតី ប្រធានសភា​ទាំងពីរ​ជាន់ថ្នាក់ ដែល​មាន​សិទ្ធិ​ត្រូវ​ចូលកាន់តំណែង ជំនួស​ប្រធានាធិបតី បាន​លាលែង​ពីមុខតំណែង បន្តបន្ទាប់គ្នា កាលពីថ្ងៃ​អាទិត្យ។ នៅថ្ងៃ​អង្គារនេះ ប៉ូលិស​បាន​សុំជំនួយ​ពី​កងទ័ព ដើម្បី​បង្រ្កាប​ក្រុមឱកាស​និយម ដែល​ចូលលួច ឆក់ប្លន់ វាយបំផ្លាញ ហាងទំនិញ នៅ​តាមបណ្តា ក្រុង ជាច្រើន ក្នុង​ប្រទេស​បូលីវី។

នៅថ្ងៃអង្គារ​នេះ សភា​បូលីវី ដែល​គ្រប់គ្រង​ដោយ​គណបក្ស​របស់​លោក​ម៉ូរាលេស​ត្រូវ​កោះប្រជុំ​បន្ទាន់ ដើម្បី បោះឆ្នោត ជ្រើសតាំង​មេដឹកនាំ​ថ្មី នៅក្រោយការលាលែង​របស់​លោកម៉ូរាលេស។ ចំណែក លោកស្រីJeanine Anez អនុប្រធាន​ព្រឹទ្ធសភា ដែល​អះអាងថា ខ្លួន​មានសិទ្ធិ​ដឹកនាំ​ប្រទេស​បណ្តោះអាសន្ន បាន​ប្រកាស​រៀបចំ​ការបោះឆ្នោត សាជាថ្មី ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ​ដើម្បី​ឲ្យ​ប្រជាជន​បូលីវី អាច​មានប្រធានាធិបតី​មួយរូប នៅថ្ងៃទី ២២​មករា​ឆ្នាំក្រោយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ