អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ លើកលែង​ទោស​អតីត​ទាហាន​ដែលជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម

លោកប្រធានាធិបតី​ដូណាល់ ត្រាំ កាលពី​ថ្ងៃ សុក្រ​ម្សិលមិញ បាន​សម្រេច​លើកលែង​ទោស​ដល់​អតីត​ទាហាន​អាមេរិកាំង​ ដែល ជាប់​ចោទ​ពី​បទប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម នៅ​ប្រទេស​អាហ្វហ្កានីស្ថាន។ សម្រាប់​អតីត​មេទ័ព​អាមេរិកាំង ការលើកលែង​ទោស របស់​ប្រធានាធិបតី​នឹង​ធ្វើ​ឲ្យ​កងទ័ព​អាមេរិក​ចុះខ្សោយ។ 

ប្រធានកងកុម្មង់ដូរពិសេស Edward Gallagher បន្ទាប់ពី​រួចទោស នៅ​តុលាការ​យោធា នៅមូលដ្ឋានជើងទឹក​នៅ  San Diegoរដ្ឋកាលីហ្វនីញ៉ា ថ្ងៃទី​២​កក្កដា២០១៩
ប្រធានកងកុម្មង់ដូរពិសេស Edward Gallagher បន្ទាប់ពី​រួចទោស នៅ​តុលាការ​យោធា នៅមូលដ្ឋានជើងទឹក​នៅ San Diegoរដ្ឋកាលីហ្វនីញ៉ា ថ្ងៃទី​២​កក្កដា២០១៩ ©REUTERS/John Gastaldo
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​សុក្រ លោកប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ចេញ​សេចក្តីប្រកាស​លើកលែង​ទោស អតីត​ទាហាន​អាមេរិកាំង​៣នាក់ ដែល​រង​ការចោទ​ប្រកាន់ ពីបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម។

អតីត​ទាហាន​អាមេរិកាំង​ទី១ ដែល​បាន​ទទួល​ការលើកលែងទោស​ពីប្រធានាធិបតី កាលពី​ថ្ងៃ​សុក្រ គឺ​អនុសេនី Clint Lorance ដែល​ត្រូវ​បាន​តុលាការ​យោធា​អាមេរិក ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ ១៩ឆ្នាំ ពី​បទ​បញ្ជា​ឲ្យ​គេ​បាញ់សម្លាប់​ប្រជាជន​ស៊ីវិល​អាហ្វហ្កានីស្ថាន ៣នាក់ កាលពី​ឆ្នាំ ២០១២។ នៅក្នុង​សេចក្តីប្រកាស លោក​ដូណាល់​ត្រាំ បាន​បញ្ជាក់ថា មាន​មនុស្ស​ជាង ១សែននាក់​បាន​ដាក់​ញត្តិ​ទៅ​សេតវិមាន ដើម្បី​សុំ​ឲ្យ​មាន​ការដោះលែង Clint Lorance។

Clint Lorance ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ៦​ឆ្នាំ​មក​ហើយ​នោះ នឹង​ទទួល​បាន​សេរីភាព​ទាំងស្រុង នៅក្រោយ សេចក្តីប្រកាស​លើកលែងទោស ពី​ប្រធានាធិបតី។

ប្រធានាធិបតី អាមេរិក​លើកលែង​ទោសផងដែរ ដល់​អតីត​កុម្មង់ដូរ​ពិសេស​ម្នាក់ ដែល​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋកម្ម ដែល​បាន​បាញ់សម្លាប់ជនសង្ស័យ​តាលីបង់ នៅឆ្នាំ ២០១០។ ករណី​ចោទប្រកាន់​Matt Golsteyn បាន​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ ចេញមុខ​ប្រតិកម្ម ម្តងហើយ ដោយ​បាន​សរសេរ​ចាត់ទុក សមាជិក​កុម្មង់ដូរ Golsteyn ថា ជា​ទាហាន​វីរជន​របស់​អាមេរិក ប៉ុន្តែ ដែល​អាច​ប្រឈម​នឹង​ទោសប្រហារ​ជីវិត ដោយសារ​រដ្ឋាភិបាល​អាមេរិក។

ទាហាន​អាមេរិកចុងក្រោយ ដែល​ទទួល​បាន​លើកលែង​ទោស​ពី​លោកដូណាល់ ត្រាំ គឺ Edward Gallagher សមាជិក​កងកុម្មង់ដូ​ពិសេស​មួយទៀត ដែល​រងការចោទប្រកាន់​ថា បាន​ចាក់សម្លាប់​អ្នកទោស​ជីហាត ម្នាក់ ដោយ​ឈាមត្រជាក់ និង​បាន​សម្លាប់​ប្រជាជន​ស៊ីវិល​ផ្សេងទៀត នៅ​អ៊ីរ៉ាក់។ កាលពី​ខែ​កក្កដា តុលាការ​បានសម្រេច​ថា Gallagher គ្មានទោស ក្នុង​រឿង​សម្លាប់​អ្នកទោស ជីហាតនោះទេ ប៉ុន្តែ ​ Gallagher​ត្រូវ​ផ្តន្ទាទោស ដោយសារ​តែ​បាន​ថតរូប​ជាមួយ​សាកសព​អ្នកទោស​ជីហាត។

លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​បង្ហាញ​ពី​ចេតនា​ចង់​លើកលែង​ទោស ដល់​ទាហានអាមេរិក ដែល​រងការចោទប្រកាន់​នៅ​តុលាការ​យោធា​អាមេរិក កាលពី​ខែ​ឧសភា។ ប៉ុន្តែ ផែនការ​របស់​លោក​បានពើបប្រទះ​នឹង​ការប្រឆាំង​ពី​ខាង​អតីត​មេកងទ័ព​អាមេរិក។ សម្រាប់​អតីត​ឧត្តមនាវី James Stavridis ដែល​ធ្លាប់​ចេញមុខ​ប្រឆាំង​នឹង​ផែនការ​លើកលែងទោស​របស់លោកដូណាល់ ត្រាំ ការលើកលែងទោស នឹង​ធ្វើ​ឲ្យ​កងទ័ព​អាមេរិក​ចុះខ្សោយ។ Pete Buttigieg អតីត កងទ័ពជើងអាមេរិក និង​ជា​បេក្ខជន​ប្រធានាធិបតី ឆ្នាំ ២០២០ បាន​ព្រមានថា ការលើកលែង​ទោស​ប្រធានាធិបតី នៅពេលនេះ នឹង​ដើរផ្ទុយ​ពី ច្បាប់ វិន័យ ការអនុវត្ត​ច្បាប់ ហើយ​និង​ការគោរពបទបញ្ជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ