ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ
 
សំណង់អាណានិគមកិច្ច​របស់អ៊ីស្រាអែល​នៅ​ Hebronក្នុងទឹកដី​ស៊ីហ្សកដានី របស់ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​ចូលកាន់កាប់​ដោយ​ខុសច្បាប់ តាំង​ពី​ឆ្នាំ ១៩៦៧ © REUTERS/Mussa Qawasma

រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់រង្វាន់​ដ៏​ធំ​មួយ​ឲ្យ​អ៊ីស្រាអែល ដោយ​បាន​ប្រកាស កាលពី​ថង្ៃ​ចន្ទ​ទី ១៨ វិច្ឆិកា ២០១៩ លែង​ចាត់ទុក​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ស៊ីហ្សកដានី ប៉ាឡេស្ទីន ថា​ជារឿង​ខុសច្បាប់​អន្តរជាតិ។ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ស្វាគម​ដំណឹងនេះ នៅពេល​ភាគី​ប៉ាឡេស្ទីន សហភាពអឺរ៉ុប រួមទាំង​អ្នកនយោបាយ​អាមេរិក មក​ពី​គណបក្ស​ប្រឆាំង​បាន​រិះគន់​ជំហរ​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​លំអៀង​ទៅ​ខាងអ៊ីស្រាអែល និង​ដែល​គំរាមកំហែង ការចរចា​សន្តិភាព ប៉ាឡេស្ទីន អ៊ីស្រាអែល។

 

រដ្ឋបាល លោកដូណាល់ ត្រាំ បាន​បត់ក្បាល​នយោបាយ​ការទូត​ខុស​ពី​ប្រធានាធិបតី​អាមេរិក​មុនៗ ដែល​ធ្លាប់​ចាត់ទុក​អាណានិគមកិច្ច​របស់​អ៊ីស្រាលអែល​នៅ​លើ​ទឹកដី​ស៊ីហ្សកដានី ប៉ាឡេស្ទីន ថា ជា​រឿងខុសច្បាប់​អន្តរជាតិ។ នៅថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​Mike Pompeo បាន​ប្រកាស​ថា អាមេរិក​លែង​ចាត់ទុក អាណានិគមកិច្ច​របស់​អ៊ីស្រាអែល នៅទឹកដី​ប៉ាឡេស្ទីន ថា ជា​រឿង​ខុសច្បាប់​តទៅទៀត។ ប៉ុន្តែ លោក​មិន​បាន​លើកឡើងថា អ៊ីស្រាអែល​មាន​សិទ្ធិ​ភ្ជាប់​យក​ទឹកដី​ស៊ីហ្សកដានី មក​ធ្វើ​ជា​ទឹកដី​របស់ខ្លួន ដូច​ការចង់បាន​កន្លងមក របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល​នោះទេ។

ប្រមុខការបរទេសអាមេរិក​បាន​និយាយ​ថា អាមេរិក​បាន​ពិនិត្យ យ៉ាងល្អិតល្អន់ លើ​ខ្លឹមសារ​ច្បាប់​អន្តរជាតិ មុន​នឹងសន្និដ្ឋាន​ថា សំណង់​អាណានិគមកិច្ច​ដែល​មាន​ប្រជាជន​រស់នៅ មិនមែន​ជារឿង​ខុសច្បាប់​អន្តរជាតិ។

តាម រដ្ឋមន្រ្តីការបរទេស អាមេរិក ការពិតជាក់ស្តែង​នោះ គឺថា វា​គ្មានទេ ដំណោះស្រាយ​ផ្លូវច្បាប់​សម្រាប់​ជម្លោះ ហើយ​ការពិភាក្សា​ដែល​ថា អ្នកណាត្រូវ អ្នកណា​ធ្វើ​ខុស នឹង​ច្បាប់​ច្បាប់អន្តរជាតិ នឹងមិនជួយ​បង្កើត​ឲ្យ​មាន​សន្តិភាព​នោះ​ទេ។ សម្រាប់ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក គឺទាំង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​ជាអ្នក​ត្រូវ​ចរចា គ្នា ដើម្បី​កំណត់​លក្ខន្តិកៈ​របស់​ទឹកដី​ស៊ីហ្សកដានី។

ដោយ​ប្រកាស​ថា អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដីប៉ាឡេស្ទីន ថា ជារឿង​មិនដែល​មិន​ខុស​នឹង​ច្បាប់​អន្តរជាតិ រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ដើរផ្ទុយ​ពី​ជំហរ របស់​អង្គការ​សហប្រជាជាតិ ក៏ដូចជា​ខ្សែបន្ទាត់​នយោបាយ​ការទូត​អាមេរិក​កន្លងមក។ រហូតមក នយោបាយ​អាមេរិក ទៅលើ​សំណង់អាណានិគមកិច្ច​អ៊ីស្រាអែល ឈរផ្អែក​ទៅលើ​យោបល់​ផ្លូវច្បាប់ របស់​ក្រសួងការបរទេស​អាមេរិក ដែល​មាន​តាំង​ពី​ឆ្នាំ ១៩៧៨ ពោល គឺ សំណង់អាណានិគមកិច្ច​នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន ធ្វើឡើង ដោយ​មិនត្រឹមត្រូវ​តាមច្បាប់​អន្តរជាតិ។

ដោយ​ប្រកាសចាត់ទុកសំណង់ អាណានិគមកិច្ច​របស់អ៊ីស្រាអែល ថា មិនមែន​ជា​រឿង​ខុសច្បាប់​អន្តរជាតិ រដ្ឋមន្រ្តី​ការបរទេស​របស់​លោកដូណាល់ បាន​បិទបញ្ចប់​នយោបាយ​មុនមុនៗ​របស់​ប្រធានាធិបតី អាមេរិក ជាពិសេស លោកបារ៉ាក់ អូបាម៉ា ដែលទើប​បាន​បោះឆ្នោត​គាំទ្រ សេចក្តីសម្រេច​របស់អង្គការ​សហប្រជាជាតិ ដែល​មានចែង​ពីការថ្កោលទោស​ទៅលើ​សំណង់អាណានិគមកិច្ច​របស់អ៊ីស្រាអែល នៅ​ប៉ាឡេស្ទីន។

ហេតុអ្វីបានជា​អាណានិគមកិច្ច​អ៊ីស្រាអែល​នៅ​ស៊ីហ្សកដានី ជា​រឿងចម្រូងចម្រាស ?

អង្គការ​សហប្រជាជាតិ​ចាត់ទុក សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅលើ​ទឹកដី​ប៉ាឡេស្ទីន ខុសច្បាប់​អន្តរជាតិ ព្រោះ​វា​សាងសង់​ឡើង​នៅលើ​ទឹកដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​បាន​ ឈ្លានពាន ចូល​ទៅ​កាន់កាប់​ដោយ​ខុសច្បាប់ នៅក្រោយ​អ៊ីស្រាអែល​ឈ្នះសង្រ្គាម​លើ​ប្រទេស​អារ៉ាប់ កាលពី​ឆ្នាំ ១៩៦៧។

តាំង​ពីចូល​គ្រប់គ្រង​ទឹកដីស៊ីហ្សកដានី រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ពង្រីក​អាណានិគមកិច្ច ដោយ​បាន​អនុញ្ញាត​ឲ្យ​មាន​ការសាងសង់​ផ្ទះសម្បែង​រាប់ម៉ឺនខ្នង​សម្រាប់​ប្រជាជន​អ៊ីស្រាអែល ក្នុង​ទឹកដី​ស៊ីហ្សកដានី ដែល​មាន​ប្រជាជន​ប៉ាឡេស្ទីន រស់នៅ​ជិត ៣លាននាក់។ ប្រជាជន​អ៊ីស្រាអែល​រស់នៅ​តំបន់អាណានិគមកិច្ច ក្នុង​ទឹកដី​ស៊ីហ្សកដានី​មាន​សិទ្ធិ​ចេញចូល​ទៅ​ទឹកដី​អ៊ីស្រាអែល ប៉ុន្តែ ចំណែក​ប្រជាជន​ប៉ាឡេស្ទីន នៅស៊ីហ្សកដានី ត្រូវ​គោរព​តាមច្បាប់​ដ៏តឹងរ៉ឹង របស់​អ៊ីស្រាអែល​ដែល​កាន់កាប់​គ្រប់គ្រង​ទឹកដី​ស៊ីហ្សកដានី។

គេ​វាយតម្លៃ​ថា ចាប់តាំង​ពី​ឆ្នាំ ១៩៦៧ អ៊ីស្រាអែល បាន​បង្កើត​សំណង់អាណានិគមកិច្ច ដែលមាន​រូបរាង​ដូចជា​ភូមិតូចធំ ច្រើន​ជាង ១៥០​កន្លែង ពេញ​ទឹកដី​ស៊ីហ្សកដានី។ អង្គការ​សហប្រជាជាតិ និង​ប្រទេសភាគច្រើន​របស់​សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស សំណង់អាណានិគមកិច្ច​របស់​អ៊ីស្រាអែល ព្រោះថា វាមិនត្រឹមតែ​ខុសច្បាប់អន្តរជាតិ វា​ថែមទាំង​បង្ក​ឲ្យ​មានការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ។ ត្រូវដឹងថា នៅពេល​រដ្ឋាភិបាល​អ៊ីស្រាអែល សម្រេច​ឲ្យ​មានការសាងសង់លំនៅឋាន​ថ្មី​នៅ​ទឹកដី​ស៊ីហ្សកដានី អាជ្ញាធរ​អ៊ីស្រាអែល បាន​ចូល​ទៅ​វាយបំផ្លាញផ្ទះ​របស់​ប្រជាជន​ប៉ាឡេស្ទីន ដើម្បី យក​កន្លែង សង់លំនៅឋាន​រាប់រយ​របស់​ប្រជាជន​អ៊ីស្រាអែល។ ប្រជាជន​ប៉ាឡេស្ទីន​ បាន​ទាមទារ​រហូតមក ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ដកចេញ ពីទឹកដី​ស៊ីហ្សកដានី ដែល​ពួកគេ​សង្ឃឹម​ចង់បាន​សម្រាប់​អនាគត​ប្រទេស​ប៉ាឡេស្ទីន។ ប៉ុន្តែ ការទាមទារ​របស់​ប៉ាឡេស្ទីន ដែលមិន​អ៊ីស្រាអែល​មិន​ស្តាប់ចូលត្រចៀក ផ្ទុយទៅវិញ គឺ​មាន​បង្កើន​សាងសង់ សំណង់​អាណានិគមកិច្ច​សម្រាប់​ប្រជាជន​អ៊ីស្រាអែល បន្ថែមទៀត ជាពិសេស ក្នុង​អាណត្តិ​របស់​លោកនាយករដ្ឋមន្រ្តី បិនចាមីន នេតាន់យ៉ាហ៊ូ។លោក នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ដែល​បានសន្យា​ថា បើសិន​លោកជាប់ឆ្នោត នោះ លោក​ចង់ ភ្ជាប់យក​ទឹកដីអាណានិគមកិច្ច​នៅស៊ីហ្សកដានី មកភ្ជាប់​ក្នុង​ផែនទី​ទឹកដី​របស់​អ៊ីស្រាអែល។

អំណោយសម្រាប់​អ៊ីស្រាអែល ប៉ុន្តែ ជា​នយោបាយ​អយុត្តិធម៌​មួយទៀត សម្រាប់​ប្រជាជន​ម្ចាស់ដី ប៉ាឡេស្ទីន

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល នៅថ្ងៃ​ចន្ទម្សិលមិញ បាន​ថ្លែងអំណរគុណ​សម្រាប់​អំណោយ​របស់​លោកដូណាល់​ត្រាំ។ ការប្រកាស​របស់​អាមេរិក​មានន័យ​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​អ៊ីស្រាអែល ៦សែននាក់ ដែល​កំពុង​រស់នៅ​ទឹកដី​ស៊ីហ្សកដានី។ សម្រាប់​ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល នយោបាយ​របស់​អាមេរិក​គឺ​ត្រឹមត្រូវ ណាស់​ព្រោះថា ប្រជាជន​អ៊ីស្រាអែល មិនអាច​ជា​ម្ចាស់​អាណានិគម បរទេស​នៅ​លើ​ទឹកដី​ដូនតា​របស់​ពួកគេ​នោះទេ។ រហូតមក អ៊ីស្រាអែល​តែងទាមទារ​ថា ទឹកដី​ស៊ីហ្សកដានី ធ្លាប់​ជា​ផ្នែកមួយ នៃ ទឹកដី​កំណើត​របស់​ព្រះJudea​របស់​ប្រជាជន​ជ្វីហ្វ។

អាមេរិក​របស់លោកដូណាល់ ត្រាំ បានប្រកាស​ចាត់ទុក សំណង់​អាណានិគមកិច្ច​ថា មិនមែន​ជារឿង​ខុសច្បាប់​អន្តរជាតិ។ វា​ប្រៀប​បាន​នឹង​ភ្លើងខៀវ លើកទឹកចិត្ត​ឲ្យ​អ៊ីស្រាអែល កាន់តែ​បាន​ដៃ ពង្រីក​សំណង់អាណានិគមកិច្ច​របស់​ខ្លួន នៅ​ស៊ីហ្សកដានី តទៅ​ទៀត ដោយ​លែង​ខ្លាច រអែង​អ្វី​ទាំងអស់។

ការសម្រេចចិត្ត​របស់​រដ្ឋាបាល​លោកដូណាល់ ត្រាំ ជា​អំណោយ​មួយទៀត សម្រាប់​រដ្ឋាភិបាល​អ៊ីស្រាអែល ប៉ុន្តែ សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន វាជា​នយោបាយ​អយុត្តិធម៌​មួយទៀត សម្រាប់​ពួកគេ។ កាលពី​ឆ្នាំមុន ខុសពី​សហគមន៍​អន្តរជាតិ រដ្ឋបាល​លោកដូណាល់​ត្រាំ ​បាន​សម្រេចចិត្ត​ឯកតោភាគី ទទួល​ស្គាល់ ទីក្រុង​ហ្សេរូសាឡឹម ដែល​កំពុង​មានរស់នៅ​ប្រជាជន​ប៉ាឡេស្ទីន​ដែរនោះ ថា ជា​រដ្ឋធានី​ផ្តាច់មុខ​របស់​អ៊ីស្រាអែល។ វ៉ាស៊ីនតោន​នៅបានផ្លាស់ប្តូរ​រើ​ស្ថានទូត​របស់ខ្លួន​នៅទីក្រុង​តែលអាវីវ ទៅ​នៅ​ហ្សេរូសាឡឹម​ទៀតផង។ រដ្ឋបាល​លោកដូណាល់​ត្រាំ នៅបានកាត់ផ្តាច់​ជំនួយ សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន ហើយនិង​បិទការិយាល័យ​តំណាង​ប៉ាឡេស្ទីន​នៅទីក្រុង​ញូវយ៉ក។

សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន ការសម្រេច​របស់​រដ្ឋបាល​អាមេរិក​ចុងក្រោយនេះ មិនតឹ្រមតែ មើលងាយ បញ្ចុះតម្លៃ ច្បាប់​អន្តរជាតិ តែប៉ុណ្ណោះទេ ប៉ុន្តែ វា​រឹតតែ​ធ្វើ​ឲ្យ​ចរចា ឈាន​ទៅរកដំណោះស្រាយ សម្រាប់​បង្កើត​រដ្ឋ​ពីរ​ជិតគ្នា គឺ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន កាន់តែ​គ្មាន​ទៅទៀត។ ផ្ទុយទៅវិញ ការសម្រេច​របស់​អាមេរិក នឹង​ជំរុញ ឲ្យ​មាន​អំពើហិង្សា ការងើបបះបោរ សងសឹក​សម្លាប់​គ្នា​មិនឈប់ រវាង​ប្រជាជន​ទាំង​ពីរជាតិសាសន៍ ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។

សហភាពអឺរ៉ុប​បាន​ដកខ្លួន ឆ្ងាយ​ពី​ជំហរ​អាមេរិក ដោយ​បាន​បញ្ជាក់ថា អឺរ៉ុប​មាន​ជំហរច្បាស់ និង​មិន​ផ្លាស់ប្តូរ ដែល​ថា សំណង់អាណានិគមកិច្ច​នៅ​ស៊ីហ្សកដានី ជាសកម្មភាពខុសច្បាប់ អន្តរជាតិ។

នៅ​អាមេរិក បេក្ខជន​ប្រធានាធិបតី មក​ពី​បក្ស​ប្រឆាំង​ដូចជា លោកស្រី Elizabeth Warren បាន​អះអាង​ថា លោកស្រី​នឹង​ផ្លាស់ប្តូរ​ជំហរ​នេះ មកវិញ បើសិនលោកស្រី​ឈ្នះឆ្នោត ព្រោះថា សំណង់អាណានិគមកិច្ច​អ៊ីស្រាអែល មិនត្រឹមតែ​ខុសច្បាប់ ប៉ុន្តែ វា​ជា​ឧបសគ្គ​នៃ​ការចរចា​បង្កើត​សន្តិភាព​នៅ​តំបន់​ដើមបូព៌ា៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល៖ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជា​ព្យុះ​ក្នុង​កែវទឹក?

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    នយោបាយ​អាណានិគមកិច្ច​អ៊ីស្រាអែល​កំពុង​រុញ​ភាព​ជា​​មិត្ត ទៅ​ជា​ការ​ធ្វើ​ពហិការ​ប្រឆាំង

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ប្រវត្តិខ្លី​នៃ​ការធ្វើ​អាណានិគមកិច្ច អ៊ីស្រាអ៊ែល​លើ​ប៉ាឡេស្ទីន

    ស្វែងយល់បន្ថែម

  • ដើមបូព៌ា

    អ៊ីស្រាអែល​ផ្គើន​សហគមន៍​អន្តរជាតិ​ក្នុង​រឿង​សាងសង់​តំបន់​អាណានិគមកិច្ច

    ស្វែងយល់បន្ថែម

  • ស.រ.អា

    រដ្ឋការ​វ៉ាស៊ិនតោន​បោះបង់​ល័ក្ខខ័ណ្ឌ​ដំបូង​សុំ​ឱ្យ​ផ្អាក​អាណានិគមកិច្ច​សិន​មុន​នឹង​ចរចា​គ្នា

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អ៊ីស្រាអែល​ចង់ប្តូរឥរិយាបថ​ក្នុងបញ្ហាអាណានិគមកិច្ច

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ