ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាមេរិក

នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ ប្រកាស​លាលែង​ចេញ​ពី​តំណែង នៅក្រោយ បាតុកម្ម​ហិង្សា​អស់​២ខែ

media បាតុករអ៊ីរ៉ាក់នៅទីក្រុង​បាកដាដ ©REUTERS/Thaier al-Sudani

២ខែ​ក្រោយ បាតុកម្ម​ហិង្សា ដែល​សម្លាប់​មនុស្ស​សឹងរាល់ថ្ងៃ នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ នៅទីបំផុត បាន​ប្រកាស​លាលែង​ពីមុខ​តំណែង ទៅ​តាម​ការទាមទារ​របស់​បាតុករ។ នៅក្នុង​សេចក្តី​ប្រកាស​ចុះ​ថ្ងៃ​សុក្រម្សិលមិញ លោកនាយករដ្ឋមន្រ្តី អាឌែល អាប់ឌែល ម៉ាឌី និយាយ​ថា លោក​នឹង​ដាក់​ពាក្យ​សុំ​លាលែង​ពីតំណែង តាម​ការចង់បាន​របស់​ប្រមុខដឹកនាំ​សាសនា​កំពូល របស់​អ៊ីរ៉ាក់ អាយ៉ាតូឡា អាលី ស៊ីសតានី។ តើ​ការលាលែង​ពីតំណែង​របស់​នាយករដ្ឋមន្រ្តី នឹង​អាច​បិទបញ្ចប់កំហឹង តវ៉ា​បាតុកម្ម​របស់​បាតុករ​អ៊ីរ៉ាក់​ដែរឬទេ?

ទើប​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ បាន​១ ឆ្នាំ លោក​អាឌែល អាប់ឌែល ម៉ាឌី អ្នកនយោបាយ ឯករាជ្យ គ្មានបក្សពួក និង​គ្មាន​ប្រជាប្រិយភាព ប្រកាស ចុះចាញ់ សុំលាលែង​ពីមុខតំណែង​នាយករដ្ឋមន្រ្តី នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ អន្តរាគមន៍​របស់​ប្រមុខ​ដឹកនាំ​សាសនា កំពូល​របស់​អ៊ីរ៉ាក់ លោក អាលី ស៊ីសតានី​ដែល​បាន​ទាមទារ​ឲ្យ​មាន​ការផ្លាស់ប្តូរ​របប ទៅតាម​ការចង់​បាន​របស់​បាតុករ។

តាម​ប្រមុខដឹកនាំ​សាសនា​អ៊ីរ៉ាក់ ដែល​ជាអ្នកមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​គណបក្ស​នយោបាយ នៅ​អ៊ីរ៉ាក់ រដ្ឋាភិបាល​អ៊ីរ៉ាក់ បច្ចុប្បន្ន របស់​លោក ម៉ាឌី ហាក់​លែង​មាន​សមត្ថភាព​គ្រប់គ្រង​ស្ថានការណ៍ ដែល​កើត​មាន​២ខែមកនេះ។ ដូច្នេះ សភា​ត្រូវតែ​បោះឆ្នោត ដកការទុកចិត្ត​ពី​រដ្ឋាភិបាល ដើម្បី ជៀសវាង​ចលាចល ហើយ​និង​ការបាត់បង់​ជីវិត​មនុស្ស។

ប្រមុខដឹកនាំ​សាសនា​អ៊ីរ៉ាក់ ចេញមុខ​ធ្វើ​អន្តរាគមន៍នៅក្នុង​វិបត្តិនយោបាយអ៊ីរ៉ាក់ នៅមួយ​ថ្ងៃ​ក្រោយ ដែល​ការប៉ះទង្គិចគ្នា​រវាង​បាតុករ និង​ប៉ូលិស​ទាហាន​អ៊ីរ៉ាក់ នៅទូទាំង​ប្រទេស​អ៊ីរ៉ាក់ បាន​សម្លាប់​មនុស្ស ៤៦​នាក់​និង​របួស​ជាង​១ពាន់​នាក់ នៅក្នុង​រយៈពេល​តែ​មួយថ្ងៃ ព្រហស្បតិ៍។ តាមតួលេខ​ផ្តល់ដោយ​គ្រូពេទ្យ និង​ប៉ូលិស​អ៊ីរ៉ាក់ មនុស្ស​ប្រមាណ ៤០០​នាក់​ស្លាប់ នៅក្នុង​បាតុកម្ម​ហិង្សា និង​ការបង្រ្កាប របស់​ប៉ូលិស ដែល​បាន​បាញ់​គ្រាប់កាំភ្លើង​ពិត​ទៅលើ​បាតុករ ដែលភាគច្រើនជា​យុវជន​អ៊ីរ៉ាក់។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​សុក្រ លោក​អាឌែល ម៉ាឌី​បាន​និយាយ​ថា ទៅការអំពាវនាវ​របស់​ប្រមុខសាសនា និង​ដើម្បី​សម្រួល​ដល់​ការផ្លាស់ប្តូរ លោក​នឹង​ដាក់ពាក្យ​សុំ​លាលែង​ពី​មុខតំណែង​នាយករដ្ឋមន្រ្តី ទៅ​រដ្ឋសភា​អ៊ីរ៉ាក់។

នៅ​ថ្ងៃ​សុក្រ បាតុករ​អ៊ីរ៉ាក់​បាន​ទម្លាក់​ដុំថ្ម និង​ស្រែកហ៊ោកញ្ជ្រៀវ អបអរ​ដំណឹង​លាលែង​តំណែង​នាយករដ្ឋមន្រ្តី​របស់​លោកម៉ាឌី។ សម្រាប់​បាតុករ​អ៊ីរ៉ាក់ នេះគ្រាន់តែ​ជា​ជ័យជំនះ​តូចមួយ​ប៉ុណ្ណោះ។ បាតុករ អ៊ីរ៉ាក់ និយាយ​ហើយ​ថា ពួកគេ​នឹង​បន្ត​ធ្វើ​បាតុកម្ម​តទៅទៀត ព្រោះថា អ្វីដែល​ពួកគេចង់បាន​ប្រាកដ គឺ ចង់ឲ្យ​គេ​រុះរើ ចោល នូវ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល ដែល​បង្កើត បន្តុប​ឡើង​ដោយ​អាមេរិក និង​ដែល​សព្វថ្ងៃ ធ្លាក់​ក្នុង​ដៃឥទ្ធិពល​គ្រប់គ្រង​របស់​ប្រទេស​អ៊ីរ៉ង់។ នៅទីក្រុង​បាកដាដ បាតុករ​បាន​ស្រែក​ហើយថា លោកនាយករដ្ឋមន្រ្តី​ម៉ាឌី​មិនមែន​ជា​បញ្ហា​របស់ពួកគេ​នោះទេ។ បាតុករអ៊ីរ៉ាក់ ដែល​ ដែល​បាន​ធ្វើ​បាតុកម្ម ២ខែ​មក​នេះ ដើម្បី បរិហារ​អំពើពុករលួយ អសមត្ថភាព​របស់​មន្រ្តី និងក្រុមអ្នកមាន​អំណាច ចង់​ឲ្យ​គ្រប់​គណបក្ស អ្នកនយោបាយ​ចាស់ៗ ទាំងអស់ ដែល​គាំទ្រ ដោយ​ប្រទេស​អ៊ីរ៉ង់ ​ដើរចេញ​ទាំងស្រុង ពី​ឆាក​នយោបាយ​អ៊ីរ៉ាក់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ