អានតួអត្ថបទ
លីប៊ី

ប្រេសិត​អង្គការ​សហប្រជាជាតិ៖ ភាពតានតឹង​រុស្ស៊ី-អាមេរិក​រឹតតែធ្វើ​ឲ្យជម្លោះលីប៊ី​កាន់តែស្មុគស្មាញ

៨ឆ្នាំ​ក្រោយ ការដួលរលំ នៃ​របបផ្តាច់ការ​កាដាហ្វី ប្រទេស​លីប៊ី នៅតែ​មិនទាន់​ងើបរួចផុត​ពី សង្រ្គាម​ស៊ីវិល ដែល​បាន​បំផ្លាញ ស្ទើរខ្ទេចខ្ទី រចនាសម្ព័ន្ធ​របស់​ប្រទេស​សេដ្ឋី​ប្រេង​មួយនេះ។ សម្រាប់​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​បញ្ហា​លីប៊ី ជម្លោះប្រដាប់​អាវុធ នៅក្នុង​ប្រទេស​អាហ្វ្រិក​មួយនេះ រឹតតែ​ស្មុគស្មាញ ខ្លាំងឡើង ជាមួយ​នឹង​ភាពតានតឹង​កាន់តែខ្លាំង​រវាង​រុស្ស៊ី និង​អាមេរិក។ 

ប្រេសិត​អង្គការ​សហប្រជាជាតិ លោកGhassan Salamé នៅ​ការិយាល័យ​របស់លោកនៅទីក្រុង​ទុយនីស ថ្ងៃទី ១៦​កញ្ញា ២០១៧
ប្រេសិត​អង្គការ​សហប្រជាជាតិ លោកGhassan Salamé នៅ​ការិយាល័យ​របស់លោកនៅទីក្រុង​ទុយនីស ថ្ងៃទី ១៦​កញ្ញា ២០១៧ REUTERS/Zoubeir Souissi
ផ្សាយពាណិជ្ជកម្ម

បដិវត្តន៍​ប្រជាជន ដែល​បាន​ឈាន​ទៅ​ផ្តួលរំលំ​របបផ្តាច់ការ​កាដាហ្វី នៅ​ឆ្នាំ ២០១១ បាន​រុញច្រាន​លីប៊ី ទៅ​ក្នុង​ភាពវឹកវរ ជម្លោះ​ប្រដាប់អាវុធ ដើម្បី​ដណ្តើម​អំណាចគ្នា មិនចេះចប់។ នៅ​ខែ​មេសា​កន្លងទៅ មេទ័ព​គ្រប់គ្រង​តំបន់​ខាងកើត លីប៊ី លោក​កាលីហ្វា ហាវតា បាន​លើក​កម្លាំងទាហាន​ទៅ​វាយប្រហារ​រដ្ឋធានី ទ្រីប៉ូលី ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល ទទួល​ស្គាល់​ដោយ​អន្តរជាតិ GNA។

ចាប់ពី​ពេលនោះហើយ ដែល​ប្រេសិត​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​កិច្ចការ លីប៊ី សង្កេត​ឃើញ មាន​អន្តរាគមន៍​យោធា របស់​បរទេស សាជាថ្មី នៅ​ទឹកដី​លីប៊ី។ ដូច​សហរដ្ឋអាមេរិក ប្រេសិត​អង្គការ​សហប្រជាជាតិ លោក​Ghassan Salamé បាន​សំដែង​ការព្រួយបារម្ភ នៅពេល​ឃើញ រុស្ស៊ី លូកដៃ ទៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ លីប៊ី។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP កាលពី​ថ្ងៃ​សុក្រ ប្រេសិត​អង្គការ​សហប្រជាជាតិ បាន​លើកឡើង​ពី​សេចក្តីរាយការណ៍​ដែល​ថា មាន​វត្តមាន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី ដែល​ចូលរួម​ជួយ​ប្រយុទ្ធ​ក្នុង​ជួរកងទ័ព​របស់​លោក ហាវតា។ ការចោទប្រកាន់​ដែល​ភាគី​រុស្ស៊ី​បដិសេធ​ទាត់ចោល​ទាំងស្រុង។

នៅ​ចំណែក​ខាង​ទ័ព​រដ្ឋាភិបាល ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ ពួកគេ​ទទួល​បាន​ទទួល​ជំនួយ​យោធា​ពី​ខាងតួកគី។

“គេ​សង្កេត​ឃើញ មាន​អាវុធ ហូរ​មកពី​គ្រប់កន្លែង” នេះជា​ប្រសាសន៍​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ ដែល​បាន​អំពាវនាវ​ផងដែរ សុំ​គេ​ពង្រឹង​ការងារ​របស់​គណៈកម្មាធិការ​ដាក់ពិន័យ​របស់​អង្គការ​សហប្រជាជាតិ ឲ្យ​មាន​ប្រសិទ្ធិភាពជាងមុខ ជាពិសេស ទៅលើ​បម្រាមអាវុធ ឆ្នាំ ២០១១។

នៅក្នុង​របាយការណ៍ នាដើម​ខែ​វិច្ឆិកា អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​វាយតម្លៃថា តួកគី និង​បណ្តាប្រទេស​អេមីរ៉ា បានរំលោភ​ច្បាប់​ហាម​លក់​អាវុធ​របស់​អង្គការ​សហប្រជាជាតិ។

ទៅតាមផែនការ​សកម្មភាព ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បោះឆ្នោត អនុម័ត​កាលពី​ខែ​កុម្ភៈ ប្រេសិត​អង្គការ​សហប្រជាជាតិ ត្រូវ​ទទួល​បន្ទុក បើក​សន្និសីទ​នៅទីក្រុង​ប៊ែរឡាំង​ដើម្បី ស្វែងរក​កិច្ចព្រមព្រៀង​បិទបញ្ចប់​រវាង​ភាគីជម្លោះ​នៅ​លីប៊ី។

ប៉ុន្តែ សម្រាប់ លោក​Ghassan Salamé ផ្លូវដើរ​ឈាន​ទៅ​បិទបញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​លីប៊ី នៅ​វែងឆ្ងាយ និង​សំបូរ​ដោយ​ឧបសគ្គ នៅក្នុង​បរិបទ​ស្មុគស្មាញ និង​តានតឹង រវាង​អាមេរិក រុស្ស៊ី។ នៅ​ដើម​ខែ​វិច្ឆិកា អ្នកទទួល​ខុសត្រូវ​បាន​ជួបពិភាក្សា​ជាមួយ​មេទ័ព​ហាវតា ដើម្បី​និយាយ​ពី​កង្វល់​របស់​វ៉ាស៊ីនតោន​ពីរឿងទ័ព​រុស្ស៊ី នៅលីប៊ី។ ប៉ុន្តែ នៅក្រោយ​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី ដែល​ជា​គូសត្រូវ​របស់​មេទ័ព​ហាវតា វ៉ាស៊ីនតោន​បាន​អំពាវនាវ​ឲ្យ​សេនាប្រមុខ ហាវតា ឈប់​វាយប្រហារ​ទៅលើ​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលីតទៅទៀត។

នៅក្នុង​សំណុំរឿង​លីប៊ី អាមេរិក គិត​តែ​ផលប្រយោជន៍​ប្រេង និង​យុទ្ធសាស្រ្ត​ប្រយុទ្ធប្រឆាំង ក្រុមភេរវនិយម​តែប៉ុណ្ណោះ។ តើ​អាមេរិក​ត្រលប់​មក​ផ្តោត ចាប់អារម្មណ៍ លីប៊ី ឡើងវិញ ដោយសារ​តែ​ឃើញមាន​វត្តមាន​រុស្ស៊ី​នៅលីប៊ី? នេះជា​ការចោទសួរ​របស់​ប្រេសិតអង្គការ​សហប្រជាជាតិ។

នៅពេល​រដ្ឋបាល​អាមេរិក​ស្ថិត​ក្រោម ការដឹកនាំ​របស់​លោកដូណាល់ ត្រាំ ជញ្ជីង ចំណាប់អារម្មណ៍​របស់​អាមេរិក ទៅលើ​ជោគវាសនា មនុស្សជាតិ របស់​ប្រជាជន​លីប៊ី នៅតែ​ស្រាល​ជាង​ជញ្ជីង​ផលប្រយោជន៍ប្រេង​បានមកពី​លីប៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ