ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាមេរិក

លោកត្រាំ​ប្រកាស​ដំឡើង​ពន្ធ​នាំចូល​ដែកថែប​និង​អាលុយមីញ៉ូម​ពី​មិត្ត​ប្រេស៊ីល​និង​អាហ្សង់ទីន

media លោក ដូណាល់ ត្រាំ​ ប្រកាស​ដំឡើង​ពន្ធ​នាំ​ចូល​ពី ប្រេស៊ីល​និង​អាហ្សង់ទីន Reuters

លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ថ្មី​មួយ​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ប្រកាស​ដំឡើង​ពន្ធ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​ មក​ពី​ប្រទេស​ប្រេស៊ីល​និង​អាហ្សង់ទីន។ សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឱ្យ​ ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ចំបង​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​អាមេរិក​ឡាទីន ​ភាន់ភាំង​យ៉ាង​ខ្លាំង។

សេចក្តី​សម្រេច​ដំឡើង​ពន្ធ​នាំ​ចូល​ដែកថែប​និងអាលុយមីញ៉ូម​ពី​ប្រេស៊ីល​និងអាហ្សង់ទីន នឹង​ត្រូវ​អនុវត្តភ្លាម។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ត្រាំ ដោយបញ្ជាក់​​ថា អាមេរិក​ត្រូវ​ការ​ព្រមាន​ទង្វើ​បញ្ចុះ​តម្លៃ​រូបិយបណ្ណ​ របស់​ប្រទេស​ទាំង​ពីរ​។ លោក​ត្រាំ​បាន​បន្ទោស​​ប្រេស៊ីល​និងអាហ្សង់ទីន​ថាការ​​បញ្ចុះ​តម្លៃ​លុយ​ដ៏​គំហុក​បាន​ធ្វើ​ឱ្យ​កសិករ​អាមេរិក​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។

ការ​ដំឡើង​ពន្ធនាំ​ចូល​ ជា​ដំណឹង​អាក្រក់​បំផុត​សម្រាប់​ប្រេស៊ីល​ ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​ដែកថែប​លំដាប់​ទីពីរ​ទៅ​ឱ្យ​អាមេរិក​។ ចំណែក​អាហ្សង់ទីន​វិញ​ក៏​ដូច​គ្នា ! អាហ្សង់ទីន​នាំចេញ​ដែកថែប​និង​អាលុយមីញ៉ូម មួយភាគ​ធំ​ទៅ​សហរដ្ឋ​អាមេរិក​ដែរ។

សូម​បញ្ជាក់​ថា​ កាលពី​ខែ​មីនា ២០១៨ ក្នុង​ពេល​ដែល​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ដំឡើង​ពន្ធ ២៥% លើការ​នាំចូល​​ដែកថែប​និង ១០%​លើ​ការ​នាំ​ចូល​អាលុយមីញ៉ូម មក​គ្រប់​ប្រទេស​នៅ​ទូទាំង​ពិភពលោក។ ពីរបី​ខែ​ក្រោយ​មក​ អាមេរិក​បាន​ប្តូរ​ចិត្ត​ មិន​អនុវត្ត​ការ​យក​ពន្ធ​បន្ថែម​ពី​ប្រទេស​​អាហ្សង់ទីន និង​ប្រេស៊ីល ព្រមទាំង​បណ្តា​ប្រទេស​មួយ​ចំនួនតូច​​ផ្សេង​ទៀតទេ។ ឆ្លើយ​តប​នឹង​ការ​អនុគ្រោះ​បែប​នេះ ប្រេស៊ីល​បាន​ព្រម​កំណត់​កូតា​នៃការ​នាំ​ចេញ​ដែកថែប​របស់​ខ្លួនទៅ​អាមេរិក និង​បាន​ឆ្លៀត​ទាញ​ផល​ចំណេញ​ពីសង្គ្រាមពាណិជ្ជកម្ម​អាមេរិក​ជាមួយ​ចិន​ ក្នុង​រឿង​ដំឡើងពន្ធ​នាំ​ចូល​នេះ​ផង។

អាមេរិក​​នាំ​ចូល​ដែកថែប​ប្រេស៊ីល​ចំនួន​ ៣,៩៨​លាន​តោន​ ត្រូវ​ជា​ជិត​២៥០០​លាន​ដុល្លារ​ នៅ​ឆ្នាំ​​២០១៨។ តែ​តាំង​ពីមួយ​សប្តាហ៍​មក​ ប្រាក់​រៀល​ប្រេស៊ីល​បាន​ធ្លាក់​ថ្លៃ​ដល់​កំរិត​ទាប​បំផុត​មិន​ធ្លាប់​ក្នុង​ប្រវត្តិសាស្ត្រ។ បើ​តាមអ្នក​​វិភាគ​ មូលហេតុ គឺ​បណ្តាល​មកពី​​​បរិបទ​នយោបាយ​អន្តរជាតិ​និង​ភាព​មិន​ទុក​ចិត្ត​​លើសមត្ថភាព​របស់​រដ្ឋាភិបាល ​មិនមែន​ដោយ​សារ​អន្តរាគមន៍​របស់ស្ថាប័ន​ប្រេស៊ីល​ណា​មួយ​ទេ។ ចំណែក​អាហ្សង់ទីន​វិញ ប្រទេស​នេះ​បាន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​តាំង​ពី​២០​ខែមក​ហើយ ទើប​លុយ​ធ្លាក់​ថ្លៃ​ម្លឹងៗ​នោះ តែ​អាមេរិក​មិន​ដែល​អើ​ពើ​ឡើយ។

ប្រធានាធិបតី​ប្រេស៊ីល លោក ដែល​ជា​អ្នក​គាំទ្រ​លោក​ដូណាល់​ត្រាំ​បំផុត និង​ធ្លាប់​អួត​ថា​មាន​ទំនាក់ទំនង​ល្អ​បំផុត​ជាមួយ​ប្រធានាធិបតី​អាមេរិក បាន​បញ្ចេញ​ប្រតិកម្ម​ភា្លម​ដោយ​​អះអាង​ថា​នឹង​ទូរស័ព្ទ​ទៅ​និយាយ​ដោយ​ផ្ទាល់​ជាមួយ​លោក​ត្រាំ​ជុំ​វិញ​បញ្ហា​នេះ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ