អានតួអត្ថបទ
ស៊ីរី

អង្គការ​សហប្រជាជាតិ​បារម្ភ​ពី​ការកើន​ឡើង​នៃ​ចំនួន​កុមារ ដែល​គ្មាន​សញ្ជាតិ គ្មាន​រដ្ឋទទួល​ស្គាល់

ឧត្តម​ស្នងការ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​ជនភៀសខ្លួន នៅថ្ងៃ​ពុធ​ទី ៤​វិច្ឆិកា​នេះ ត្រូវ​ឡើង​បង្ហាញ​ទៅ អង្គប្រជុំ​របស់​អង្គការ​សហប្រជាជាតិ នូវ​របាយការណ៍​មួយ ដែល​និយាយ​ពី​កុមារ​កើត និង​ធំដឹងក្តី ដោយ​គ្មាន​ប្រទេស និង​អត្តសញ្ញាណ​ត្រឹមត្រូវ។ អង្គការ​សហប្រជាជាតិ ធ្លាប់​បាន​ដាក់​ទិសដៅ ចង់​លុបបំបាត់​ចោល បញ្ហា​មនុស្ស​គ្មាន​សញ្ជាតិ និង​គ្មាន​រដ្ឋ ឲ្យ​បាន ពី​ពេល​នេះ ដល់​ឆ្នាំ ២០២៤។ 

អង្គការ​ទទួល​បន្ទុក​ជនភៀសខ្លួន​បាន​ផ្តើម​​យុទ្ធនាការផ្សព្វផ្សាយ ដើម្បីកាត់បន្ថយ​ករណី​គ្មាន​សញ្ជាតិ គ្មាន​ប្រទេស របស់​មនុស្ស​ឲ្យ​បាន​នៅឆ្នាំ ២០២៤
អង្គការ​ទទួល​បន្ទុក​ជនភៀសខ្លួន​បាន​ផ្តើម​​យុទ្ធនាការផ្សព្វផ្សាយ ដើម្បីកាត់បន្ថយ​ករណី​គ្មាន​សញ្ជាតិ គ្មាន​ប្រទេស របស់​មនុស្ស​ឲ្យ​បាន​នៅឆ្នាំ ២០២៤ ©UNHCR
ផ្សាយពាណិជ្ជកម្ម

រាល់ ១០​នាទី ម្តង មាន​ទារក​ម្នាក់ នៅក្នុង​ពិភពលោក កើតឡើង ដោយ​គ្មាន​បាន​ទទួល​សញ្ជាតិ​ត្រឹមត្រូវ​នឹង​គេ។ នេះ​បើតាម​របាយការណ៍​ដែល​ឧត្តម​ស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន ត្រូវ​បង្ហាញ ទៅ​អង្គប្រជុំ របស់​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ញូវយ៉ក នៅថ្ងៃ​ពុធនេះ។

 
តាម​របាយការណ៍​ខាងលើ ក្នុង​ចំណោម​ប្រទេស ដែល​សំបូរ​មនុស្ស គ្មាន​សញ្ជាតិ គ្មាន​រដ្ឋទទួល​ស្គាល់  រស់នៅ​ច្រើន​ជាង​គេ ដូចជា ប្រទេស​ភូមា កូឌីវ័រ និង​ប្រទេស​ថៃ ជាដើម ក្នុង​មួយ​ឆ្នាំៗ មាន​កុមារ​សរុប ៧ម៉ឺននាក់ ដែល​កើត និង​ធំដឹង​ក្តី ដោយ​គ្មាន​សញ្ជាតិ ឬ​និយាយ​ដោយ​សាមញ្ញគឺ​គ្មាន​រដ្ឋណាមួយ​ទទួល​ស្គាល់​ជា​ប្រជាជន​របស់​ខ្លួន។ ជាសរុប​មាន​មនុស្ស​ប្រមាណ ១០​លាន​នាក់ រស់នៅ​ដោយ​គ្មាន​សញ្ជាតិ និង​គ្មាន​ការទទួល​ស្គាល់​ពី​រដ្ឋាភិបាល របស់​ប្រទេស​ដែល​ខ្លួន​ជ្រកកោន។

លោក Antonio Guterres ប្រធាន​ឧត្តមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន បាន​និយាយ​ថា បញ្ហា​គ្មាន​សញ្ជាតិ គ្មាន​ប្រទេស​ពិតប្រាកដ នឹង​ចារជាប់​ក្នុង​ខ្សែជីវិត​របស់​កុមារ ដែល​នឹង​ថ្កោលទោស តម្រូវ​ឲ្យ​កុមារ​ត្រូវ​រស់នៅ​ជាមួយ នឹង​ការរើសអើង ក្តីអស់​សង្ឃឹម ហើយ​និង​ការមិន​សប្បាយ​ចិត្ត។

តាម​ប្រធាន​ឧត្តមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន បញ្ហា​មនុស្ស​គ្មាន​សញ្ជាតិ គ្មាន​រដ្ឋ​ទទួល​ស្គាល់​ត្រឹមត្រូវ បាន​ធ្លាក់​ធ្ងន់ធ្ងរ កាន់​តែ​ខ្លាំង ដោយសារ​សង្រ្គាម​ស៊ីវិល​នៅ​ប្រទេស​ស៊ីរី។ ដោយសារ​សង្គ្រាម និង​ជម្លោះ​ប្រដាប់អាវុធ គេ​ខកខាន មិនអាច​ចុះសំបុត្រ​កំណើត​ឲ្យ​កុមារ ដែល​កើត នៅ​ចំពេល​ដែល​ឪពុកម្តាយ​កំពុង​រត់ភៀសខ្លួន ទៅ​រស់នៅ​ប្រទេស​ជិតខាង។ តាម​អង្គការ​សហប្រជាជាតិ សង្រ្គាម​ស៊ីវិល បាន​ធ្វើ​ឲ្យ​ប្រជាជន​ស៊ីរី​ជាង ៤​លាន​នាក់ រត់ភៀសខ្លួន​ទៅ​បរទេស។ ស្រ្តី​ស៊ីរី មួយចំនួន ក៏​ធ្លាប់​សម្រាល​កូន នៅ​តាម​ផ្លូវ ​ធ្វើដំណើរ​ មក​រក​កន្លែង​ជ្រកកោន នៅ​អឺរ៉ុប។

ជាទូទៅ ការរើសអើង ដោយ​ផ្អែក​លើ​ជនជាតិ ជាតិសាសន៍ ឬ​សាសនា គឺ​ជា​ឧបសគ្គ​រារាំង​មិន​ឲ្យ​គេ​ផ្តល់​សញ្ជាតិ​ដល់​កុមារ។ ជាលទ្ធផល ការរើសអើង​របស់​រដ្ឋាភិបាល​ម្ចាស់ស្រុក​របស់​ជនភៀសខ្លួន គឺ​ជា​អ្វី​ដែលជំរុញ ឲ្យ​ចំនួន មនុស្ស គ្មាន​សញ្ជាតិ គ្មាន​រដ្ឋ​ទទួល​ស្គាល់ កាន់​តែ​កើន​ឡើង។ ដើម្បី​កាត់​បន្ថយ ឬ​លុបបំបាត់​ចោល​បញ្ហា​នេះ ឲ្យ​បាន​ទាំងស្រុង តាម​ទិសដៅ​របស់ខ្លួន សម្រាប់​ឆ្នាំ ២០២៤ ស្ថាប័ន​ការពារ​សិទ្ធិ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ បាន​ស្នើ​ដល់​រដ្ឋាភិបាល​នានា​ឲ្យ​​ផ្តល់​សញ្ជាតិ​ដល់​កុមារ​ដែល​បាន​កើត នៅក្នុង​ទឹកដី​របស់ខ្លួន។ អង្គការ​សហប្រជាជាតិ​អំពាវនាវ​ផងដែរ ឲ្យ​គេ​លុបចោល ការអនុវត្ត​ដែល​មាន​លក្ខណៈ​រើសអើង ហើយ​និង​លុប​ចោល​ច្បាប់ ដែល​បាន​ហាមឃាត់​ម្តាយ មិន​ឲ្យផ្ទេរ​សញ្ជាតិ​បន្ត​ទៅ​កូន ដូចករណី​ច្បាប់​ស៊ីរី​ជាដើម។ សង្រ្គាម​ស៊ីវិល​ជាង ៤ឆ្នាំ បាន​ធ្វើ​ឲ្យ​គ្រួសារ​ជនភៀសខ្លួន​ស៊ីរី ប្រមាណ ២៥ភាគរយ បាត់បង់​បុរស ដែល​ជា​មេគ្រួសារ និង​ជាអ្នកដែល​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​សញ្ជាតិ សម្រាប់​កូនរបស់ខ្លួន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ