អានតួអត្ថបទ
សហអាមេរិក-អាកាសធាតុ

សហរដ្ឋអាមេរិក​សន្យាកាត់បន្ថយ​ការបំភាយឧស្ម័ន​ផ្ទះកញ្ចក់ ឲ្យ​បានពី ២៦%ទៅ ២៨ % នៅឆ្នាំ​២០២៥

កាលពី​ថ្ងៃអង្គារទី ៣១ សហដ្ឋអាមេរិក​បាន​ដាក់ជូន​ជា​ផ្លូវការ​ទៅ​អង្គការ​សហប្រជាជាតិ នូវ​ផែនការ​របស់ខ្លួន ក្នុងការកាត់បន្ថយ​ការបំភាយ​ឧស្ម័នផ្ទះកញ្ចក់ ដែល​ក្នុងនោះ​សហរដ្ឋ​អាមេរិក​សន្យា​​ថា នឹង​កាត់បន្ថយ ការបំភាយ​នោះពី ២៦%ទៅ ២៨ % នៅឆ្នាំ២០២៥។  

ខ្យល់​បំពុល​បរិស្ថាន នៅ​រដ្ឋ​កាលីហ្វនី​ញ៉ា អាមេរិក
ខ្យល់​បំពុល​បរិស្ថាន នៅ​រដ្ឋ​កាលីហ្វនី​ញ៉ា អាមេរិក ©REUTERS/Lucy Nicholson
ផ្សាយពាណិជ្ជកម្ម

ឈរនៅលំដាប់​ទី២​បន្ទាប់ពី​ប្រទេសចិន ដែល​ជាប្រទេស​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ច្រើន​ជាងគេ​លើ​ពិភព លោក សហរដ្ឋអាមេរិច​បានបង្ហាញ​ការប្តេជ្ញា​ថានឹង​បង្កើនល្បឿន​នៃការកាត់បន្ថយ​ការបំភាយ​ឧស្ម័នឲ្យ បាន​ទ្វេរដង នេះបើតាម​ការអះអាង​របស់លោក​Brian Deese​ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី​អូបាម៉ា ។

 
ដើម្បី​សម្រេចបាន​នូវគោលដៅ​កាត់បន្ថយនេះសហរដ្ឋ​អាមេរិក​នឹងពឹងផ្អែក​លើវិធានការ​ដែលបាន​ដាក់ចេញ​រួចទៅ​ហើយដូចជា​ស្តង់ដារ​សេដ្ឋកិច្ច​ប្រេង​សម្រាប់​រថយន្ត និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​គ្រឿង​យន្ត​នានា​ជាដើម។ ហើយ នៅក្នុង​ផែនការ​ដែលបាន​ដាក់ជូន​ទៅអង្គការ​សហប្រជាជាតិ​នោះអាមេរិក​ក៏បាន យោងផងដែរលើបទបញ្ញត្តិ​នៃទីភ្នាក់ងារ​ការពារបរិស្ថាន​ហៅកាត់ថា EPAរបស់​អាមេរិច​ដែល​ចែងពី ការកាត់បន្ថយ​ការបំភាយ​នៃ​រោងចក្រ​ថាមពល​នុយក្លេអែរ និង​ការបំភាយ​ឧស្ម័ន​មេតាន​ក្នុង​វិស័យអ៊ីដ្រូកាបួរ។

សូមធ្វើកំណត់ចំណាំថា​ការបង្ហាញពីផែនការ​កាត់បន្ថយ​ការបំភាយ​ឧស្ម័នផ្ទះកញ្ចក់​របស់​សហរដ្ឋអមេរិក នៅពេលនេះ ធ្វើឡើងប៉ុន្មាន​ខែ​ប៉ណ្ណោះ​មុន​ការបើក​សន្និសីទ​អន្តរជាតិ​លើកទី២១​របស់ភាគី​នៃ​អនុសញ្ញាក្របខ័ណ្ឌ​អង្គការសហប្រជាជាតិស្តីពី​ការផ្លាស់ប្តូរ​អាកាសធាតុដែលនឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅទីក្រុង​ប៉ារីស ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១១ខែធ្នូ ឆ្នាំ២០១៥​ខាងមុខ​នេះ។

ដោយឡែក​នៅឯកាណាដា​ឯនេះវិញ យោងតាម​ប្រភពពត៌មាន Radio-Canada ប្រទេស​កាណាដា​បានប្រកាសថា ខ្លួននឹងមិន​បង្ហាញ​ពីផែនការ​នៃ​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ទេ នៅ​សប្តាហ៍នេះ។ ព្រោះរដ្ឋាភិបាលលោក Steven Harper កំពុង​រង់ចាំដើម្បី​ទាក់ទង​ស្វែងយល់​ពីចេតនានៃ​បណ្តា​ខេត្ត​នានា​របស់​កាណាដា​ស្តីពី​ឧស្ម័នផ្ទះកញ្ចក់​ជាមុនសិន មុននឹង​ប្រកាស​គោលដៅ​ជាតិ​ស្តីពី​ការកាត់បន្ថយ​ឧស្ម័ននេះ។ តែទោះជាយ៉ាងណា លោកSteven Harper បានសន្យាថា នឹង​បង្ហាញពីសេចក្តី​លម្អិត​នៃផែនការ​កាត់បន្ថយ​ឧស្ម័ន​របស់ខ្លួន មុនពេល​សន្និសីទ​ទីក្រុងប៉ារីស។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ