ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អាមេរិក

កូនស្រីលោក​ Martin ​Luther King ថា​ “ការ​ប្រកាន់​ពូជ​សាសន៍ បាន​​ជាប់​ស្អិត​ក្លាយ​​ជា​ទំលាប់”

media  
លោកស្រី Bernice King​ កូនរបស់លោក Martin Luther King បន្ត​យុទ្ធនាការ​​លប់បំបាត់​​ការ​រើស​អើង​​ប្រកាន់​ពូជសាសន៍ JOE RAEDLE / GETTY IMAGES NORTH AMERICA / AFP

កាលពីថ្ងៃពុធ ទី៤មេសា ម្សិលមិញ សហរដ្ឋអាមេរិក បានប្រារព្ធពិធីរំលឹកខួប៥០ឆ្នាំ នៃការបាញ់សម្លាប់លោក Martin Luther King ដែលលោកគឺជានិម្មិតរូប នៃការប្រឆាំងតវ៉ា នឹងការរើសអើងប្រកាន់ពូជសាសន៍ ទៅលើជនជាតិស្បែកខ្មៅ។ ៥០ឆ្នាំមកនេះ តើស្ថានភាពនៃការរើសអើងប្រកាន់ពូជសាសន៍ នៅសហរដ្ឋអាមេរិក បានប្រសើរឡើងដែរឬទេ? លោកស្រី Bernice​ King ដែលជាកូនស្រីពៅ របស់លោក Martin Luther King បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការរើសអើងប្រកាន់ពូជសាសន៍ បានក្លាយជាក្អែលរុំជាប់លើប្រព័ន្ធសង្គម និងស្ថាប័នសាធារណៈទៅហើយ។ ដើម្បីជំរះវាបាន គឺមានតែចលនា របស់យុវជនឲ្យទូលំទូលាយ តែប៉ុណ្ណោះ ដែលអាចចូលរួម ផ្លាស់ប្តូរផ្នត់គំនិតដ៏អយុត្តិធម៌នេះ។

ប្រសាសន៍របស់ លោកស្រី Bernice King កូនស្រីពៅ របស់លោក Martin Luther King ៖

"ឪពុកខ្ញុំ មិនបានមានឱកាស ដឹកនាំចលនាតស៊ូ ដើម្បីជួយជនក្រីក្រទេ។ គាត់បានត្រឹមតែ ចាប់ផ្តើម គំនិតរៀបចំ។ ខ្ញុំជឿថាបើគេមិនសម្លាប់គាត់ទេ ម្លេះគាត់អាចធ្វើសកម្មភាព ដើម្បីជួយទុរគ៌តជន នៅថ្ងៃនេះ។

បច្ចុប្បន្ននេះ បញ្ហាភាពក្រីក្រ នៅតែជាចំណោទ ដែលរដ្ឋាភិបាលប្រទេសនេះ មិនអាចដោះស្រាយបាននៅឡើយ។ គ្រាន់តែយើងក្រឡេកមើល នៅជុំវិញយើង​ និងមើលតួលេខស្ថិតិ នោះយើងនឹងដឹងថា ស្ថានភាពជីវភាពមនុស្សរាល់ថ្ងៃនេះ គឺវាធ្ងន់ធ្ងរ ជាងកាលពីជំនាន់ ដែលឱពុកខ្ញុំនៅរស់ទៅទៀត។

ដល់ពេលហើយ ដែលយើងទាំងអស់គ្នា ត្រូវតែកសាងពិភពលោកមួយ ដែលមានសមភាព មានយុត្តិធម៌ សម្រាប់ទាំងអស់គ្នា ជាពិសេស ទាក់ទិនទៅនឹង កត្តាសេដ្ឋកិច្ច។ បញ្ហាមួយទៀត គឺការរើសអើងប្រកាន់ពូជសាសន៍ ពណ៌សំបុរ ដែលបច្ចុប្បន្ននេះ បានក្លាយជាទំលាប់សង្គម មិនថាក្នុងជីវភាពប្រចាំថ្ងៃ ឬនៅតាមស្ថាប័នរដ្ឋនោះទេ។

គ្រប់ផ្នែកទាំងអស់ នៃជីវិតរបស់ប្រជាជន នៅសហរដ្ឋអាមេរិក គឺជនជាតិស្បែកខ្មៅ នៅតែបន្តទទួលរងការរើសអើស ដោយពួកគេទទួលបានផលពីសង្គម និងពីសេដ្ឋកិច្ច បានតិចតួចជាងអ្នកស្បែកស។ គេបដិសេធ មិនឲ្យមនុស្សស្បែកស និងស្បែកខ្មៅ អាចទទួលបានផលស្មើគ្នាទេ។

ដូច្នេះហើយ បានចលនា “Black Lives Matter” នេះ បានចាប់មានកំណើតឡើង។ ចលនានេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាកំពុងធ្វើឲ្យមតិជាតិទាំងមូល បានយល់ថា ជីវិតជនស្បែកខ្មៅ ក៏មានតំលៃដែរ មិនថោក ហើយក៏មិនថ្លៃជាង ជី​វិតជនស្បែកស ពោlគឺជីវិតមនុស្សទាំងអស់ មានតំលៃស្មើៗគ្នា។

ខ្ញុំសូមអរគុណព្រះជាម្ចាស់ ដែលបានបណ្តាលចិត្តយុវជន ឲ្យចូលរួមក្នុងចលនានេះ ព្រោះថា តាមបទពិសោធន៍ប្រវត្តិសាស្ត្រ គឺមានតែចលនាយុវជនទេ ដែលអាចក្រោក​ឈរឡើង ជួយជំរុញសង្គមជាតិមួយឲ្យផ្លាស់ប្តូរ និងដើរផ្លូវត្រូវបាន។ ខ្ញុំជឿថា រាល់ថ្ងៃនេះ យើងទាំងអស់គ្នា កំពុងសម្លឹងឃើញ នូវការផ្លាស់ប្តូរ​ ជាវិជ្ជមាន ខ្លះៗហើយ។ "

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ