អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ការ​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី​អាច​អោយ​កាណាដា​ត្រលប់​ចូល​តុចរចា​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​វិញ​ដែរ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាណាដា​ គឺ​ជាប្រទេស​ដំបូង​គេ​បង្អស់​ ដែល​បាន​ចាក​ចេញ​ពី​ពិធីសារ​ក្រុង​ក្យូតូ​ កាលពី​ចុង​ឆ្នាំ​ ២០១១។ អ្នក​ជំនាញ​បរិស្ថាន​បាន​ស្តី​បន្ទោស​ថា​ រដ្ឋាភិបាល​អភិរក្ស​និយម​បច្ចុប្បន្ន​ ខក​ខាន​ពុំ​បាន​ចាត់​វិធាន​ការ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។ ​គូបដិបក្ស​នយោបាយ​ក៏​បាន​រិះគន់​ផង​ដែរ​ថា​ ក្រុម​អភិរក្ស​និយម​កាន់​អំណាច​បច្ចុប្បន្ន​ កំពុង​ធ្វើ​អោយ​ប្រទេស​កាណាដា​ស្ថិត​ក្នុង​ភាព​ឯកោ ​លើ​ឆាក​អន្តរជាតិ ជុំវិញ​សំណុំ​រឿង​បរិស្ថាន។ ​ស្ថិត​ក្នុង​កំឡុង​ពេល​ឃោសនា​រក​សំលេង​ឆ្នោត​ ក្រុម​គណបក្ស​ប្រឆាំង​កំពុង​ស្វែង​រក​យុទ្ធ​សាស្រ្ត​ផ្តួល​គណបក្ស​កាន់​អំណាចបច្ចុប្បន្ន។ ​តើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ថ្ងៃ​ចន្ទ​នេះ​ អាច​ធ្វើ​អោយ​ប្រទេស​កាណាដា​សន្យា​ឡើង​វិញ​ចំពោះ​បញ្ហា​បរិស្ថាន​ដែរ​ឬទេ?

លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​កាណាដា Stephen Harper
លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​កាណាដា Stephen Harper REUTERS/Blair Gable
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ចន្ទ​ ទី​១៩ តុលា​នេះ​ ប្រជាជន​កាណាដា​ជាង​ ២៥ លាន​នាក់​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ នឹង​ទៅ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​នីតិកាល​ទី ៤២។​ មាន​គណបក្ស​លេច​ធ្លោ​ចំនួន​ ៣ កំពុង​ប្រជែង​គ្នា​ស្វែង​រក​សំឡេង​ឆ្នោត​ សំរាប់​អាសនៈ​សភា​ចំនួន​ ៣៣៨ កន្លែង។ ទីមួយ​ គឺ​គណបក្ស​អភិរក្ស​និយម​ មាន​និន្នាការ​ស្តាំនិយម​ កំពុង​កាន់​អំណាច។​ ទីពីរ​ គឺ​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​ មាន​និន្នាការ​ឆ្វេង​និយម​ ដែលជា​គណបក្ស​ជំទាស់​ផ្លូវ​ការ​នៅ​ក្នុង​រដ្ឋសភា ប៉ុន្តែ​ ពុំ​ធ្លាប់​កាន់​កាប់​អំណាច​ឡើយ។​ ទីបី​ គឺ​គណកបក្ស​សេរីនិយម​ មាន​និន្នាការ​កណ្តាល​និយម​ ​ធ្លាប់កាន់​កាប់​អំណាច​អស់​រយៈពេល​ច្រើន​អាណត្តិ​ កាលពី​អតីតកាល។

សំរាប់​ឆ្នាំ​ ២០១៥​ នេះ​ ការ​ប្រែប្រួល​អាកាស​ធាតុ​ពុំ​មែន​ជា​ប្រធានបទ​ចម្បង​ ក្នុង​យុទ្ធនាការ​បោះឆ្នោត​ទេ។​ ប៉ុន្តែ​ សំរាប់​ក្រុម​អ្នក​ការពារ​បរិស្ថាន​ រដ្ឋាភិបាល​ថ្មី​ប្រសូត្រ​ចេញ​ពី​ការ​បោះឆ្នោត​នេះ​ ត្រូវ​ចាត់​វិធានការណ៍​ជាក់​ស្តែង​លើ​សំណុំ​រឿង​ប្រែប្រួល​អាកាស​ធាតុ​ភពផែនដី។​ ប្រតិកម្ម​នេះ​គឺ បណ្តាល​មក​ពី​ការ​ដក​ខ្លួន​របស់​ប្រទេស​កាណាដា​ចេញ​ពី​ពិធីសារ​ក្រុង​ក្យូតូ​ កាលពី​ចុង​ឆ្នាំ​ ២០១១។ សូម​បញ្ជាក់​ថា​ ប្រទេស​កាណាដា​បាន​សំរេច​ចិត្ត​បែប​នេះ​ ក្រោយ​ពី​សន្និសីទ​នៃ​ទីក្រុង​ Durban ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។​

សូម​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី ២៩ ខែមេសា ឆ្នាំ ១៩៩៨ ប្រទេស​កាណាដា​បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ក្រុង​ក្យូតូ ​ស្តីពី​ការ​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ​ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ និង​ឧស្ម័ន​កាបូន។ បន្ទាប់​មក គឺ នា​ថ្ងៃទី ១៧ ខែ​ធ្នូ​ ឆ្នាំ​២០០២​ សភា​កាណាដា​បាន​ធ្វើ​សច្ចាប័ន​ ផ្តល់​សុពល​ភាព ​ដល់​កិច្ច​ព្រម​ព្រៀង​អន្តរ​ជាតិ​នេះ។​ កាល​នោះ​ រដ្ឋាភិបាល​កាណាដា​ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​សេរីនិយម​បាន​សន្យា​ថា​ នឹង​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​កំរិត​ ៦%​ អោយ​បាន​នា​ចុង​ឆ្នាំ​ ២០១២។ សូម​បញ្ជាក់​ថា​ ពិធីសារ​ក្រុង​ក្យូតូ​ត្រូវ​បាន​ចុះហត្ថលេខា​ កាល​ពី​ឆ្នាំ ១៩៩៧ ហើយ​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​ ២០០៥។​ ​​រហូត​មក​ដល់​ពេល​នេះ​ មាន​ប្រទេស​ចំនួន ១៩១ បាន​ចុះ​ហត្ថលេខា។​ ពីធីសារ​ក្រុង​ក្យូតូ​ គឺ​ជា​កិច្ច​ព្រមព្រៀង​តែ​មួយ​គត់​ ដែល​ចែង​ពី​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ តម្រូវ​អោយ​ប្រទេស​ជា​សមាជិក​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្ទះ​កញ្ចក់ ដែល​ជា​ដើម​ចម​នៃការ​ប្រែប្រួល​អាកាស​ធាតុ។

ក្រោយ​ពេល​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​ ២០០៦ រដ្ឋាភិបាល​អភិរក្ស​និយម​បច្ចុប្បន្ន​ របស់​លោក​នាយក​រដ្ឋមន្រ្តី​ Stephen Harper បាន​ស្តី​បន្ទោស​រដ្ឋាភិបាល​មុន​ថា​ បាន​ធ្វើ​កំហុស​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ក្រុង​ក្យូតូ​។ ក្រុម​អភិរក្ស​និយម​យល់​ថា​ ប្រទេស​កាណាដា​គ្មាន​លទ្ធភាព​នឹង​ធ្វើ​ការ​កាត់​បន្ថយ​ការ​ឡើង​កំដៅ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដូច​ការ​សន្យា​ឡើយ។​ ជាក់​ស្តែង​ នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រទេស​កាណាដា​បាន​ធ្វើ​អោយ​មាន​ការ​កើន​ឡើង​កំដៅ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រមាណ​ ១៨%​ ប្រៀប​ផ្ទឹម​ទៅ​នឹង​កំរិត​ឆ្នាំ​​១៩៩០។

សំរាប់​រដ្ឋាភិបាល​គណបក្ស​អភិរក្ស​និយម​​ ពិធីសារ​នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​រួម​ ឬ​តែ​មួយ​គត់​ខាន​មិន​បាន​​នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ​ វា​ជា​ឧបសគ្គ​ ឆ្អឹង​ទទឹង​ក​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ។ សម័យ​កាល​នោះ​ ក្រុម​អភិរក្ស​និយម​យល់​ថា​ កិច្ច​ព្រម​ព្រៀង​នៃ​ពីធីសារ​ក្រុង​ក្យូតូ​នេះ​គ្មាន​ប្រសិទ្ធិភាព​ឡើយ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ភព​ផែនដី។ មូលហេតុ​ គឺ​ដោយ​សារ​គ្មាន​វត្តមាន​ និង​ការ​សន្យា​ជាក់​ស្តែង​ របស់​ប្រទេស​ដែល​បំពុល​បរិយាកាស​ខ្លាំង​ជាង​គេ​ តួយ៉ាង​ដូច​ជា​ ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិក​ជាដើម។​

លោក​ Karel Mayrand អ្នកជំនាញ​បរិស្ថាន​មកពី​មូលនិធិ​ David Suzuki បាន​វិភាគ​ថា​ វា​ជា​ការ​ចាំ​បាច់​ ដែល​រដ្ឋាភិបាល​មួយ​ ត្រូវ​មាន​ចំណាត់​ការ​ច្បាស់​លាស់​លើ​បញ្ហា​នេះ។​ អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​ ដែល​កាណាដា​ស្ថិត​នៅ​ក្នុង​ភាព​ឯកោ​លើ​ឆាក​អន្តរជាតិ ក្នុង​សំណុំ​រឿង​ប្រែប្រួល​អាកាស​ធាតុ​នេះ។ យោង​តាម​ការ​សិក្សា​របស់​អង្គការ​ Enviromental Defence និង​ អង្គការ​ Greenpeace ​បាន​អោយ​ដឹង​ថា​ ក្នុង​រយៈ​ពេល​ ២៥ ឆ្នាំ​ចុង​ក្រោយ​នេះ​ ខេត្ត​អាល់ប៊ែតា​ ភាគខាងលិច​ប្រទេស​កាណាដា ជា​ខេត្ត​ដែល​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន​ជាង​គេ​ ពោល​គឺ រហូត​ដល់​ ៧៥%​ នៃ​កំរិតឧស្ម័ន​បំពុល​បរិយាកាស​ក្នុង​ប្រទេស​កាណាដា។​ មូល​ហេតុ​ គឺ​ខេត្ត​អាល់​ប៊ែតា​នេះ​ជា​ទី​កន្លែង​ ដែល​មាន​ផ្ទុក​ធនធាន​ប្រេង​កាត​ក្នុង​វាលខ្សាច់។​ សេដ្ឋកិច្ច​កាណាដា​ពឹង​អាស្រ័យ​ខ្លាំង​ផង​ដែរ​ លើ​ការ​ធ្វើ​អាជីវកម្ម​ចំរ៉ាញ់​ប្រេង​កាត​ចេញ​ពី​វាលដីខ្សាច់នេះ។

សំរាប់​គណបក្ស​អភិរក្ស​និយម​កាណាដា​ ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ​ ការ​បោះបង់​ចោល​ពិធីសារ​ក្រុង​ក្យូតូ​ នឹង​អនុញ្ញាត​អោយ​កាណាដា​ រួច​ខ្លួន​ពី​ការ​បង់​ពិន័យ​ ប្រសិន​បើ​សិន​បើ​ពុំ​អាច​គោរព​ការ​សន្យា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ តាម​ការ​គណនា​ ​ប្រទេស​កាណាដា​អាច​សន្សំ​​សំចៃ​ប្រាក់​ប្រមាណ​ ១៤ ពាន់​លាន​ដុល្លារ​ ឬ​ត្រូវ​ជា​ ១ ៦០០ ដុល្លារ​សំរាប់​គ្រួសារ​កាណាដា​នីមួយៗ។ ដូច​សហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​ជិត​ខាង​ប្រទេស​កាណដា​ចង់​អោយមាន​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ថ្មី​មួយ​ ដោយ​តម្រូវអោយ​ប្រទេស​ទាំង​អស់​គោរព​កិច្ច​សន្យា​​ ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​តាម​ទូរទស្សន៍​ លោក​នាយក​រដ្ឋមន្រ្តី​ Stephen Harper បាន​ប្រកាស​ថា​ កាណាដា​នឹង​ចូល​រួម​សន្និសីទ​ អ.ស.ប ស្តី​ពី​អាកាសធាតុ​ នាខែ​ដើម​ខែធ្នូ​ នាទីក្រុង​ប៉ារីស។​ លើស​ពី​នេះ​ កាណាដា​នឹង​សន្យា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ក្នុង​កំរិត​ ៣០%​ នា​ឆ្នាំ​ ២០៣០ ខាង​មុខ​នេះ​ បើ​ធៀប​នឹង​កំរិត​ឆ្នាំ​ ២០០៥។​ ចំណែក​​ លោក​ Thomas Mulcair មក​ពី​គណបក្ស​​ប្រជាធិបតេយ្យ​ថ្មី​​ បាន​សន្យា​នឹង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ក្នុង​កំរិត​ ២៤%​ នាឆ្នាំ​ ២០២៥ បើ​ធៀប​នឹង​ឆ្នាំ​ ១៩៩០។ លើស​នេះ​ គណបក្ស​ឆ្វេង​និយម​នេះ​នឹង​បង្កើត​ភាគហ៊ុន​ឧស្ម័ន​កាបូន​ និង​ជំរុញ​អោយ​ប្រើប្រាស់​រថយន្ត​អគ្គិសនី។

ចំណែក​គណបក្ស​សេរីនិយម​របស់​លោក​ Justin Trudeau សន្យា​ថា​នឹង​កំណត់​ភាគ​រយ​នៃ​ឧស្ម័ន​បំពុល​បរិយាកាស​ ដោយ​មិន​អោយ​កើន​កំដៅ​លើស​​ពី​ ២ អង្សារ។​ គណបក្ស​កណ្តាល​និយម​នេះ​នឹង​ដាក់​ចេញ​គោល​នយោបាយ​ច្បាស់​លាស់​មួយ​ ក្រោ​យ​សន្និសីទ​ក្រុង​ប៉ារីស។ ដូច​នេះ​ សន្និសីទ​ អ.ស.ប គឺ​ជា​ក្តី​សង្ឃឹម​អាច​អនុញ្ញាត​អោយ​កាណាដា​វិល​ចូល​តុចរចា​អន្តរជាតិ​ ជុំវិញ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ