អានតួអត្ថបទ
កាណាដា

កាណាដា​បាន​ជួយ​សំរួល​ការ​ស្តារ​ទំនាក់​ទំនង​អាមេរិក​-គុយបា​

ក្រៅពី​តួនាទី​របស់​សម្តេចប៉ាប​ក្នុងការ​រុញច្រាន​អោយ​សហរដ្ឋអាមេរិក និងគុយបា​ ភ្ជាក់​ទំនាក់​ទំនង​ការទូតគ្នា​ឡើងវិញ​ ប្រទេស​កាណាដា​បាន​ជួយ​សំរួល​ការ​ចរចារ​រវាង​ភាគី​ទាំងពីរ​តាមរយៈ​ការផ្តល់​ទីតាំង​ប្រជុំ។​ ជំនួប​សំងាត់​ជាច្រើន​លើក​បាន​ប្រព្រឹត្ត​ទៅ​នៅ​លើ​ទឹកដី​កាណដា​ ចាប់តាំង​ពីខែ​មិថុនា ឆ្នាំ២០១៣ មកម្ល៉េះ។ ​ដំណឹង​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ម្សិលម៉ិញ​ នៅតាម​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​កាណាដា។

លោក​នាយក​រដ្ឋមន្ត្រី​កាណាដា Stephen Harpen
លោក​នាយក​រដ្ឋមន្ត្រី​កាណាដា Stephen Harpen
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​ទាំងអស់​បាន​ចាប់​ផ្តើម​ កាលពី​រដូវ​ផ្ការីក​ឆ្នាំ២០១៣​ នៅ​ពេល​លោក​ប្រធានាធិបតី​ បារាក់​ អូបាម៉ា​ ​អនុញ្ញាតិ​ដោយ​សំងាត់​បើក​អោយ​មាន​ការពិភាក្សា ​ស្វែងរក​ផ្លូវ​ចរចារ​ជាមួយ​ប្រទេស​គុយបា​ ក្នុង​គោលបំណង​ស្តារ​ទំនាក់ទំនង​ការទូត​ រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ។ ​បើតាម​បណ្តាញ​ព័ត៌មាន​នានា​ក្នុង​ប្រទេស​កាណាដា​ បាន​ដកស្រង់​សំដី​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ​ បាន​អោយ​ដឹងថា​ ជំនួប​ប្រជុំ​ផ្លូវការ​តំបូង​បាន​ចាប់​ផ្តើម​កាលពី​ខែ​មិថុនា ឆ្នាំ​២១០៣​ នៅ​លើ​ទឹកដី​កាណាដា​ ក្នុង​ទីតាំង​សំងាត់​មួយ។​

 
បន្ទាប់មក​ កិច្ចប្រជុំ​ជាច្រើន​លើក​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​សំងាត់​ នៅ​ទីក្រុង​តូរុនតូ​ និង​រដ្ឋធានី​​អូតាវ៉ា។​ បើតាម​មន្រ្តី​រូបនោះ​ ដែល​បាន​រៀបរាប់​ដំណើរ​ចរចារនោះ ​បាន​អោយ​ដឹង​ថា​ ជំនួប​ពិភាក្សា​ដោយ​ផ្ទាល់​ និង​ស្មោះត្រង់​រវាង​គណប្រតិភូ​អាមេរិក និង​គុយបា​បាន​អូស​បន្លាយ​​អស់​រយៈពេល​មួយ​ឆ្នាំកន្លះ ពោល​គឺ​រហូត​ដល់​ខែ​វិច្ឆិការ​មុននេះ។

ការ​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញ​ទៅមក ​រវាង​ភាគី​ទាំងពីរ​ ត្រូវ​បាន​ធ្វើ​ឡើង​ តាមរយៈ​បណ្តាញ​ដែល​មាន​ស្រាប់​ ក្នុងនោះ​មាន​ការិយាល័យ​ផលប្រយោធន៍​អាមេរិក​ ប្រចាំ​ទីក្រុងឡាហាវ៉ាន​ ការិយាល័យ​ដូចគ្នា​របស់​គុយបា​ប្រចាំ​ទីក្រុងវ៉ាស៊ីងតោន និងតាមរយៈ​ស្ថាន​បេសកកម្ម​របស់​ប្រទេស​ទាំងពីរ​ប្រចាំ​នៅ​អង្គការ​សហប្រជាជតិ។​ ដូចនេះ​ តាម​ការពិត​ ដំណើរការ​ចរចារ​នេះ​បាន​ប្រព្រិត្ត​ទៅ​មុនពេល​មាន​ជំនួប​ផ្លូវការ​រវាង​លោក​ប្រធានាធិបតី អូបាម៉ា និង​សម្តេច​ប៉ាប​ ហ្វ្រង់ស័រ ​កាលពី​ខែមិនា ឆ្នាំ២០១៤​ នេះ។​

កាលនោះ​ ការ​ពិភាក្សា​គ្នា​រវាង​ឥស្សរជន​ទាំងពីរ​ នា​បុរី​វ៉ាទីកង់​ គឺ​ផ្តោត​លើ​បញ្ហា​នានា​លើ​ពិភពលោក​ ក្នុង​នោះ​ បញ្ហា​គុយបា​ត្រូវ​បាន​លើក​យក​មក​ជជែក។​ បើតាម​សេចក្តី​ប្រកាស​របស់​បុរី​វ៉ាទីកង់​ បានអោយ​ដឹងថា​ ដោយ​បាន​យល់​ពី​ឆន្ទៈរ​បស់​លោក​អូបាម៉ា​ ​នា​ខែ​កក្កដា​កន្លង​ទៅនេះ​ ទើប​សម្តេច​ប៉ាប​បាន​សរសេរ​លិខិត​ជា​ផ្លូវ​ការ​ ពីរ​ដាច់​ដោយឡែក​ពីគ្នា​ ទៅ​កាន់​​លោក​ប្រធានាធិបតី​ បារាក់​ អូបាម៉ា ​និង​លោក​ ​រ៉ាអ៊ូល កាសស្រ្តូ​ សុំ​អោយ​ប្រទេស​ទាំង​ពីរ​​នេះ​ដោះស្រាយ​បញ្ហា​មនុស្សធម៌​ក្នុង​ផល​ប្រយោធន៍​រួមគ្នា ជា​ពិសេស​ស្ថានភាព​អ្នកទោស​របស់​ទាំងពីរ។ ​

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មូយ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ CBC លោក​នាយក​រដ្ឋមន្ត្រី​កាណាដា​ Stephen Harpher បាន​ព្យាយាម​បញ្ជាក់ថា​ ប្រទេស​កាណាដា​ពុំបាន​ដើរតួនាទី​ជាអ្នក​សម្រប​​​សម្រួល​ ឬ​ដឹកនាំ​ការ​ប្រជុំ​អ្វីទេ​ ប៉ុន្តែ​កាណាដា​បាន​ផ្តល់​ទីតាំង​អព្យាក្រិត​ដើម្បី​អនុញ្ញាតិ​​អោយ​មន្ត្រី​ជាន់ខ្ពស់​អាមេរិក និង​គុយបា​ជួប​ពិភាក្សា​គ្នា​ដោយ​ស្ងាត់ៗ ក្នុង​ការ​ស្វែង​រក​មធ្យោបាយ ​នាំ​អោយ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ មាន​ភាព​ប្រក្រតី​ឡើងវិញ។​

តាម​រយៈ​សេចក្តី​ប្រកាស​មួយ​ លោក​ Harpher ​បាន​អបអរ​សាទរ​ ចំពោះ​ការភ្ជាប់​ទំនាក់​ទំនង​​ជា​ធម្មតា​ឡើងវិញ ​រវាង​សហរដ្ឋ​អាមេរិក ​និង​គុយបា ដោយ​លោក​បាន​ចាត់ទុកថា​ នេះជា​ព្រឹត្តិការណ៍​​ប្រវត្តិសាស្រ្ត ​ក្នុង​​ប្រវត្តិ​​នយោបាយ​អាមេរិក។​ ថ្វីត្បិតតែ​ កាណាដា​ពុំបាន​ចូល​សម្រប​សម្រួល​ដោយផ្ទាល់ ​ក្នុង​​ដំណើរ​ការ​​ចរចារ​ ​ប៉ុន្តែ​ លោក​ប្រធានាធិបតី​បារាក់​ អូបាម៉ា និងលោក​ រាអ៊ូល កាសស្រ្តូ​ បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស​នេះ​ ដែល​បាន​ធ្វើជា​ម្ចាស់​ផ្ទះ​ក្នុង​​រយៈពេល​នៃ​ការ​ចរចារ​កន្លងមក។ ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ទោះ​បី​ជា សហរដ្ឋ​អាមេរិក​បាន​​ផ្តាច់​ទំនាក់​ទំនង​ទាំងស្រុង ​ជាមួយ​គុយបា​នៅ​ឆ្នាំ​ ១៩៦១ ប៉ុន្តែ​ កាណាដា​នៅ​តែ​ផ្សារ​ភ្ជាប់​​ចំណង​ការទូត​ជាមួយ​គុយបា​ ក្រោយពី​ប្រទេស​កូនកោះ​កុំមុយនីស្ត​មួយ​នេះ​ បាន​ធ្វើ​បដិវត្តន៍ ​កាលពីឆ្នាំ​ ១៩៥៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ