អានតួអត្ថបទ
អាមេរិក-សេដ្ឋកិច្ច

កំណើនសេដ្ឋកិច្ច​នៅ​អាមេរិក​ក្នុង​ត្រីមាសទី៤ ឆ្នំា ២០១៤ មាន​ការ​ថយ​ចុះ​ជាង​ការ​គិត​ទុក

នៅ​សហរដ្ឋអាមេរិក ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី៣០ មករា​ថា អត្រា​កំណើន​សេដ្ឋកិច្ច​សម្រាប់​ត្រីមាស​ទី៤ ឆ្នំា ២០១៤ អាច​នឹង​មាន​ចំនួន​តែ ២,៦% ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង​ការ​គ្រោង​ទុក​ដែល​គេ​រំពឹង​ថា​អាច​មាន ៣,២%។ ហេតុផល​ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​លើក​ឡើង​ថា មក​ពី​តម្លៃ​ប្រេងឆៅ​ធ្លាក់​ថ្លៃ តម្លៃប្រាក់ដុល្លារ​ឡើង​ថ្លៃ និង​រួម​ផ្សំ​ដោយ​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មិន​ទៀងទាត់។ គួរ​រម្លឹក​ជូន​ថា នៅ​ក្នុង​ត្រីមាស​ទី៣ ឆ្នំា ២០១៤ ដដែល អាមេរិក​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ដល់​ទៅ ៥%។

ធនាគារកណ្តាលអាមេរិក
ធនាគារកណ្តាលអាមេរិក REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

បើ​គិត​ពេញ​មួយ​ឆ្នំា ២០១៤ អាមេរិក​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​តែ ២,៤% ពោល​ច្រើន​ជាង​បន្តិច​បើ​ធៀប​នឹង​ឆ្នំា ២០១៣ ដែល​មាន ២,២%។ តែ​ចំណុច​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​ត្រីមាស​ទី៤ ឆ្នំា ២០១៤ គឺ​កំណើន​នៃ​ការ​ចាយវាយ​របស់​ពលរដ្ឋ​អាមេរិកំាង​ចំនួន ៤,៣% ដែល​ជា​កម្រិត​មួយ​យ៉ាង​ខ្ពស់​គិត​តំាង​ពី​ជិត ៨ឆ្នំា​កន្លង​ទៅ ហើយ​គឺ​តម្លៃ​ប្រេងឆៅ​ធ្លាក់​ថ្លៃ​នោះ​ឯង​ដែល​បាន​ជម្រុញ​ឲ្យ​ពលរដ្ឋ​អាមេរិកំាង​ឆ្លៀត​បង្កើន​ការ​ចាយ​វាយ​របស់​ខ្លួន។ តែ​ទន្ទឹម​គ្នា​នេះ ការ​ធ្វើ​វិនិយោគ​របស់​រោងចក្រ សហគ្រាស​ក្នុង​ត្រីមាសទី៤ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តែ ១,៩% ប៉ុណ្ណោះ​បើ​ធៀប​នឹង​ត្រីមាសទី៣ ដែល​មាន​ដល់​ទៅ ៨,៩%។ ចំណែក​ការ​ធ្វើ​វិនិយោគ​ក្នុង​ផ្នែក​គ្រឿងបរិក្ខារ​ក៏​បាន​ធ្លាក់​ចុះ​ចំនួន ១,៩% ក្នុង​ត្រីមាសទី៤ ដែរ។

ទាក់ទង​នឹង​វិស័យ​នំា​ចេញ​វិញ ក៏​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ២,៨% ទល់​នឹង ៤,៥% នៅ​ក្នុង​ត្រីមាសទី៣ មូលហេតុ​មក​ពី​តម្លៃប្រាក់​ដុល្លារ​ឡើង​ថ្លៃ រួម​ផ្សំ​នឹង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មិន​ទៀងទាត់។ កាល​ពី​ថ្ងៃ​ពុធ ទី២៨ មករា គណៈកម្មាធិការ​នៃ​ធនាគារកណ្តាល​បាន​បញ្ជាក់​ថា គេ​ត្រូវ​រង់ចំា​មួយ​រយៈ​ខ្លី​ទៀត​ទំរំា​តែ​ស្ថានការណ៍​សេដ្ឋកិច្ច​អាច​នឹង​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ។ គួរ​រម្លឹក​ជូន​ថា​ថ្មីៗ​នេះ ធនាគារកណ្តាល​ទើប​បាន​សម្រេច​រក្សា​ទុក​អត្រាការប្រាក់​នំា​មុខ​ឲ្យ​នៅ​ទាប​ដដែល​ក្នុង​បំណង​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ។

ដោយឡែក​ក្នុង​ថ្ងៃ​សុក្រ ទី៣០ មករា​ដដែល ក្រសួងការងារ​ក៏​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដាច់​ដោយឡែក​ដោយ​បញ្ជាក់​ថា ចំនួន​ការងារ​មាន​ការ​កើនឡើង​ចំនួន ០,៦% ពោល​ច្រើន​ជាង​ការ​រំពឹង​ដែល​មាន​ចំនួន ០,៥%។ ចំណែក​អត្រា​អតិផរណា​ដែល​ធនាគារកណ្តាល​កំណត់​ឲ្យ​មាន​ត្រឹមតែ ២% ក៏​កំពុង​មាន​កម្រិត​ទាប​ជាង ២% ដែរ​នៅ​ពេល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ