អានតួអត្ថបទ
អាមេរិក-គុយបា

គុយបា និង​អាមេរិក​បើក​ស្ថានទូត​រៀងៗ​ខ្លួន នៅថ្ងៃ​ចន្ទនេះ

ជាសត្រូវ​នឹង​គ្នា ចាប់តាំង​ពី​សម័យ​សង្រ្គាម​ត្រជាក់ គុយបា និង​អាមេរិក​បាន​ត្រលប់​មក​ភ្ជាប់​ទំនាក់ទំនង​ធម្មតា​នឹង​គ្នា​ឡើងវិញ។ ការផ្សះផ្សារ​រវាង​ប្រទេស​ទាំងពីរ ត្រូវ​ចាប់ផ្តើម​ដំបូង ជាមួយ​នឹង​ការបើក​ឡើងវិញ នៅថ្ងៃ​ចន្ទ​នេះ ទ្វារ​ស្ថានទូត​គុយបា នៅទីក្រុង​វ៉ាស៊ីនតោន និង​ស្ថានទូត​អាមេរិក នៅ​ទីក្រុង​ឡាហាវ៉ាន។ នៅ​ថ្ងៃ​ចន្ទ​ទី ២០​កក្កដា ស្ថានទូត គុយបា​នឹង​ត្រូវ​បើកសម្ពោធ​ជាផ្លូវការ ក្រោម​អធិបតីភាព​របស់​រដ្ឋមន្រ្តី​ការបរទេស​គុយបា លោក​ប្រុយណូ រ៉ូឌ្រីហ្គេ។ 

កម្មករ​លាប​ទ្វារ​ស្ថានទូត​គុយបា​នៅទីក្រុង​វ៉ាស៊ីនតោន​ដែល​ត្រូវ​សម្ពោធ បើក​ឲ្យ​ដំណើរការ​នៅថ្ងៃ​ទី២០ កក្កដា ២០១៥
កម្មករ​លាប​ទ្វារ​ស្ថានទូត​គុយបា​នៅទីក្រុង​វ៉ាស៊ីនតោន​ដែល​ត្រូវ​សម្ពោធ បើក​ឲ្យ​ដំណើរការ​នៅថ្ងៃ​ទី២០ កក្កដា ២០១៥ ©REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ផ្តាច់ទំនាក់ទំនង​ការទូត​នឹង​គ្នា អស់ ជាង កន្លះសតវត្សរ៍ អាមេរិក និង​គុយបា បាន​ប្រកាស​ជា​ផ្លូវការ បើក​សម្ពោធ​ស្ថានទូត​របស់​ប្រទេស​ទាំងពីរ នៅ​ថ្ងៃ​ចន្ទ ទី ២០​កក្កដា។ ចាប់តាំង​ពី ឆ្នាំ ១៩៦៥ នេះ ជា​លើក​ទី​១ ដែល​ប្រមុខការបរទេស​គុយបា ដាក់ជើង​ជាន់​ទឹកដី អាមេរិក។

 
តាម​គម្រោង រដ្ឋមន្រ្តី​ការបរទេស​គុយបា លោក​ប្រុយណូ រ៉ូឌ្រីហ្គេ​ត្រូវ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ស្ថានទូត​គុយបា ដែល​នឹង​មាន​មនុស្ស​ជាង ៥០០​នាក់ចូលរួម។ បន្ទាប់​មក ប្រមុខការបរទេស​គុយបា​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ លោក​ចន ឃេរី នៅ​ក្រសួង​ការបរទេស​អាមេរិក ជាទី​ដែល​ទង់ជាតិ​គុយបា នឹង​ចាប់បង្ហូត​ឡើង នៅក្នុង​ចំណោម​ទង់ជាតិ របស់​បណ្តា​ប្រទេស ដែល​អាមេរិក​មាន​ស្ថានទូត​តំណាង​របស់ខ្លួន។ នៅឡាហាវ៉ាន ស្ថានទូត​អាមេរិក​ត្រូវ​បើក​ទ្វារ ចាប់ពី​យប់​ថ្ងៃ​អាទិត្យ ឈាន​ចូល​ដល់​ថ្ងៃ​ចន្ទ ដោយ​គ្មាន​ពិធីបុណ្យ​អ្វី​ធំដុំ ដោយ​ត្រូវ​រង់ចាំ​ដំណើរ​ទស្សនកិច្ច​របស់​លោកចន ឃេរី ទៅ​ប្រទេស​គុយបា។

លោក​ប្រធានាធិបតី​គុយបា រ៉ាអ៊ូល កាស្រ្តូ កាលពី​ថ្ងៃ​ពុធ បាន​ចាត់ទុក ការបើក​ស្ថានទូត​របស់​គុយបា នៅ​អាមេរិក និង​ស្ថានទូត​អាមេរិក​នៅ​គុយបា ថា ជា​ដំណាក់កាល​ចាប់ផ្តើម​ដំបូង នៃការឈាន​ទៅរក​ទំនាក់ទំនង​ធម្មតា​ឡើងវិញ រវាង​គុយបា និង​អាមេរិក។

កាលពី​ថ្ងៃ​ទី ១៧ ធ្នូ ចុងឆ្នាំមុន ទាំង​ប្រធានាធិបតី​អាមេរិក និង​គុយបា បាន​បង្កើត​ភាពភ្ញាក់ផ្អើល មួយ​ដោយ​បាន​ប្រកាស បន្តបន្ទាប់​គ្នា ពី​នយោបាយ​ខិតចូល​គ្នា រវាង​ប្រទេស​ទាំងពីរ។ គម្រោង​សហប្រតិបត្តិការ​រវាង​ប្រទេស​គុយបា និងអាមេរិក នៅផ្នែក​អាកាសចរណ៍​ស៊ីវិល បរិស្ថាន ការប្រយុទ្ធប្រឆាំង​នឹងការជួញដូរ​គ្រឿងញៀន និង​ការហក់​ចូល​របស់​ក្រុមហ៊ុន​អាមេរិក​ក្នុង​ទីផ្សារ​គុយបា គឺ​ជា​ប្រធានបទ​សំខាន់ ដែល​ប្រទេស​ទាំង​ពីរ ត្រូវ​លើក​មកយក​និយាយ​គ្នា។ យ៉ាងណា​ក៏ដោយ ដំណាក់កាល​ចរចា​ដំបូង គុយបា និង​អាមេរិក​នឹង​មិន​លើក​និយាយ​ពី​ការដក​បម្រាម ពាណិជ្ជកម្ម ដែល​អាមេរិក បាន​ដាក់​លើ​គុយបា តាំង​ពី​ឆ្នាំ ១៩៦២​នោះទេ។ នៅ​អំឡុង​សង្រ្គាម​ត្រជាក់ អាមេរិក​បាន​ប្រកាស​ធ្វើ​សង្រ្គាម​ជា​បន្តបន្ទាប់​មិនថា ពាណិជ្ជកម្ម និង​ផ្តាច់​ទំនាក់ទំនង​ការទូត ទាំងស្រុង ជាមួយ គុយបា បន្ទាប់ពី មេដឹកនាំ​ហ្វីដែល កាស្រ្តូ បាន​យល់ព្រម​ឲ្យ​សហភាព​សូវៀត តាំង​គ្រាប់​មីស៊ីល នៅ​ទឹកដី គុយបា ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ តែ ១៥៥​គីឡូម៉ែត្រ​ពី​រដ្ឋFlorida របស់​អាមេរិក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ