អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

របកគំហើញវិទ្យាសាស្រ្តថ្មី ដោយសារល្បែងងូតទឹកកក Ice Bucket Challange

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើ​លោក​អ្នក​នៅ​ចាំ​បាន​ទេអំពី​ល្បែង​ងូត​ទឹកកក​ Ice Bucket Challenge កាល​ពី​ឆ្នាំ​មុន? ឥឡូវ​នេះ​ ការ​ងូត​ទឹកកក​បាន​ចាប់​ផ្តើម​ទៀត​ហើយ។ ល្បែង​នេះ​មាន​ដើម​កំណើត​ដំបូង​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​វីដេអូ​ងូត​ទឹកកក តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ នៅ​សហរដ្ឋ​អាមេរិក​គោល​បំណង​នៃ​ល្បែង​នេះ​ គឺ​រៃ​អង្គាស​ថវិកា​មនុស្ស​ធម៌​ ជួយ​ដល់ការ​ស្រាវជ្រាវ​វិទ្យាស្រ្ត​លើ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ ALS។​ កាល​ពី​ឆ្នាំ​មុន​ ដោយ​សារ​ថវិកា​ប្រមូល​បាន​ ការ​ស្រាវជ្រាវ​ជំងឺ​ ដែល​គ្មាន​ថ្នាំ​ព្យាបាល​នេះ​ ត្រូវ​បាន​ពន្លឿនលឿន​ជាង​មុន។ ជា​លទ្ធផល​ កាលពី​ថ្មីៗ​នេះ​ អ្នក​វិទ្យាស្រ្ត​បាន​ប្រកាស​រក​ឃើញ​តំរុយ​ខ្លះៗ​នៃ​ជំងឺ​នេះ។ តើ​អ្វី​ទៅ​ជា​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ ALS ​(Amyotrophic lateral sclerosis)?​ តើ​អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​អ្វី​ខ្លះ?

របកគំហើញវិទ្យាសាស្រ្តថ្មី ដោយសារល្បែងងូតទឹកកក Ice Bucket Challange
របកគំហើញវិទ្យាសាស្រ្តថ្មី ដោយសារល្បែងងូតទឹកកក Ice Bucket Challange
ផ្សាយពាណិជ្ជកម្ម

ប្រមូល​ថវិកា​បាន​ចំនួន ១១៥ លាន​ដុល្លារ​អាមេរិក

កាលពី​ឆ្នាំ​ ២០១៤ កន្លង​ទៅ​នេះ​ យុទ្ធនាការ​ផ្សព្វផ្សាយ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ ALS​ នៅ​សហរដ្ឋ​អាមេរិក​ សមាគម​ជំងឺ​នេះ​បាន​ទទួល​ថវិកា​សរុប​ចំនួន ១១៥ លាន​ដុល្លារ​អាមេរិក​ ពី​សំណាក់​សប្បុរស​ជន​ មកពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ។​ នេះ​ជា​លើក​ដំបូង​បង្អស់​ ដែល​សមាគម​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ ALS ទទួល​បាន​ថវិកា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ។​ មួយ​ភាគ​ធំ​នៃ​ថវិកា​នេះ​ត្រូវ​បានយក​ទៅ​ប្រើប្រាស់​ ជួយ​ជំរុញ​ដល់​ការ​ស្រាវជ្រាវ​វិទ្យាស្រ្ត​លើ​ជំងឺ​នេះ។

ប្រូតេអ៊ីន​ TDP-43
កាល​ពី​ពេល​ថ្មីៗ​នេះ​ អ្នក​ស្រាវជ្រាវ​អាមេរិក​ពីររូបគឺ លោកវេជ្ជបណ្ឌិត​ Jonathan Ling និង​លោក​វេជ្ជបណ្ឌិត Philip Wong​ បាន​ប្រកាស​ពី​របក​គំឃើញ​ថ្មី​មួយ​។ នោះ​គឺ​ មុខងារ​របស់​ប្រូតេអ៊ីន​ TDP-43​ ដែល​បាន​បង្ក​អោយ​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ ALS។​ អ្នក​ស្រាវជ្រាវ​ទាំង​ពីរ​រូប​នេះ​មកពី​សាលា​ពេទ្យ​ Johns Hopkins នៅ​ទីក្រុង​ Baltimore រដ្ឋ​ម៉ារី​ឡែន។ ​លទ្ធផល​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយនៅ​ក្នុង​ព្រឹត្តិប័ត្រ​វិទ្យាសាស្ត្រ​ដ៏ល្បី​មួយ​ឈ្មោះ​ Science។

យោង​តាម​អត្ថបទ​ស្រាវ​ជ្រាវ​នេះ​ អ្នក​ជំនាញ​ទាំង​ពីរ​រូបបាន​រក​ឃើញ​ថា​ ប្រូតេអ៊ីន​ TDP-43​ បាន​ចេញ​ពី​ស្នូល​កោសិកា​របស់​អ្នក​ជំងឺ​ ALS។​ មក​ដល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​បំលាស់ទី​របស់​​ប្រូតេអ៊ីន​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ ការ​ស្រាវជ្រាវ​បាន​អនុញ្ញាត​អោយ​គេ​ដឹង​ពី​មុខងារ​របស់​ប្រូតេអ៊ីន​នេះ។ អ្នក​ស្រាវជ្រាវ​ទាំង​ពីរ​រូបយល់​ឃើញ​ថា​ ប្រូតេអ៊ីន​ TDP-43 ​នេះ​ មាន​តួនាទី​ជួយ​ទប់​ស្កាត់​កោសិកា​មិន​អោយ​ប្រើប្រាស់​ព័ត៌មាន​មិន​ល្អ​ក្នុង​ហ្សែន​មនុស្ស​ ខណៈ​ពេល​កោសិកា​កំពុង​ធ្វើ​ផលិតកម្ម​ បង្កើត​ប្រភេទ​ប្រូតេអ៊ីន​ផ្សេង​ៗ​ទៀត។​ ជា​លទ្ធផល​ អវត្តមាន​របស់​ប្រូតេអ៊ីន​ TDP-43 ​នេះ ធ្វើ​អោយ​កោសិកា​ក្នុង​ខ្លួន​មនុស្ស​ដំណើរ​ការ​ខុស​ប្រក្រតី​ ហើយ​កោសិកា​ទាំង​នោះ​ចាប់​ផ្តើម​ស្លាប់​បន្តិច​ម្តងៗ​។

នៅ​មន្ទីរ​ពិសោធន៍​ តាម​រយៈ​ការ​បំលែង​ប្រព័ន្ធ​ហ្សែន​ អ្នក​ស្រាវជ្រាវ​ទាំង​ពីរ​រូបក៏​បាន​បង្កើត​ប្រភេទ​កោសិកា​ថ្មី​មួយ​បែប​ នៅ​ក្នុង​ខ្លួន​សត្វ​កណ្តុរ។​ វា​ជាប្រភេទ​កោសិកា​ម៉្យាង ដែល​​គ្មាន​ប្រូតេអ៊ីន​ TDP-43 ​ឡើយ។​ ហើយ​ គេ​ក៏​បាន​បង្កើត​ប្រូតេអ៊ីន​ថ្មី​មួយ​ ដែលមាន​តួនាទី​ដូច​គ្នា​នឹងប្រូតេអ៊ីន​ TDP-43 នេះ រួច​គេ​ចាក់​ប្រូតេអ៊ីន​ថ្មី​នេះ​ចូល​ទៅ​ក្នុង​កោសិកា​នោះ។​ ជាក់​ស្តែង​ លទ្ធ​ផល​បង្ហាញ​អោយ​ឃើញ​ថា​ កោសិកា​នោះ​មិន​បាន​ស្លាប់ទេ​ គឺ​ដំណើរ​ការ​ធម្មតាឡើង​វិញ។
ឆ្លង​តាម​ការ​ពិសោធន៍​នេះ​ វេជ្ជបណ្ឌិត​ទាំង​ពីរ​បាន​ទាញ​សន្និដ្ឋាន​ថា​ ប្រសិន​បើ​គេ​អាច​បង្កើត​ប្រូតេអ៊ីន​ថ្មី​មួយ​ មាន​មុខងារ​ដូច​គ្នា​នឹង​ប្រូតេអ៊ីន​ TDP-43 ​ហើយ​ចាក់​វា​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កោសិកា​កាយប្បសាទ​របស់​អ្នក​ជំងឺ​ ALS គេ​នឹង​អាច​ទប់​ស្កាត់​ជំងឺ​នោះ​មិន​អោយ​ឆាប់​វិវត្ត​ទៅ​មុខ។

តើ​អ្វី​ទៅ​ជា​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ ALS?
របក​កំហើញ​ថ្មី​នេះ​អាច​ផ្តល់​ពន្លឺ​ និង​ក្តី​សង្ឃឹម​ដល់​អ្នក​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ ALS។ នៅ​សហរដ្ឋ​អាមេរិក គេ​អាចហៅ​ឈ្មោះ​ជំងឺ​នេះ​ថា​ ជំងឺ Charcot ឬ​ជំងឺ Lou Gehrig។​ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ គឺ​បង្ក​ឡើង​តាម​រយៈ​ការ​នឿយ​ហត់​មិន​អាច​ធ្វើ​ចលនា​បាន។​ ជំងឺ​នេះ​ធ្វើ​អោយ​ប្រព័ន្ធ​សរសៃ​សាច់​ដុំ​របស់​អ្នក​ជំងឺ​នោះ​ចាប់​ផ្តើម​រួញ​ស្វិត​។ បន្តិច​ម្តងៗ​ ​កោសិកា​ប្រព័ន្ធ​ប្រសាទ​ សរសៃរ​ខួរក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង​របស់​អ្នក​ជំងឺ​ត្រូវ​ទទួល​រង​ការ​វាយ​ប្រហារ។​ ពេល​ដែល​កោសិកា​ទាំង​នោះ​ស្លាប់​អស់​ ធ្វើ​អោយ​អ្នក​ជំងឺ​កំរើក​ខ្លួន​លែង​បាន​។

ខ្លួន​ប្រាណ​មាន​អាការៈ​ត្រជាក់​គាំង​ ប្រៀប​ដូច​គេ​ចាក់​ទឹកកក​ត្រជាក់​ខ្លាំង​ លើ​ខ្លួន​មនុស្ស​ម្នាក់​អញ្ចឹង។ ដោយ​សារ​គ្មាន​ថ្នាំ​ព្យាបាល​ អ្នក​ជំងឺ​នេះ​អាច​មាន​ជីវិត​រស់នៅ​តែ​ ២ ទៅ ៥ ឆ្នាំ​ប៉ុណ្ណោះ។ នៅ​សហរដ្ឋ​អាមេរិក​ មាន​អ្នក​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ ALS ចំនួន​ ៣ ម៉ឺន​នាក់។​ ទោះបី​ជា​គ្មាន​​​តួលេខ​ពិត​ប្រាកដ​ ស្តីពី​ចំនួន​អ្នក​ជំងឺ​នៅ​ជុំវិញ​ពិភពលោកក៏​ដោយ​ ប៉ុន្តែ​ សមាគម​ជំងឺ ALS បាន​អោយ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃ មាន​មនុស្ស​ប្រមាណ​ជាង ៥ ៦០០ នាក់​កើត​ជំងឺ​នេះ។​ ជា​រៀងរាល់​ឆ្នាំ​ មាន​មនុស្ស​ ២ ស្លាប់​ ក្នុង​ចំណោម​អ្នក​ជំងឺ​ ១០ ម៉ឺន​នាក់។
 

ដើម​កំណើត​ល្បែង​ងូត​ទឹកកក​ Ice Bucket Challenge
យុទ្ធនាការ​ប្រមូល​ថវិកា​ តាមរយៈ​ល្បែងងូត​ទឹកកក​ Ice Bucket Challenge​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ បាន​ជួយ​ដល់​ការ​ស្រាវជ្រាវ​វិទ្យាស្រ្ត។​ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​នេះ​ លោក Pete Frates អតីតៈ​កីឡាករ​ Baseball ប្រចាំ​ក្លឹប​ Boston College ក្នុង​រដ្ឋ Massachusetts​ (សហរដ្ឋ​អាមេរិក)​ បាន​ផ្តួច​ផ្តើម​គំនិត​លេង​ល្បែង​ងូត​ទឹកក​នេះ។ ដំណើរ​ដើម​ទង​ គឺ​ដោយសារ​យុវជន​អាមេរិក​រូប​នេះ​ត្រូវ​បាន​វេជ្ជបណ្ឌិត​រក​ឃើញ​ថា​ធ្លាក់​ខ្លួន​កើត​ជំងឺ​នេះ។ ដោយ​មិន​បណ្តោយ​ខ្លួន​អោយ​ស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ លោក​ Pete Frates ក៏​បាន​ចាប់​ផ្តើម​បើក​យុទ្ធនាការ​ពង្រីក​ការ​យល់​ដឹង អំពី​ជំងឺ​នេះ​ដល់​សាធារណជន​ទូទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ