អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចោរ​បន្លំ​ចូល​ក្នុង​គណនី ​Facebook ​របស់​អ្នក​ប្រើ ​មិន​តិច​ជាង​៥០​លាន​គណនី

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិសន្តិសុខបច្ចេកវិទ្យា កំពុងតែធ្វើឲ្យរញ្ជួយក្រុមហ៊ុន Facebook ដែលជាក្រុមហ៊ុនបណ្តាញសង្គម ដ៏ធំជាងគេបំផុតលើលោក។ ពីស៊ីលីកូន វ៉ាឡេ រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសុក្រ ទី២៨កញ្ញា លោក Mark Zuckerberg អគ្គនាយកនៃអាណាចក្របណ្តាញសង្គមនេះ បានប្រកាសថា Facebook ទើបតែត្រូវបាន រងនូវការចូលបន្លំលុកលុយ ពីសំណាក់​ចោរ​ព័ត៌មានវិទ្យា។ មានគណនីFacebook យ៉ាងហោចណាស់ ៥០លាន​គណនី ដែលត្រូវបានចោរព័ត៌មានវិទ្យា បន្លំចូល និងប្រើប្រាស់។ ក្រុមហ៊ុនFacebook បានធ្វើការសូម​ទោស ទៅដល់អ្នកប្រើប្រាស់ទាំងអស់ ហើយបានសន្យា បំពេញកង្វះខាត ផ្នែកសន្តិសុខបច្ចេកវិទ្យា​នេះឲ្យបាន។

Mark Zuckerberg ស្ថាបនិក និងអគ្គនាយក Facebook
Mark Zuckerberg ស្ថាបនិក និងអគ្គនាយក Facebook AFP
ផ្សាយពាណិជ្ជកម្ម

៥០លានគណនី ត្រូវគេចូលគ្រប់គ្រង

កាលពីថ្ងៃសុក្រ ២៨កញ្ញា អគ្គនាយក Facebook លោក Mark Zuckerberg បានប្រកាសទទួលស្គាល់ថា គណនីអ្នកប្រើប្រាស់Facebook ប្រមាណ៥០លានគណនី ត្រូវបានចោរព័ត៌មានវិទ្យា ចូលបន្លំ ប្រើប្រាស់។ អ្នកជំនាញFacebook បានរកឃើញបញ្ហានេះ តាំងតែ​ពី​ថ្ងៃ អង្គារទី២៥ កញ្ញា​ម្លេះ​។ ក្រោយមកអ្នកជំនាញFacebook បានធ្វើការទប់ស្កាត់ រារាំង នឹងបានដោះស្រាយ ​ស្រង់គណនីទាំងនោះមកវិញ កាលពីថ្ងៃព្រហស្បតិ៍ទី២៧​កញ្ញា។ នេះជាយុទ្ធសាស្ត្រ របស់ Facebookគឺគេមិនប្រកាសភ្លាមៗ ស្តីពីសកម្មភាពចោរចូល​លុកលុយ​នេះទេ គឺគេចាំដោះស្រាយបិទខ្ទប់រួចរាល់សិន ចាំគេប្រកាស​ឲ្យដឹងជាសាធារណៈ។

សកម្មភាពចូលបន្លំប្រើគណនីនេះ បើតាមការពន្យល់ ពីលោក Guy Rosen អ្នកជំនាញម្នាក់របស់ Facebook បានឲ្យដឹងថា គឺចោរទុច្ចរិត បានឆ្លៀតប្រើចំណុចខ្វះចន្លោះ ដ៏តូចមួយរបស់Facebook ដើម្បីយកទៅប្រើ ធ្វើជាច្រកចេញចូល ឈានទៅគ្រប់គ្រងគណនីរបស់អ្នកប្រើប្រាស់។ ចំណុចខ្វះចន្លោះនោះ គឺចោរព័ត៌មានវិទ្យា បានប្រើ ជម្រើសមួយដែលអ្នកប្រើប្រាស់Facebook អាចធ្វើបាន តាមរយៈការប្រកាសខ្លួនជាអ្នកដ៏ទៃ ហើយចូលមកមើលគណនីរបស់ខ្លួន ខ្លួនឯង។

និយាយឲ្យងាយស្តាប់ គឺបន្លំធ្វើអ្នកផ្សេង ហើយចូលមកមើលគណនីរបស់ខ្លួនឯង ដើម្បីចង់ដឹងថា អ្នកផ្សេង គេឃើញអ្វីខ្លះនៅលើគណនីយើង។ គឺពេលដែលបន្លំធ្វើអ្នកផ្សេងនោះហើយ ដែលចោរព័ត៌មានវិទ្យា អាចបន្លំ ចូលមកគ្រប់គ្រងគណនីបាន ដោយការច្រៀតតាមចន្លោះ ភាសាកូដបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលហ្វេសប៊ុក មិនបានចង បិទឲ្យជិត។

មិនទាន់ដឹងមុខសញ្ញា និងកម្ម​វត្ថុ

គណនីដែលត្រូវចោរព័ត៌មានវិទ្យា ចូលទៅគ្រប់គ្រងបាន មានប្រហែល៥០លានគណនី។ មានន័យថា ព័ត៌មានទិនន្ន័យផ្ទាល់ខ្លួនទាំងអស់ ដែលមាននៅក្នុងគណនីទាំងនេះ ​មានដូចជាលេខទូរស័ព្ទ លេខគណនីធនាគារ រូបថត តារាងឈ្មោះមិត្តភក្ត្រ ព្រមទាំង​សារ​ឆ្លងឆ្លើយនានា ទាំងអស់ គឺអាចត្រូវបាន ចោរព័ត៌មានវិទ្យា បូមយក។

តែយ៉ាងណា តំណាងរបស់ Facebook បានអះអាងថា ឆ្លងកាត់ការស្រាវជ្រាវ៣ថ្ងៃមក​នេះ​ គឺគេហាក់ដូចជាមិនឃើញថា ជនទុច្ចរិត បានគ្រប់គ្រងគណនីទាំងនោះ ដើម្បីក្នុងគោលបំណង ធ្វើការចុះផ្សាយសារបន្លំបោកប្រាស់ ដោយម្ចាស់គណនីផ្ទាល់ មិនបានដឹងរឿង​នោះទេ។ ចំណែកទិនន្ន័យសំងាត់ របស់អ្នកប្រើប្រាស់ ដូចជាលេខសំងាត់ លេខ​កូដ​បណ្ណធនាគា ឬលេខគណនីធនាគារជាដើម  ក៏មិនបានត្រូវគេចូលលួចយកដែរ។

យ៉ាងណាក៏ដោយ​ អ្នកជំនាញ Facebook បានបញ្ជាក់ថា គេកំពុងធ្វើការជាមួយក្រុមការងារ FBI ដើម្បីកំណត់មុខសញ្ញា ប្រភពរបស់ចោរព័ត៌មានវិទ្យា ដែលបង្កបញ្ហានេះ។ សម្រាប់ពេលនេះ Facebook បានបិត ចោលជម្រើស “បើកមើលទំព័រខ្លួនឯង ក្នុងនាមជាអ្នកដ៏ទៃ”នេះ ដើម្បីបិទផ្លូវ កុំឲ្យមានការបន្លំចូលមករបស់ចោរព័ត៌មានវិទ្យា។ ចំណែកគណនី​ទាំង​៥០លាននោះ ត្រូវបានអុ្នកជំនាញ Facebook ធ្វើដំណើរការចាប់ផ្តើមឡើងវិញ ​ដើម្បីស្រង់គណនីទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ Facebook បានធ្វើដំណើរការចាប់ផ្តើម​ឡើងវិញ លើគណនី៤០លានផ្សេងទៀត ដើម្បីការពារក្រែង គណនីទាំងនោះ ត្រូវបាន​ចោរ​ចូលទៅលួចដែរ។ អញ្ចឹងសរុបទាំងអស់ គឺមានគណនីដែលពាក់ព័ន្ធ ប្រមាណ​៩០​លាន​គណនី។

ក្រៅពីតែបានសុំទោស និងបង្ហាញការសោកសា្តយ តំណាងហ្វេសបុក បានអំពាវនាវ សុំឲ្យអ្នកប្រើប្រាស់ទាំងអស់ មានការប្រុងប្រយ័ត្ន ត្រូវត្រួតពិនិត្យចំពោះលេខទូរស័ព្ទចំលែកៗ​ ឬ​អាស័យដ្ឋាន​អ៊ីមែល​ចំលែកៗ ដែលទាក់ទងមក ព្រោះវាអាចជាលទ្ធផល នៃការលួយទិនន្ន័យបង្កឡើងដោយក្រុមចោរព័ត៌មានវិទ្យា។ ដូចគ្នាដែរ ចរាចរណ៍ចាយប្រាក់ ​តាមបណ្ណធនាគារ ក៏ត្រូវត្រួតពិនិត្យដែរ ក្រែងលោមានករណីមិនប្រក្រតីណាមួយ។

អ្នកប្រើ កាន់តែលែងទុកចិត្ត Facebook កាន់តែលែងចំណេញ​

​ធម្មតាទេ បញ្ហានេះ គឺធ្វើឲ្យអ្នកប្រើប្រាស់ Facebook ដែលមានជា​ង២ពាន់លានគណនី បាត់បង់ទំនុកចិត្តលើ Facebook។ កាលពីប៉ុន្មានខែមុន មានរឿងអាស្រូវដ៏ធំមួយរួចហើយ  ដែល Facebook បានបណ្តោយ​ឲ្យក្រុមហ៊ុនឯកជនមួយ ឈ្មោះ Cambridge Analytica ចូលមកប្រមូលទិនន្ន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ ដល់ទៅ៨៧លានគណនី។

ករណីនេះ មិនមែនFacebook មានការខ្វះចន្លោះផ្នែកបច្ចេកទេសទេ គឺ Facebook បើកទ្វារចំហរ ឲ្យក្រុមហ៊ុននេះតែម្តង។ ទិនន្ន័យដែល Cambridge Analytica បានប្រមូលបាន គឺក្រុមហ៊ុននេះយកទៅលក់បន្ត ឲ្យអ្នកផ្សេង មានក្រុមហ៊ុនឯកជនផ្សាយពាណិជ្ជកម្ម ព្រម​ទាំង​ចារកិច្ច​សម្ងាត់ របស់បរទេស ដែលចង់ប្រើវិធី បំផុសបំផុល បង្វក់ស្មារតី និងបង្វែរ​ការ​យល់ឃើញ​របស់​មនុស្ស នៅលើ Facebook។ សម្រាប់អ្នកប្រើ Facebook ដែលរងគ្រោះ គឺគេមានអារម្មណ៍ មិនខុសពី Facebook ក្បត់សេចក្តីទុកចិត្តរបស់គេទេ។

រឿងអាស្រូវនេះ បានធ្វើឲ្យ Facebook ខាតប្រាក់ប្រមាណ៨ពាន់លានដុល្លារ បើគិតចាប់ពី​ខែ​មីនា​មក។ ចំនួនអ្នកប្រើFacebook ក៏បានធ្លាក់ចុះដែរ បើតាមតួលេខផ្លូវការរបស់ក្រុមហ៊ុន​នេះ កាលពីខែកក្កដា។ ការចូលមកប្រើ Facebook កាន់តែថយចុះ មានន័យថា ចំណូល​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម ក៏ថយចុះដែរ។ ឥឡូវបន្ថែមបញ្ហាថ្មីនេះមួយទៀត។ គ្រាន់តែដំណឹងធ្លាយថា Facebook ត្រូវចោរព័ត៌មានវិទ្យាបន្លំចូលបាន ក្នុងថ្ងៃសុក្រ ទី២៨កញ្ញា តម្លៃភាគហ៊ុនរបស់ Facebook បានធ្លាក់ចុះជិត៣% ទៅហើយ។

បន្ថែមពីនេះ Facebook កំពុងមានវិបត្តិផ្ទៃក្នុង ក្រោយការដើរចេញ ឈប់សហការ របស់ស្ថាបនិក Instagram ទាំង២នាក់ ព្រមទាំងអ្នកទទួលខុសត្រូវធំៗមួយចំនួនទៀត របស់​Facebook។ បើតាមការចុះផ្សាយ របស់កាសែតអាមេរិកជាច្រើន បានលើកឡើងថា វិបត្តិ​គឺ​កើតចេញ​ពី​ភាព​មិន​ចុះ​សម្រុងគ្នា ពោលគឺលោក Mark Zuckerberg មិនស្តាប់គេ គិតតែ​បង្ខំអ្នកផ្សេង ឲ្យធ្វើតាមការយល់ឃើញរបស់ខ្លួន តែ​ម្នាក់។

បញ្ហាខ្វះចន្លោះផ្នែកសន្តិសុខបច្ចេកវិទ្យា ម្តងហើយម្តងទៀតនេះ គឺជាសញ្ញាប្រាប់ថា បណ្តាញ​សង្គមដ៏ធំ និងដ៏ស្មុគស្មាញមួយនេះ មិនមែនមានកំផែងថ្ម មកការពារ មិនឲ្យ​ជនទុច្ចរិត​ចូល​មកបាននោះទេ។ តោងយើងអ្នកប្រើប្រាស់ម្នាក់ៗ ត្រូវយល់ថា អ្វីដែលយើងសរសេរ អ្វីដែលយើងដាក់លើ Facebook ទាំងអស់ មិនថារូបថត សារជាសំលេង សារជាអក្សរ លេខទូរស័ព្ទ លេខធនាគារ ទាំងអស់នេះ គឺអាចត្រូវអ្នកដ៏ទៃដឹង និងទំលាយ​ចេញ​ទាំងអស់ នៅថ្ងៃណាមួយ។ Facebook យកគណនីរបស់អ្នកប្រើប្រាស់ម្នាក់ៗ ទៅរកស៊ី។ បើFacebook មិនធ្វើខ្លួនឯង ក៏ជនទុច្ចរិត អាចធ្វើបានដែរ ព្រោះ​ថា​បច្ចេកវិទ្យា ទោះជឿនលឿន រឹងមាំយ៉ាងណា ក៏នៅតែមានចំណុចប្រហោង ខ្វះចន្លោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ