អានតួអត្ថបទ
អាមេរិក-គុយបា-វ៉េណេស៊ុយអេឡា

ប៉ាណាម៉ា៖ជំនួបកំពូល​អាមេរិក​ជា​ឱកាស​នៃ​កិច្ចសន្ទនា​រវាង​អាមេរិក និង​សត្រូវ​ក្នុង​តំបន់?

លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​លោក​ប្រធានាធិបតី​គុយបា​កាស្រ្តូ​បាន​ជួប​សន្ទនា​គ្នា​រយៈពេល ១ម៉ោង​នៅ​ថ្ងៃ​សៅរិ៍ ទី១១ មេសា​នា​ឱកាស​ជំនួបកំពូល​អាមេរិក​ក្នុង​ប្រទេស​បាណាម៉ា។ គឺ​ជា​ជំនួប​លើក​ទី១ គិត​តំាង​ពី ៦០ឆ្នំា​កន្លង​ទៅ និង​ដែល​រូប​លោក​អូបាម៉ា​ផ្ទាល់​បាន​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត។ ក្រៅ​ពី​មាន​ជំនួបផ្លូវការ​ជាមួយ​លោក​ប្រមុខរដ្ឋ​គុយបា លោក​អូបាម៉ា​ក៏​បាន​ជួប​សន្ទនា​គ្នា​រយៈពេល​ខ្លី​ជាមួយ​លោក​ប្រមុខរដ្ឋ​វ៉េណេស៊ុយអេឡា​នីកូឡា ម៉ាឌុយរ៉ូ​ដែល​ជា​សត្រូវ​មួយ​ទៀត​របស់​អាមេរិក​នៅ​ក្នុង​តំបន់។

លោកប្រធានាធិបតី​គុយបា រ៉ាអ៊ូល កាស្រ្តូ និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា
លោកប្រធានាធិបតី​គុយបា រ៉ាអ៊ូល កាស្រ្តូ និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា Reuters
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​មាន​ជំនួប​ផ្លូវការ​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​លោក​ប្រធានាធិបតី​គុយបា​រ៉ាអ៊ូល កាស្រ្តូ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ក៏​បាន​និយាយ​ឆ្លងឆ្លើយ​គ្នា​មួយ​ភ្លែត​ជាមួយ​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​នីកូឡា ម៉ាឌុយរ៉ូ។ គឺ​ជា​កិច្ចសន្ទនា​លើក​ទី១ រវាង​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​ទំាង​ពីរ​រូប​តំាង​ពី​លោក​ម៉ាឌុយរ៉ូ​ឡើង​ស្នង​តំណែង​បន្ត​ពី​លោក​ហ៊ុយហ្គោ ឆាវ៉េ។ លោក​អូបាម៉ា​បាន​និយាយ​ប្រាប់​លោក​ម៉ាឌុយរ៉ូ​ច្បាស់ៗ​ថា អាមេរិក​គ្មាន​ប្រយោជន៍​អ្វី​ដែល​ត្រូវ​គំរាមហែង​វ៉េណេស៊ុយអេឡា​ទេ តែ​ចង់​ឃើញ​លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និង​ភាព​សម្បូរសប្បាយ​នៅ​វ៉េណេស៊ុយអេឡា និង​នៅ​​ក្នុង​តំបន់។

ជា​ការ​ឆ្លើយ​តប​វិញ លោក​ម៉ាឌុយរ៉ូ​ហាក់​ដូច​ជា​បាន​បន្ទន់​ឥរិយាបទ​បន្តិច ដោយ​បាន​បោះ​ដៃ​ទៅ​រក​លោក​អូបាម៉ា​ដើម្បី​បើក​កិច្ចសន្ទនា។ តែ​ទន្ទឹម​គ្នា​នេះ លោក​ម៉ាឌុយរ៉ូ​ក៏​បន្ត​រក្សា​ជំហរ​ម៉ឹងម៉ាត់​ទល់​នឹង​អាមេរិក ព្រម​ទំាង​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​សំណើ​របស់​លោក​អូបាម៉ា។
 

00:56

ប្រសាសន៍​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ

« ខ្ញុំចង់ជឿលោកដែរតែខ្ញុំនៅមិនទាន់ទុកចិត្តលោកនៅឡើយ។ខ្ញុំគោរពលោកតែខ្ញុំមិនទុកចិត្តលោកទាល់តែសោះប្រធានាធិបតីអូបាម៉ា។ប្រសិនជាដូចអ្វីដែលលោកចង់បានមែននោះយើងនឹងនិយាយគ្នា។តែបើលោកមិនចង់ទេក៏គ្មានបញ្ហាអ្វីដែរហើយនៅពេលនោះវាជាកេរ្តិ៍ដំណែលដែលលោកបានបន្សល់ទុកសម្រាប់ប្រទេសវ៉េណេស៊ុយអេឡា។ខ្ញុំធ្លាប់បាននិយាយច្រើនដងហើយប្រធានាធិបតីអូបាម៉ា។កុំទុកបណ្តោយឲ្យអ្វីៗកើតមានដូចនៅក្នុងសម័យ George W.Bush ដែល​បាន​គំាទ្រ​រដ្ឋប្រហារ​យោធា​នៅ​វ៉េណេស៊ូយអេឡា​ប្រឆំាង​នឹង​លោក​ឆាវ៉េ។ ប្រវត្តិសាស្រ្ត​ត្រូវ​តែ​នំា​ទៅ​កាន់​ផ្លូវ​ផ្សេង។ ខ្ញុំ​យល់​ព្រម​ចាប់​ដៃ​ជាមួយ​លោក ប្រធានាធិបតី​អូបាម៉ា​ដើម្បី​យើង​អាច​និយាយ​គ្នា​បាន​ក្នុង​បំណង​សន្តិភាព និង​ដោះស្រាយ​ភាព​ចម្រូងចម្រាស​ដែល​អាមេរិក និង​វ៉េណេស៊ូយអេឡា​កំពុង​មាន​សព្វថ្ងៃ »

ការ​និយាយ​ឆ្លើយឆ្លង​គ្នា​រវាង​លោក​អូបាម៉ា និង​លោក​ម៉ាឌុយរ៉ូ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ការ៉ាកាស​កំពុង​មាន​ទំនាក់ទំនង​យ៉ាង​តានតឹង​រវាង​គ្នា។ ធ្ងន់ធ្ងរ​កាន់​តែ​ខ្លំាង គឺ​ក្រោយ​ពី​លោក​អូបាម៉ា​បាន​ចុះ​ហត្ថលេខា​លើ​ក្រិត្យ​មួយ​កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ ដោយ​បាន​ដាក់​ទ័ណ្ឌកម្ម​ប្រឆំាង​នឹង​ថ្នាក់ដឹកនំា​ជាន់ខ្ពស់​វ៉េណេស៊ុយអេឡា​ជា​ច្រើន​រូប​ពី​បទ​រំលោភ​សិទ្ធិមនុស្ស។ ទន្ទឹម​គ្នា​នេះ ក្រិត្យ​របស់​អាមេរិក​ក៏​បាន​ចាត់​ទុក​វ៉េណេស៊ុយអេឡា​ជា​ប្រទេស​គំរាមកំហែង​លើ​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក​ដែរ។ ក៏​ប៉ុន្តែ លោក​ម៉ាឌុយរ៉ូ​ហាក់​ដូច​ជា​មិន​បដិសេធ​ទំាង​ស្រុង​ពី​ការ​បើក​កិច្ចសន្ទនា​ជាមួយ​អាមេរិក​ទេ តែ​ត្រូវ​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ ទៅ​មក។

ងាក​មក​មើល​កិច្ចសន្ទនា​រវាង​លោក​ប្រមុខរដ្ឋ​គុយបា​កាស្រ្តូ និង​ប្រមុខរដ្ឋ​អាមេរិក​អូបាម៉ា​ម្តង គឺ​ហាក់​ដូច​ជា​មាន​ភាព​ល្អូតល្អឺន និង​បង្កប់​ដោយ​ការ​យល់​គ្នា​ច្រើន​ជាង។ លោក​កាស្រ្តូ​បាន​សុំ​ឲ្យ​លោក​អូបាម៉ា​អត់ទោស​ឲ្យ​លោក និង​បាន​និយាយ​ត្រង់ៗ​ថា លោក​អូបាម៉ា​មិនមែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រឿងរ៉ាវ​នៅ​ក្នុង​អតីតកាល​រវាង​អាមេរិក និង​គុយបា​ទេ និង​ថា លោក​អូបាម៉ា​ជា​បុរសម្នាក់​ទៀងត្រង់ និង​ប្រកប​ដោយ​គុណធម៌។
 

00:59

ប្រសាសន៍​លោក​ប្រធានាធិបតី​គុយបា រ៉ាអ៊ូល កាស្រ្តូ

« ខ្ញុំសុំឲ្យលោកអូបាម៉ាមេត្តាអត់ទោសឲ្យខ្ញុំផងព្រោះខ្ញុំដឹងថាគាត់មិនមែនជាអ្នកទទួលខុសត្រូវចំពោះរឿងរ៉ាវដែលបានកើតឡើងនៅក្នុងអតីតកាលរវាងអាមេរិនិងគុយបាទេ។តើមុនលោកអូបាម៉ាអាមេរិកមានប្រធានាធិបតីប៉ុន្មាននាក់ហើយ១១នាក់១២នាក់គឺមាន១០នាក់ហើយនៅមុនលោកអូបាម៉ា។អ្នកទំាងនោះសុទ្ធតែមានការទទួលខុសត្រូវចំពោះគុយបានិងប្រជាជនគុយបា។គេអាចនិយាយអ្វីក៏បានដែរទាក់ទងនឹងប្រព័ន្ធដឹកនំានយោបាយនៅគុយបា។តែវាជារឿងត្រឹមត្រូវដែលខ្ញុំបានស្នើលោកអូបាម៉ាមេត្តាអត់ទោសឲ្យខ្ញុំព្រោះខ្ញុំក៏ដូចជាប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលផ្សេងទៀតដែលមានវត្តមាននៅក្នុងជំនួបកំពូលអាមេរិកនិងដែលខ្ញុំបានជួបម្នាក់ម្តងៗបានគិតដូចគ្នាថាលោកប្រធានាធិបតីអូបាម៉ាជាបុរសម្នាក់ទៀងត្រង់និងប្រកបដោយគុណធម៌ »

ជា​ការ​ឆ្លើយ​តប​វិញ លោក​អូបាម៉ា​បាន​ទទួល​ស្គាល់​ថា អ្វី​ដែល​លោក​កាស្រ្តូ​បាន​លើក​ឡើង គឺ​ជា​ការ​ពិត ព្រោះ​មាន​ព្រឹត្តិការណ៍​ជា​ច្រើន​បាន​កើត​មាន​ឡើង​នៅ​មុន​កំណើត​របស់​លោក​ទៅ​ទៀត។ តែ​អ្វី​ដែល​លោក​អូបាម៉ា​មិន​ភ្លេច​បញ្ជាក់​នោះ​គឺ​ថា គុយបា​មិនមែន​ជា​ប្រទេស​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​អាមេរិក​ទេ។
 

00:56

ប្រសាសន៍​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា

« បើគេបានស្តាប់ប្រសាសន៍របស់លោកប្រធានាធិបតីគុយបាកាស្រ្តូចំណុចជាច្រើនដែលលោកកាស្រ្តូបានលើកឡើងគឺទាក់ទងជាពិសេសទៅនឹងព្រឹត្តិការណ៍ដែលបានកើតមាននៅមុនថ្ងៃកំណើតរបស់ខ្ញុំទៅទៀត។ដូច្នេះសាររបស់ខ្ញុំនៅទីនេះគឺថាសង្រ្គាមត្រជាក់បានចប់ហើយ។
 
បច្ចុប្បន្ននេះយើងទំាងអស់គ្នាបាននិងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងលោក។ជាមួយគុយបាយើងនៅមានចំណុចជាច្រើនដែលយើងមិនទាន់អាចនិយាយចុះសម្រុងគ្នាបាន។ចំណុចខ្វែងគំនិតគ្នាដែល​មាន​នោះ គឺ​មិនមែនទាក់ទងតែនឹងទស្សនៈយល់ឃើញរបស់រដ្ឋាភិបាលគុយបាចំពោះពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះទេតែក៏មានបញ្ហា​នៅ​ក្នុងតំបន់មួយចំនួនដែរ។ទន្ទឹមគ្នានេះក៏នឹងមានសំណុំរឿងផ្សេងទៀតដែលយើងនឹងរួមសហការណ៍ជាមួយគ្នា។តែអ្វីដែលគួរបញ្ជាក់ឲ្យ​បាន​ច្បាស់នោះគឺថាគុយបាមិនមែនជាប្រទេសដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខអាមេរិកទេ »

លោក​អូបាម៉ា និង​លោក​កាស្រ្តូ​បាន​ទទួល​ស្គាល់​ដូច​គ្នា​ថា នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​អាមេរិក និង​គុយបា​ត្រូវ​បន្ត​ជជែក​គ្នា។ តែ​មាន​សំណុំរឿង​ខ្លះ​ត្រូវ​បាន​ភាគី​នីមួយៗ​បន្ត​រក្សា​ជំហរ​រៀងៗ​ខ្លួន ពិសេស​ទាក់ទង​នឹង​រឿង​សិទ្ធិសេរីភាព និង​រឿង​សិទ្ធិមនុស្ស។ ចប់​ហើយ​ជំនួបកំពូល​អាមេរិក​លើកទី៧ ក្នុង​ប្រទេស​ប៉ាណាម៉ា តែ​អ្វី​ដែល​ជំនួបកំពូល​បាន​បន្សល់​ទុក​សម្រាប់​ពិភពលោក គឺ​ជំនួប​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​ប្រមុខរដ្ឋ​គុយបា និង​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ