អានតួអត្ថបទ
បច្ចេកវិទ្យា

Google ទើប​ប្រកាស​ថា បា​ន​រកឃើញ​ចន្លោះ​​ប្រហោង​​បច្ចេកទេស លើ​គណនី​ចំនួន​៥សែន

កាលពីថ្ងៃចន្ទ ទី៨តុលា ក្រុមហ៊ុនGoogle បានប្រកាសថា កាលពីខែមីនា អ្នកជំនាញរបស់ខ្លួន បានរកឃើញចន្លោះប្រហោងផ្នែកបច្ចេកទេស ដែលបណ្តាលឲ្យគណនីGoogle ប្រមាណ​៥សែនគណនី ត្រូវបើកចំហ អាចឲ្យគេចូលជ្រៀតយកទិន្ន័យបាន។ នេះគឺជាបញ្ហាបន្ថែមមួយទៀត ទាក់ទិននឹងកត្តាសន្តិសុខ នៃទិន្ន័យផ្ទាល់ខ្លួន របស់អ្នកម្ចាស់គណនីអ៊ីនធឺណិត បន្ទាប់ពី​បញ្ហាបែបនេះ បានកើតទៅលើអ្នកប្រើប្រាស់Facebook រាប់លានគណនី។

មហាយក្ស​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា Google
មហាយក្ស​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា Google REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីFacebook ដល់វេន Google ម្តងដែលកំពុងជួបបញ្ហា ដោយសារតែការខ្វះចន្លោះផ្នែកបច្ចេកទេស ក្នុងការបិទទ្វារចាក់សោ ការពារគណនីរបស់អ្នកប្រើប្រាស់ Google Account។ ពី Montain View រដ្ឋ កាលីហ្វ័រញ៉ា នៅថ្ងៃចន្ទទី៨តុលា Google បានប្រកាស​ថា កាលពីខែមីនា ក្រុមការងារ Project Strobe ដែលមានតួនាទីត្រួតពិនិត្យសន្តិសុខរបស់​គណនី Google+ បានរកឃើញចំណុចប្រហោងបច្ចេកទេសមួយ។ ដោយសារតែចំណុច​ប្រហោង​នេះ គណនីGoogle ប្រមាណ៥សែន ត្រូវបើកចំហរអាចឲ្យអ្នកដ៏ទៃចូល​មក​បាន។

បើតាមការអះអាងរបស់ Google គឺឈ្មោះ ភេទ អាយុ អាស័យដ្ឋានអ៊ីមែល និងមុខងារការងារ របស់ម្ចាស់គណនីទាំង៥សែនគណនី ត្រូវបានបើកចំហរទាំងស្រុង ដែលអាចឲ្យអ្នកផ្សេចចូលមកមើលបាន។ មានកម្មវិធីប្រើប្រាស់លើទូរស័ព្ទដៃ យ៉ាងហោចណាស់​៤៣៨​កម្មវិធី ដែលអាចបូមយកទិន្នន័យទាំងនេះ ពីគណនីGoogle ចន្លោះពីឆ្នាំ២០១៥ ដល់ខែមីនា២០១៨។ យ៉ាងណាក៏ដោយ ទិន្នន័យដែលត្រូវបើកចំហរ ដោយចន្លោះប្រហោង​បច្ចេកទេសនេះ ត្រូវGoogle អះអាងថា គេគ្មានភស្តុតាងដែលបញ្ជាក់ថា ទិន្ន័យទាំងនោះ ត្រូវបានគេយកទៅប្រើប្រាស់ ក្នុងផ្លូវទុច្ចរិត ឬ មិនត្រឹមត្រូវណាមួយឡើយ។

Google បញ្ជាក់ទៀតថា ទិន្ន័យដូចជា សារឆ្លើយឆ្លងផ្ញើរចេញចូល លេខទូរស័ព្ទ ឬក៏ទិន្នន័យប្រើប្រាស់នៅលើគណនីGoogle គឺមិនត្រូវបានគេមើលឃើញ ឬអាចបូមយកទេ។ ប៉ុន្តែGoogle អះអាងថា រហូតមកទល់ពេលនេះ Google មិនអាចធ្វើការកំណត់ ថាគណនីGoogle ណាមួយ នៅទីកន្លែងណា ដែលស្ថិតក្នុងចំណោមគណនីរងគ្រោះ ទាំង​៥សែន​នេះទេ។

សូមបញ្ជាក់ថា ជាមួយនឹងការប្រកាស អំពីបញ្ហាចន្លោះប្រហោងបច្ចេកវិទ្យារបស់ខ្លួននេះ Google មិនបាននិយាយឲ្យច្បាស់ទេ ថាតើ ភាព​ចន្លោះប្រហោងបច្ចេកទេសនេះ បណ្តាល​មក​ពីសកម្មភាពរបស់ចោរព័ត៌មានវិទ្យា ឬយ៉ាងណា។ Google ក៏មិនបានពន្យល់ដែរ ថាហេតុអ្វីបាន​ជាបញ្ហានេះ រកឃើញតាំងតែពីខែមីនា តែទើបតែប្រកាស​នាពេលនេះ។

បើតាមការសន្និដ្ឋាន របស់The Wall Street Journal បានឲ្យដឹងថា ប្រហែលជាGoogle មិនចង់ទទួលគំនាបសង្កត់ពីបណ្តាញព័ត៌មាន និងអំពីអាជ្ញាធររដ្ឋ ដូចក្នុងករណី​Facebook ​បានជាបង្អង់ មិនប្រកាសផ្សាយជាសាធារណៈ ។ អ្នកនាំពាក្យអាណាចក្រ Google ​បានអះអាងថា Google​ ធ្វើលើសពីអ្វីដែលច្បាប់កំណត់ទៅទៀត ក្នុងការការពារសន្តិសុខ ដល់ទិន្នន័យ ដែលមានក្នុងគណនីGoogleទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ