អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាជ្ញាធរសន្តិសុខ​អាមេរិក​ប្រឆាំង​នឹង​ប្រភេទ​ទូរស័ព្ទ​មាន​កូដ​ការពារ​ទិន្នន័យ​អ្នកប្រើប្រាស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗ​នេះ​ ស្ថាប័ន​កំពូល​ផែ្នក​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​​ចំនួន​ពីរគឺ ទីភ្នាក់ងារ​សន្តិសុខ​ជាតិ (NSA) និងការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) បាន​ប្រកាស​ពី​បំណង​ចង់​ទប់​ស្កាត់​មិន​អោយ​ក្រុមហ៊ុន​ឯកជនដូចជា Apple និង Google ​ដាក់​លក់​ប្រភេទ​ទូរស័ព្ទ​ស្មាតហ្វូន​ជំនាន់ថ្មី​ ។ ប្រភេទ​ទូរស័ព្ទ​នេះ​មានកូដ​សំងាត់​អាច​ការពារ​ទិន្ន័យ​អ្នក​ប្រើ​ប្រាស់​មិន​អាច​អោយ​គេចូលលួច​បាន។ ស្ថាប័ន​សន្តិសុខ​ទាំង​ពីរ​ព្រួយ​បារម្ភ​ខ្លាច​ទូរស័ព្ទ​ទំនើប​នេះ​នឹង​ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់​ប្រព្រឹត្តិភេរវកម្ម​ និង​បទល្មើស​ឧក្រិដ្ឋ​នានា។ ទាំង​ NSA ទាំង FBI ទាមទារ​ចង់​អោយ​ក្រុមហ៊ុន​ផលិត​កម្មវិធី​ទូរស័ព្ទ​រក្សា​ទុក​ចន្លោះប្រហោង​ខ្លះនៃ​ចំណុច​ខ្សោយ​សន្តិសុខ​ទូរស័ព្ទ។ គោល​បំណង​សំខាន់​គឺ​ ដើម្បី​ងាយ​ស្រួល​អោយ​ភ្នាក់ងារ​ស៊ើប​អង្កេត​របស់​ខ្លួន​អាច​ជ្រៀត​ចូល​យក​ទិន្ន័យ​របស់​អ្នក​ប្រើប្រាស់​ ក្នុង​ករណី​ចាំបាច់ណា​មួយ។

លោក​នាយក FBI James Comey និង​លោក​អូបាម៉ា
លោក​នាយក FBI James Comey និង​លោក​អូបាម៉ា Reuters / Reed
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និសិទ​ស្តីពី​សន្តិសុខ​អ៊ិនធ័រណេត​ ដែល​រៀបចំ​ដោយ​មូលនិធិ​ New America នាទី​ក្រុង​វ៉ាស៊ីងតោន​ លោក​ឧត្តម​នាវី​ Mike Rogers ប្រមុខ​ដឹកនាំ​ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក​ (NSA) បាន​ប្រកាស​រំលឹក​ដល់​ក្រុមហ៊ុន​ឯកជន​អាមេរិច​ជំនាញ​ផែ្នក​ផលិត​កម្មវិធី​ទូរស័ព្ទ​គឺ Apple និង Google ​កុំ​អោយ​ដាក់​លក់​ទូរស័ព្ទ​ជំនាន់​ថ្មី​ ដែល​អាច​ការពារ​ទិន្ន័យ​អ្នក​ប្រើប្រាស់​បាន។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ James Comey នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ (FBI)​ ធ្លាប់​ធ្វើ​សេចក្តី​ប្រកាស​ម្តង​កាលពី​ខែ​តុលា​ ឆ្នាំ​២០១៤ កន្លង​មក។ ​សំរាប់​ស្ថាប័ន​កំពូល​ផែ្នក​សន្តិសុខ​អាមេរិច​ទាំងពីរ​នេះ​ វាជា​ការ​គ្រោះថ្នាក់​បំផុត​ប្រសិន​បើ​ប្រភេទ​ទូរស័ព្ទ​បំពាក់​លេខ​កូដ​ការពារ​ទិន្ន័យ​នឹង​ត្រូវ​បាន​ដាក់លក់។

គេ​យល់​ឃើញ​ថា​ វា​អាច​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​អាមេរិក​ទាំងមូល។​ សូម​ជំរាប​ថា សព្វថ្ងៃ​នេះ​ អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​តែង​និយម​ចូលចិត្ត​ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន​ ដែល​មាន​កម្មវិធី​ប្រតិបត្តិការ​ iOS របស់​ក្រុមហ៊ុន​ Apple ឬ​កម្មវិធី​ប្រតិបត្តិការ Android របស់​ក្រុមហ៊ុន​ Google។ ដូច​យើង​បាន​ដឹង​រួច​មក​ហើយ​ កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៣ អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិច​ Edward Snowden បាន​និយាយ​លាតត្រដាង​ពី​កម្មវិធី​ស៊ើបការណ៍​សំងាត់​របស់​សហរដ្ឋ​អាមេរិក​​ក្នុង​ការ​លួច​ស្កាត់​ចាប់​យក​សារ​ទូរស័ព្ទដៃ​ ឬតាម​ស្តាប់​ មើល និង​ថតទុក​រាល់​កិច្ច​សន្ទនា​របស់​អ្នក​ប្រើប្រាស់។

ចាប់​តាំងពី​ការលេចធ្លាយ​រឿងអាស្រូវ​នេះមក​ អ្នកជំនាញ​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាន់ខ្ពស់​ផែ្នក​ទូរស័ព្ទដៃ​ចាប់ផ្តើម​ផ្តោត​អារម្មណ៍​លើ​ការ​បង្កើត​វិធីសាស្រ្ត​ និង​បច្ចេកទេស​ថ្មី​បំពាក់​ដោយ​កូដ​សម្ងាត់ដើម្បី​ការពារ​ទិន្នន័យ​ និង​ជិវិត​ឯកជន​របស់​អ្នក​ប្រើប្រាស់​ទូទៅ។ ​បច្ចេកវិទ្យា​នេះ​គឺ​ បំលែង​រាល់​ទិន្នន័យ​ទាំង​អស់​ទៅ​ជា​សារ​កូដសំងាត់​ចៀសវាង​មិនអាចអោយ​គេ​លួច​យកបាន។ តាម​រយៈ​បច្ចេកវិទ្យា​នេះ មាន​តែ​ម្ចាស់​ទូរស័ព្ទ​ដៃ​​តែម្នាក់​ឯងប៉ុណ្ណោះមាន​សោសំងាត់​អាច​ចូល​ទៅមើល​ទិន្នន័យ​របស់​ខ្លួន​បាន​ដូចជា​ លេខ​ទំនាក់ទំនង​ទូរស័ព្ទ​របស់​មិត្តភ័ក្តិ​ ​រូបថត ​វីដេអូ​ និង​សារអេឡិចត្រូនិច​ ជាដើម។ ​លើសពីនេះ​ ប្រភេទ​ទូរស័ព្ទដៃ​ថ្មីនេះ​នឹង​ឈប់​អនុញ្ញាតិ​អោយ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​លែង​មាន​លទ្ធភាព​គ្រប់គ្រង​ទូរស័ព្ទ​ដៃ​របស់​ប្រើប្រាស់។

ដោយ​ភ័យខ្លាច​ប្រភេទ​ទូរស័ព្ទ​នេះនឹងត្រូវ​គេដាក់លក់​ទូលំទូលាយ​ NSA និង FBI កំពុង​ទាមទារ​ស្វែង​រក​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ Apple និង Google ដើម្បី​បង្កើត​ក្របខ័ណ្ឌ​គតិយុត​មួយ​ សំរួល​ដល់​ការ​បើក​ផ្លូវ​អោយ​ភ្នាក់ងារ​នគរបាល​ ឬ​បណ្តា​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​របស់​សហរដ្ឋ​អាមេរិក​​អាច​ចូល​យក​ទិន្ន័យ​របស់​ម្ចាស់​ទូរស័ព្ទ​ណា​ម្នាក់​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ដោយ​តុលាការ។​ ម៉្យាងទៀត​ តំណាង​ស្ថាប័ន​សន្តិសុខ​អាមេរិក​​ទាមទារ​ចង់​អោយ​ក្រុមហ៊ុន​ផលិត​កម្មវិធី​ទូរស័ព្ទ​ទាំងពីរ​ធ្វើ​យ៉ាង​ណា​រក្សា​ទុក​ចន្លោះ​ប្រហោង​ខ្លះ​នៃ​ចំនុច​ខ្សោយ​របស់​សន្តិសុខ​ទូរស័ព្ទ​ដៃ​។

លោក​ឧត្តម​នាវី​ Mike Rogers ប្រមុខ​ដឹកនាំ​ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក​ (NSA) ស្នើ​អោយ​មាន​កិច្ចសន្ទនា​ថ្នាក់ជាតិ​មួយ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ឯកជន​អាមេរិក​ ដែល​មាន​ជំនាញ​ផែ្នក​ព័ត៌មានវិទ្យា។ ជំរើស​មាន​តែ​ពីរ​ប៉ុណ្ណោះ​គឺ ទីមួយ​ ដាក់​អោយ​មាន​ប្រព័ន្ធ​បំពាក់​កូដ​​ទូរស័ព្ទដៃ​ដោយមាន​ចំនុច​ខ្សោយ​ខ្លះ​ ឬទីពីរ ដាក់​អោយ​មាន​ប្រព័ន្ធ​បំពាក់​កូដ​​ទូរស័ព្ទដៃ​ ​ដែល​គេ​មិន​អាច​ចូល​យក​ទិន្នន័យ​បាន។
ប៉ុន្តែ​ បើ​តាមយោបល់​របស់​អ្នក​ជំនាញ​លោក​ Tim Maurer ​បំរើការ​អោយ​មូលនិធិ​ New America វាជា​ការ​លំបាក​ក្នុង​និយាយ​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​ឯកជន​អាមេរិក​អោយ​ដើរ​តាម​ការណែនាំ​របស់​រដ្ឋាភិបាល។

អ្វី​ដែល​ធ្វើ​អោយ​ក្រុមហ៊ុន​ឯកជន​កាន់តែ​លែង​ទុកចិត្ត​នោះ​គឺ​ ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ថ្មី​មួយ​ទៀត ​ជុំវិញ​ការ​លួច​យក​កូដ​សំងាត់​របស់​ស៊ីមកាត​ទូរស័ព្ទដៃ។​ កាលពី​ថ្មីៗនេះ​ លោក​ Glenn Greenwald ជាមនុស្ស​ម្នាក់​ជិតស្និត​ជាមួយ​ Edward Snowden បាន​និយាយ​បរិហារ​លើ​គេហទំព័រ​ជំនាញ​ផែ្នក​ស៊ើប​អង្កេត​ The Intercept អំពី​កម្មវិធី​លួច​យក​លេខកូដ​សំងាត់​ស៊ីមកាត​។ បើតាម​គេហទំព័រនេះ​ ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក​ (NSA) និង​ទីបញ្ជាការ​សារ​គមនាគមន៍​របស់​រដ្ឋាភិបាល​អង់គ្លេស​ (GCHQ)​ បាន​ស្ថិតនៅ​ពីក្រោយ​ខ្នង​នៃ​ប្រតិបត្តិការ​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុមហ៊ុនផលិត​ស៊ីមកាត​ Gemalto។ ប្រតិបត្តិការ​នេះ​គឺ ​ដើម្បី​លួច​យក​លេខកូដ​សំងាត់​របស់​ស៊ីមកាត​។

សូម​បញ្ជាក់ថា​Gemalto ជា​ក្រុមហ៊ុន​ផលិត​ស៊ីមកាត​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូឡង់។​ ដោយ​មាន​រោងចក្រ​ចំនួន​ ៤០​ កន្លែង​ជុំវិញ​ពិភពលោក​ ក្នុង​មួយ​ឆ្នាំ​ ក្រុមហ៊ុន​នេះ​ផលិត​ស៊ីមកាត​ចំនួន​ ២​ពាន់​លាន​គ្រឿង​ និង​លក់​ចែកចាយ​ទៅអោយ​​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ចំនួន ​៤៥០ ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​ចំនួន ​៨៥។ ជាទូទៅ​ គេ​តែង​ដឹង​ថា​ស៊ីមកាត​មាន​ផ្ទុក​ទិន្នន័យ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​ទូរស័ព្ទដៃ។ ​ការ​លួច​យក​លេខ​កូដ​សំងាត់ ឬ​សោសំងាត់​របស់​ស៊ីមកាតនេះ​​អាច​​អោយទីភ្នាក់ងារ​សន្តិសុខ​អាមេរិក​ (NSA) និង​ទីបញ្ជាការ​សារគមនាគមន៍​របស់​រដ្ឋាភិបាល​អង់គ្លេស​ (GCHQ)​ អាចលួច​ស្តាប់​ការ​សន្ទនា​ ឬ​ស្កាត់​ចាប់​យក​សារ​ទូរស័ព្ទ​ដៃ​របស់​អ្នក​ប្រើប្រាស់។

ពួកគេ​លួច​ស៊ើបការណ៍​បែបនេះ​ ដោយ​ពុំចាំបាច់​ឆ្លង​កាត់​ការ​សុំ​អនុញ្ញាត​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ ឬ​ពី​រដ្ឋាភិបាល​ណា​មួយ​ឡើយ។ ម៉្យាងទៀត​ សោ​សំងាត់​នេះ​បង្កភាព​ងាយស្រួល​លួចតាមដាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​របស់​បុគ្គល​ណា​ម្នាក់ ដោយ​ពុំមាន​បន្សល់​ទុក​ស្លាកស្នាម​អ្វីមួយ​អោយ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​បានដឹង​ឡើយ។​ ងាយ​ស្រួល​ជាង​នេះ​ទៅទៀត​គឺ គេ​អាច​រំលង​ស្ថាប័ន​តុលាការ​ ដោយ​ពុំ​ចាំបាច់​ត្រូវ​ការ​ដីការ​តុលាការ​ក្នុង​ដឹកនាំ​ការ​ស៊ើប​អង្កេត​ណា​មួយ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ