ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT
កម្ពុជា

អាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ចូល​រួម​ការ​បោះ​ឆ្នោត

media  
លោក​ស្រី ហេឌឺរ ណាវឺត (Heather Nauert) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក @google

ក្រសួង​ការ​បរទេស​អាមេរិក​តាម​រយៈ​អ្នក​នាំ​ពាក្យ​កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​អតីត​គណបក្ស​ប្រឆាំង ដែល​ត្រូវ​តុលាការ​រំលាយ អាច​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ។ ជា​ការ​អំពាវនាវ​បន្ទាប់​ពី គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប បាន​បិទ​បញ្ចប់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត កាល​ពី​ដើម​សប្តាហ៍។

លោក​ស្រី ហេឌឺរ ណាវឺត (Heather Nauert) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​តាម​រយៈ​សេចក្តី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​អាមេរិក​មាន​ការ​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ហាម​ឃាត់​តួ​អង្គ​នយោបាយ​សំខាន់ៗ មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ មិន​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

សហរដ្ឋ​អាមេរិក​ហៅ​ការ​សម្រេច​នេះ​ថា បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ អនុវត្ត​សិទ្ធិ​របស់ពួក​គេ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ដើម្បី​ជ្រើស​រើស​មេ​ដឹក​នាំ ដែល​ពួក​គេ​ពេញ​ចិត្ត មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​សម្រេច​នេះ ត្រូវ​បាន​គេ​ចោទ​ជា​សំនួរ​អំពី​ភាព​សុចរិត​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ សហរដ្ឋ​អាមេរិក​ទាម​ទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត្ត​ឲ្យ​មាន​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ការ​បោះ​ឆ្នោត​ជា​បន្ទាន់​នា​ពេល​ខាង​មុខ​នេះ។ នេះ​បើ​តាម​លោក​ស្រី ហេឌឺរ។

ក៏​ប៉ុន្តែ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ក្នុង​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ គឺ​គ្មាន​អ្នក​ណា​មក​ជំនួស​អ្នក​ណា​ទេ​ ហើយ​អ្នក​ណា​ប្រព្រឹត្តិ​ខុស​ច្បាប់ គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​ខ្លួន​ឯង។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​បន្ថែម​ថា ការ​ទាម​ទារ​ឲ្យ​មាន​វត្តមាន​អតីត​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ កាល​ពី​ចុង​ឆ្នាំ​២០១៧​នោះ គឺ​ជា​រឿង ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ។ លោក​បន្ត​ថា ការ​ទាម​ទារ​ឲ្យ​មាន​វត្តមាន​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ឆាក​នយោបាយ គឺ​ជា​ការ​រំលោភ​ច្បាប់​កម្ពុជា ក៏​ដូច​ជា​រំលោភ​លើ​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) បាន​បិទ​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ចី​គណបក្ស​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ដោយ​មាន​បក្ស​នយោបាយ​ចំនួន​២០​បាន​ចុះ​បញ្ចី​ចូល​រួម​ការ​បោះ​ឆ្នោត​ក្នុង​ខែ​កក្កដា។ ប៉ុន្តែ​ក្នុង​ចំណោម​នេះ មិន​មាន​សោះ​ឡើយ​អតីត​បក្ស​សង្រ្គោះ​ជាតិ។

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៤ ឧសភា អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ហៅ​ការ​មិន​អនុញ្ញាត​ឲ្យ​អតីត​បក្ស​ប្រឆាំង​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ថា ជា​ការ​ដក​ជម្រើស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត។ សម្រាប់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ គឺ​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ។

បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ដដែល សហរដ្ឋ​អាមេរិក ដោយ​មាន​ការ​សហការ​ជាមួយ​នឹង​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត បាន​ចាត់​ទុក​ការ​សម្រេច​ឃុំ​ខ្លួន​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ថា ជា​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ហើយ​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ដោះ​លែង​រូប​គាត់​ជា​បន្ទាន់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ