អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកស្រី ​Hillary ​និង​លោក ​Bill Clinton ​ផ្សព្វផ្សាយ​ឯកសារ​ប្រកាស​ប្រាក់​ចំណូល​ជា​សាធារណៈ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី​ Hillary Clinton បេក្ខនារី​ប្រធានាធិបតី​អាមេរិក​តំណាង​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ផ្សព្វផ្សាយ​ឯកសារ​ប្រកាស​ប្រាក់​ចំណូល​សំរាប់​ឆ្នាំ​២០១៥។ ​តាមរយៈ​នេះ​ លោកស្រី​បាន​រិះគន់​គូ​ប្រជែង​មកពី​គណបក្ស​សាធារណរដ្ឋ​ គឺ​មហាសេដ្ឋី​ Donald Trump ដែល​បដិសេធ​ពុំ​ព្រម​បញ្ចេញ​ឯកសារ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។ ​ជាទូទៅ​ បេក្ខជន​ប្រធានាធិបតី​អាមេរិក​តែង​លាត​ត្រដាង​ឯកសារ​ពន្ធ​ផ្ទាល់​ខ្លួន​នេះ​ជូន​សាធារណៈ​ជន​។ ​ការ​ផ្សព្វផ្សាយ​នេះ​បាន​ក្លាយ​ជា​ប្រពៃណី​ចាប់តាំង​ពី​រាប់សិប​ទសវត្សរ៍​មក​ហើយ។

lលោកស្រី គ្លីូនតុន និងស្វាមី
lលោកស្រី គ្លីូនតុន និងស្វាមី Drew Angerer/Getty Images/AFP Drew Angerer / GETTY IMAGES NORTH
ផ្សាយពាណិជ្ជកម្ម

 
នៅពេល​ប្រឡូក​ខ្លួន​ចូល​ក្នុង​ឆាក​នយោបាយ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៧៧ ​ប្តី​ប្រពន្ធ​ត្រកូល​ Clinton ​តែង​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​ប្រភព​ប្រាក់​ចំណូល​របស់​ខ្លួន។​ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​តែង​អនុវត្ត​ប្រពៃណី​នេះ​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លារភាព​របស់​ពួក​គេ។ ​វេបសាយ៍​ hillaryclinton.com បាន​បង្ហាញ​ឯកសារ​នានា​ឲ្យ​ដឹង​ថា​ សំរាប់​ឆ្នាំ​ ២០១៥ កន្លង​ទៅ​នេះ​ ប្តីប្រពន្ធ​ Bill Clinton និង Hillary Clinton មាន​ប្រាក់​ចំណូល​សរុប​ចំនួន​ ១០,៦ លាន​ដុល្លារ។​ប៉ុន្តែ​ អ្នក​ទាំងពីរ​បាន​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ជូនរដ្ឋ​ចំនួន​ ៣,៦ លាន​ដុល្លារ។ ហើយ​អ្នក​ទាំងពីរ​បាន​បរិច្ចាក​ប្រាក់​ចំនួន ១ លាន​ដុល្លារ​ទៅ​មូលនិធិ​សម្បុរស​ធម៌​ ដែល​មាន​ឈ្មោះ​របស់​ខ្លួន។

ប្រភព​ចំណូល​សំខាន់​ជាង​គេ​របស់​ប្តីប្រពន្ធ​ត្រកូល​ Clinton ​គឺ​ ការ​ទទួល​បាន​ប្រាក់​កំរៃ​ពី​ការ​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​របស់​លោក​ Bill Clinton នៅក្នុង​ឱកាស​សន្និសីទ​នានា។ ចំណូល​កាលពី​ឆ្នាំ​មុន​នេះ​ គឺ​មាន​រហូត​ដល់​ ៥,២ លាន​ដុល្លារ។​ ដូច​ស្វាមី​របស់​ខ្លួន​ ​លោកស្រី​ Hillary Clinton បាន​ទទួល​ប្រាក់​ចំណូល​ចំនួន​ ១,៥ លាន​ដុល្លារ ​តាមរយៈ​ការ​អញ្ចើញ​ឲ្យ​ឡើង​បញ្ចេញ​ទេព្យកោសល​វោហារ​សព្ទ​សាធារណៈ នៅតាម​សន្និសីទ​ធំៗ។ នេះ​ជា​ប្រាក់​ចំណូល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​កាល​ពីដើម​ឆ្នាំ​ ២០១៥ ព្រោះ​លោកស្រី​លែង​ឡើង​ថ្លែង​សុន្ទរកថា​ទៀត​ ហើយ​ចាប់​ផ្តើម​ផ្តោត​អារម្មណ៍​លើ​យុទ្ធនាការ​បោះឆ្នោត​បឋម​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ ដើម្បី​ក្លាយ​ជា​បេក្ខនារី​ប្រធានាធិបតី​ផ្លូវការ។ សូម​បញ្ជាក់​ថា​ ចន្លោះពី​ឆ្នាំ​ ២០១៣ ដល់​ ២០១៥​ លោកស្រី​ក៏​ទទួល​បាន​ប្រាក់​ចំណូល​បែប​នេះ​ផងដែរ​ ដោយ​គ្រាន់​តែ​ឡើង​ថ្លែង​សុន្ទរកថា​ចំនួន​ជាង​ដប់​ប៉ុណ្ណោះ។

​ទន្ទឹម​គ្នា​នេះ​ផងដែរ​ សំរាប់​ឆ្នាំ​ ២០១៥​ កន្លង​ទៅ​នេះ​ លោកស្រី​ Hillary Clinton ក៏​ទទួល​បាន​ចំណូលចំនួន​ ៣ លាន​ដុល្លារ​ពី​គ្រឹះស្ថាន​បោះពុម្ភ​ Simon & Schuster។ គ្រឹះស្ថាន​នេះ​បាន​បង់​ថ្លៃ​កម្មសិទ្ធិ​បញ្ញា​ចំពោះ​ការ​បោះពុម្ភផ្សាយ​សៀវភៅ​របស់​លោកស្រី។ ដាក់​លក់​ជាសាធារណៈ​ចាប់តាំង​ពី​ឆ្នាំ​ ២០១៤​ សៀវភៅ​កំរាស់​ ៦៥៦ ទំព័រ​នេះ​មាន​ចំណង​ជើង​ថា​ Hard Choices (ជម្រើស​ដ៏​លំបាក)។​ សៀវភៅ​នេះ​ គឺ​ជា​ការ​រំលឹក​ចងចាំ​អំពី​បទពិសោធន៍​របស់​លោកស្រី​ Hillary Clinton ក្នុង​ឋានៈ​ជា​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ ចន្លោះ​ពី​ឆ្នាំ​ ២០០៩ ដល់​ ២០១៣។ ហើយ​កម្រង​ស្នាដៃ​នេះ​ក៏​រៀបរាប់​ខ្លះ​ផងដែរ​ពី​ជីវិត​ផ្ទាល់​ខ្លួន​ ​និង​ដំណើរ​ជីវិត​នយោបាយ​របស់​លោកស្រី។

ផ្ទុយពី​លោកស្រី​ Hillary Clinton បេក្ខជន​សាធារណរដ្ឋ​ គឺ​មហាសេដ្ឋី​ Donald Trump តែង​បដិសេធ​មិន​ព្រម​លាត​ត្រដាង​ឯកសារ​ពន្ធ​ផ្ទាល់​ខ្លួន​ឡើយ។ លោកស្រី​ Jennifer Palmieri នាយិការ​ផែ្នក​សារគមនាគមន៍​ប្រចាំ​ក្រុម​កាងារ​ឃោសនា​របស់​លោកស្រី​ Hillary Clinton បាន​ចោទ​សំណួរ​ថា​ ហេតុអ្វី​បាន​ជា​លោក​ Donald Trump ពុំ​ចង់​ផ្សព្វផ្សាយ​ឯកសារ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន? តើ​បេក្ខជន​ដ៏​ចម្រូង​ចម្រាស់​រូបនេះ​មាន​អ្វី​ដែល​ត្រូវ​លាក់​បាំង? សូម​បញ្ជាក់​ថា​ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​សង្ស័យ​ថា​ មហាសេដ្ឋី​អចលនទ្រព្យ​ Donald Trump អាច​បង់​ពន្ធ​តិចតួច​ ឬ​ក៏​អត់​សោះ​តែ​ម្តង​លើ​ប្រាក់​ចំណូល​ខ្លួន។ ហើយ​គេ​ក៏​សង្ស័យ​ថា​ លោក​ Trump ក៏​ពុំ​មាន​ប្រាក់​ចំណូល​ខ្ពស់​ដូច​អ្វី​ ដែល​បេក្ខជនមកពី​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​ធ្លាប់​អួត​ក្អេង​ក្អាង។

​មែនទែន​ទៅ  គឺ​អស់រយៈ​ពេល​ ១៥ ឆ្នាំ​មកហើយ​ ដែល​លោក​ Trump​​ ជា​ផ្ទាំង​ស៊ីប​ចំពោះ​សំណួរ​ស្តីពី​ប្រភព​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​ ពី​សំណាក់​សារព័ត៌មាន​អាមេរិក។ កន្លង​មក លោក​ Donald Trump តែង​​យក​លេស​ថា​ ការ​ត្រួត​ពិនិត្យ​សារពើ​ពន្ធ​ផ្សេង​ទៀត​លើ​មុខ​ជំនួញ​របស់​ខ្លួន​មាន​ភាព​ស្មុគស្មាញ។​ ហើយ​បេក្ខជន​រូប​នេះ​ក៏​ពន្យល់​ផងដែរ​ថា​ កាលពី​ខែ​ឧសភា​ លោក​បាន​តម្កល់​ឯកសារ​តម្លារភាព​ថវិការជូន​គណៈកម្មាធិការ​បោះឆ្នោតសហព័ន្ធ​ (FEC)។​ ហើយ​ឯកសារ​នេះ​គឺ​​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ។

សូម​បញ្ជាក់​ថា​ ឯកសារ​នេះ​គ្រាន់​តែ​ជា​ការ​ប៉ាន់​ប្រមាណ​ទ្រព្យ​សកម្ម​ ប្រាក់​បំណុល​ និង​ប្រាក់​ចំណូល​តែ​ប៉ុណ្ណោះ។​ លោក​ Donald Trump តែង​អួត​ក្អេង​ក្អាង​ថា​ខ្លួន​មាន​ទ្រសម្បត្តិ​ក្នុង​រង្វង់​ទឹក​ប្រាក់​ជាង​ ១០ ពាន់​លាន​ដុល្លារ។ គិត​មក​ដល់​ពេល​នេះ​ គ្មាន​នរណា​គេ​អាច​ផ្ទៀង​ផ្ទាត់​ទំហំ​ទ្រព្យ​សម្បត្តិ​នេះ​បាន​ឡើយ។​ ប៉ុន្តែ ទស្សនាវដ្តី​ជំនួញ​ដ៏​ល្បី​ គឺ Forbes បាន​ប៉ាន់​ស្មាន​ថា​ លោក​ Trump មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ ៤,៥ ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​អត្ថបទ​ស៊ើប​អង្កេត​មួយ​ ដែល​ចុះផ្សាយ នៅ​លើ​ទំព័រ​សារព័ត៌មាន​ New York Times កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា​ មហាសេដ្ឋី​ Donald Trump ប្រហែល​ជា​ប្រើ​ប្រាស់​វិធី​សាស្រ្ត​នានា​គេច​វៀស​ពុំ​បង់​ពន្ធ​ច្រើន​ជូន​រដ្ឋ។​ អត្ថបទ​នេះ​ក៏​បាន​លាត​ត្រដាង​ឲ្យ​ដឹង​ដែរ​ថា​ នៅឆ្នាំ​ ១៩៧៨ និង​ឆ្នាំ​ ១៩៧៩ ​លោក​ Trump ពុំ​បាន​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​មួយ​សេន​ឡើយ​ជូន​រដ្ឋ។ ការ​បែកធ្លាយ​ព័ត៌មាន​នេះ គឺ​ដោយសារ​យោង​លើ​ឯកសារ​មួយ​ចំនួន​ ដែល​លោក​ Trump ត្រូវ​បង្ខំ​ចិត្ត​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពីឆ្នាំ​ ១៩៨១ ស្រប​តាម​ការ​ស្នើ​សុំ​របស់​ច្បាប់​ ដើម្បី​អាច​ទទួល​បាន​អាជ្ញាប័ណ្ណ​បើក​កាស៊ីណូល្បែង​ស៊ីសង។

​សូម​រំលឹក​ថា​ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៨០ ពោលគឺ សម័យ​លោក​ប្រធានាធិបតី​ Ronald Reagan ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតី​ និង​គណបក្ស​សាធារណរដ្ឋ​តែង​លាត​ត្រដាង​ឯកសារ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ