អានតួអត្ថបទ
អ៊ីស្រាអែល-សហរដ្ឋអាមេរិក

នាយក​រដ្ឋមន្រ្តី​​អ៊ីស្រាអែល​បែរខ្នង​ដាក់​លោកអូបាម៉ា នៅក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បិនចាមីន នេតានីញ៉ាហ៊ូ​កំពុង​ផ្តើម​បេសកកម្ម ការទូត ប្រឆាំង​អ៊ីរ៉ង់ ក្នុង​ទឹកដី​អាមេរិក។ ទៅដល់​ទីក្រុង​វ៉ាស៊ីនតោន តាំងពី​យប់​ថ្ងៃ​អាទិត្យ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា នៅចំពោះមុខ សភាអ្នកតំណាងរាស្រ្ត​អាមេរិក នៅថ្ងៃ​អង្គារ ទី ៤ មីនា។ វត្តមាន​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នៅ​ទឹកដី​អាមេរិក ធ្វើឡើង នៅ​ចំពេល​ដែល​លោកប្រមុខការទូត​អាមេរិក ចន ឃេរី កំពុង​ពិភាក្សា ជាមួយ​រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ នៅ​ទីក្រុង​ហ្សឺណែវ ដើម្បី​បំបាត់ ចំណុច​ខ្វែង​គំនិត​គ្នា និង​ឈាន​ទៅរក​កិច្ចព្រមព្រៀង​នយោបាយ​មួយ​ឲ្យ​បាន​មុន ថ្ងៃទី ៣១​មីនា។  

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បិនចាមីន នេតានីញ៉ាហ៊ូ​នៅក្នុង​ឱកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត
នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បិនចាមីន នេតានីញ៉ាហ៊ូ​នៅក្នុង​ឱកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ©REUTERS/Nir Elias
ផ្សាយពាណិជ្ជកម្ម

នាយក​រដ្ឋមន្រ្តី អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន ​ទៅតាម​ការអញ្ជើញ​របស់​​ប្រធាន​សភា​អ្នកតំណាង​អាមេរិក ដែលមក​ពី​គណបក្ស​សាធារណរដ្ឋ។ គោលដៅ​ចំបង​របស់​អ៊ីស្រាអែល​គឺ បង្អាក់ កុំ​ឲ្យ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អាច​កើតចេញ​ជារូបរាង​បាន។ តាម​គម្រោង អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច ៥បូក​១ ត្រូវ​ចរចា រក​ឲ្យ​ឃើញ កិច្ចព្រមព្រៀង​នយោបាយ​មួយ ឲ្យ​បាន​មុន ចុង​ខែ​មីនានេះ មុន​នឹង​កិច្ច​ព្រមព្រៀង ជាស្ថាពរ នៅ​ខែ​កក្កដា។

 
នៅអាមេរិក លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នឹង​និយាយ​ទៅកាន់​គណៈកម្មាធិការ ទទួល​បន្ទុក​កិច្ចការ​សាធារណៈ​ដែល​គាំទ្រ​អ៊ីស្រាអែល នៅថ្ងៃ​ចន្ទ និង​នៅ​ថ្ងៃ​បន្ទាប់ លោក​នឹង​ថ្លែង​សុន្ទករថា នៅ​ចំពោះមុខ​សភា​អ្នកតំណាង អាមេរិក។ គោលដៅ​របស់លោក គឺ​ចង់​បញ្ចុះបញ្ចូល​ក្រុម​អ្នកនយោបាយ​ដែល​គាំទ្រ​អ៊ីស្រាអែល ហើយ​និង​សភា​ទាំងពីរ​ថ្នាក់​របស់​អាមេរិក ដែល​កាន់កាប់​ដោយ​ក្រុម​ប្រឆាំង គឺ​គណបក្ស​សាធារណរដ្ឋ។

អ៊ីស្រាអែលសង្ឃឹម ចង់ពឹងពាក់រក​ជំនួយ​ពី សភា​អាមេរិក​វិញ​ម្តង ដែល​ពេលនេះ មាន សំឡេង​ភាគច្រើន និង​មាន​អំណាច មិន​ចាញ់​លោក​ប្រធានាធិបតី​អាមេរិក។ អ៊ីស្រាអែល​ដឹងច្បាស់​ថា គេ​លែង​អាច​បញ្ចុះបញ្ចូល​លោក​បារ៉ាក់ អូបាម៉ា ឲ្យ​ឈប់​ចរចា​ជាមួយ​អ៊ីរ៉ង់ បន្ទាប់ ពី​​អាមេរិក​របស់​លោក​អូបាម៉ា រក​ឃើញ​កិច្ចព្រមព្រៀង​បឋម មួយ​ជាមួយ​អ៊ីរ៉ង់ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ អ៊ីរ៉ង់។ យោង​តាម​កិច្ចព្រមព្រៀង​បឋម រវាង​ភាគី​ចរចា អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​ទាំង​៥​បូក មួយ (បារាំង អាមេរិក រុស្ស៊ី ចិន អង់គ្លេស បូក​នឹង​អាល្លឺម៉ង់) អ៊ីរ៉ង់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អនុវត្ត​កម្មវិធីនុយក្លេអ៊ែរ​ស៊ីវិល ជាថ្នូរ​នឹង​ការលើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ខ្លះៗ ដែល​អ៊ីរ៉ង់​ទទួល​រង​ពី​អាមេរិក អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ។ នៅទីក្រុង​ហ្សឺណែវ ប្រមុខការបរទេស​អាមេរិក​ត្រូវ​ជួប​ពិភាក្សា ជាមួយ​សមភាគី​អ៊ីរ៉ង់ រយៈពេល​បីថ្ងៃ (ចាប់ពីថ្ងៃ​ទី២ មីនា) ដើម្បី​ពិភាក្សា​ចំណុច​ខ្វែងគ្នា មុន​នឹង​ឈាន​ទៅ​ដល់​​កិច្ចព្រមព្រៀង​នយោបាយ​មួយ ដែល​គេ​កំណត់​ធ្វើ​ឲ្យ​បាន​មុន​ថ្ងៃទី ៣១ មីនា។

អ៊ីស្រាអែល​វិញ​ជឿថា សភា​អាមេរិក​អាច​បោះឆ្នោត ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់ បើទោះបី​មាន​សិទ្ធិ​វេតូ​ពី​លោកប្រធានាធិបតី។ ដូច្នេះ នៅចំពោះមុខ​អ្នកតំណាងរាស្ត្រ អ៊ីស្រាអែល​ត្រូវ​តែ​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​ខាន​តែ​បាន​ថា កិច្ចព្រមព្រៀង ដែល​លោកអូបាម៉ា​កំពុង​ចង់​ធ្វើ​ជាមួយ​អ៊ីរ៉ង់​នោះ នឹង​មិន​អាច​បញ្ឈប់​អ៊ីរ៉ង់​ឲ្យ​លះបង់​ចោល​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះទេ។

អ៊ីស្រាអែល បារម្ភ​ខ្លាច​ថា កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​ប្រទេស​មហាអំណាច​អាច​រកឃើញ ជាមួយ អ៊ីរ៉ង់ នឹង​អាច​ធ្វើ​ឲ្យ​អ៊ីរ៉ង់ រួចខ្លួន​ពីការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ប៉ុន្តែ ផ្ទុយទៅវិញ វា​នឹង​មិន​ជួយ​ទប់ស្កាត់​អ៊ីរ៉ង់​ឲ្យ​ឈប់​ផលិត​ អាវុធ​នុយក្លេអ៊ែរ ដែល​ជាគ្រោះថ្នាក់ គំរាមកំហែង​សន្តិសុខ និង​វត្តមាន​អ៊ីស្រាអែល នៅ​តំបន់​ដើមបូព៌ា​នោះទេ។

ទស្សនកិច្ច​របស់​លោក​បិនចាមីន នេតានីញ៉ាហ៊ូ​នៅអាមេរិក​កំពុង​ទទួល​រង​ការរិះគន់ មិនធ្លាប់​មាន ពី​រដ្ឋបាល​លោកអូបាម៉ា​
តាម​មន្រ្តី​អ៊ីស្រាអែល នៅថ្ងៃ​អង្គារ​ស្អែក លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នឹង​បង្ហាញ​ពី​លក្ខខណ្ឌ​លម្អិត ដែល​មាន​នៅក្នុង​ការចរចា បច្ចុប្បន្ន រវាងអ៊ីរ៉ង់ និង​ក្រុមភាគី​ចរចា ៥​ភាគី​បូក ១នោះ។

សម្រាប់​អាមេរិក ការលើកនិយាយ​ពី​ចំណុច​ដែល​គេ​កំពុង​ចរចា យ៉ាង​សម្ងាត់ ជាមួយ​អ៊ីរ៉ង់ នឹង​អាច​បង្ក​ឧបសគ្គ​ដល់​អាមេរិក នៅក្នុង​ដំណើរការ​ចរចា​ជាមួយ​អ៊ីរ៉ង់។ អាមេរិក​បាន​ព្រមាន​អ៊ីស្រាអែល​ពីរឿង​នេះ មួយ​លើក ជាពីរលើក និង​បាន​ប្រកាស​ឈប់​ចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​អ៊ីស្រាអែល​តទៅទៀត។ នៅពេល​ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​គិតថា អាមេរិក​លែង​ជឿទុកចិត្ត​ខ្លួន អ៊ីស្រាអែល ក៏​លែង​អាច​ជឿទុកចិត្ត ឲ្យ​អាមេរិក​របស់​លោកអូបាម៉ា ថា នឹង​ជួយ​ដោះស្រាយ​កង្វល់​របស់ខ្លួន ជា​ពិសេស​រឿង​កម្មវិធី​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់។ ដូច្នេះ អ៊ីស្រាអែល​ក៏​លែង​ខ្វល់​ថា តើ​រដ្ឋាភិបាល​អាមេរិក​ត្រូវ​អាក់អន់ ចិត្ត ជា​ថ្មី​ដែរ ទេ។ ក្នុង​ហេតុផលនេះហើយ បាន​ជា​អ៊ីស្រាអែល​និយាយ​ថា គេ​នឹង​ទម្លាយ​ព័ត៌មាន​ស្តី​ពីការចរចា ទៅ​សភា​អាមេរិក​នៅ​ថ្ងៃ​ស្អែកនោះ។

ជារួម ចាប់តាំងពី​អូបាម៉ា​បាន​សន្យា ថា នឹង​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​ឲ្យ​បាន​នៅក្នុង​អាណត្តិ​របស់លោក ទំនាក់ទំនង​រវាង​អាមេរិក និង​អ៊ីស្រាអែល ជាពិសេស រវាង​ប្រមុខដឹកនាំ​របស់​ប្រទេស​ទាំងពីរ​តែម្តង បាន​ចុះ​ល្អក់​កករ​នឹង​គ្នា ជា​លំដាប់។ ជាក់ស្តែង នៅក្នុង​ទស្សនកិច្ច​លើកនេះ នៅ​ក្នុង​ទឹកដី​អាមេរិក លោក​អូបាម៉ា បាន​និយាយ​ហើយ​ថា លោក​នឹង​មិន​ទទួល​ជួប​លោក​បិនចាមីន នេតានីញ៉ាហ៊ូ​នោះទេ។ តាម​ភាសា​ការទូត សេតវិមាន​និយាយ​ថា លោកអូបាម៉ា​មិនអាច​ជួប​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ដែល​ជា​បេក្ខជន​បោះឆ្នោត​នាយករដ្ឋមន្រ្តី នៅ​ខែ​នេះ​ក្នុង​ប្រទេស​អ៊ីស្រាអែល ព្រោះ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​គេ​​ចោទ​លោក​ថា លំអៀង កាន់ជើង គណបក្ស​ណាមួយ។

នេះ ជា​ភាសា​ការទូត ប៉ុន្តែ បើនិយាយ​ពី​កំហុស​បច្ចេកទេស​ពិធីការ​វិញ សេតវិមាន​បាន​និយាយ​ថា លោក បិនចាមីន នេតានីញ៉ាហ៊ូ​បាន​ធ្វើដំណើរ​ទៅ​អាមេរិក ដោយ​មិន​បាន​ជូនដំណឹង​ជាមុន​ទៅ​លោកអូបាម៉ា។ តាម​លោក​ចនឃេរី វា​ជាលើកទីមួយ និង​មិនធ្លាប់​មាន​ពី​មុន​មក ដែល​ប្រមុខដឹកនាំ​ប្រទេស​មួយ បាន​ធ្វើដំណើរ​ទៅ​ក្នុងទឹកដី​អាមេរិក ដោយ​មិន​បាន​ជូន​ដំណឹង សុំ​ទៅ​ប្រមុខដឹកនាំ​របស់​អាមេរិក​ជាមុន។ នៅ​អាមេរិក លោក​ បិនចាមីន នេតានីញ៉ាហ៊ូ​នឹង​មិនត្រូវ​បាន​ទទួលគារវកិច្ច​ពី​លោក​អូបាម៉ា។

លោក​អនុប្រធានាធិបតី​អាមេរិក វិញ ដែល​ធ្លាប់តែ​ទៅ​ស្តាប់​បទអន្តរាគមន៍​របស់​មេដឹកនាំ​បរទេស នៅ​សភា ក៏​នឹង​មិន​ទៅចូល​ស្តាប់​ការថ្លែង​សុន្ទរកថា របស់​លោក​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល នៅ​ថ្ងៃ​អង្គារ ដែរ ក្នុង​ហេតុផល​ដំណើរ​ទស្សនកិច្ច​របស់លោក ទៅ​បរទេស៊ ចំណែក​ប្រមុខការបរទេស​អាមេរិក លោក​ចន ឃេរី ក្នុង​ពេល​ដែល​លោក​ បិនចាមីន នេតានីញ៉ាហ៊ូ​ទៅដល់​ទឹកដី​អាមេរិក នៅថ្ងៃ​អាទិត្យ លោក​ក៏​បាន​ចាកចេញ​ពីអាមេរិក​សំដៅ​ទីក្រុង​ហ្សឺណែវ ដើម្បី​ជួប​ចរចា រយៈពេល​បីថ្ងៃ​ជាមួយ​សមភាគី​អ៊ីរ៉ង់ ក្នុងសំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់នេះ។

ជារួម​ក្នុង​វត្តមាន​របស់​លោក​នៅ​ទឹកដី​អាមេរិក លោក​នាយកដ្ឋមន្រ្តី អ៊ីស្រាអែលនឹង​មិន​បាន​ជួប​មន្រ្តី​រដ្ឋាភិបាល​អាមេរិក​ណាម្នាក់​ទេ សូម្បី​តែ​បក្ស​កាន់អំណាច​ក៏គ្មានដែរ។ ពោលគឺ​លោកជួប​តែ​អ្នកតំណាងរាស្រ្ត​មកពី​គណបក្ស​ប្រឆាំង ដែល​លោកជឿថា ជាអ្នកចង់​ឲ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​ទៅលើ​អ៊ីរ៉ង់ តែប៉ុណ្ណោះ។ ប៉ុន្តែ អ្វី​ដែល​ចោទ​ជា​បញ្ហា​គឺ​ថា បើសិន​លោក​ បិនចាមីន នេតានីញ៉ាហ៊ូ​ជាប់ឆ្នោត ធ្វើ​ជានាយរដ្ឋមន្រ្តី​នៅអាណត្តិ​ទីបី នៅ​អ៊ីស្រាអែល នោះ លោក​ត្រូវ​ប្រឈមមុខ​ជា​ថ្មីនឹង​លោក​អូបាម៉ា ដែល​បាន​សន្យា​ថា នឹង​បញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ ជាមួយ​អ៊ីរ៉ង់ ឲ្យ​បាន នៅក្នុង​អាណត្តិ​របស់លោក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ