ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
អាមេរិក

Jeffrey Epstein មហាសេដ្ឋី​អាមេរិក​​​ជាប់ចោទ​ពីបទ​បំពាន​ផ្លូវភេទ​ស្ត្រី​ ស្លាប់​​ក្នុង​គុក

media  
មហាសេដ្ឋីជាប់ចោទឈ្មោះ Jeffrey Epstein។ រូបថតដោយ New York State Division of Criminal Justice Services New York State Division of Criminal Justice Services/Handout/Fil

មហាសេដ្ឋីអាមេរិកវ័យ៦៦ឆ្នាំ​ ឈ្មោះ Jeffrey Epstein ដែលជាប់ចោទពីបទរំលោភបំពាន​ផ្លូវភេទ លើស្ត្រីវ័យក្មេងជាច្រើននាក់ ហើយដែលថ្ងៃសវនាកា ជិតចូលមកដល់នោះ ត្រូវបាន​គេប្រទះឃើញស្លាប់ ក្នុងបន្ទប់ឃុំឃាំង នៅ​ពន្ធនាគារក្រុងញូយ៉ក។ បើតាមការសន្និដ្ឋានបឋម ការស្លាប់នេះ ទំនងជាករណី​ធ្វើអត្តឃាត។ តែយ៉ាងណា FBI នឹងស៊ើបអង្កេតស៊ីជម្រៅ ដើម្បីស្វែងរកការពិត ជុំវិញការស្លាប់នេះ ព្រោះថាសវនាកា កាត់ទោសជននេះ អាចជាប់ពាក់ព័ន្ធ ជាមួយមនុស្សគ្រាក់ៗមួយចំនួន នៅសហរដ្ឋអាមេរិក។

ដំណឹងស្តីពីការស្លាប់ របស់​មហាសេដ្ឋីអាមេរិក Jeffrey Epstein ដែលជាប់​ចោទពីបទបៀតបៀនផ្លូវភេទលើអនីតិជន បានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង ជាពិសេស ជនរងគ្រោះជាច្រើននាក់ ដែលកំពុងរងចាំសវនាកា​ កាត់ទោសជននេះ។ យោងតាមរដ្ឋបាល​មន្ទីរឃុំឃាំង ក្នុងសង្កាត់ម៉ាន់ហាតាន់ ក្រុងញូយ៉ក ដែលបញ្ជាក់ប្រាប់កាសែត New York Times បាន​ឲ្យដឹងថា នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃសៅរ៍ទី​​១០សីហា ជនជាប់ចោទឈ្មោះ Jeffrey Epstein ត្រូវបានគេប្រទះឃើញស្លាប់ ដោយចងក នៅក្នុងបន្ទប់ឃុំឃាំង។ ប្រភពពី​មន្ទីរឃុំឃាំងដដែល បញ្ជាក់ថាបើពិនិត្យមើលពីខាងក្រៅ គឺការស្លាប់នេះ ទំនងជាការធ្វើអត្តឃាត។

ដោយឡែក លោក William Barr រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក បានលើកឡើងថា ករណីស្លាប់ជនឈ្មោះJeffret Epstein នេះ បានចោទជាសំណួរជាច្រើន ទាក់ទិននឹងអង្គសវនាកា ស្វែងរកយុត្តិធម៌។ លោកថា ក្រសួងយុត្តិធម៌ នឹងបើកការស៊ើបអង្កេតបន្ថែម ព្រមជាមួយនឹងក្រុមFBI ដើម្បីស្វែងរកការពិត ជុំវិញការស្លាប់នេះ ថាពិតជាករណីធ្វើអត្តឃាតមែន ឬយ៉ាងណា។

សូមបញ្ជាក់ថា ជនឈ្មោះ Jeffrey Epstein ត្រូវបានចាប់បញ្ជូនខ្លួន​ទៅឃុំ រងចាំសវនាកា កាលពីថ្ងៃទី​៦ ខែកក្កដា។ មានសាក្សី និងជនរងគ្រោះជាស្ត្រី ជាច្រើននាក់ បានដាក់ពាក្យប្តឹងចោទជននេះ ថាបាន​កេងប្រវញ្ច រំលោភបំពានផ្លូវភេទ។ នៅរវាងឆ្នាំ២០០២ ដល់ ២០០៥ មានស្ត្រីវ័យក្មេង ដែលខ្លះអាយុត្រឹម១៤ឆ្នាំ បានអះអាងថា ជាជនរងគ្រោះ នៃសកម្មភាពបោកបញ្ឆោតបំពារបំពានផ្លូវភេទ ពីសំណាក់មហាសេដ្ឋីរូបនេះ។ ជនរងគ្រោះ និងសាក្សី បានអះអាងជននេះ គឺជាមនុស្ស​ល្មោភកាមបំផុត។

គួរកត់សំគាល់ថា ជនឈ្មោះ Jeffrey Epstein ត្រូវបានគេស្គាល់ថាគឺជាមហាសេដ្ឋី ដែលចូលចិត្តដើរចាយ សប្បាយហ៊ឺហា និងរាប់អានជាមួយមនុស្សល្បីៗ ព្រមទាំងអ្នកមានអំណាច ឬអ្នកនយោបាយធំៗ​ ជាច្រើននាក់។ ក្នុងនោះ លោកដូណាល់ ត្រាំ និងលោក​ប៊ីល គ្លីនតុន ក៏ធ្លាប់ជាមិត្តស្និទស្នាល នឹងជននេះផងដែរ។ នៅក្នុងបទសម្ភាសន៍មួយ នៅឆ្នាំ២០០២ លោកដូណាល់ ត្រាំ ធ្លាប់បាននិយាយថា Jeffrey Epstein គឺជាមនុស្សចូលចិត្តស្រីៗរូបស្អាត ដូចលោកដែរ ហើយ​ជាពិសេសនោះគឺស្រីក្មេងៗតែម្តង។​ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីដឹងដំណឹង​ស្លាប់ របស់ជនJeffrey Epstein នេះ លោកដូណាល់ ត្រាំ បានសរសេរ​សារ Twitter ក្នុងន័យបង្កើតការសង្ស័យ ដោយគ្មានភស្តុតាង ថាលោក ប៊ីល គ្លីនតុន ទំនងជាអាចជាប់​ពាក់ព័ន្ធនឹង​ករណីស្លាប់នេះ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ