អានតួអត្ថបទ
អាមេរិក-អាកាសធាតុ

លោក​ចនឃេរី៖ ការប្រែប្រួល​អាកាសធាតុ​គំរាមកំហែង​សន្តិសុខ​ពិភពលោក

លោក​ប្រមុខការបរទេស​អាមេរិក ចន ឃេរី បានព្រមាន​កាលពីថ្ងៃ​សៅរ៍ម្សិលមិញ ថា ការឡើង​កំដៅ នៃ​ភព​ផែនដី​បាន​គំរាម​កំហែង​​សន្តិសុខ​ពិភពលោក។ ក្នុង​សុន្ទរកថា ថ្លែង​ទៅ​កាន់​អ្នកតំណាង​រដ្ឋាភិបាល​មកពី​ប្រទេស​ជាង ១៤០ នៅក្នុង​ពិព័រណ៌ សកល នៅ​ទីក្រុង​មីឡង់ ប្រទេស​អ៊ីតាលី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ទាមទារ​ជាថ្មី ឲ្យ​គ្រប់​ប្រទេស​ចូលរួម​កាត់បន្ថយ ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​ជួយទប់​កុំឲ្យ​កំដៅផែនដី កើនឡើង ច្រើន​ជាង ២​អង្សារសេ។

រដ្ឋមន្រ្តីការបរទេស​អាមេរិក​ថ្លែង​សុន្្ទរកថា នៅ​ពិព័រណ៌​សកល​ក្រុង​មីឡង់ ថ្ងៃ​ទី ១៧​តុលា
រដ្ឋមន្រ្តីការបរទេស​អាមេរិក​ថ្លែង​សុន្្ទរកថា នៅ​ពិព័រណ៌​សកល​ក្រុង​មីឡង់ ថ្ងៃ​ទី ១៧​តុលា ©REUTERS/Alessandro Garofalo
ផ្សាយពាណិជ្ជកម្ម

ការប្រែប្រួល​អាកាសធាតុ​មិនត្រឹម​គំរាមកំហែង​សន្តិសុខ​ស្បៀង​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​គំរាមកំហែង​សន្តិសុខ​ពិភពលោក​ទាំងមូល។ ​លោក​ប្រមុខ​ការបរទេស​អាមេរិក បាន​ព្រមាន​យ៉ាងដូច្នេះ នៅក្នុង​ពេល​លោក​ថ្លែង​សុន្ទរកថា នៅក្នុង​ពិព័រណ៌​សកល ក្នុង​ក្រុង​មីឡង់ ប្រទេស​អ៊ីតាលី កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ។

 
តាមរដ្ឋមន្រ្តី​ការបរទេស​អាមេរិក ការប្រែប្រួល​អាកាសធាតុ​ជា​មូលហេតុ​ចំបង​មួយ ក្នុង​ចំណោម​មូលហេតុ​ច្រើន​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ជួប​ក្រពុលមុខ​នឹង​វិបត្តិ​ជនភៀសខ្លួន ហើយ​និង​សង្រ្គាម នៅ​ស៊ីរី។ វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​សង្រ្គាម​ស៊ីវិល​ផ្ទុះឡើង នៅ​ស៊ីរី។ ប្រទេស​នេះ​បាន​ជួប​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ ដែល​ធ្វើ​ប្រជាជន​ជាង ១លាន ៥សែន​នាក់ ធ្វើ​ចំណាកស្រុក ទៅ​រស់នៅ​ទីក្រុង។ គ្រោះរាំងស្ងួត​មិនមែន​ជា​អ្នកជំរុញ ដោយ​ផ្ទាល់ ឲ្យ​មាន​សង្រ្គាម ទេ ប៉ុន្តែ វា​មាន​លទ្ធភាព ធ្វើ​ឲ្យ​រងើកភ្លើង​សង្រ្គាម​ឆាបឆេះឡើង ហើយនិង​បង្ក​ការស្មុគស្មាញ ដល់​ថ្នាក់ដឹកនាំ​ប្រទេស។

“ប្រាកដ​ណាស់ សង្រ្គាម​នៅ​ស៊ីរី បច្ចុប្បន្ន​មិនមែន​កើតឡើង​ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ​ទេ។ សង្រ្គាម​ស៊ីរី ផ្ទុះឡើង ដោយសារ​តែ​នយោបាយ​បង្រ្កាប​ហិង្សា ការបង្អត់​អាហារ និង​ការធ្វើ​ទារុណកម្ម ពី​សំណាក់​មេដឹកនាំ​ផ្តាច់ការ​ស៊ីរី។ ប៉ុន្តែ គេ​ត្រូវ​ទទួល​ស្គាល់​ដែរ​ថា គ្រោះរាំងស្ងួត ដែល​បណ្តាល​មកពី​ការប្រែប្រួល​អាកាសធាតុ បាន​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​ស៊ីរី កាន់តែ​ធ្លាក់​ធ្ងន់ធ្ងរ នៅ​ឆ្នាំ ២០១១។”។ នេះ​ជា​ការវិភាគ​របស់​លោក​ចន ឃេរី។

ប្រមុខការបរទេស​អាមេរិក នៅ​បាន​លើកឡើង​ថា វិបត្តិ​ជនភៀសខ្លួន​ដែល​អឺរ៉ុប​កំពុង​ប្រឈម សព្វថ្ងៃ កើតមាន​ឡើង​ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ។ អឺរ៉ុប​នឹង​ជួប​វិបត្តិ​ជនភៀសខ្លួន​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត ប្រសិន​បើ​ទឹកដី​មួយផ្នែក​របស់​ផែនដី ត្រូវ​គេ​បោះបង់​ចោល លែងរស់នៅ ដោយសារ​តែ​គ្រោះរាំងស្ងួត ឬ​ដោយសារ​ការឡើង​នៃ​កម្រិត​ទឹកសមុទ្រ​ជាដើម។

រដ្ឋមន្រ្តីការបរទេស អាមេរិក បាន​ឆ្លៀត​ឱកាស​យក​ពិព័រណ៌ សកល នៅ​មីឡង់ ដើម្បី​និយាយ​ពី​សារសំខាន់​នៃ​កិច្ចព្រមព្រៀង ដែល​គេ​ត្រូវ​រក​ឲ្យ​បាន នៅក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​ត្រូវ​រៀបចំ​ធ្វើ​នៅ​ក្រុង​ប៉ារីស នៅ​ដើម​ខែ​ធ្នូ ដែល​នៅក្នុង​នោះ ប្រទេស​ឧស្សាហកម្ម​ត្រូវ​សន្យា ចូលរួម​​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​ធ្វើទប់ទល់​កុំ​ឲ្យ​កំដៅ​ផែនដី​កើនឡើង ខ្ពស់​ជាង ២អង្សារសេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ