អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តំណាងរាស្រ្ត​អាមេរិក​អំពាវនាវ​អោយ​លោកអូបាម៉ា​ទទួល​ស្គាល់​អំពើ​ប្រល័យពូជសាសន៍​ជនជាតិ​អាមេនី

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​សប្តាហ៍​មុន​ ក្រុម​តំណាង​រាស្រ្ត​អាមេរិក​ជាង​ ៤០ នាក់​បាន​ដាក់​សំណើរ​សុំ​សេចក្តី​សំរេច​ចិត្ត​មួយ​អោយ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ប្រកាស​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​ជនជាតិ​អាមេនី។​ ពាក្យ​ប្រល័យ​ពូជសាសន៍​ ដែល​មក​ដល់​ពេល​នេះ​ លោក​ប្រធានាធិបតី​អាមេរិក​មិន​ដែលធ្លាប់​បាន​ថ្លែង​ចេញ​ពី​មាត់​សោះ​ឡើយ នៅ​ក្នុង​អាណ្ណត្តិ​របស់​លោក។ ​សេចក្តី​ស្នើសុំ​របស់​ក្រុម​តំណាង​រាស្រ្ត​អាមេរិក​គឺ​ ធ្វើឡើង​គាប់​ជួន​ពេល​ដែល​ពិធី​រំលឹក​ខួប​ ១០០ ឆ្នាំ ​នៃ​ការ​សំលាប់​រង្គាល​មក​លើ​ជនជាតិ​អាមេនី​បាន​ខិតជិត​មក​ដល់។​ ថ្ងៃ​ទី​២៤ ខែ​មេសា​ ឆ្នាំ​១៩១៥ ត្រូវ​បាន​គេ​ចាត់​ទុកថា​ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ ដែល​កងព័ទ​ប្រទេស​តួកគី​បាន​បើក​យុទ្ធនាការ​បោស​សំអាត និង​បណ្តេញ​ជនជាតិ​អាមេនី​ចេញ​ពី​ប្រទេស​របស់​ខ្លួន។

លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក
លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក ©Reuters
ផ្សាយពាណិជ្ជកម្ម

ការ​សន្យា​របស់​លោក​ អូបាម៉ា​ កាល​ពីឆ្នាំ​ ២០០៨
អ្នក​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ​បាន​ដាក់​សំណើ​សុំ​សេចក្តី​សំរេច​ចិត្តមួយ​អោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ហ៊ាន​ប្រកាស​ទទួល​ស្គាល់​ជាផ្លូវការ​អំពើ​ប្រល័យ​ពូជ​សាសន៍​ ដែល​បាន​កើតឡើង​មក​លើ​ជន​ជាតិ​អាមេនី។ ​សេចក្តី​ស្នើ​នេះ​ក៏​បាន​សំណូម​ពរ​អោយ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ជួយ​សំរួល​ទំនាក់​ទំនង​រវាង​ប្រទេស​តួកគី​ និង​ប្រទេស​អាមេនី​អោយ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន។​ ក្រុម​អ្នក​តំណាង​រាស្រ្ត​ទាំង​នោះ​ចង់​ឃើញ​តួកគី​ និង​អាមេនី​ស្តា​ទំនាក់​ទំនង​ការទូត​ឡើងវិញ​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ទទួល​ស្គាល់​ពេញលេញ​នូវ​ព្រឹត្តិការណ៍​ និង​ផលវិបាក​បន្តបន្ទាប់​ ដែល​បាន​កើតចេញ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​ជនជាតិ​អាមេនី។

ក្នុង​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​ ២០០៨ លោក​ អូបាម៉ា​ ធ្លាប់​បាន​សន្យា​ថា​នឹង​ប្រកាស​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​នេះ។​ ប៉ុន្តែ​ មក​ដល់​ពេល​នេះ​ ក្នុង​នាម​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ អូបាម៉ា​ មិន​ដែល​ធ្លាប់​ប្រើ​ពាក្យ​ប្រល័យ​ពូជសាសន៍​អោយ​ចំឡើយ​ តួយ៉ាង​ដូចជា​នៅ​ក្នុង​រាល់​សេចក្តី​ប្រកាស​ព័ត៌មាន​រៀងរាល់​ឆ្នាំ ​នាថ្ងៃ​រំលឹកខួប​ទី​២៤ ខែ​មេសា។​ កាល​ពី​ឆ្នាំ​ ២០១៤​ លោក​ អូបាម៉ា​​ គ្រាន់​តែ​ថ្លែង​ថា​ សោកនាដកម្ម​របស់​ជនជាតិ​អាមេនី​ជា​អំពើ​ឃោឃៅ​មួយ​ដ៏​អាក្រក់​បំផុត​នៅ​សតវត្ស​ទី​២០​ ហើយ​លោក​ប្រធានាធិបតី​បាន​អំពាវ​នាវ​អោយ​មាន​ការ​ទទួល​ស្គាល់​អោយ​បាន​ពេញលេញ​ ស្មោះ​អស់​ពីចិត្ត​ និង​ត្រឹមត្រូវ​ចំពោះ​ហេតុការណ៍​ ដែល​បាន​កើត​ឡើង​កាលពី​ ១០០ ឆ្នាំ​មុន។

គួរ​រំលឹក​ផងដែរ​ថា ព្រឹទ្ធសភា​អាមេរិក​ធ្លាប់​បាន​ប្រកាស​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​នេះ​ ក្រោយ​ពី​មាន​ការ​អនុម័ត​ពី​សភា​តំណាង​រាស្រ្ត​កាលពី​ឆ្នាំ​ ១៩៧៥ និង​ ១៩៨៤។​ កាល​ពី​ឆ្នាំ​ ១៩៨១​ លោក​ប្រធានាធិបតី​ Ronald Reagan ធ្លាប់​បាន​ធ្វើ​ថ្លែង​សុន្ទរកថា​មួយ​ ដោយ​ក្នុង​នោះ​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​និយាយចំៗ​ពី​អំពើ​ប្រល័យ​ពូជសាសន៍លើ​ជនជាតិ​អាមេនី។

ទំនាក់​ទំនង​អាមេរិក និង​តួកគី
គិត​មក​ដល់​ពេល​នេះ​ មាន​ប្រទេស​ចំនួន​ ២១ បាន​ទទួល​ប្រកាស​ស្គាល់​អំពើប្រល័យ​ពូជសាសន៍​ប្រឆាំង​ជនជាតិ​អាមេនី ក្នុង​នោះ​មាន​ដូចជា​ សហរដ្ឋ​អាមេរិក​ បារាំង​ កាណាដា​ រុស្សី​ ជាដើម។​ ប៉ុន្តែ​ ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​សាធារណៈ​ លោក​ប្រធានាធិបតី​អូបាម៉ា​ពុំ​ដែល​ហ៊ាន​និយាយ​ពាក្យ​ប្រល័យ​ពូជសាសន៍​អោយ​បាន​ពេញមាត់ឡើយ។​ គេ​នៅ​ចាំថា​ កាលពី​ឆ្នាំ​ពី​២០១០ និង ២០១៤​ នៅ​ពេល​ដែល​គណៈកម្មការ​កិច្ច​ការ​បរទេស​សភា និង​ព្រឹទ្ធសភា អាមេរិក​បាន​បោះឆ្នោត​បើកផ្លូវ​អោយ​មាន​ការ​ប្រើ​ពាក្យ​ប្រល័យ​ពូជសាសន៍​ជា​ផ្លូវការ​ ទំនាក់​ទំនង​រវាង​តួកគី​ និង​សហរដ្ឋ​អាមេរិក​​ហាក់​មាន​ភាព​ប្រេះស្រាំ។​ ស្ថិតក្នុង​បរិបទ​នៃ​ភូមិសាស្រ្ត​នយោបាយ​ក្នុង​តំបន់​ សព្វថ្ងៃ​នេះ​ សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវ​ការ​កិច្ច​សហការ​ជាមួយ​តួកគី។

តើ​ពិត​ជា​មាន​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនីមែន​ឬ?
សំណុំរឿង​សម្លាប់រង្គាល​លើ​ជនជាតិ​អាមេនី​គឺជា​ប្រធានបទ​ដ៏រសើប​បំផុត​សំរាប់​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​ ជាពិសេស​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​ និង​អាមេរិក​ខាងជើង​ ​ដែល​មាន​សហគមន៍​ជនជាតិ​អាមេនី​រស់នៅ​ច្រើន។ បច្ចុប្បន្ន​នេះ​ ប្រទេស​តួកគី​ ដែល​មាន​ភូមិ​ផង​របង​ជាមួយ​ប្រទេស​អាមេនី​នៅ​តែ​បដិសេធ​មិន​ទទួល​ស្គាល់​ថា​ បាន​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​គ្រោងទុក​ជាមុន​ប្រឆាំង​នឹង​ជនជាតិ​អាមេនី។ ប្រទេស​តួកគី​តែងតែ​បកស្រាយ​ថា​ មាន​ជនជាតិ​អាមេនី​ប្រមាណ​តែ​ ៥ សែន​នាក់​ប៉ុណ្ណោះ​​បាន​ស្លាប់​បាត់បង់​អាយុជិវិត​ដោយសារ​ការ​ប្រយុទ្ធគ្នា​ និង​គ្រោះ​អត់ឃ្លាន​។

ផ្ទុយ​ទៅវិញ​ ប្រទេស​អាមេនី ​ក៏​ដូចជា​សហគមន៍​អាមេនី​នៅឯ​នាយសមុទ្រ​បាន​និយាយ​ថា ​​ចន្លោះ​ពី​ខែ​មេសា ​ឆ្នាំ​១៩១៥​ ដល់​ខែ​កក្កដា​ ឆ្នាំ​១៩១៦​ មាន​ប្រជាជន​អាមេនី​ចំនួន​ ១ លាន​ ៥ សែន​នាក់​ត្រូវ​បាន​សំលាប់​ដោយ​ស្វ័យប្រវត្តិ​ តាម​រយៈ​ការ​ធ្វើទុក្ខ​បុកម្នេញ​ និង​ការ​ជម្លៀស​ខ្លួន​ បណ្តេញ​ចេញ​ពី​ប្រទេស​តួកគី។ លោក​ Taner Akcam សង្គមវិទូ​ និង​ប្រវត្តិ​វិទូ​តួកគី​បាន​វិភាគ​ថា​ សំណុំរឿង​សំលាប់​រង្គាល​ជនជាតិ​អាមេនី​មាន​លក្ខណៈ​ស្មុគស្មាញ​ ពិសេស​ការ​ប្រើពាក្យ​ប្រល័យ​ពូសាសន៍។​ ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​នេះ​ពី​សំណាក់​រដ្ឋាភិបាល​ ឬ​ប្រមុខ​ដឹកនាំ​ណា​មួយ​តែង​បញ្ឆេះ​កំហឹង​រដ្ឋាភិបាល​ប្រទេស​តួកគី​ ។​ តួកគី​ទំនើប​ ដែល​មាន​ឈ្មោះ​ថា ​សាធារណរដ្ឋ​​តួកគី ​ត្រូវបាន​បង្កើត​ឡើង​កាលពីឆ្នាំ​ ១៩២៣​ ដោយ​បាន​បន្ត​វេន​ពី​ចក្រភព​អូតូម៉ង់​ ដែលជា​តួកគី​បុរាណ។

តួកគី​បច្ចុប្បន្ន​ទទួល​ស្គាល់​ការពិត​ថា​ មាន​ការ​បាត់បង់​អាយុជិវិត​ជនជាតិ​អាមេនី​ ក្នុង​អំឡុង​សង្គ្រាម​ប្រឆាំង​នឹង​ការ​បះបោរ​របស់​ជនជាតិ​អាមេនី​ រស់​នៅ​ក្នុង​ប្រទេស​តួកគី​។​ ប៉ុន្តែ​ យុទ្ធនាការ​សំលាប់​រង្គាល​កាលនោះ​គឺ ដឹកនាំ​ដោយ​គណកម្មាធិការ​សហភាព និង​វឌ្ឈនភាព​ ឬ​គេ​ហៅថា​ គណបក្ស​យុវជន​តួកគី។​ គឺ​ក្រុម​គណបក្ស​យុវជន​តួកគី​នេះ​ហើយ​ ដែល​បាន​ចាប់​ផ្តើម​ដឹកនាំ​បដិវត្តន៍​ទំលាក់​របប​ស្តេច​ស៊ុលតង់​របស់​ចក្រភព​អូតូម៉ង់​ នាឆ្នាំ​១៩០៨។ ឆ្លៀត​ឱកាស​​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​លោកលើក​ទី​១​ គណបក្ស​យុវជន​តួកគីបាន​បើក​យុទ្ធនាការ​បោស​សំអាត​ជនជាតិ​អាមេនី​រស់នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ក្រោម​ហេតុផល​ចំនួន​ពីរ។​ ទីមួយ​ តួកគី​កាលនោះ​ប្រឈម​នឹង​ការ​បោះបោរ​របស់​សហគមន៍​ជនជាតិ​អាមេនី​។ ទីពីរ​ តួកគី​បារម្ភ​ខ្លាច​ជនជាតិ​អាមេនី​បង្កើត​សម្ព័ន្ធ​មិត្ត​ជាមួយ​រុស្សី​ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដែល​នេះ​ជា​គ្រោះថ្នាក់​ធំ។

អំឡុង​ពេល​នៃ​សង្គ្រាម​លោកលើក​ទី​១​នេះ​ផងដែរ​ តួកគី​បាន​ចាប់ដៃ​ជា​មួយ​សម្ព័ន្ធ​មិត្ត​ត្រី​ភាគគី​ ដែល​មាន​ចក្រភព​អាល្លឺម៉ង់ ចក្រភព​អូទ្រីស​-ហុងគ្រី​ និង​ប្រទេស​អ៊ីតាលី។​ សម្ព័ន្ធ​មិត្ត​នេះ​បាន​ធ្វើ​ចំបាំង​ដណ្តើម​ទឹកដី​ប្រឆាំង​នឹង​ក្រុម​ម្ខាង​ទៀត​ ដែល​មាន​បារាំង អង់គ្លេស​ និង​រុស្សី។ ​ក្រោយ​ចប់​សង្គ្រាម​ និង​ក្រោម​កិច្ច​អន្តរាគមន៍​របស់​ប្រទេស​លោក​ខាងលិច​ សាធារណរដ្ឋ​តួកគី​ថ្មី​មួយត្រូវ​បាន​បង្កើត​ឡើង។​ ហើយ​ ក្រុម​មេដឹកនាំ​របស់​គណបក្ស​យុវជន​តួកគី​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ នាឆ្នាំ​១៩២៦។​ ដោយ​សំអាង​ ហេតុផល​នេះ​ហើយ​ទើប​តួកគី​ទំនើប​ ឬ​សាធារណរដ្ឋ​តួកគី​បច្ចុប្បន្ន​បដិសេធ​មិន​ទទួល​ស្គាល់​ពាក្យ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី​ ហើយ​បាន​ពន្យល់​ថា​គឺ តួកគី​បុរាណ ឬចក្រភព​អូតូម៉ង់​ឯណោះ​ទេ ​ដែល​បាន​ប្រព្រឹត្តិ​ការ​កាប់​សំលាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ