អានតួអត្ថបទ
អវកាស

NASA បញ្ចប់​បេសកកម្ម​សាកល្បង ដាក់​មនុស្ស​៦នាក់​ឲ្យ​រស់នៅ​ដូច​នៅ​លើ​ភព​ព្រះអង្គារ

បេសកកម្ម​សាកល្បង​របស់​ NASA ​ដែល​ដាក់​មនុស្ស​៦នាក់ ​ឲ្យរស់នៅ​ក្នុង​កន្លែង​បិទជិត ​ដូចនៅ​លើ​ភព​ព្រះអង្គារ​ ដែល​មាន​រយៈពេល​មួយ​ឆ្នាំនោះ​ ត្រូវបាន​បិទ​បញ្ចប់​ហើយ ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៨​សីហា ​ ហើយ​អ្នក​ស្ម័គ្រចិត្ត​ទាំង​៦នាក់ ​បាន​ចេញ​មក​ខាងក្រៅ​ ក្នុង​បរិយាការ​ធម្មតា​វិញ ​បន្ទាប់​ពី​បាន​រស់នៅ​ដាច់​ដោយឡែក​អស់​រយៈពេល​ ពេញ​មួយឆ្នាំ។ បេសកកម្ម​សាកល្បង ​ដែល​ប្រព្រឹត្តិ​ធ្វើ​ទៅ​នៅ​លើ​កោះ​ហាវ៉ៃ​នេះ ​ គឺមាន​កម្មវត្ថុ​ដើម្បី​ស្វែងយល់​ ពី​ការ​វិវឌ្ឍន៍​នៃ​ស្ថានភាព​ផ្លូវចិត្ត​របស់​មនុស្ស​យើង ​នៅពេល​ដែល​ត្រូវ​រស់នៅ​ក្នុង​កន្លែង​បិទជិត​ រយៈ​ពេល​វែង ​ដូច​ជា​នៅ​លើ​ភព​ព្រះអង្គារ។

ទីតាំង​កន្លែង​រស់នៅ របស់មនុស្ស​ទាំង​៦នាក់ នៅ​កោះ​Mauna Loe ប្រជុំកោះ Hawaï ដែលមាន​សណ្ឋាន​ដូច​ភព​ព្រះអង្គារ
ទីតាំង​កន្លែង​រស់នៅ របស់មនុស្ស​ទាំង​៦នាក់ នៅ​កោះ​Mauna Loe ប្រជុំកោះ Hawaï ដែលមាន​សណ្ឋាន​ដូច​ភព​ព្រះអង្គារ Neil Scheibelhut / University of Hawaii at Manoa / AFP
ផ្សាយពាណិជ្ជកម្ម

អស់រយៈ​ពេល​មួយ​ឆ្នាំ​ពេញ ​ដែល​អ្នក​ស្ម័គ្រចិត្ត​ទាំង​៦នាក់ ​ត្រូវ​រស់នៅ​ក្នុង​កន្លែង​បិទជិត​ ដែល​មាន​រាងមូល​ទំហំ​អង្កត់​ផ្ចិត​ប្រមាណ​ជា​១១ម៉ែត្រ ​និង​កំពស់​៦ម៉ែត្រ ​តែ​ប៉ុណ្ណោះ។ មនុស្ស​ទាំង​៦នាក់​នេះ ​ គឺ​មាន​ម្នាក់​ជា​អ្នក​ជំនាញ​ជីវវិទ្យា​ក្រៅ​ភព​ផែនដី​ ជា​ជាតិ​បារាំង​ ម្នាក់​ជា​ស្ត្រី​ជនជាតិ​អាល្លឺម៉ង់​ជំនាញ​រូបវិទ្យា ​ និងបួន​នាក់​ទៀត​ជា​ជនជាតិ​អាមេរិក។ ក្នុងនោះ​មាន​ អ្នក​បើក​យន្តហោះ​ម្នាក់ ​ ស្ថាបត្យករ​ម្នាក់ ​ វិជ្ជបណ្ឌិត​ម្នាក់ ​និង​អ្នក​វិទ្យាសាស្ត្រ​ជំនាញ​ធរណីវិទ្យា​ម្នាក់។

 
អ្នក​ទាំង​៦នាក់​នេះ ​គឺ​ជា​អ្នក​ស្ម័គ្រចិត្ត​ ដែល​វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​ NASA​ បាន​ជ្រើសរើស ​ដើម្បី​ធ្វើ​ការ​សាកល្បង​រស់នៅ​ក្នុង​កន្លែង​បិទជិត ​ដូច​នៅ​ក្នុង​បរិយាកាស​លើ​ភព​ព្រះអង្គារ។ បេសកកម្ម​នេះ ​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី​ ២៨​ សីហា​ ឆ្នាំ​២០១៥ ​ ដែល​មាន​ទីតាំង​នៅ​លើ​កោះ​ Mauna Loe  ​ក្នុងប្រជុំ​កោះ​ហាវ៉ៃ ​ដែល​ជា​​តំបន់​ភ្នំភ្លើង​ ហើយ​ដែល​ស្ថានភាព​ដី ​ មាន​ភាព​ស្រដៀង​គ្នា​ខ្លាំង​ទៅ​នឹង​ភព​ព្រះអង្គារ។

ក្នុង​រយៈ​ពេល​១ឆ្នាំ ​មនុស្ស​ទាំង​៦នាក់​ អាច​ប្រើប្រាស់​សេវា​អ៊ីនធើនែត ​បាន​តិចតួច​បំផុត​ ហើយ​ត្រូវ​បរិភោគ​ចំណី​អាហារ​វិចខ្ចប់​ពិសេស ​ដែល​កិន​ម៉ដ្ឋ​ជា​ម្សៅ។ ហើយ​ពេល​ចេញ​មក​ខាង​ក្រៅ​យូរៗ​ម្តង​ អ្នក​ទាំងនោះ​ត្រូវ​ពាក់​នូវ​សម្លៀកបំពាក់ ​និង​ឧបករណ៍​ការពារ​ដូច​នៅ​លើ​ភព​ព្រះអង្គារ។
 

http://u.afp.com/Z9RG

អ្នក​ស្ម័គ្រចិត្ត​ជន​ជាតិ​បារាំង ​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន ​ថា​ខ្លួន​គេ​មាន​អារម្មណ៍​ចំលែក​ជា​ទី​បំផុត ​ នៅ​ពេល​ដែល​បាន​ចេញ​មក​ខាង​ក្រៅ​ ក្នុង​បរិយាកាស​ធម្មតា​វិញ ​និង​ជា​ពិសេស​ នៅ​ពេល​បាន​បរិភោគ​ចំណីអាហារ​ផ្លែឈើ​ស្រស់ៗ​វិញ។ លោក​បន្ត​ថា​អ្វី​ដែល​ជា​ការ​លំបាក​បំផុត ​ក្នុង​រយៈពេល​១ឆ្នាំ​នៃ​ការ​រស់នៅ​នេះ ​ គឺ​ភាព​ឯកោ​ មិនមាន​ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅ។ អ្វី​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវ​ជំនះ ​គឺ​ភាព​អផ្សុក​នេះ ​ ហើយ​ត្រូវ​តែ​រកវិធី ​ដើម្បី​កុំ​ឲ្យ​វា​មក​រំខាន​ដល់​ផ្លូវចិត្ត​ និង​សតិ​អាម្មណ៍។

សូម​បញ្ជាក់​ថា​បេសសកម្ម​នេះ ​ឈ្មោះថា​បេសកកម្ម​ HI-SEAS  ​ក្នុង​កម្មវត្ថុ​សាកល្បង​ស្វែង​យល់​ពី​ដំណើរ​វិវឌ្ឍន៍​ នៃ​កត្តា​ចិត្តសាស្ត្រ​របស់​មនុស្ស​ម្នាក់ៗ​ ដែល​ត្រូវ​រស់នៅ​ក្នុង​លក្ខខណ្ឌ​បិទជិត ​ខុស​ពី​ភព​ផែនដី។ ​វិទ្យាស្ថាន​អវកាស ​NASA​ កំពុង​តែ​ស្វែងរក​អ្នក​ស្ម័គ្រចិត្ត​ផ្សេងទៀត ​ដើម្បី​ធ្វើ​បេសកកម្ម​សាកល្បង​ប្រភេទ​នេះ​សាជាថ្មី ​ក្នុង​ឆ្នាំ​២០១៧​និង​២០១៨ ​ មុន​នឹង​ឈាន​ទៅ​បញ្ជូន​មនុស្ស​ទៅ​រស់​នៅ​សាកល្បង​នៅ​លើ​ភព​ព្រះអង្គារ​ដោយ​ផ្ទាល់ ​នៅរវាង​ឆ្នាំ​២០៣០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ