លោក បារាក់ អូបាម៉ា សំរេចដកបំរាមដែលហាមឃាត់ការបញ្ជូនអាវុធធុនធ្ងន់អោយអេហ្ស៊ីប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១២
កាលពីសប្តាហ៍មុន លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានសំរេចចិត្តផ្តល់ជំនួយយោធាឡើងវិញទៅអោយប្រទេសអេហ្ស៊ីប។ សេចក្តីសំរេចនេះគឺ អនុញ្ញាតិអោយបញ្ជូនអាវុធធន់ធ្ងន់ទៅយោធាអេហ្ស៊ីប។ លោក អូបាម៉ា មានក្តីព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងតំបន់ជុំវិញ ប្រទេសអេហ្ស៊ីប ដែលកំពុងតែជួបវិត្តិវ៉ឹកវរ។ យោងតាមសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ការដកបំរាមនេះគឺ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព ក្នុងនាមជាដៃគូផែ្នកយោធាអស់រយៈពេលជាច្រើនឆ្នាំរវាងប្រទេសទាំងពីរ។ ប៉ុន្តែ ការរីករាលដាលឥទ្ធិពលរបស់ក្រុមអង្គការរដ្ឋអ៊ីស្លាមក្នុងតំបន់ទំនងជាត្រូវបានមើលឃើញថា ជាហេតុផលសំខាន់នៃការសំរេចចិត្តនេះ។ សហរដ្ឋអាមេរិកបានដាក់បង្កកមិនអោយបញ្ជូនអាវុធធន់ធ្ងន់ទៅកាន់ប្រទេសអេហ្ស៊ីប ក្រោយពីរដ្ឋាភិបាលអេហ្ស៊ីបថ្មីបានបើកយុទ្ធនាការបង្ក្រាបបង្ហូរឈាមប្រឆាំងនឹងក្រុមអ្នកគាំទ្រអតីតៈប្រធានាធិបតី មូហាមេដ ម័រស៊ី (Mohammed Morsi)។
កាលពីខែតុលា ឆ្នាំ២០១៣ ទីក្រុងវ៉ាស៊ីងតោនបានផ្អាកជំនួយយោធាទៅអោយទីក្រុងគែរ។ កាលនោះ សហរដ្ឋអាមេរិកបានដាក់លក្ខខ័ណ្ឌដល់ប្រទេសអេហ្ស៊ីបអោយធ្វើកំណែរទំរង់លិទ្ធិប្រជាធិបតេយ្យជាមុនសិន ប្រសិនបើចង់ទទួលបានជំនួយយោធាអាមេរិកឡើងវិញ។ ប៉ុន្តែ គិតមកដល់ពេលនេះ ស្ថានភាពបានប្រែប្រួលធ្វើអោយសហរដ្ឋអាមេរិកប្តូរចិត្តវិញ។ ការប្តូរចិត្តនេះគឺ ដោយសារតែកត្តាពីរយ៉ាង។ ទីមួយ អាមេរិកមិនអាចមើលរំលងតួនាទីរបស់អេហ្ស៊ីបក្នុងតំបន់ក្នុងការធ្វើសង្គ្រាមប្រឆាំងក្រុមអង្គការរដ្ឋអ៊ីស្លាម។ ទីពីរ អាមេរិកយល់ឃើញថា អេហ្ស៊ីបជាប្រទេសមានប្រជាជនច្រើនជាងគេ និងមានកំលាំងទ័ពខ្លាំង ក្នុងចំណោមប្រទេសអារ៉ាប់ទាំងឡាយ។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីសប្តាហ៍មុន លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសប្រាប់សមភាគីអេហ្ស៊ីបគឺ លោកប្រធានាធិបតី Abdel Fattah al-Sissi អំពីការផ្តល់ជំនួយយោធាឡើងវិញ។ សព្វាវុធធន់ធ្ងន់ដែលសហរដ្ឋអាមេរិកបានសន្យាផ្តល់ជូន ប៉ុន្តែត្រូវបានបង្កកមិនបញ្ជូនរួមមាន៖ យន្តហោះចំបាំង F-16 ចំនួន ១២ គ្រឿង, ម៉ីសីលប្រភេទ Harpoon ចំនួន ២០ គ្រាប់ និងសំភារៈសំរាប់រថពាសដែក Abrams M1A1។
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ការសំរេចចិត្តនេះគឺ ដើម្បីឆ្លើយតបទៅនឹងតំរូវការរួមគ្នារវាងប្រទេសទាំងពីរ ពិសេសការរក្សាលំនឹងស្ថានភាព ក្នុងតំបន់ក្បែរខាងប្រទេសអេហ្ស៊ីប ដែលកំពុងតែជួបអស្ថិរភាព។ បច្ចុប្បន្ននេះ ប្រទេសអេហ្ស៊ីប និងប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងចូលរួមជាមួយបណ្តាប្រទេសសមាជិកសម្ព័ន្ធអារ៉ាប់ ក្នុងការបង្កើតកងយោធាពហុជាតិអារ៉ាប់មួយ។ កងកំលាំងចំរុះជាតិសាសន៍អារ៉ាប់នេះអាចនឹងលេចចេញរូបរាង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ បើតាមការវិភាគទូទៅ គេកំពុងតែមើលឃើញពីតួនាទីដ៏សំខាន់បំផុតរបស់កងទ័ពអេហ្ស៊ីប ក្នុងសង្គ្រាមទប់ស្កាត់ការវាតទីរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ បច្ចុប្បន្ននេះ ពួកជីហាតកំពុងប្រព្រឹត្តអំពើឃោរឃៅនៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ហើយ ពួកនេះកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់ខ្ពង់រាបស៊ីណៃប្រទេសអេហ្ស៊ីប។
ឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែង បច្ចុប្បន្ននេះ ប្រទេសអេហ្ស៊ីបកំពុងរ៉ាប់រងបើកយុទ្ធនាការធ្វើសង្គ្រាមប្រឆាំងពួកជីហាតរបស់អង្គការរដ្ឋអ៊ីស្លាមនៅប្រទេសលីប៊ី។ ចំណែកប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងដឹកនាំប្រតិបត្តិការយោធានៅប្រទេសយេម៉ែន ដើម្បីទប់ស្កាត់ការវាយសំរុករបស់ក្រុមឧទ្ទាមហ៊ូទ្សី(ក្រុមប្រដាប់អាវុធអ៊ីស្លាមនិកាយស្ហ៊ីអ៊ីតគាំទ្រដោយប្រទេសអ៊ីរ៉ង់)។ អ្វីដែលហាក់ដូចជាចំលែកនោះគឺ ការផ្លាស់ប្តូរចិត្តរបស់ភាគីអាមេរិកពេលនេះគឺ ត្រូវបានធ្វើឡើងពីរខែ បន្ទាប់ពីអេហ្ស៊ីបបានចុះហត្ថលេខាជាមួយបារាំងលើកិច្ចព្រមព្រៀងទិញយន្តហោះចំបាំង Rafale។ សូមបញ្ជាក់ថា អេហ្ស៊ីបបានសំរេចចិត្តបញ្ជាទិញយន្តហោះចំបាំង Rafale ចំនួន ២៤ គ្រឿង ក្នុងទំហំទឹកប្រាក់ ៥ ពាន់លានអ៊ឺរូ។ ការណ៍នេះអាចបង្ហាញអោយឃើញពីឆន្ទៈរបស់ប្រទេសអេហ្ស៊ីប ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់សព្វាវុធទំនើបផ្សេងៗពីប្រទេសដទៃ ជាជាងពឹងផ្អែកតែលើសព្វាវុធអាមេរិក។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះផងដែរ លោក អូបាម៉ា ក៏បានជំរាបជូនប្រធានាធិបតីអេហ្ស៊ីបថា ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកនឹងនៅតែបន្តផ្តល់ជំនួយយោធាទៅអោយប្រទេសអេហ្ស៊ីប។ គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិកផ្តល់ជំនួយថវិកាសរុបចំនួន ១៥០០ លានដុល្លារដល់ប្រទេសអេហ្ស៊ីប ក្នុងនោះទឹកប្រាក់ ១៣០០ លានដុល្លារជាជំនួយយោធា។ មួយផែ្នកនៃជំនួយយោធានេះត្រូវបានបង្កក ក្រោយពីមានការបង្ក្រាបបង្ហូរឈាមប្រឆាំងនឹងក្រុមអ្នកគាំទ្រអតីតៈប្រធានាធិបតី មូហាមេដ ម័រស៊ី។ ក្រុមយោធាបានទំលាក់លោក ម័រស៊ី ចេញពីអំណាច កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ ដោយបានចោទលោក ម័រស៊ី ថាបានញុះញង់អោយមានអំពើហឹង្សារវាងក្រុមអ្នកគាំទ្រ នឹងប្រឆាំងរូបលោក កាលពីខែធ្នូ ឆ្នាំ២០១២។
សហរដ្ឋអាមេរិកបានផ្តល់ជំនួយថវិកាចំនួនរាប់ពាន់ដុល្លារទៅអោយប្រទេសអេហ្ស៊ីប ចាប់តាំងពីប្រទេសអារ៉ាប់មួយនេះបានចុះហត្ថលេខាសន្តិភាពជាមួយប្រទេសអ៊ីស្រាអែល កាលពីឆ្នាំ ១៩៧៩។ សហរដ្ឋអាមេរិកតែងរារែកមិនហ៊ានចាត់ទុកការទំលាក់លោកអតីតប្រធានាធិបតី មូហាមេដ ម័រស៊ី ពីសំណាក់ក្រុមយោធាថាជា រដ្ឋប្រហារ ព្រោះពាក្យថា រដ្ឋប្រហារនេះអាចធ្វើអោយរដ្ឋាភិបាលអាមេរិកគ្មានសិទ្ធិផ្តល់ជំនួយស្របច្បាប់ទៅអោយរដ្ឋាភិបាលអេហ្ស៊ីបបច្ចុប្បន្ន។
ប៉ុន្តែ បើទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានសំណូមពរអោយអេហ្ស៊ីបកែរសំរួលស្ថានភាពនយោបាយក្នុងស្រុកអោយបានល្អជាងមុន។ លោក បារ៉ាក់ អូបាម៉ា បានសំដែងពីក្តីព្រួយបារម្ភទាក់ទងនឹងការចាប់ឃុំឃាំងសកម្មជនអហឹង្សា និងការកាត់ទោសអ្នកប្រឆាំង។ ចាប់តាំងពីមានការទំលាក់លោក ម៉ូហាមេដ ម័រស៊ី ចេញពីអំណាច ការកាត់ទោសធ្ងន់ធ្ងរជាច្រើនត្រូវបានធ្វើជាហូរហែ។ គ្រាន់តែរយៈពេលមួយឆ្នាំកន្លះប៉ុណ្ណោះ សកម្មជនគាំទ្រលោកម័រស៊ីប្រមាណ ១៤០០ នាក់ត្រូវបានសំលាប់ និងជាង ១៥ ០០០ នាក់កំពុងជាប់ឃុំឃាំងក្នុងពន្ធាគារ។ អង្គការការពារសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិបានសំដែងប្រតិកម្មមិនពេញចិត្តនឹងវិធានការបស់របបដឹកនាំថ្មីរបស់អេហ្ស៊ីបបច្ចុប្បន្ន។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ