អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក​​ បារាក់ អូបាម៉ា​ សំរេច​ដក​បំរាមដែល​​​ហាម​ឃាត់​ការ​បញ្ជូន​អាវុធ​ធុន​​ធ្ងន់​អោយ​​អេហ្ស៊ីប

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​សប្តាហ៍​មុន​ លោក​ប្រធានា​ធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​សំរេច​ចិត្ត​ផ្តល់​ជំនួយ​យោធា​ឡើងវិញ​ទៅ​អោយ​ប្រទេស​អេហ្ស៊ីប។​ សេចក្តី​សំរេចនេះ​គឺ អនុញ្ញាតិ​​អោយ​បញ្ជូន​អាវុធ​ធន់​ធ្ងន់​ទៅ​យោធា​អេហ្ស៊ីប។​ លោក​ អូបាម៉ា​ មាន​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​នៅ​ក្នុង​តំបន់​ជុំវិញ ប្រទេស​អេហ្ស៊ីប​ ដែល​កំពុង​តែជួប​វិត្តិ​វ៉ឹក​វរ។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ជាផ្លូវការ​ ការ​ដកបំរាម​នេះ​គឺ ​ក្នុង​គោលបំណង​ពង្រឹង​ចំណង​មិត្តភាព​ ក្នុង​នាម​ជាដៃគូ​ផែ្នក​យោធា​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​រវាង​ប្រទេស​ទាំងពីរ។​ ប៉ុន្តែ ការរីករាល​ដាល​ឥទ្ធិពល​របស់​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ក្នុងតំបន់​ទំនង​ជា​ត្រូវ​បាន​មើលឃើញ​ថា​ ជា​ហេតុផល​សំខាន់​នៃ​ការសំរេច​ចិត្ត​នេះ។​ សហរដ្ឋ​អាមេរិក​បាន​ដាក់​បង្កក​មិន​អោយ​បញ្ជូន​អាវុធ​ធន់ធ្ងន់​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​ ​ក្រោយ​ពីរដ្ឋាភិបាល​អេហ្ស៊ីប​ថ្មី​បាន​បើក​យុទ្ធនាការ​បង្ក្រាប​បង្ហូរ​ឈាម​ប្រឆាំង​នឹង​ក្រុមអ្នក​គាំទ្រ​អតីតៈ​ប្រធានាធិបតី​ មូហាមេដ ម័រស៊ី (Mohammed Morsi)។ 

ប្រធានាធិបតី អាមេរិក លោក​បារ៉ាក់ អូបាម៉ា
ប្រធានាធិបតី អាមេរិក លោក​បារ៉ាក់ អូបាម៉ា
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៣​ ទីក្រុង​វ៉ាស៊ីងតោនបាន​ផ្អាក​ជំនួយ​យោធា​​ទៅ​អោយ​ទីក្រុង​គែរ​។​ កាលនោះ​ សហរដ្ឋ​អាមេរិក​បាន​ដាក់​លក្ខខ័ណ្ឌដល់​ប្រទេស​អេហ្ស៊ីបអោយ​ធ្វើ​កំណែរ​ទំរង់​លិទ្ធិ​ប្រជា​ធិបតេយ្យ​ជាមុន​សិន​ ប្រសិន​បើ​​ចង់​ទទួល​បាន​ជំនួយ​យោធា​អាមេរិក​ឡើង​វិញ។​ ប៉ុន្តែ​ គិត​មក​ដល់​ពេល​នេះ​ ស្ថាន​ភាព​បាន​ប្រែប្រួល​ធ្វើ​អោយ​សហរដ្ឋ​អាមេរិក​ប្តូរ​ចិត្ត​វិញ។​ ការ​ប្តូរ​ចិត្ត​នេះគឺ ​ដោយសារ​តែកត្តា​ពីរ​យ៉ាង​។​ ទី​មួយ​ អាមេរិក​មិន​អាច​មើល​រំលង​តួនាទីរបស់​អេហ្ស៊ីប​​ក្នុង​តំបន់​​ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម។​ ទីពីរ​ អាមេរិក​យល់​ឃើញ​ថា​ ​អេហ្ស៊ីបជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ និង​មាន​កំលាំង​ទ័ព​ខ្លាំង ក្នុង​ចំណោម​ប្រទេស​អារ៉ាប់​ទាំង​ឡាយ។

 
នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​មួយ​កាល​ពី​សប្តាហ៍​មុន​ លោក​ប្រធានា​ធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ប្រកាស​ប្រាប់​សមភាគី​អេហ្ស៊ីប​គឺ លោក​ប្រធានាធិបតី​ Abdel Fattah al-Sissi អំពី​ការ​ផ្តល់​ជំនួយ​យោធា​ឡើងវិញ។​ សព្វាវុធ​ធន់ធ្ងន់​ដែល​សហរដ្ឋអាមេរិក​បាន​សន្យា​ផ្តល់​ជូន​ ប៉ុន្តែ​ត្រូវ​បាន​បង្កក​មិន​បញ្ជូន​រួមមាន៖ យន្តហោះ​ចំបាំង​ F-16 ចំនួន​ ១២ គ្រឿង, ​ម៉ីសីល​ប្រភេទ​ Harpoon ចំនួន ២០ គ្រាប់​ និង​សំភារៈ​សំរាប់​រថពាស​ដែក​ Abrams M1A1។

យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​ ការសំរេច​ចិត្ត​នេះ​គឺ​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តំរូវការ​រួម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ ពិសេស​ការរក្សា​លំនឹង​ស្ថានភាព ក្នុង​តំបន់​ក្បែរខាង​ប្រទេស​អេហ្ស៊ីប​​ ដែល​កំពុង​តែ​ជួប​អស្ថិរភាព។ បច្ចុប្បន្ន​នេះ​ ប្រទេស​អេហ្ស៊ីប​ និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កំពុង​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​សមាជិក​សម្ព័ន្ធ​អារ៉ាប់​ ក្នុង​ការបង្កើត​កងយោធា​ពហុជាតិ​អារ៉ាប់មួយ។​ កង​កំលាំង​ចំរុះ​ជាតិសាសន៍​អារ៉ាប់​នេះ​អាច​នឹង​លេច​ចេញ​រូបរាង ក្នុង​រយៈពេល​ប៉ុន្មានខែ​ខាងមុខ​នេះ។​ បើ​តាម​ការវិភាគ​ទូទៅ​ គេ​កំពុង​តែមើល​ឃើញ​ពីតួនាទី​ដ៏សំខាន់​បំផុត​របស់​កងទ័ព​អេហ្ស៊ីប ​ក្នុង​សង្គ្រាម​ទប់​ស្កាត់​ការវាតទី​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។​ បច្ចុប្បន្ននេះ​ ពួក​ជីហាត​កំពុង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី​ ហើយ ពួកនេះ​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​ខ្ពង់រាប​ស៊ីណៃ​ប្រទេស​អេហ្ស៊ីប។

ឆ្លើយតប​ទៅនឹង​ស្ថានការណ៍​ជាក់ស្តែង​ បច្ចុប្បន្ន​នេះ ​ប្រទេស​អេហ្ស៊ីប​កំពុង​រ៉ាប់រង​បើក​យុទ្ធនាការ​ធ្វើ​សង្គ្រាម​ប្រឆាំង​ពួកជីហាត​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​លីប៊ី។ ចំណែក​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កំពុង​ដឹកនាំ​ប្រតិបត្តិការ​យោធា​នៅ​ប្រទេស​យេម៉ែន​ ដើម្បី​ទប់ស្កាត់​ការវាយសំរុក​របស់​ក្រុម​ឧទ្ទាម​ហ៊ូទ្សី​(ក្រុម​ប្រដាប់​អាវុធ​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់)។ អ្វី​ដែល​ហាក់​ដូច​ជា​ចំលែក​នោះ​គឺ​ ការផ្លាស់ប្តូរចិត្ត​របស់​​ភាគី​អាមេរិក​ពេលនេះគឺ ​ត្រូវ​បាន​ធ្វើ​ឡើង​ពីរ​ខែ​ បន្ទាប់​ពី​អេហ្ស៊ីប​បាន​ចុះ​ហត្ថលេខា​ជាមួយ​បារាំង​លើ​កិច្ច​ព្រម​ព្រៀង​ទិញ​យន្តហោះ​ចំបាំង​ Rafale។​ សូម​បញ្ជាក់​ថា​ អេហ្ស៊ីប​បាន​សំរេច​ចិត្ត​បញ្ជា​ទិញ​​យន្តហោះ​ចំបាំង​ Rafale ចំនួន​ ២៤ គ្រឿង​ ក្នុង​ទំហំ​ទឹកប្រាក់​ ៥ ពាន់​លាន​អ៊ឺរូ។ ការណ៍​នេះ​អាច​បង្ហាញ​អោយ​ឃើញ​ពី​ឆន្ទៈ​របស់​ប្រទេស​អេហ្ស៊ីប​ ក្នុង​ការស្វែង​រក​ប្រភព​ផ្គត់ផ្គង់​សព្វាវុធ​ទំនើប​ផ្សេងៗ​ពីប្រទេស​ដទៃ​ ជាជាង​ពឹង​ផ្អែក​តែលើ​សព្វាវុធ​អាមេរិក។

នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទនោះ​ផង​ដែរ​ លោក​ អូបាម៉ា ​ក៏​បាន​ជំរាប​ជូន​ប្រធានាធិបតី​អេហ្ស៊ីប​ថា​ ក្នុង​នាម​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​នឹង​នៅ​តែ​បន្ត​ផ្តល់​​ជំនួយ​យោធា​ទៅ​អោយ​ប្រទេស​អេហ្ស៊ីប។ ​គួរ​រំលឹក​ផង​ដែរ​ថា​ ជា​រៀង​រាល់​ឆ្នាំ​ សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​ថវិកា​សរុប​ចំនួន​ ១៥០០ លាន​ដុល្លារដល់​ប្រទេស​អេហ្ស៊ីប​ ក្នុង​នោះ​ទឹកប្រាក់​ ១៣០០ លាន​ដុល្លារ​ជា​ជំនួយ​យោធា។​ មួយ​ផែ្នក​នៃ​ជំនួយ​យោធា​នេះ​ត្រូវ​បាន​បង្កក​​ ក្រោយ​ពី​មាន​ការបង្ក្រាប​បង្ហូរ​ឈាម​​ប្រឆាំង​នឹង​ក្រុមអ្នក​គាំទ្រ​អតីតៈ​ប្រធានាធិបតី​ មូហាមេដ​ ម័រស៊ី។ ក្រុម​យោធា​បានទំលាក់លោក​ ម័រស៊ី ចេញ​ពី​អំណាច​ ​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កក្កដា​ ឆ្នាំ​២០១៣ ដោយ​បានចោទ​លោក​ ម័រស៊ី​ ថា​បាន​ញុះញង់​អោយ​មាន​អំពើ​ហឹង្សា​រវាង​ក្រុម​អ្នក​គាំទ្រ នឹង​ប្រឆាំង​រូបលោក​ កាលពីខែ​ធ្នូ​ ឆ្នាំ​២០១២។

សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ថវិកា​ចំនួន​រាប់​ពាន់​ដុល្លារ​ទៅ​អោយ​ប្រទេស​អេហ្ស៊ីប​ ចាប់​តាំង​ពី​ប្រទេស​អារ៉ាប់​មួយ​នេះ​បាន​ចុះ​ហត្ថលេខា​សន្តិភាព​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ កាលពី​ឆ្នាំ​ ១៩៧៩។​ សហរដ្ឋ​អាមេរិក​តែង​រារែក​មិន​ហ៊ាន​ចាត់ទុក​ការទំលាក់​លោក​អតីត​ប្រធានាធិបតី​ មូហាមេដ​ ម័រស៊ី​ ពី​សំណាក់​ក្រុម​យោធា​ថា​ជា​ រដ្ឋ​ប្រហារ​ ព្រោះពាក្យថា រដ្ឋ​ប្រហារ​នេះ​អាច​ធ្វើ​អោយ​រដ្ឋាភិបាល​អាមេរិក​គ្មាន​សិទ្ធិ​ផ្តល់​ជំនួយ​ស្របច្បាប់​ទៅ​អោយ​​រដ្ឋាភិបាល​​អេហ្ស៊ីប​បច្ចុប្បន្ន។​

ប៉ុន្តែ​ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ សហរដ្ឋ​អាមេរិក​បាន​សំណូមពរ​អោយអេហ្ស៊ីប​កែរ​សំរួល​ស្ថានភាព​នយោបាយក្នុង​ស្រុក​អោយ​បាន​ល្អ​ជាង​មុន។ លោក​ បារ៉ាក់​ អូបាម៉ា​ បាន​សំដែង​ពីក្តី​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ការ​ចាប់​ឃុំឃាំង​សកម្មជន​អហឹង្សា​ និង​ការកាត់​ទោស​អ្នក​ប្រឆាំង។​ ចាប់​តាំង​ពី​មាន​ការ​ទំលាក់​លោក​ ម៉ូហាមេដ​ ម័រស៊ី​ ចេញ​ពី​អំណាច​ ការ​កាត់​ទោស​ធ្ងន់​ធ្ងរ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ជា​ហូរហែ។​ គ្រាន់​តែ​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​ ​សកម្មជន​គាំទ្រ​លោក​ម័រស៊ី​ប្រមាណ​ ១៤០០ នាក់​ត្រូវ​បាន​សំលាប់​ និង​ជាង​ ១៥ ០០០ នាក់​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធាគារ។​ អង្គការ​ការពារ​សិទ្ធិ​មនុស្ស និង​សហគមន៍​អន្តរជាតិ​បាន​សំដែង​ប្រតិកម្ម​​មិន​ពេញ​ចិត្ត​នឹង​វិធានកា​របស់​​របប​ដឹកនាំ​ថ្មី​របស់​អេហ្ស៊ីប​បច្ចុប្បន្ន។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ