អាមេរិកប្រកាសវាយបកកូរ៉េខាងជើង ដែលជាចោរអ៊ិនធ័រណេតលួចទិន្នន័យរបស់ក្រុមហ៊ុនហូលីវូដ សូនី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៣
នៅក្នុងសន្និសីទ កាសែត ដំណាច់ឆ្នាំ កាលពីថ្ងៃសុក្រទី ១៩ធ្នូ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ាបានចេញមុខព្រមានខ្លាំងថា នឹងវាយបកទៅលើកូរ៉េខាងជើងវិញ បន្ទាប់ពីប៉ូលិសសហព័ន្ធអាមេរិកបានទាញក្តីសន្និដ្ឋានថា កូរ៉េខាងជើងជាអ្នកវាយប្រហារផ្នែកព័ត៌មានវិទ្យាទៅលើក្រុមហ៊ុនផលិតកុន ហូលីវូដ សូនី។ បន្ទាប់ពីចោរអ៊ិនធ័រណេតបានគំរាមធ្វើការវាយប្រហារក្នុងទ្រង់ទ្រាយធំ ដូចថ្ងៃភេរវកម្ម ទី ១១កញ្ញា ក្រុមហ៊ុនសូនី នៅទីបំផុត បានប្រកាស កាលពីថ្ងៃពុធថា រឿងកុន ដ៏ចម្រូងចម្រាស The Interview ត្រូវបានដកចេញពីរោងកុន ទៅតាមការទាមទាររបស់ក្រុមចោរHackers។ ទីក្រុងព្យុងយ៉ាងបានអះអាងនៅថ្ងៃសៅរ៍ទី ២០ថា ខ្លួនចង់ចូលរួមនៅក្នុងការស៊ើបអង្កេតជាមួយអាមេរិក ។
កាលពីថ្ងៃសុក្រម្សិលមិញ លោកប្រធានាធិបតីអាមេរិកបាននិយាយចំៗថា កូរ៉េខាងជើងចូលរួមនៅក្នុងការវាយប្រហារអ៊ិនធ័រណេតទៅលើក្រុមហ៊ុនហូលីវូដសូនី។ លោកអូបាម៉ាព្រមានថា នឹងចាត់វិធានការដោយផ្ទាល់ជាមួយកូរ៉េខាងជើង ក្នុងរឿងវាយប្រហារលួចទិន្នន័យរបស់ក្រុមហ៊ុនសូនី។ តាមប្រធានាធិបតីអាមេរិក អាមេរិកនឹងធ្វើបកទៅវិញ នៅទីកន្លែងមួយ ពេលវេលាមួយ និងតាមមធ្យោបាយសមរម្យ ដើម្បីឲ្យសក្តិសមនឹងទង្វើដែលកូរ៉េខាងជើងបានធ្វើទៅលើក្រុមហ៊ុនសូនី។ ប៉ុន្តែ សួរថា តើវិធានការនោះមានអ្វីខ្លះ នោះ លោកប្រធានាធិបតីអាមេរិកមិនបាននិយាយលម្អិតនោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ គឺនៅមុនប៉ូលិសសហព័ន្ធដាក់ការចោទប្រកាន់ ជាផ្លូវការទៅលើកូរ៉េខាងជើង សេតវិមានបានព្រមានរួចហើយថា នឹងវាយបកទៅកូរ៉េខាងជើងវិញឲ្យចាស់ដៃ។ វិធានការទាំងនោះមានតាំងពីការវាយប្រហារទៅលើប្រព័ន្ធព័ត៌មានវិទ្យារបស់ ក្រុងព្យុងយ៉ាង ការផ្តល់ជំនួយយោធាកាន់តែច្រើនរបស់អាមេរិកសម្រាប់កូរ៉េខាងត្បូង ដែលជាសត្រូវរបស់កូរ៉េខាងជើង និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៅលើព្យុងយ៉ាង ឬក៏ដាក់បញ្ចូលកូរ៉េខាងជើងទៅក្នុងបញ្ជីខ្មៅនៃប្រទេសដែលគាំទ្រក្រុមភេរវនិយម។
កាលពីថ្ងៃសុក្រ សមាជិកព្រឹទ្ធសភាម្នាក់ មកពីគណបក្សសាធារណរដ្ឋ ក៏បានទាមទារយ៉ាងដូច្នេះដែរ។ តាមលោកJohn McCain ដែលនឹងចូលដឹកនាំក្រុមភាគច្រើននៅព្រឹទ្ធសភានៅខែមករាខាងមុខ ការវាយប្រហារអ៊ិនធ័ណេតរបស់កូរ៉េខាងជើងជាសកម្មភាពបង្កសង្រ្គាមយ៉ាងច្បាស់ក្រឡែត។ លោកចង់ឲ្យអាមេរិកដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង និងដាក់ប្រទេសនេះ ទៅក្នុងប្រទេសភេរវនិយមសាជាថ្មី។
សូមបញ្ជាក់ថា លោកអតីតប្រធានាធិបតី Bush បានដកកូរ៉េខាងជើង ចេញពី បញ្ជីខ្មៅ នៃប្រទេសគាំទ្រក្រុមភេរវនិយម នៅឆ្នាំ ២០០៨ ក្នុងបំណងបញ្ចុះបញ្ចូលកុំឲ្យប្រទេសនេះ ពង្រាយទីតាំងអាវុធនុយក្លេអ៊ែរ ដើម្បីគំរាមអ្នកដទៃ។ យ៉ាងណាក៏ដោយ តាមទីប្រឹក្សាយុទ្ធសាស្រ្តម្នាក់របស់សេតវិមាន អាមេរិកអាចត្រឹមប្រើព័ត៌មានវិទ្យាដើម្បី វាយប្រហារទៅលើប្រព័ន្ធព័ត៌មានវិទ្យាតែប៉ុណ្ណោះ។ គេមិនត្រូវនឹកសង្ឃឹមថា អាមេរិកនឹងធ្វើសង្រ្គាម ប្រើកម្លាំងទ័ពដើម្បីវាយប្រហារទៅលើកូរ៉េខាងជើង ដែលជាជង្រុកអាវុធនុយក្លេអ៊ែរនោះដែរ។
កូរ៉េខាងជើងបានបដិសេធរហូតមក ថា ខ្លួនគ្មានពាក់ព័ន្ធនឹងការវាយប្រហារអ៊ិនធ័រណេតទៅលើក្រុមហ៊ុនសូនី
ប៉ូលិសសហព័ន្ធអាមេរិក FBI និយាយថា គេមានភស្តុតាង គ្រប់គ្រាន់ដែលបង្ហាញថា របបកុម្មុយនិស្តព្យុងយ៉ាងជាអ្នកប្រព្រឹត្តផ្ទាល់ក្នុងរឿងវាយប្រហារតាមអ៊ីនធ័រណេតនេះ។ភស្តុតាងដែលប៉ូលិសFBIលើកឡើង នោះគឺ កូដនៃកម្មវិធីមេរោគដែលក្រុមចោរHackerបានប្រើសម្រាប់ចូលលួចទិន្នន័យរបស់ក្រុមហ៊ុនសូនី មានលក្ខណៈដូចគ្នាទៅនឹង កូដ ដែលក្រុមចោរអ៊ិនធ័ណេតធ្លាប់បានប្រើ ដើម្បីវាយប្រហារទៅលើកុំព្យូទ័រ របស់ក្រុមហ៊ុនកាសែត និងធនាគារនៅកូរ៉េខាងត្បូង កាលពីឆ្នាំមុន។ កាលណោះ គេរកឃើញថា កម្មវិធីមេរោគដែលក្រុមចោរប្រើដើម្បីចូលលួចទិន្នន័យរបស់ធនាគារកូរ៉េខាងត្បូង មានដានចេញពីកូរ៉េខាងជើង។
អ្នកជំនាញមួយចំនួននិយាយពី សមត្ថភាពមានកំណត់របស់កូរ៉េខាងជើង ដោយសារតែខ្វះធនធាន និងបច្ចេកវិទ្យា ដែលបណ្តាលមកពីទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសលោកខាងលិច។ ប៉ុន្តែអ្នកជំនាញខ្លះទៀត និយាយពីសមត្ថភាពកំរិតកំពូលផ្នែកប្រព័ន្ធព័ត៌មានវិទ្យា ដែលកូរ៉េខាងជើង កំពុងបង្កើន ដុះខាត់ ដើម្បីវាយប្រហារទៅលើកូរ៉េខាងត្បូង និងអាមេរិក។ តាមលោកសាស្ត្រាចារ្យ Tim Stevens ដែលបង្រៀនផ្នែកយុទ្ធសាស្រ្តយោធានៅទីក្រុងឡុងដ៍ ដោយសារតែខ្វះធនធាន សម្ភារៈដើម្បីផលិតអាវុធទំនើបដូចកូរ៉េខាងត្បូង កូរ៉េខាងជើងពង្រឹងសម្រួចកម្មវិធីព័ត៌មានវិទ្យា ដោយខ្ចីដៃប្រើពីប្រទេសចិន។
សាស្រ្តាចារ្យកូរ៉េខាងត្បូងម្នាក់ក៏បានបញ្ជាក់ព័ត៌មាននេះ ដោយលោកបានអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងជើងបានសម្រិតសម្រាំងជ្រើសរើសក្រុមបញ្ញវន្តជំនាញព័ត៌មានវិទ្យា ប្រមាណ ៣០០នាក់ក្នុងមួយឆ្នាំៗ។ ក្រុងព្យុងយ៉ាងបានបណ្តុះបណ្តាលពួកគេ ដើម្បីឲ្យក្លាយជាចោរអ៊ិនធ័រណេតសម្រាប់វាយប្រហារ ចូលទៅលួចយកទិន្នន័យ ផ្នែកយោធា។ គេដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងជើង បច្ចុប្បន្ននេះ មានចោរ Hackers ជំនាញ ខាង លួចអ៊ិនធ័រណេត ប្រមាណ ៣ពាន់នាក់ ដែលចំនួនដ៏ច្រើននេះ ត្រូវបានកូរ៉េខាងត្បូងចាត់ទុកជាគ្រោះថ្នាក់មួយដ៏សម្បើម ព្រោះក្រុមនេះត្រូវបានផ្តល់ទិសដៅឲ្យចូលទៅលួចយកព័ត៌មានទាំងឡាយណាដែលអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់កូរ៉េខាងត្បូង និងអាមេរិក។
លោកប្រធានាធិបតីអាមេរិកបាននិយាយថា ក្រុមហ៊ុនសូនីបានធ្វើកំហុសមួយ ព្រោះបានចុះចាញ់ការសំឡុតរបស់ក្រុមចោរអ៊ិនធ័រណេត ដោយបានយល់ព្រមដករឿងកុនThe Interview មិនឲ្យចាក់បញ្ចាំងតាមកាលកំណត់។ សម្រាប់លោកអូបាម៉ា គេមិនអាចអនុញ្ញាតឲ្យពួកផ្តាច់ការបានចិត្ត កំណត់បិទសិទ្ធិទាំងឡាយ ក្នុងទឹកដីអាមេរិកទេ។
សម្រាប់ប្រធានក្រុមហ៊ុនសូនី ទាំងប្រធានាធិបតី លោកអូបាម៉ា និងសារព័ត៌មានសុទ្ធតែយល់ច្រលំទាំងអស់។ លោកMichael Lynton ប្រធានក្រុមហ៊ុនសូនីបាននិយាយការពារខ្លួនថា មិនមែនក្រុមហ៊ុនជាអ្នកចាញ់សម្លុត និងឈប់ចាក់បញ្ចាំងរឿង The Interview ដែលនិយាយពីការលួចធ្វើឃាតមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនទេ។ តាមពិត គឺក្រុមហ៊ុនរោងកុនទេ ដែលបានដូរ ចិត្ត លែងទទួលចាក់បញ្ចាំង រឿងThe Interview នៅតាមរោងរបស់ខ្លួន។ រោងកុនទាំងនោះ ភ័យខ្លាចរងការវាយប្រហារពីក្រុមចោរHackers ដែលបានព្រមាននឹងវាយប្រហារអ៊ិនធ័រណេតទៅលើក្រុមហ៊ុនរោងកុននៅអាមេរិកណា ដែលហ៊ានចាក់បញ្ចាំងរឿងThe Interview។
ក្រុមហ៊ុនសូនីវិញ ដោយសារតែចោរHacker វាយប្រហារទៅលើកុំព្យូរទ័រ និងចូលលួចទិន្នន័យសំខាន់ៗ ក្រុមហ៊ុនសូនីបានវាយតម្លៃថា ខ្លួនត្រូវខូចខាត បាត់បង់ប្រាក់ប្រមាណ៥០០លានដុល្លារ។ ក្រុមហ៊ុននេះបានសន្យាថានឹងចេញផ្សាយរឿងThe Interview នៅក្នុងទម្រង់បែបផ្សេង ជាការចាក់តាមអ៊ិនធ័រណេត ឬលក់ជាDVD នៅថ្ងៃខាងមុខ នៅពេលដែលឱកាសហុចឲ្យ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ