អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ប្រកាស​វាយបក​​​កូរ៉េខាងជើង ដែល​ជាចោរ​​អ៊ិនធ័រណេត​លួច​ទិន្នន័យ​របស់ក្រុមហ៊ុន​ហូលីវូដ សូនី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​សន្និសីទ កាសែត ​ដំណាច់ឆ្នាំ កាលពីថ្ងៃ​សុក្រ​ទី ១៩​ធ្នូ ប្រធានាធិបតី​អាមេរិក​ លោក​បារ៉ាក់ អូបាម៉ា​បាន​ចេញ​មុខ​ព្រមាន​ខ្លាំង​ថា នឹង​វាយបក​ទៅលើ​កូរ៉េខាងជើង​វិញ បន្ទាប់ពី​​ប៉ូលិស​សហព័ន្ធ​អាមេរិក​បាន​ទាញ​ក្តីសន្និដ្ឋាន​​ថា កូរ៉េខាងជើង​ជាអ្នកវាយប្រហារ​ផ្នែក​ព័ត៌មាន​វិទ្យា​ទៅលើ​ក្រុមហ៊ុន​ផលិត​កុន ហូលីវូដ សូនី។  បន្ទាប់ពី​ចោរ​អ៊ិនធ័រណេតបាន​គំរាម​ធ្វើការ​វាយប្រហារ​ក្នុង​ទ្រង់ទ្រាយធំ ដូច​ថ្ងៃ​ភេរវកម្ម ទី ១១​កញ្ញា ក្រុមហ៊ុន​សូនី​ នៅទីបំផុត បាន​ប្រកាស​ កាលពីថ្ងៃ​ពុធថា រឿងកុន ដ៏ចម្រូងចម្រាស​ The Interview ត្រូវ​បាន​ដក​ចេញ​ពីរោងកុន ទៅតាម​ការទាមទារ​​របស់​ក្រុមចោរ​Hackers។ ទីក្រុង​ព្យុងយ៉ាង​បាន​អះអាង​នៅថ្ងៃ​សៅរ៍​ទី ២០​ថា ខ្លួន​ចង់​ចូលរួម​នៅក្នុង​ការស៊ើបអង្កេតជាមួយ​អាមេរិក ។​

ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា ថ្លែង​នៅក្នុង​សន្និសីទ​កាសែត បិទបញ្ចប់​ឆ្នាំ ២០១៤ នៅថ្ងៃ​ទី ១៩​ធ្នូ
ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា ថ្លែង​នៅក្នុង​សន្និសីទ​កាសែត បិទបញ្ចប់​ឆ្នាំ ២០១៤ នៅថ្ងៃ​ទី ១៩​ធ្នូ ©REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃសុក្រ​​ម្សិលមិញ លោកប្រធានាធិបតី​អាមេរិក​បាន​និយាយ​ចំៗថា កូរ៉េខាងជើង​​ចូលរួម​នៅក្នុង​ការវាយប្រហារ​អ៊ិនធ័រណេត​ទៅលើ​ក្រុមហ៊ុនហូលីវូដ​សូនី។ លោក​អូបាម៉ា​ព្រមាន​ថា នឹង​ចាត់វិធានការ​ដោយ​ផ្ទាល់​ជាមួយ​កូរ៉េខាងជើង ក្នុងរឿង​វាយប្រហារ​លួច​ទិន្នន័យ​របស់​ក្រុមហ៊ុន​សូនី។ តាម​ប្រធានាធិបតីអាមេរិក អាមេរិក​នឹង​ធ្វើ​បកទៅវិញ នៅទីកន្លែងមួយ ពេល​វេលា​មួយ និង​តាម​មធ្យោបាយ​សមរម្យ ដើម្បី​ឲ្យ​សក្តិ​សម​នឹង​​ទង្វើ​ដែល​កូរ៉េខាងជើង​បាន​ធ្វើ​ទៅលើក្រុមហ៊ុន​សូនី។ ប៉ុន្តែ សួរថា តើ​វិធានការនោះ​មាន​អ្វីខ្លះ នោះ លោកប្រធានាធិបតី​អាមេរិក​មិន​បាន​និយាយ​លម្អិត​នោះទេ។

 
កាលពីថ្ងៃ​ព្រហស្បតិ៍ គឺ​នៅ​មុន​ប៉ូលិស​សហព័ន្ធ​ដាក់​ការចោទប្រកាន់​ ជាផ្លូវការ​ទៅលើ​កូរ៉េខាងជើង​ សេតវិមាន​បាន​ព្រមាន​រួចហើយថា នឹង​វាយបក​ទៅ​កូរ៉េខាងជើងវិញ​ឲ្យ​ចាស់ដៃ។ វិធានការ​ទាំងនោះ​មានតាំងពី​ការវាយប្រហារទៅលើ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​របស់​ ​ក្រុង​ព្យុងយ៉ាង ការផ្តល់​ជំនួយ​យោធា​កាន់តែច្រើន​របស់អាមេរិក​សម្រាប់​កូរ៉េខាងត្បូង ដែល​ជា​សត្រូវ​របស់​កូរ៉េខាងជើង និង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែមទៅលើ​ព្យុងយ៉ាង ឬ​ក៏​ដាក់​បញ្ចូល​កូរ៉េខាងជើង​ទៅក្នុង​បញ្ជី​ខ្មៅ​នៃ​ប្រទេស​ដែល​គាំទ្រ​ក្រុម​ភេរវនិយម។

កាលពីថ្ងៃ​សុក្រ សមាជិក​ព្រឹទ្ធសភា​ម្នាក់ មក​ពី​គណបក្ស​សាធារណរដ្ឋ ក៏​បាន​ទាមទារ​យ៉ាងដូច្នេះដែរ។ តាម​លោក​John McCain ដែល​នឹង​ចូល​ដឹកនាំ​ក្រុមភាគច្រើន​នៅ​ព្រឹទ្ធសភា​នៅ​ខែ​មករា​ខាងមុខ ការវាយប្រហារ​អ៊ិនធ័ណេត​របស់​​​កូរ៉េខាងជើងជា​សកម្មភាព​បង្ក​សង្រ្គាម​យ៉ាង​ច្បាស់​ក្រឡែត​។ លោក​ចង់​ឲ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅលើ​កូរ៉េខាងជើង និង​ដាក់​ប្រទេសនេះ ទៅក្នុង​ប្រទេស​ភេរវនិយម​​សា​ជាថ្មី។

សូមបញ្ជាក់​ថា លោក​អតីត​ប្រធានាធិបតី Bush បាន​ដក​កូរ៉េខាងជើង ចេញពី បញ្ជី​ខ្មៅ នៃ​ប្រទេស​គាំទ្រ​ក្រុមភេរវនិយម នៅ​ឆ្នាំ ២០០៨ ក្នុង​បំណង​បញ្ចុះបញ្ចូល​កុំ​ឲ្យ​ប្រទេស​នេះ ពង្រាយ​ទីតាំង​​អាវុធនុយក្លេអ៊ែរ ដើម្បី​គំរាម​អ្នកដទៃ។ ​យ៉ាងណាក៏ដោយ តាម​ទីប្រឹក្សា​យុទ្ធសាស្រ្ត​ម្នាក់​របស់​សេតវិមាន អាមេរិក​អាច​ត្រឹម​ប្រើ​ព័ត៌មាន​វិទ្យា​ដើម្បី វាយប្រហារ​ទៅលើ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​តែប៉ុណ្ណោះ។ គេ​មិនត្រូវ​នឹក​សង្ឃឹមថា អាមេរិក​នឹងធ្វើ​សង្រ្គាម ​ប្រើ​កម្លាំង​ទ័ព​ដើម្បី​វាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង ដែល​ជា​ជង្រុក​អាវុធ​នុយក្លេអ៊ែរ​នោះដែរ។

កូរ៉េខាងជើង​បាន​បដិសេធរហូតមក ថា ខ្លួន​គ្មានពាក់ព័ន្ធ​នឹង​ការវាយប្រហារ​អ៊ិនធ័រណេត​ទៅលើក្រុមហ៊ុន​សូនី
​ប៉ូលិស​សហព័ន្ធ​អាមេរិក FBI ​​និយាយ​ថា គេ​មាន​ភស្តុតាង គ្រប់គ្រាន់​ដែល​បង្ហាញ​ថា របប​កុម្មុយនិស្ត​ព្យុងយ៉ាង​ជា​អ្នកប្រព្រឹត្ត​ផ្ទាល់​ក្នុង​រឿង​វាយប្រហារ​តាម​អ៊ីនធ័រណេត​នេះ។ភស្តុតាង​ដែល​ប៉ូលិស​FBIលើក​ឡើង នោះ​គឺ​ កូដ​នៃ​កម្មវិធី​មេរោគ​ដែល​​ក្រុម​ចោរ​Hackerបាន​ប្រើ​សម្រាប់​ចូល​លួច​ទិន្នន័យ​របស់ក្រុមហ៊ុន​សូនី មាន​​លក្ខណៈ​ដូចគ្នា​ទៅ​នឹង ​កូដ​ ដែល​ក្រុមចោរ​អ៊ិនធ័ណេត​ធ្លាប់​បាន​ប្រើ ​ដើម្បី​វាយប្រហារ​ទៅលើ​កុំព្យូទ័រ​ របស់​​ក្រុមហ៊ុន​កាសែត និង​​​ធនាគារ​នៅ​កូរ៉េខាងត្បូង កាលពី​ឆ្នាំមុន។ កាលណោះ គេ​រក​ឃើញថា ​​កម្មវិធី​មេរោគដែល​ក្រុម​ចោរ​​ប្រើ​ដើម្បី​ចូលលួច​ទិន្នន័យ​របស់​ធនាគារ​កូរ៉េខាងត្បូង មាន​ដាន​ចេញ​ពី​កូរ៉េខាងជើង។

អ្នកជំនាញ​មួយ​ចំនួន​និយាយ​ពី សមត្ថភាព​មាន​កំណត់​របស់​កូរ៉េខាងជើង ដោយសារ​តែ​ខ្វះធនធាន និង​បច្ចេកវិទ្យា ដែល​បណ្តាលមកពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​លោក​ខាង​លិច។ ប៉ុន្តែ​អ្នកជំនាញ​ខ្លះទៀត និយាយ​ពី​សមត្ថភាព​​កំរិត​កំពូល​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ដែល​កូរ៉េខាងជើង កំពុង​បង្កើន ដុះខាត់ ដើម្បី​វាយប្រហារ​ទៅលើ​កូរ៉េខាងត្បូង និង​អាមេរិក។ តាម​លោក​សាស្ត្រាចារ្យ Tim Stevens ដែលបង្រៀន​ផ្នែក​យុទ្ធសាស្រ្ត​យោធា​នៅទីក្រុង​ឡុងដ៍ ដោយសារ​តែ​ខ្វះធនធាន សម្ភារៈ​ដើម្បី​ផលិត​អាវុធ​ទំនើប​ដូចកូរ៉េខាងត្បូង កូរ៉េខាងជើងពង្រឹង​សម្រួច​កម្មវិធី​ព័ត៌មាន​វិទ្យា ដោយ​ខ្ចីដៃ​ប្រើ​ពី​ប្រទេស​ចិន។

សាស្រ្តាចារ្យ​កូរ៉េខាងត្បូង​ម្នាក់​ក៏​បាន​បញ្ជាក់​ព័ត៌មាននេះ ដោយ​លោក​បាន​អះអាងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ កូរ៉េខាងជើង​បាន​សម្រិតសម្រាំង​ជ្រើសរើស​ក្រុម​បញ្ញវន្ត​ជំនាញ​ព័ត៌មាន​វិទ្យា ប្រមាណ ៣០០​នាក់ក្នុង​មួយឆ្នាំៗ។ ក្រុងព្យុងយ៉ាង​បាន​បណ្តុះបណ្តាល​ពួកគេ ដើម្បី​ឲ្យ​ក្លាយ​ជា​ចោរ​អ៊ិនធ័រណេត​សម្រាប់​វាយប្រហារ ចូល​ទៅលួច​យក​ទិន្នន័យ ​ផ្នែក​យោធា។ គេដឹងថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កូរ៉េខាងជើង បច្ចុប្បន្ននេះ មានចោរ Hackers ជំនាញ ខាង លួច​អ៊ិនធ័រណេត ប្រមាណ ៣ពាន់​នាក់ ដែល​ចំនួន​ដ៏​ច្រើននេះ ត្រូវ​បាន​កូរ៉េខាងត្បូង​ចាត់ទុក​ជា​គ្រោះថ្នាក់​មួយ​ដ៏សម្បើម​ ព្រោះ​ក្រុមនេះត្រូវ​បាន​ផ្តល់​ទិសដៅ​ឲ្យ​ចូល​ទៅ​លួច​យក​ព័ត៌មានទាំងឡាយ​ណា​ដែល​អាច​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កូរ៉េខាងត្បូង និង​អាមេរិក។

លោកប្រធានាធិបតី​អាមេរិក​បាន​និយាយថា ក្រុមហ៊ុន​សូនី​បាន​ធ្វើកំហុស​មួយ​ ព្រោះ​បាន​ចុះចាញ់​ការសំឡុត​របស់​ក្រុមចោរ​អ៊ិនធ័រណេត ដោយ​បាន​យល់ព្រម​ដក​រឿង​កុន​The Interview មិន​ឲ្យ​ចាក់បញ្ចាំង​តាម​កាលកំណត់។ សម្រាប់​លោកអូបាម៉ា គេ​មិនអាច​អនុញ្ញាត​ឲ្យ​ពួក​ផ្តាច់ការ​បាន​ចិត្ត កំណត់បិទ​សិទ្ធិទាំងឡាយ ក្នុង​ទឹកដី​អាមេរិកទេ។

សម្រាប់​ប្រធានក្រុមហ៊ុន​សូនី ទាំងប្រធានាធិបតី លោក​អូបាម៉ា និង​សារព័ត៌មាន​សុទ្ធ​តែ​​យល់ច្រលំ​ទាំងអស់។ លោក​Michael Lynton ប្រធាន​ក្រុមហ៊ុន​សូនី​បាន​និយាយ​ការពារ​ខ្លួន​ថា មិនមែន​ក្រុមហ៊ុន​ជា​អ្នកចាញ់សម្លុត និង​​ឈប់ចាក់​បញ្ចាំង​រឿង The Interview  ​ដែល​និយាយ​ពី​ការលួច​ធ្វើឃាត​មេដឹកនាំ​កូរ៉េខាងជើង​ គីម ជុងអ៊ុនទេ។ តាមពិត គឺ​ក្រុមហ៊ុន​រោងកុន​ទេ ដែល​បាន​ដូរ ចិត្ត លែង​ទទួលចាក់បញ្ចាំង ​រឿង​The Interview នៅ​តាមរោង​របស់ខ្លួន។ រោងកុន​ទាំងនោះ ភ័យខ្លាច​រងការវាយប្រហារ​ពីក្រុម​ចោរ​Hackers ដែល​បាន​ព្រមាននឹង​វាយប្រហារ​អ៊ិនធ័រណេត​ទៅលើ​ក្រុមហ៊ុន​​រោងកុន​នៅ​អាមេរិកណា ​ដែល​ហ៊ាន​ចាក់​បញ្ចាំង​រឿង​The Interview។

ក្រុមហ៊ុន​សូនី​វិញ ដោយសារតែ​ចោរ​Hacker វាយប្រហារ​ទៅលើ​កុំព្យូរទ័រ និង​ចូល​លួច​ទិន្នន័យ​សំខាន់ៗ​ ក្រុមហ៊ុន​សូនីបាន​វាយតម្លៃ​ថា ខ្លួន​ត្រូវ​ខូចខាត​ បាត់បង់​ប្រាក់​ប្រមាណ​៥០០​លាន​ដុល្លារ។ ក្រុមហ៊ុននេះ​បាន​សន្យា​ថា​នឹង​ចេញ​ផ្សាយ​រឿង​The Interview នៅក្នុង​ទម្រង់​បែបផ្សេង ជា​ការចាក់តាម​អ៊ិនធ័រណេត ឬ​លក់​ជា​DVD នៅថ្ងៃ​ខាងមុខ នៅពេល​ដែល​ឱកាស​ហុចឲ្យ។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ