អានតួអត្ថបទ
ថៃ-អាមេរិក

អាមេរិក៖បើ​គ្មាន​ការ​វិល​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ទេ ក៏​គ្មាន​ការ​ភ្ជាប់​សម្ព័ន្ធភាព​យោធា​ពេញលេញ​អាមេរិក-ថៃ​ដែរ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កុម្ភៈ មន្រ្តី​ការទូត​អាមេរិក​ម្នាក់​នៃ​ក្រសួង​ការបរទេស​បាន​ព្រមាន​ប្រទេស​ថៃ​ថា បើ​របបសឹក​ដែល​កំពុង​កាន់​អំណាច​នៅ​ថៃ​សព្វថ្ងៃ​មិន​ព្រម​វិល​មក​រក​គន្លង​ប្រជាធិបតេយ្យ​វិញ​ទេ នោះ​សហរដ្ឋអាមេរិក​ក៏​មិន​អាច​ភ្ជាប់​សម្ព័ន្ធភាព​យោធា​ពេញលេញ​ជាមួយ​ថៃ​ដូច​ដើម​វិញ​បាន​ដែរ។ ពាក្យ​ព្រមាន​របស់​មន្រ្តី​ការទូតជាន់ខ្ពស់​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី Daniel Russel ក្នុង​ទីក្រុង​បាងកក។

លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី
លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី REUTERS/Gary Cameron
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ចំពោះ​មុខ​អ្នក​កាសែត​មួយ​ក្រុម​តូច​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ដែល​មន្រ្តី​ការទូតជាន់ខ្ពស់​អាមេរិក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ដើម្បី​អាច​ឲ្យ​សម្ព័ន្ធភាពយោធា​រវាង​ថៃ និង​អាមេរិក​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​បាន គេ​ត្រូវ​តែ​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​ស្ថាប័ន​អភិបាលកិច្ចល្អ និង​តុលាការ។ អ្វី​ដែល​មន្រ្តីការទូត​អាមេរិក​រូប​នោះ​ចង់​ផ្តោត​សំខាន់ គឺ​ការ​វិលវិញ​នូវ​រដ្ឋាភិបាល​ស៊ីវិល​ដែល​ជាប់ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ។ ប្រតិកម្ម​ធ្ងន់ៗ​របស់​មន្រ្តីការទូត​ជាន់ខ្ពស់​អាមេរិក​ចំពោះ​របបសឹក​ក្រុង​បាងកក​ពេល​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី Daniel Russel ក្នុង​ប្រទេស​ថៃ។ លោក Daniel Russel បាន​យល់​ឃើញ​ថា ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​មធ្យោបាយ​ដើម្បី​ប្រឆំាង​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​យីងឡាក់​ប្រហែល​ជា​មាន​បង្កប់​ដោយ​រឿង​នយោបាយ។

គឺ​ជា​បទអត្ថាធិប្បាយ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​នាយករដ្ឋមន្រ្តី ឧត្តមសេនីយ​ប្រយុទ្ធ ចាន់អូចា​ក្តៅស្លឹក​ត្រចៀក និង​ចេញ​មុខ​បរិហារ​ភ្លាមៗ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ក្នុង​ខែ​ឧសភា​ឆ្នំា ២០១៤ កន្លង​ទៅ អាមេរិក​ក៏​បាន​ថ្កោលទោស​រដ្ឋប្រហារ​យោធា​នៅ​ថៃ ហើយ​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​វិល​ត្រឡប់​វិញ​នូវ​អំណាច​ស៊ីវិល​តាម​រយៈ​ការ​បោះឆ្នោត​ដែរ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ មករា លោកស្រី Marie Harf អ្នកនំាពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​រម្លឹក​ឡើង​វិញ​ថា ទំនាក់ទំនង​ថៃ និង​អាមេរិក ជា​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរលង់ និង​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី Marie បាន​បញ្ជាក់​ថា អាមេរិក​នៅ​តែ​បន្ត​ជម្រុញ​រដ្ឋាភិបាល​ក្រុង​បាងកក​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​នំា​ថៃ​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​ជា​ថ្មី។

សូម​ជម្រាប​ជូន​ថា ទីក្រុង​វ៉ាស៊ីនតោន និង​បាងកក​បាន​ផ្តើម​សម្ព័ន្ធភាព​យោធា​រវាង​គ្នា​តំាង​ពី​សម័យសង្រ្គាមត្រជាក់ និង​តំាង​ពី​សម័យ​យុទ្ធនាការ​ប្រឆំាង​របប​កុម្មុយនិស្ត​នៅ​អាស៊ីអាគ្នេយ៍ ពិសេស​ក្នុង​សម័យ​សង្រ្គាម​វៀតណាម។ ទ័ពអាមេរិក និង​ថៃ​តែងតែ​ធ្វើ​សមយុទ្ធ​ជា​រៀងរាល់​ឆ្នំា តែ​តំាង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា អាមេរិក​បាន​លប់​ចោល​សមយុទ្ធ​នេះ ព្រម​ទំាង​ផ្អាក​ជំនួយ​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​ការពារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ