អានតួអត្ថបទ
បរិស្ថាន

កាត់បន្ថយ​ការបំពុល​បរិយាកាស​នឹង​អាច​ជួយសង្រ្គោះ​ជីវិត​មនុស្ស​រាប់លាន​នាក់

ក្នុង​មួយឆ្នាំៗ សារធាតុ​ពុល​ក្នុង​បរិយាកាស ជា​ឃាតករ​សម្លាប់​ជីវិត​មនុស្ស​ជាង ៣លាន​២សែន នាក់។ ប៉ុន្តែ តាម​ការសិក្សា​របស់​អ្នកជំនាញ​បរិស្ថាន ដែល​ចេញផ្សាយ នៅថ្ងៃ​អង្គារ ទី ១៦ មិថុនា គេ​អាច​កាត់បន្ថយ​ចំនួន​មនុស្ស​ស្លាប់​មុន​អាយុ បាន​ប្រមាណ ២លាន​នាក់ ក្នុងមួយឆ្នាំៗ ឯណោះ ប្រសិន​បើ​គេ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​បរិមាណ ​សារធាតុ​ពុល ក្នុង​ខ្យល់​បរិយាកាស ដែល​កំណត់​អង្គការ​សុខភាព​ពិភពលោក។ 

ផ្សែងឡាន ក៏ចូលរួម​បង្កើត​សារធាតុ​ពុល​ក្នុង​ខ្យល់​បរិយាកាស ដែល​សម្លាប់​មនុស្ស​ជាង​៣លាន​នាក់ ក្នុង​មួយ​ឆ្នាំៗ ក្នុង​ពិភពលោក
ផ្សែងឡាន ក៏ចូលរួម​បង្កើត​សារធាតុ​ពុល​ក្នុង​ខ្យល់​បរិយាកាស ដែល​សម្លាប់​មនុស្ស​ជាង​៣លាន​នាក់ ក្នុង​មួយ​ឆ្នាំៗ ក្នុង​ពិភពលោក Flickr/CleanGreen
ផ្សាយពាណិជ្ជកម្ម

តាម​អង្គការ​សុខភាព​ពិភពលោក ខ្យល់ពុល​បរិយាកាស​សម្លាប់​មនុស្ស​មុនអាយុ ជាង​៣​លាន​នាក់ ក្នុង​មួយឆ្នាំៗ គឺ​ស្មើ​នឹង​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជម្ងឺអេដស៍ និង​ជម្ងឺគ្រុនចាញ់​បូកបញ្ចូល​គ្នា។

 
មនុស្ស​ភាគច្រើន នៅលើ​ភពផែនដី រស់នៅ​ជាមួយ​ជាតិពុល ដែល​មាន​កម្រិត ១០​មីក្រូក្រាម ក្នុងខ្យល់​មួយលីត្រ។ គឺ​ជា​ចំនួន​ដែល​កំណត់​ ទាមទារ​​ដោយ​អង្គការ​សុខភាព​ពិភពលោក។ ក៏ប៉ុន្តែ នៅក្នុង​តំបន់​ខ្លះ នៃ​ប្រទេស​ចិន និង​ឥណ្ឌា សារធាតុ​ពុល ក្នុង​ខ្យល់​បរិយាកាស មាន​ដល់​ទៅ ១០០​មីក្រូក្រាម​ឯណោះ។ ករណី​ប្រទេស​ចិន និង​ឥណ្ឌា ត្រូវ​បាន​អ្នកជំនាញ លើក​យក​មក​និយាយ​ច្រើន​ជាងគេ នៅក្នុង​ព្រឹត្តិប័ត្រ វិទ្យាសាស្រ្ត​បរិស្ថាន និង​បច្ចេកវិទ្យា អាមេរិក ដែល​ចេញ​ផ្សាយ នៅ​ថ្ងៃ​អង្គារនេះ។

អ្នកជំនាញ​កំពុង​សិក្សា​ស្រាវជ្រាវ​លើ​បណ្តុំ​សារធាតុ​ពុល ក្នុង​ខ្យល់បរិកាស ដែល​អាច​ចូល​ទៅ​ក្នុង​សួត និង​ធ្វើ​ឲ្យ​មនុស្ស​អាច​ងាយ​ជួប​ជម្ងឺ​គាំង​បេះដូង គ្រោះថ្នាក់​ដាច់សរសៃ​ឈាម ឬ​ជម្ងឺ​មហារីក​សួត​ជាដើម។ សារធាតុ​ពុល​ទាំងនោះ ភាគច្រើន មាន​ចេញ​មក​ពី​ផ្សែង​ឡាន ពី​រោងចក្រ​ឧស្សាហកម្ម ឬ​រោងចក្រ​អគ្គិសនី ដែល​ដើរ​ដោយ​ធ្យូងថ្ម។ នៅក្នុង​ប្រទេស​ក្រីក្រ ផ្សែងពុល​កើតចេញ​ពី​ចង្រ្កាន​ប្រើ​អុសធ្យូង ដែល​មនុស្ស​ប្រើ​ដើម្បី​ចំអិន​អាហារ ឬ​បង្កើត​កម្តៅ នៅ​រដូវ​ត្រជាក់។

តាម​អ្នកជំនាញ ដើម្បី​កាត់បន្ថយ​ចំនួន​មនុស្ស​ស្លាប់ ដោយសារ​សារធាតុ​ពុល ក្នុង​ខ្យល់បរិយាកាស ឲ្យ​បាន​ពាក់កណ្តាល ប្រទេស ដែល​មាន​ខ្យល់ពុល​បរិយាកាស​ច្រើនជាងគេ ត្រូវ​កាត់បន្ថយ​សារធាតុ​ពុល ឲ្យ​បាន​៦៨ភាគរយ នៃ​បណ្តុះ​ដង់ស៊ីតេ របស់​វា។ នៅ​ប្រទេស​ចិន និង​ឥណ្ឌា ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​នៅក្នុង​ពិភពលោក គេ​ត្រូវ​កាត់បន្ថយ​ជាតិពុល​ឲ្យ​បាន​យ៉ាងតិច ៣០ភាគរយ ដើម្បី​រក្សា​ចំនួន​មរណភាព​ឲ្យ​នៅ​នឹងថ្កល់។ បើសិន កម្រិតជាតិពុល ក្នុង​បរិយាកាស គ្មាន​ប្រែប្រួល នៅ​តែ​ច្រើន ដូច​បច្ចុប្បន្ននោះ គេ​វាយតម្លៃថា ចំនួន​មនុស្ស​ស្លាប់ មុន​អាយុ ដោយសារ​ផ្សែងពុល នឹង​អាច​កើនឡើង ប្រមាណ​២១​ភាគរយ នៅឥណ្ឌា និង​២៣​ភាគរយ​ នៅ​ប្រទេស​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ