អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ផ្តល់​ពិន្ទុ​ប្រសើរ​ជាង​មុន​ដល់​ការវាយ​តម្លៃ​ប្រាក់យ័ន​របស់​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ចេញ​ផ្សាយ​កាល​ពី​ដើម​សប្តាហ៍​កន្លងទៅនេះ​បានបង្ហាញ​ឲ្យឃើញថា​ប្រាក់យ័ន​របស់ចិន​លែងមាន​តម្លៃថោក​មិនប្រក្រតី​ទៀតហើយដែល​ខុសអំពី​ការអះអាង​របស់សហរដ្ឋអាមេរិក។ចំណែក​ប្រទេសចិនដែលតែងតែ​ព្យាយាម គ្រប់ មធ្យោបាយ​ដើម្បីបង្កើន​ចរាចរណ៍​ប្រាក់យ័ន​លើឆាកអន្តរជាតិពិតរីករាយ​នឹង​របាយការណ៍​នេះ។

ប្រាក់យ័ន​របស់​ចិន
ប្រាក់យ័ន​របស់​ចិន
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេលជាងពីរទសវត្សរ៍មក​ហើយដែលសហរដ្ឋអាមេរិកក្នុងនាមជាដៃគូរពាណិជ្ជកម្មឈរលំដាប់ទីមួយរបស់ចិនក៏ដូចជាដៃគូ​សំខាន់ៗផ្សេងៗទៀតរបស់ចិនបានត្អូញត្អែរពី​ការ​កំណត់តម្លៃប្រាក់យ័នក្នុងតម្លៃថោកហើយ​ក្នុងនោះការប្តូរប្រាក់ក៏​ឋិតនៅក្រោមការត្រួតត្រាដ៏តឹងរ៉ឹងដើម្បីជា​ប្រយោជន៍នៃ​ការនាំចេញផលិតផលរបស់មហាយក្សចិនមួយ​នេះ។មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​មានទីស្នាក់ការ​កណ្តាល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​មាន​តួនាទី​ក្នុង​ការធានា នូវ​ស្ថិរភាព​នៃ​ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ និង​ក្នុងការគ្រប់គ្រង​វិបត្តិ​រូបិយវត្ថុ​និង​ហិរញ្ញវត្ថុ។

តាម​របាយការណ៍​របស់​ស្ថាប័ន​អន្តរជាតិនេះ​បាន​ស​បញ្ជាក់​ឲ្យឃើញ​ថា ការវាយតម្លៃ​ត្រឹមត្រូវ​និង​ពិត ប្រាកដ​នៃ​ប្រាក់យ័ន បានធ្វើឲ្យ​អត្រាប្តូរប្រាក់​ឈានទៅរក​កំរិតមួយ​ដែល​លែង​ជាការ កណត់​តម្លៃ​ថោក នៃប្រាក់យ័ន​ទៀតហើយ។ ពិតណាស់ថា​កាលពី​អតីតកាល ការ វាយតម្លៃ ថោក​នៃប្រាក់យ័ន គឺជាកត្តា មួយ​ដ៏ចំបង​ដែលបណ្តាល​ឲ្យមាន​អស្ថិរភាព​ចំបងៗ តែឥឡូវនេះ​ករណី​នេះ​មិនមានទៀត​នោះទេ។ តែ ទោះជាយ៉ាងណា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន ចង្អុល បង្ហាញ​ពីភាពចាំបាច់ នៃ​ការ​បន្ត​លៃតម្រូវ​អត្រាប្តូរ ប្រាក់​ដើម្បី​សម្រប​ជាមួយនឹង​ការផ្លាស់ប្តូរ​ជាមូលដ្ឋាន​សំខាន់ៗ។

ចំពោះ​ភ្នែក​សហរដ្ឋអាមេរិក​វិញ រតនាគារជាតិអាមេរិក​បានស្វាគមន៍​ចំពោះ​ការ​រីកចម្រើន​ដ៏​ពិតប្រាកដ ក្នុង​ការវាយ​តម្លៃប្រាក់យ័ននេះ​ក៏ពិតមែន ព្រោះ​យោង​តាម​របាយការណ៍​របស់ រតនាគារជាតិ​អាមេរិក បើ គិតបញ្ចូលទាំង​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​និង​អតិផរណាអត្រាប្តូរ​ប្រាក់​ពិតប្រាកដ​នៃ​រូបិយប័ណ្ណចិន​បាន ឆ្លុះបញ្ចាំង​ពីកំណើន​ជាង១០% ធៀប​នឹងប្រាក់ដុល្លារ ក្នុង​រយៈពេលប្រាំមួយខែ​ចុងក្រោយនេះ។ ក៏ប៉ុន្តែ រតនាគារជាតិអាមេរិក​យល់ថា​ប្រាក់យ័ន​នៅ​តែ​មាន​​តម្លៃទាបខ្លាំង​នៅឡើយ។

បន្ទាប់ពី​នៅទ្រឹងក្នុងរយៈពេលពីរឆ្នាំ​រហូតដល់​ឆ្នាំ២០១០ ក្នុងរវាង​តម្លៃ​៦,៨២យ័ន​ក្នុង១ដុល្លារ ប្រាក់យ័ន ក៏បាន​កើន​តម្លៃរើបៗ​ឡើង​រហូតដល់​ចំនុចកំពូល​មួយ ក្នុងតម្លៃ​៦,០៤យ័ន​ក្នុង​១ដុល្លារ​​កាលពី​ខែមករា​ឆ្នាំ២០១៤​។ ប៉ុន្តែ​បន្តិចក្រោយមក​ឥឡូវនេះ វា​ក៏​ធ្លាក់​ចុះ​បន្តិច​វិញ​ក្នុងតម្លៃ​រវាង​៦,២០យ័ន​ក្នុង​១ដុល្លារ​។ បើ​ទោះជា​រយៈពេលចុងក្រោយនេះ​តម្លៃមាន​ការ​ប្រែ​ប្រួល​​បន្តិច​មែន តែ​ជា​ការ​វាយតម្លៃ​ដែល​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​បានសាទរ និង​បន្ត​ដាស់​តឿន​ទីក្រុងប៉េកាំង​ឲ្យបន្ត​ព្យាមយាម​បង្កើន​នូវ​វិធានការ​ដើម្បីការប្តូរ​ប្រាក់យ័ន​មាន​ភាព​ងាយស្រួល និង​ព្រមទាំង​ស្នើឲ្យ​មានការបង្កើត​ប្រព័ន្ធ​ប្តូរប្រាក់​អណ្តែត​ក្នុង​រយៈពេល ពីរ បីឆ្នាំ​ខាងមុខនេះ។

មូលនិធិរូបិយវត្ថុ​អន្តរជាតិ​បាន​ថែម​ទាំង​សង្កត់​ធ្ងន់ថា ការ​ធ្វើ​សេរីភាវូបនីយកម្ម​នៃ​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស គឺ​ជា​តម្រូវការ​ដ៏​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​ដ៏ធំមួយ​នេះ​ដែល​កំពុង​បោះជំហាន​​ចូលទៅ​ក្នុងទីផ្សារ​ហិរញ្ញវត្ថុ​សកល។ ឯ​រដ្ឋបាល​ក្រុងបេកាំាង​ក៏បានបង្ហាញ​ពីឆន្ទៈ​ក្នុងការបង្កើត​ប្រព័ន្ធ​ប្តូរប្រាក់​ផង​ដែរ តែ​ក៏នៅតែ​មានបំណង ចៀសវាង​មិនចង់ឲ្យមាន​លំហូរ​មូលធន​ដោយ​គ្មាន​ការគ្រប់គ្រង​នោះដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ដែលមូលនិធិរូបិយវត្ថុ​អន្តរជាតិ​ផ្តល់ពិន្ទុប្រសើរ​ជាង​មុន​ចំពោះ​ការវាយតម្លៃ​ប្រាក់យ័ន​នៅពេលនេះ នឹងជួយពង្រឹង​មហិច្ឆតា​របស់​ចិន​ក្នុងការពង្រីក​ការ​ប្រើ​ប្រាស់​​នៃ​រូបិយប័ណ្ណ​របស់ ខ្លួន​នៅលើឆាក​អន្តរជាតិ។ ជាក់ស្តែង​ធនាគារប្រជាជនចិន (ធនាគារកណ្តាល) ទើប​នឹង​បាន​ចុះ ហត្ថលេខា​លើកិច្ចព្រមព្រៀង​ដោះដូរ​រូបិយប័ណ្ណ​ជាមួយ​ធនាគារ​កណ្តាល​ផ្សេង​ទៀត​ចំនួន២៨​ រួមជាមួយ នឹង​ការបែងចែក​កូតា​វិនិយោគ​ដោយផ្ទាល់​ជាប្រាក់យ័ន។

លើស​ពី​នេះ ទីក្រុងប៉េកាំង​ក៏​រំពឹង​ថា​ក្នុងពេលឆាប់ៗ​ខាងមុខនេះ ប្រាក់យ័ន​នឹង​អាច​ត្រូវគេចាត់​ថ្នាក់រួម បញ្ចូល​ជាមួយ​នឹង ប្រាក់ដុល្លាអាមេរិក ប្រាក់អឺរ៉ូ​របស់អឺរ៉ុប ប្រាក់លីវ​របស់អង់គ្លេស និងប្រាក់​យេនរបស់ ជប៉ុន ដែល​ជា​ប្រភេទ​រូបិយបណ្ណ​ទទួល​បាន​សិទ្ធិ​ពិសេស​ពី​មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ​ក្នុង​ការបោះពុម្ភ។

គួរ​ធ្វើកំណត់​សំគាល់​ថា​នៅ​ខែ​មករា​កន្លង​ទៅ​នេះ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អន្តរជាតិ​ហៅ​កាត់ថា SWIFT បាន ប្រកាសថា​ប្រាក់យ័ន​បាន​កើន​ឡើង​ដល់​លំដាប់​ទីប្រាំ​នៃ​រូបិយប័ណ្ណ​ដែល​ប្រើ​ច្រើន​ជាង​គេ​បំផុត​សម្រាប់ ការទូទាត់​អន្តរជាតិ។ បើ​ប្រៀប​ទៅនឹង​ខែមករា​ឆ្នាំ២០១៣ ប្រាក់យ័ន​​ឋិន​នៅលំដាប់ទី១៣ ប៉ុណ្ណោះ​នៅ ក្នុង​ចំណាត់ថ្នាក់​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ