អានតួអត្ថបទ
អាមេរិក-FIFA

លោក​ Sepp Blatter លា​ចេញ​ពី​តំណែង ​បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ FIFA

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ! ប្រធាន​សហព័ន្ធ​បាល់​ទាត់​ពិភពលោក​ (FIFA) លោក​ Sepp Blatter ​បាន​សម្រេច​ចិត្ត​លា​ចេញ​ពី​តំណែង នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​។ ជា​ការ​លា​ចេញ​ពី​តំណែង​ បន្ទាប់​ពី​លោក​មាន​រឿង​អាស្រូវ​ទទួល​សំណូក​ នៅ​ក្នុង​ពិភពលោក​បាល់ទាត់។ ក្រោយ​ពី​ការ​លាលែង​ពី​តំណែង​របស់​លោក ​Blatter ​ព្រះអង្គ​ម្ចាស់​របស់​ហ្សកដានី​ អាលី ​និង​អតីត​កីឡាករ​ឆ្នើម​របស់​បារាំង ​លោក ​David Ginola ​ក៏​បាន​ប្រកាស​ឈរ​ឈ្មោះ​សម្រាប់​តំណែង​នេះ​ភ្លាម​ៗ។

Sepp Blatter​ ប្រធាន​​សហព័ន្ធ​​បាល់ទាត់​​ពិភព​​លោក​​ (FIFA)​
Sepp Blatter​ ប្រធាន​​សហព័ន្ធ​​បាល់ទាត់​​ពិភព​​លោក​​ (FIFA)​ REUTERS/Arnd Wiegmann/Files
ផ្សាយពាណិជ្ជកម្ម

លោក Sepp Blatter អាយុ ៧៩ឆ្នាំ​ ដែល​បាន​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភព​លោក​ (FIFA) អស់​រយៈ​ពេល​ ១៧​ឆ្នាំ​ តាំង​ពី​ឆ្នាំ ​១៩៩៨​មក​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​ បាន​សម្រេច​ដើរ​ចេញ​ពី​មុខងារ​នេះ​ បើទោះ​បី​ជា​លោក​ទើប​តែ​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ ឲ្យ​បន្ត​អណ្តត្តិ​ទី​៥​ កាល​ពី​សប្តាហ៍​មុន​ក៏​ដោយ។

ការ​សម្រេច​ចិត្ត​លា​ចេញ​ពី​តំណែង​នេះ​ ក៏​បន្ទាប់​ពី​មាន​រលក​រឿង​អាស្រូវ​ទទួល​សំណូក​ពុក​រលួយ​ជាច្រើន​ ក្នុង​រង្វង់​ពិភព​លោក​បាល់ទាត់​ កាល​ពី​ខែ​មុន។ លោក Sepp Blatter ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ បាន​ទទួល​សំណូក នៅពេល​ចាប់​ឆ្នោត​ឲ្យ​ប្រទេស​រុស្ស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​ World Cup នៅ​ឆ្នាំ​ ២០១៨ និងឲ្យ​កាតា ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៅ​ឆ្នាំ​ ២០២២។ កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ អាជ្ញាធរ​ ក្រោម​ការ​បង្គាប់​បញ្ជា​ពី​រដ្ឋអាជ្ញា​អាមេរិក​ បាន​ចូល​ទៅ​ក្នុង​សណ្ឋាគារ Zurich ប្រទេស​ស្វីស​ ហើយ​បាន​ចាប់​ខ្លួន​មន្ត្រី FIFA ៧នាក់។

អ្នក​ដែល​បាន​បោះឆ្នោត​គាំទ្រ​លោក Blatter គឺ​អតីត​តារា​បាល់ទាត់​ប្រេស៊ីល​ដ៏​ល្បីល្បាញ ​លោក ​Pele មាន​ការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​ការ​លាលែង​របស់​លោកBlatter។ ប៉ុន្តែ​លោក​ បាន​សំណូមពរ​ឲ្យ​មាន​ជន​ដែល​យល់​ថា​ខ្លួន​ស្មោះត្រង់ ​ត្រូវ​ចេញ​មក​ជម្រះ​មន្ទិល​ ចំពោះ​ភាព​ពុក​រលួយ​ក្នុង​ FIFA ។ ប្រធានាធិបតី​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ ក៏​បាន​សម្តែង​ការ​ខក​បំណង​មិន​ស្ទើរ​ដែរ​ ចំពោះ​ដំណឹង​នេះ​ ខណៈ​សប្តាហ៍​មុន​ លោក​បាន​សាទរ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ជាប់​ឆ្នោត​ក្នុង​អាណត្តិ​ទី​៥ ​របស់​លោក​ Sepp Blatter។

ក្រោយ​ការ​លាលែង​របស់​លោក ​Sepp Blatter  FIFA បាន​ប្រកាស​ថា​នឹង​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ នៅ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ ដើម្បី​ជ្រើសរើស​ប្រធាន​ថ្មី។ អតីត​កីឡាករ​ឆ្នើម​របស់​បារាំង​លោក​ David Ginola និង​ព្រះអង្គ​ម្ចាស់​ប្រទេស​ហ្ស៊កដានី ​Ali Bin Al-Hussein ដែល​ទើប​ចាញ់​ការ​បោះឆ្នោត​ប្រជែង​ជាមួយ​លោក Blatter ​កាល​ពី​សប្តាហ៍​មុន​នោះ​ ក៏​បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​ថ្មី​ សម្រាប់​តំណែង​ប្រធាន ​FIFA ។

ទោះ​បី​ជា​លោក​ Sepp Blatter ប្រកាស​ចេញ​ពី​តំណែង​ក៏​ដោយ​ ប៉ុន្តែ​លោក Sepp Blatter កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ ដោយ​មន្ត្រី​អាមេរិក ជុំវិញ​រឿងរ៉ាវ​ពុក​រលួយ ​ក្នុង​ពិភព​បាល់ទាត់​ដដែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ