អានតួអត្ថបទ
បច្ចេកវិទ្យា-អវកាស

SpaceX ​បង្ហោះ​យាន​ថ្មីទៅ ​ស្ថានីយ៍​អវកាស​អន្តរជាតិ ​ក្រោយ​បរាជ័យ​២លើក

ក្រុមហ៊ុន​អវកាស​ឯកជន​ SpaceX ​កំពុងតែ​រៀបចំ​បាញ់​បង្ហោះ​យាន​អវកាស​ថ្មី​មួយ ​របស់​ខ្លួន ​ដែលជា​យាន​គ្មាន​មនុស្ស​បើក ​ដើម្បី​នាំយក​សម្ភារៈ ​ និង​បរិក្ខា​វិទ្យាសាស្ត្រ ​ទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ។ នេះគឺ​ជា​ការ​បាញ់​បង្ហោះ​ថ្មី​មួយ ​របស់​ក្រុមហ៊ុន​អវកាស​ឯកជន​វ័យ​ក្មេង​នេះ​ បន្ទប់​ពី​បាន​ជួប​បរាជ័យ ​២លើក ​ កាល​ពី​ឆ្នាំ​ ២០១៥ ​និង​២០១៦។ អ្នក​នាំពាក្យ​ក្រុមហ៊ុន​នេះ ​បាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​អាច​នឹង​បញ្ជូន​យាន​អវកាស​ជាមួយ​មនុស្ស ​នៅ​រវាង​ឆ្នាំ​២០២០។

​Falcon9​ របស់SpaceX ដែលនឹង​ត្រូវ​នាំ​យកយានDragon ទៅ​ស្ថានីយ័​អវកាស​អន្តរជាតិ
​Falcon9​ របស់SpaceX ដែលនឹង​ត្រូវ​នាំ​យកយានDragon ទៅ​ស្ថានីយ័​អវកាស​អន្តរជាតិ Reuters
ផ្សាយពាណិជ្ជកម្ម

បើអ្វីៗ​ប្រព្រឹត្តិ​តាមការ​គ្រោងទុក​ ជាមួយ​នឹង​លក្ខខណ្ឌ​អាកាសធាតុ​អំណោយ​ផល ​ ជើង​បង្ហោះ​ Falcon9 ​របស់​ក្រុមហ៊ុន​ SpaceX ​នឹង​នាំយក​យាន​ Dragon ទៅ​កាន់​ស្ថាន័យ​អវកាស​អន្តរជាតិ(ISS) ​នៅ​វេលា​ម៉ោង​៣​រសៀល ​ម៉ោង​សកល។ យាន ​Dragon ​នឹងចូល​ទៅ​ដល់​ខ្សែ​អកប៊ីត​ របស់​ផែនដី ​នៅ​រវាង​ព្រឹក​ថ្ងៃ​ចន្ទ។ ការ​បាញ់​បង្ហោះ​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​សៅរ៍ទី​ ១៨​ កុម្ភៈ​នេះ ​ ​នៅ​ស្ថានីយ៍​បាញ់​បង្ហោះ​អវកាស​Kennedy  ​ក្នុង​រដ្ឋ​Florida។ គឺ​ស្ថានីយ៍​នេះ​ហើយ ​ ដែល​គេ​បាន​រៀបចំ​ការ​បាញ់​បង្ហោះ​យានអវកាស ​Apollo ​ឆ្ពោះ​ទៅកាន់​ឋាន​ព្រះចន្ទ​ ​នៅឆ្នាំ​១៩៦៩។

 
សូម​បញ្ជាក់​ថា ​យាន​Dragon ​ដែល​ត្រូវ​បាញ់​បង្ហោះ​នា​ពេល​នេះ ​ ​គឺ​មាន​ផ្ទុក​នូវ​ក្បាល​កាប់ស៊ុល ​ទំងន់​២,២តោន ​ ដែល​សុទ្ធ​តែ​ជា​សម្ភារៈ ​និង​បរិក្ខា​វិទ្យាសាស្រ្ត ​សម្រាប់​បំរើ​ការងារ​នៅ​លើ​ស្ថានីយ៍​អវកាស​អន្តរជាតិ​ ISS។​ មុននឹង​ប្រកាស​បញ្ជាក់​ពី​ការ​បាញ់​បង្ហោះ​នេះ ​ កាល​ពី​ថ្ងៃ​សុក្រ​ ក្រុមហ៊ុនSpaceX ​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​បញ្ហា​បច្ចេកទេស ​ក្រោយ​ពី​បាន​រកឃើញ ​រន្ធ​តូច​មួយ​ដែល​ធ្វើ​ឲ្យ​ធ្លាយ​ជាតិ​Hélium។ លោកស្រី ​Gwynne Shotwell​ អគ្គនាយក​ទូទៅ​របស់SpaceX ​បាន​បញ្ជាក់​ថា ​គេ​បាន​ជួសជុល​រួចរាល់​ហើយ។

សូម​បញ្ជាក់ថា​ ​ការ​បាញ់​បង្ហោះ​លើក​នេះ ​ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ ​ក៏​ដូច​ជា​បុគ្គលិក​របស់ ​SpaceX ​ខិត​ខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព ​បន្ទាប់​ពី​ការ​បាញ់​បង្ហោះ​ពីរលើក ​កាល​ពី​ឆ្នាំ​២០១៥ ​និង​២០១៦ ​បាន​ជួប​បរាជ័យ។ នៅខែ​មិថុនា ​២០១៥​ ជើង​បង្ហោះ​Falcon 9​ បាន​ផ្ទុះ ​ប៉ុន្មាន​នាទី ​បន្ទាប់​ពី​បាន​ហោះចេញ​ពី​ដី។ ក្រោយ​មក​នៅ​ខែ​កញ្ញា ​២០១៦ ​ម៉ាស៊ីន​ហ្វុយហ្សេ​បង្ហោះ ​បាន​ផ្ទុះ​ក្នុង​ពេល​សាកល្បង ​ដោយ​បាន​បំផ្លាញ​ប្រព័ន្ធ​សាទឺលីត​របស់​អ៊ីស្រាអែល ​ក្នុង​តំលៃ​២០០​លាន​ដុល្លារ។

ថ្វីបើ​ជួប​បរាជ័យ​ក្នុង​ការ​បាញ់​បង្ហោះ​២ដង​ពិតមែន ​ តែ​​ក្រុមហ៊ុន​SpaceX ​នៅតែ​ជា​ក្រុមហ៊ុន​អវកាស​ឯកជន ​វ័យក្មេង ​ដែល​ជា​ទី​សង្ឃឹម ​និង​ពេញ​និយម​បំផុត។ អ្វីដែល​ចំណុច​ពិសេស​របស់ ​SpaceX គឺ​ចំនួន​ទឹកប្រាក់​ក្នុង​ការ​ចំណាយ ​ដែល​មាន​កំរិត​ទាប​ជាងគេ។

ជោគជ័យ​ដ៏​ធំ​របស់ ​SpaceX ​គឺនាំ​យក​មក​វិញ​នូវ​ជើង​ទំរ​ជាន់​ទីមួយ​នៃ​ម៉ាស៊ីន​ហ្វុយហ្សេ​បង្ហោះ ​ឲ្យ​ត្រឡប់​មក​ផែនដី​វិញ ​ដើម្បី​អាច​ប្រើប្រាស់​វា​ជាថ្មី។ ផ្នែក​ជាន់​ទីមួយ ​នៃ​ម៉ាស៊ីន​ហ្វុយហ្សេ​ដែល​មាន​កំពស់​៤១​ម៉ែត្រ​នេះ ​ គឺ​​ជាផ្នែក​ដ៏​សំខាន់​ និង​ត្រូវការ​ចំណាយ​ច្រើន​បំផុត​ក្នុង​ការ​ផលិត។ ការ​ដែល​អាច​យក​វា​ត្រលប់​មកវិញ ​ដើម្បី​ប្រើប្រាស់​ច្រើន​ដង​ គឺ​​ជា​ការ​សន្សំ​ការ​ចំណាយ​ដ៏​ចំបង។ ថ្វីបើ​ជា​បេសកកម្ម​ដ៏​លំបាក​ តែ​រហូត​មក​ទល់​ពេល​នេះ ​SpaceX ​បាន​យក​ផ្នែក​នេះ​ត្រលប់​មក​ផែនដី​វិញ ​ប្រកប​ដោយ​ជោគជ័យ​ចំនួន​៧ដង ​រួច​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ