អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្ធិសញ្ញាអន្តរជាតិ​ស្តីពី​ការជួញដូរ​អាវុធ​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃពុធ ទី២៤ ធ្នូ ២០១៤

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ការ​ជួញដូរ​អាវុធ​បាន​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃពុធ ទី២៤ ធ្នូ ២០១៤ នេះ។ បច្ចុប្បន្ន មាន ១៣០ប្រទេស​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ តែ​មាន ៦០ប្រទេស​ប៉ុណ្ណោះ​ដែល​បាន​ឲ្យ​សច្ចាប័ន។ មួយវិញ​ទៀត​ក្នុង​ចំណោម ១០ប្រទេស​ដែល​បាន​នំា​អាវុធ​ចេញ​ច្រើន​ជាង​គេ​ក្នុង​លោក មាន​តែ ៥ប្រទេស​គត់​ដែល​បាន​ឲ្យ​សច្ចាប័ន​លើ​សន្ធិសញ្ញា ក្នុង​នោះ​ក៏​មាន​ប្រទេស​បារំាង​ដែរ។ រីឯ​ចិន កាណាដា និង​រុស្ស៊ី​ដែល​ជា​ប្រទេស​ផលិតអាវុធ​បាន​បន្ត​បដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​បាន​សាទរ​ចំពោះ​ការ​ចូល​ជា​ធរមាន​នូវ​សន្ធិសញ្ញា​ដ៏​ចម្រូងចម្រាស​មួយ​នេះ។

សន្ធិសញ្ញាអន្តរជាតិ​ស្តីពី​ការជួញដូរ​អាវុធ​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃពុធ ទី២៤ ធ្នូ ២០១៤
សន្ធិសញ្ញាអន្តរជាតិ​ស្តីពី​ការជួញដូរ​អាវុធ​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃពុធ ទី២៤ ធ្នូ ២០១៤ Jimmy Anderson/Getty Images
ផ្សាយពាណិជ្ជកម្ម

ការ​ជួញដូរ​អាវុធ​នៅ​ក្នុង​លោក​យើង​នេះ គឺ​ជា​បញ្ហា​មួយ​ស្មុគស្មាញ និង​មាន​ប្រទាញប្រទង់​គ្នា​ខ្លំាង​រវាង​ក្រុមប្រទេស​មហាអំណាច ពិសេស​គឺ​ក្រុមប្រទេស​អ្នកលក់អាវុធ។ មក​ដល់​ពេល​នេះ ប្រទេស​លក់អាវុធ ឬ​មួយ​ក៏​ប្រទេស​នំា​អាវុធ​ចេញ​អាច​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​ណា​មួយ​ក៏​បាន ដោយ​ផ្អែក​ទៅ​តាម​កិច្ចព្រមព្រៀង​រវាង​អ្នកទិញ និង​អ្នកលក់ ពោល​គឺ​គ្មាន​មូលដ្ឋាន​ច្បាប់ អន្តរជាតិ​ណា​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​លើ​ការ​លក់ ទិញ​នោះ​ទេ។ គឺ​ការ​គ្មាន​ច្បាប់អន្តរជាតិ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​អាវុធ​ភាគច្រើន​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​ក្រុមភេរវជន និង​ជនខិលខូច​យក​ទៅ​ប្រើប្រាស់​ក្នុង​បទឧក្រិដ្ឋ​ផ្សេងៗ។ ជាង ១០ឆ្នំា​មក​ហើយ​ក្រុម​អ្នកកាពារសិទ្ធិមនុស្ស ក៏​ដូច​ជា​អង្គការ​ក្រៅរដ្ឋាភិបាល​នានា​ចេញ​មុខ​ទាមទារ​ឲ្យ​មាន​សន្ធិសញ្ញាអន្តរជាតិ​មួយ​ដើម្បី​គ្រប់គ្រង​លើ​ពាណិជ្ជកម្ម​អាវុធ​នៅ​ក្នុង​ពិភពលោក។ ជា​រៀងរាល់ឆ្នំា ទឹកប្រាក់​បាន​មក​ពី​ការ​​ជួញដូរ​អាវុធ​មាន​ជាង ៨៥ ០០០លានដុល្លារ។

បន្ទាប់​ពី​បាន​ប្រើ​ពេល​ចរចា​អស់ ៨ឆ្នំា​មក សន្ធិសញ្ញាអន្តរជាតិ​​ស្តីពី​ការ​ជួញដូរ​អាវុធ​ត្រូវ​បាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​អនុម័ត​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី២ មេសា ឆ្នំា ២០១៣ និង​ដែល​ទើប​ចូរ​ជា​ធរមាន​នៅ​ថ្ងៃ​ពុធ ទី២៤ធ្នូ ឆ្នំា ២០១៤។ អ្វី​ជា​ការ​កត់សម្គាល់ សន្ធិសញ្ញា​នោះ​បាន​ចុះ​ហត្ថលេខា​ដោយ ១៣០ប្រទេស តែ​ទើប​មាន ៦០ប្រទេស​ប៉ុណ្ណោះ​ដែល​បាន​ឲ្យ​សច្ចាប័ន។ មួយ​វិញ​ទៀត ក្នុង​ចំណោម ១០ប្រទេស​ដែល​បាន​នំា​អាវុធ​ចេញ​ច្រើន​ជាង​គេ មាន​តែ ៥ប្រទេស​គត់ គឺ​បារំាង អាល្លឺម៉ង់ អ៊ីតាលី អេស្បាញ និង​អង់គ្លេស​ដែល​បាន​ឲ្យ​សច្ចាប័ន។ អាមេរិក​ជា​ប្រទេស​ហត្ថលេខី តែ​នៅ​មិន​ទាន់​ឲ្យ​សច្ចាប័ន រីឯ​ចិន កាណាដា និង​រុស្ស៊ី​បន្ត​ស្ថិត​ជា​ប្រទេស​រឹងក្បាល​មិន​ព្រម​ចុះ​ហត្ថលេខា​ទេ។ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន​ស្នើ​ឲ្យ​ប្រទេស​អវត្តមាន​ទំាង​នោះ​ចុះ​ហត្ថលេខា​ជា​បន្ទាន់។

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស៖សន្ធិសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ​នឹង​អាច​ជួយ​ស្រោចស្រង់​ជីវិតមនុស្ស​បាន​ច្រើន

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​បាន​សាទរ ដោយ​បាន​ចាត់​ទុក​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ការ​ជួញដូរ​អាវុធ​ថា ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់។ ចាប់​ពី​ពេល​នេះ​ត​ទៅ និង​មុន​សម្រេច​លក់​អាវុធ ឬ​ក៏​បញ្ជូន​អាវុធ​ទៅ​ឲ្យ​ប្រទេស​ណា​មួយ ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញាអន្តរជាតិ​នេះ​​ត្រូវ​តែ​ពិនិត្យ​មើល​លើ​ប្រទេសអ្នកទិញ​ដើម្បី​ចង់​ដឹង​ថា តើ​ប្រទេស​អ្នកទិញ​នោះ​មាន​ជាប់​ទ័ណ្ឌកម្មអន្តរជាតិ ឬ​ក៏​អត់ មាន​បាន​រំលោភបំពាន​សិទ្ធិមនុស្ស ឬ​ក៏​អត់។ ទន្ទឹម​គ្នា​នេះ ក្រុមប្រទេស​អ្នកលក់​ត្រូវ​ផ្ទៀងផ្ទាត់ និង​ធានា​ថា អាវុធ​ដែល​បាន​លក់ ឬ​មួយ​ក៏​ឆ្លងកាត់​ប្រទេស​អ្នកទិញ​នោះ​នឹង​មិន​ត្រូវ​បាន​គេ​លួច​បង្វែងដាន​គេច​ពី​ទ័ណ្ឌកម្ម​អន្តរជាតិ បន្លំ​លក់​ទៅ​ឲ្យ​បណ្តាញបទឧក្រិដ្ឋ ឬ​មួយ​ក៏​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​ពួក​ភេរវជន​ឡើយ។ ចូរ​កុំ​ភ្លេច​ថា​សព្វថ្ងៃ​នេះ មាន​ប្រទេស​ខ្លះ​កំពុង​ជាប់​ទ័ណ្ឌកម្មអន្តរជាតិ​មិន​ឲ្យ​នំា​អាវុធ​ចូល តែ​មាន​ប្រទេស​អ្នកលក់អាវុធ​ខ្លះ​នៅ​បន្ត​លក់​អាវុធ​ឲ្យ ដោយ​ប្រើ​បណ្តាញ​ផ្សេង​ដើម្បី​ពង្វាង​ទ័ណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ។

គ្រឿង​សព្វាវុធ​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​ថ្មី​នោះ រួម​មាន​តំាង​ពី​អាវុធ​ខ្លី​រហូត​ដល់​យន្តហោះចម្បំាង នាវាចម្បំាង និង​គ្រាប់មីស៊ីល។ តែ​មិន​ជាប់​ទាក់ទង​នឹង​អាវុធ​នុយក្លេអ៊ែរ អាវុធ​គីមី ជីវសាស្រ្ត​ដែល​ពិភពលោក​ត្រូវ​ការ​សន្ធិសញ្ញាអន្តរជាតិ​មួយ​ដាច់​ដោយឡែក។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ក៏​ដូច​ជា​ឧត្តមស្នងការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​បាន​សាទរ​ដោយ​ពួក​គេ​ចាត់​ទុក​សន្ធិសញ្ញាអន្តរជាតិ​ស្តីពី​ការ​ជួញដូរ​អាវុធ​ថា ជា​ការ​​បើក​ទំព័រសករាជ​ថ្មី​មួយ​ដោយ​គេ​សង្ឃឹម​ថា សន្ធិសញ្ញា​នោះ​នឹង​អាច​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​ជា​ច្រើន​ឲ្យ​រួច​ផុត​ពី​គ្រាប់កំាភ្លើង។ សម្រាប់​អង្គការ Amnesty International អ្វី​ដែល​ពិភពលោក​បាន​សម្រេច​នៅ​ពេល​នេះ គឺ​ជា​រឿង​ប្រវត្តិសាស្រ្ត​មិន​អាច​បំភ្លេច​បាន ព្រោះ​ជា​រៀងរាល់​ឆ្នំា មាន​មនុស្ស​ជាង​កន្លះលាន​នាក់​បាន​ស្លាប់ និង​រាប់សិប​លាននាក់​ទៀត​បាន​រងរបួស រំលោកបំពាន ព្រម​ទំាង​បង្ខំចិត្ត​ភៀសខ្លួន​រត់ចោល​ផ្ទះសម្បែង ដោយសារ​តែ​អាវុធ និង​ដើម្បី​គេច​ពី​គ្រាប់រំសេវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ