អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

អាមេរិក​បដិសេធ​មិន​សហការ​ជាមួយ​កូរ៉េខាងជើង​ក្នុងរឿង​ស្វែងរក​មុខ​ចោរ​អ៊ីនធ័រណេត

អាមេរិក​បាន​ទាត់ចោល​សំណើ​របស់​កូរ៉េខាងជើង ដែល​ចង់​ចូលរួម​នៅក្នុង​ដំណើរការ​ស៊ើបអង្កេត​រក​មុខ​ចោរ​អ៊ីនធ័រណេត ដែល​បាន​វាយប្រហារ​​ព័ត៌មាន​វិទ្យា​ទៅលើ​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ សូនី។ កាលពីថ្ងៃ​សៅរ៍ ទី ២០​ធ្នូ វ៉ាស៊ីនតោន​ទើប​តែ​បាន​សុំ​ទីក្រុង​ប៉េកាំង​ឲ្យ​ជួយ​ទប់ស្កាត់​ការវាយប្រហារ​តាម​អ៊ីនធ័រណេត ដែល​វ៉ាស៊ីនតោនសន្និដ្ឋាន​ថា មាន​ប្រភព​ចេញ​ពី​កូរ៉េខាងជើង។  

ក្រុមហ៊ុន​ភាពយន្ត​សូនីដែល​ខាតបង់​ទឹកប្រាក់​៥០០​លាន​ដុល្លារ ដោយសារ​ចោរអ៊ីនធ័ណេត
ក្រុមហ៊ុន​ភាពយន្ត​សូនីដែល​ខាតបង់​ទឹកប្រាក់​៥០០​លាន​ដុល្លារ ដោយសារ​ចោរអ៊ីនធ័ណេត REUTERS/Mario Anzuoni
ផ្សាយពាណិជ្ជកម្ម

វ៉ាស៊ីនតោន​នៅតែ​ប្រកាន់ជំហរ​ម៉ឺងម៉ាត់ថា កូរ៉េខាងជើង​ជា​អ្នកទទួល​ខុសត្រូវ ប្រព្រឹត្តផ្ទាល់ ក្នុង​រឿង​វាយប្រហារ​តាមអ៊ីនធ័រណេត​ទៅលើ​ក្រុមហ៊ុន​ហូលីវូដ សូនី។ ប៉ុន្តែ ទីក្រុង​ព្យុងយ៉ាង នៅតែ​បដិសេធ​ជាប់​ជានិច្ច។ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ថ្ងៃ​ដែល​អាមេរិក​បានប្រកាស​ថា បាន​សុំ​ជំនួយ​ពី​ទីក្រុង​ប៉េកាំង សម្ព័ន្ធមិត្ត​របស់កូរ៉េខាជើង ​ឲ្យជួយ​ទប់ស្កាត់​កុំឲ្យ​មាន​ការវាយប្រហារ​តាម​អ៊ីនធ័រណេត​ពី​សំណាក់​កូរ៉េខាងជើង​ តទៅទៀតនោះ ទីក្រុង​ព្យុងយ៉ាង​ ដែល​នៅ​តែ​បញ្ជាក់​​ភាព​ស្អាតស្អំ​របស់ខ្លួន ​បាន​អះអាងថា ខ្លួន​ចង់​ចូលរួម​​ស៊ើបអង្កេតជាមួយ​អាមេរិក​ ដើម្បី​ស្វែង​រក​មុខក្រុម Hackers ​ចោរអ៊ីនធ័រណេត​ជាមួយ​អាមេរិក។

 
​កូរ៉េខាងជើង​បាន​បោះដៃ​ទៅ​រក ប៉ុន្តែ​អាមេរិក​បាន​បដិសេធ​មិន​ទទួល​យក​យ៉ាង​ដាច់​អហង្កា។ តាម​លោក​Mark Stroh អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ អាមេរិក បើសិន​កូរ៉េខាងជើង​ចង់​ជួយ​អាមេរិក​ ពិតប្រាកដមែន នោះ កូរ៉េខាងជើង​គួរ​ទទួល​ស្គាល់​កំហុស​របស់ខ្លួន​ក្នុង​រឿង​វាយប្រហារ​ព័ត៌មានវិទ្យា និង​ត្រូវ​សង​សំណង​ទាំង​អម្បាលម៉ានដែល​ក្រុមហ៊ុន​បាន​ខាតបង់​ដោយសារ​​ចោរអ៊ីនធ័រណេតនេះ។​​

តាម​មន្រ្តី​អាមេរិក​ នៅក្នុង​អំឡុង​ពេល​ពិភាក្សា​ស្តីពី​សន្តិសុខ​អ៊ីនធ័រណេត ទាំង​អាមេរិក និង​ចិន​បាន​យល់ស្រប​គ្នា ថា ការប្រើ​ព័ត៌មាន​វិទ្យា​ដើម្បី​គោលដៅ​វាយប្រហារ​អ្នកដទៃ គឺ​ជា​ឥរិយាបថ​មិន​ត្រឹមត្រូវ​ និង​ដែល​គេ​មិន​អាច​ទទួល​យកបាន។

យោងតាម​អ្នកទទួលខុសត្រូវ​ម្នាក់​របស់​រដ្ឋបាល​លោក​អូបាម៉ា ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មានអង់គ្លេស Reurtes អាមេរិក​កំពុង​បង្កើត​បណ្តាញ​មួយ​ជាមួយ​នឹង​ប្រទេស​មួយចំនួន ដើម្បីវាយប្រហារ​បក​ទៅវិញ ទៅលើ​​ចោរ​អ៊ីនធ័ណេត​ដែល​បាន​ចូលលួច​យក​ទិន្នន័យ​របស់ក្រុមហ៊ុន​សូនី។ ប្រទេ​ស​ដែល​អាមេរិក​កំពុង​ចង់​សហការ​ជាមួយ មាន​អង់គ្លេស អូស្ត្រាលី នូវែលហ្សេឡង់ កូរ៉េខាងត្បូង ជប៉ុន ចិន និង​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ