អានតួអត្ថបទ
អាមេរិក-គុយបា

៥៤ឆ្នំា​ក្រោយ​មក ទង់ជាតិ​អាមេរិក​បាន​បក់​រវិចៗ​ឡើង​វិញ​លើ​ប្រទេស​គុយបា

នៅ​ថ្ងៃ​សុក្រ ទី១៤ សីហា​នេះ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​ផ្តើម​ទស្សនកិច្ច​រយៈពេល​ខ្លី​នៅ​ក្នុង​ប្រទេស​គុយបា។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ឃែរី គឺ​ដើម្បី​លើក​ទង់ជាតិ​បើក​ទ្វារ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ឡាហាវ៉ាន​ឡើង​វិញ បន្ទាប់​ពី​បាន​បិទទ្វារ​តំាង​ពី​ឆ្នំា ១៩៦១ មក។ កំណត់សម្គាល់​មួយ​ទៀត លោក​ចន ឃែរី គឺ​ជា​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ម្នាក់​ដែល​បាន​ដាក់ជើង​ជាន់​ទឹកដី​គុយបា បើ​គិត​តំាង​ពី​៧០ឆ្នំា​កន្លង​ទៅ។

ស្ថានទូត​អាមេរិក​ប្រចំា​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា
ស្ថានទូត​អាមេរិក​ប្រចំា​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា REUTERS/Pablo Martinez Monsivais/Pool
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទៅ​កាន់​ប្រទេស​គុយបា​របស់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ជិត ៨ខែ ក្រោយ​ពី​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​លោក​ប្រធានាធិបតី​គុយបា​កាស្រ្តូ​បាន​ប្រកាស​ដំណាល​ពេល​គ្នា​ក្នុង​ថ្ងៃទី១៧ ធ្នូ ឆ្នំា ២០១៤ ពី​ការ​ផ្តើម​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ឡើង​វិញ។ ទំនាក់ទំនង​ដែល​បាន​កាត់​ផ្តាច់​អស់​រយៈពេល​ជាង ៥០ឆ្នំា​កន្លង​មក។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា វត្តមាន​របស់​លោក​ឃែរី​នៅ​គុយបា​ថ្ងៃ​នេះ គឺ​ជា​ការ​បោះ​មួយ​ជំហាន​ថ្មី​ដើម្បី​ពន្លឿន និង​ពង្រឹង​ទំនាក់ទំនង​ប្រក្រតី​រវាង​អតីត​គូសត្រូវ​ទំាង​ពីរ។ ក៏​ប៉ុន្តែ និង​អ្វី​ដែល​ជា​និមិត្តិរូប​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឃែរី​នៅ​គុយបា​ថ្ងៃ​នេះ គឺ​ការ​បង្ហូត​ទង់ជាតិ​បើក​ទ្វារ​ស្ថានទូត​អាមេរិក​ជា​ថ្មី​ក្នុង​ទីក្រុង​ឡាហាវ៉ាន។ និមិត្តរូប​មួយ​ទៀត និង​បើ​គិត​តំាង​ពី​ឆ្នំា ១៩៤៥ លោក​ចន ឃែរី គឺ​ជា​ប្រមុខ​ការទូត​អាមេរិក​លើកទី១ ដែល​បាន​ដាក់​ជើង​ជាន់​ទឹកដី​គុយបា។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា អាមេរិក​បាន​ដក​ទង់ជាតិ​ចេញ​ពី​ស្ថានទូត​ខ្លួន​នៅ​គុយបា​ក្នុង​ខែ​មករា ឆ្នំា ១៩៦១ ហើយ​ទ្វារ​ស្ថានទូត​ដែល​មាន​កំពស់ ៧ជាន់​ស្ថិត​មាត់​សមុទ្រ​ក្នុង​ទីក្រុង​ឡាហាវ៉ាន​ក៏​បាន​បិទ​ទ្វារ​ពី​ឆ្នំា ១៩៦១ ដល់​ឆ្នំា ១៩៧៧។ គឺ​ទើប​ក្នុង​ឆ្នំា ១៩៧៧ ទេ​ដែល​អាមេរិក​បាន​បើក​ទ្វារ​ឡើង​វិញ តែ​គ្មាន​វត្តមាន​ឯកអគ្គរដ្ឋទូត គ្មាន​ឯកអគ្គកុងស៊ុល ព្រម​ទំាង​មិន​បាន​បំពេញ​ការងារ​ផ្លូវទូត​ជា​ផ្លូវការ​អ្វី​ទំាង​អស់ ពោល​មាន​តែ​អ្នកតំណាង​ធម្មតា​ប៉ុណ្ណោះ។ នៅ​ក្នុង​ពិធី​លើក​ទង់ជាតិ​ឡើង​វិញ​នៅ​លើ​ស្ថានទូត​អាមេរិក​ថ្ងៃ​នេះ និង​ដើម្បី​រម្លឹក​អនុស្សាវរីយ៍​កាល​ពី​ជាង ៥០ឆ្នំា​មុន លោក​ចន ឃែរី​បាន​នំា​អតីត​ទាហាន​អាមរិកំាង​ចំនួន ៣រូប​ទៅ​ជាមួយ។ គឺ​អតីត​ទាហាន​អាមរិកំាង​ទំាង ៣រូប​នោះ​ឯង​ដែល​ជា​អ្នក​បង្ហូត​ទម្លាក់​ទង់ជាតិ​អាមេរិក​ពី​ស្ថានទូត​កាល​ពី ៥៤ឆ្នំា​មុន។

សូម​បញ្ជាក់​ជូន​ថា វត្តមាន​ទង់ជាតិ​អាមេរិក​នៅ​គុយបា​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ជិត ១ខែ ក្រោយ​ពី​ទង់ជាតិ​គុយបា​បាន​បង្ហូត​ឡើង​នៅ​ក្នុង​ទឹកដី​អាមេរិកំាង​កាល​ពី​ថ្ងៃទី២០ កក្កដា​កន្លង​ទៅ។

លោក​ចន ឃែរី​ជួប​សន្ទនា​ជាមួយ​សង្គមស៊ីវិលគុយបា និង​ក្រុមប្រឆំាង

ពិត​មែន​តែ​លោក​ចន ឃែរី ជា​ប្រមុខ​ការទូត​អាមេរិក​លើកទី១ ដែល​បាន​ដាក់​ជើង​ជាន់​ទឹកដី​គុយបា​គិត​តំាង​ពី​ឆ្នំា ១៩៤៥ ក៏​ដោយ ក៏​វត្តមាន​របស់​លោក​ក្នុង​ទឹកដី​គុយបា​ថ្ងៃ​នេះ​មាន​រយៈពេល​ប្រមាណ​តែ ១០ម៉ោង​ប៉ុណ្ណោះ។ តាម​ប្រភព​ពី​ក្រសួង​ការបទេស​អាមេរិក​ឲ្យ​ដឹង​ថា លោក​ឃែរី​គ្រោង​ជួប​សន្ទនា​ជាមួយ​ក្រុម​អង្គការសង្គមស៊ីវិល​គុយបា និង​ក្រុមប្រឆំាង។ ក្រុមប្រឆំាង​ដែល​កំពុង​បារម្ភ​ខ្លំាង​ពី​ការ​បាត់បង់​ការ​គំាទ្រ​ចំពោះ​ខ្លួន​ពី​រដ្ឋបាល​អាមេរិកំាង នៅ​ពេល​ណា​ដែល​អតីត​គូសត្រូវ​ទំាង​ពីរ​បាន​ភ្ជាប់​ទំនាក់ទំនង​ពេញ​លេញ​រវាង​គ្នា​ឡើង​វិញ។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​ឃែរី​ត្រូវ​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​គុយបា​កាស្រ្តូ ឬ​អត់​ទេ?

ប្រធានរឿង​ក្តៅ​ដែល​គ្រប់​គ្នា​កំពុង​រង់ចំា​ពី​បបូរមាត់​របស់​លោក​ឃែរី គឺ​បញ្ហា​សិទ្ធិមនុស្ស​នៅ​គុយបា។ ត្រង់​ចំណុច​នេះ ក្រុម​អ្នកសាធារណរដ្ឋ​នៅ​អាមេរិក​ដែល​ជា​ក្រុមប្រឆំាង​ធ្លាប់​បាន​រិះគន់​លោក​អូបាម៉ា​ពី​បទ​បាន​ងាក​ទៅ​ចាប់ដៃ​ជាមួយ​គុយបា​ជា​ថ្មី ដោយ​មើល​រំលង​រឿង​សិទ្ធិមនុស្ស និង​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​គុយបា​សព្វថ្ងៃ។

នៅ​មាន​រឿង​ចម្រូងចម្រាស និង​ស្មុគស្មាញ​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ

ទោះ​បី​ជា​អាមេរិក និង​គុយបា​កំពុង​ពន្លឿន​ទំនាក់ទំនង​ប្រក្រតី​ឡើង​វិញ​រវាង​គ្នា​គួរ​ឲ្យ​កត់សម្គាល់​ក៏​ដោយ ក៏​នៅ​មិន​រឿង​ស្មុគស្មាញ​ជា​ច្រើន​ទៀត​ដែល​ភាគី​ទំាង​ពីរ​ត្រូវ​ដោះស្រាយ។ បញ្ហា​ទំាង​នោះ រួម​មាន មូលដ្ឋាន​ទាហាន​ជើងទឹក​អាមេរិក​នៅ Guantanamo ដែល​គុយបា​ចង់​យក​ត្រឡប់​វិញ ការ​កំណត់​ចំនួន​ទឹកប្រាក់​សងជម្ងឺ​ចិត្ត​ដល់​ក្រុមហ៊ុន​អាមេរិក និង​ពលរដ្ឋ​អាមេរិក​រស់​នៅ​គុយបា និង​ដែល​ដីធ្លី ផ្ទះសម្បែង​របស់​ពួក​គេ​ត្រូវ​បាន​បាត់បង់ នៅ​ក្រោយ​បដិវត្តន៍​គុយបា ឬ​មួយ​ក៏​ជោគវាសនា​របស់​ពលរដ្ឋ​អាមេរិកំាង​ដែល​ទទួល​ទោស​នៅ​អាមេរិក តែ​កំពុង​ស្នាក់នៅ​ជ្រកកោណ​ក្នុង​ទឹកដី​គុយបា​សព្វថ្ងៃ។

បន្ថែម​លើ​នេះ ពោល​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ សីហា​ម្សិលមិញ លោក​អតីត​ប្រធានាធិបតី​គុយបា​ហ្វីដែល កាស្រ្តូ​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​អំណាច​ក្នុង​ឆ្នំា ២០០៦ ដោយសារ​បញ្ហា​សុខភាព​បាន​ចេញ​មុខ​អន្តរាគមន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ នៅ​ក្នុង​អត្ថបទ​មួយ​បោះ​ផ្សាយ​លើ​កាសែត​ក្នុង​ស្រុក លោក​ហ្វីដែល កាស្រ្តូ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អាមេរិក​ត្រូវ​សង​ជម្ងឺ​ចិត្ត​គុយបា​រាប់សិបលានដុល្លារ​ពី​ការ​ដែល​អាមេរិក​បាន​ដាក់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​លើ​គុយបា​តំាង​ពី​ឆ្នំា ១៩៦២។

ដោយឡែក និង​ក្រៅ​ពី​សំណុំរឿង​ដែល​បាន​ដោះស្រាយ​រួច និង​ដែល​ត្រូវ​ដោះស្រាយ​បន្ត​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ក៏​នៅ​មាន​បញ្ហា​ចម្រូងចម្រាស​ផ្ទៃក្នុង​នៅ​អាមេរិក​ដែល​លោក​អូបាម៉ា​ត្រូវ​និយាយ​បញ្ចុះបញ្ចូល​ជម្នះ​លើ​ពួក​សាធារណរដ្ឋ​ដែល​ជា​ក្រុមប្រឆំាង​មាន​សម្លេង​ភាគច្រើន​នៅ​សភា។ ជាក់ស្តែង ពួក​សាធារណរដ្ឋ​កំពុង​បន្ត​យក​ជើង​រាទឹក​ក្នុង​ការ​តែងតំាង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចំា​គុយបា។ រដ្ឋបាល​របស់​លោក​អូបាម៉ា​ចង់​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​គុយបា តែ​លោក​អូបាម៉ា​ត្រូវ​មាន​ការ​យល់ព្រម​ពី​សភា​ដែល​ពួកសាធារណរដ្ឋ​កំពុង​មាន​សម្លេង​ភាគច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ