អានតួអត្ថបទ
អាមេរិក

លោកអូបាម៉ា៖ពិភពលោក​ត្រូវ​ប្រឹងប្រែង​បន្ថែម​នៅ​ក្នុង​យុទ្ធនាការ​ប្រឆំាង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​អានឆូរ៉េត​នៃ​រដ្ឋ​អាឡាស្កា។ គឺ​ជា​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​ដើម្បី​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​លោក។ ថ្លែង​ទៅ​កាន់​អង្គប្រជុំ​នៅ​ថ្ងៃ​ចន្ទ ទី៣១ សីហា លោក​អូបាម៉ា​បាន​ចាត់​ទុក​ការ​ឡើង​កំដៅ​នៅ​ក្នុង​ភពផែនដី​ជា​បញ្ហា​ប្រឈម​អាទិភាព​នៃ​សតវត្សទី២១ និង​ទាញ​សញ្ញា​អាសន្ន​ថា ពិភពលោក​នៅ​មិន​ទាន់​បាន​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ភពផែនដី​ទេ។

លោកអូបាម៉ា៖ពិភពលោក​ត្រូវ​ប្រឹងប្រែង​បន្ថែម​នៅ​ក្នុង​យុទ្ធនាការ​ប្រឆំាង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ
លោកអូបាម៉ា៖ពិភពលោក​ត្រូវ​ប្រឹងប្រែង​បន្ថែម​នៅ​ក្នុង​យុទ្ធនាការ​ប្រឆំាង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​បទអន្តរាគមន៍​ប្រកប​ដោយ​ទឹកមុខ​ដ៏​ស្រងូតស្រងាត់​ដែល​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​ទាញ​សញ្ញា​អាសន្ន​ស្តីពី​ភាព​យឺតយ៉ាវ​ខ្លំាង​របស់​ពិភពលោក​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​ភពផែនដី។ យោង​តាម​លោក​អូបាម៉ា ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​លោក​កំពុង​មាន​ល្បឿនលឿន​ជាង​ការ​ប្រឹងប្រែង​ទប់ស្កាត់​របស់​មនុស្សលោក​ទៅ​ទៀត។ ត្រង់​ចំណុច​នេះ លោក​អូបាម៉ា​បាន​យល់​ឃើញ​ថា ពិភពលោក​មាន​លទ្ធភាព និង​សមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស តែ​នៅ​មិន​ទាន់​បាន​ប្រឹងប្រែង​ឲ្យ​អស់​ពី​កម្លំាងកាយ និង​កម្លំាងចិត្ត​នៅ​ឡើយ​ទេ។

ភាព​យឺតយ៉ាវ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ឡើង​កំដៅ​លើ​ភពផែនដី​ដែល​លោក​ប្រធានាធិបតី​អាមេរិក​មិន​ញញើត​នឹង​ស្តីបន្ទោស​លើ​ភាព​សោះ​អង្គើយ​របស់​ថ្នាក់ដឹកនំា​មួយ​ចំនួន​ក្នុង​លោក។ សម្រាប់​លោក​អូបាម៉ា ថ្នាក់ដឹកនំា​ប្រភេទ​នេះ​គ្មាន​ភាព​ថ្លៃថ្នូរ​ជា​អ្នក​ដឹកនំា​ទេ។

« រាល់​មេដឹកនំា​ណា​ដែល​មិន​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​អាកាសធាតុ ឬ​មួយ​ក៏​គ្រាន់​តែ​យក​ទៅ​និយាយ​លេងសើច មិន​មែន​ភាព​ថ្លៃថ្នូរ​ជា​អ្នកដឹកនំា​ទេ។ ទាក់ទង​នឹង​សំណុំរឿង​នេះ ក៏​ដូច​ជា​សំណុំរឿង​ដទៃ​ទៀត យើង​នឹង​ទទួល​ហានិភ័យ​បើ​មិន​បាន​ចាត់​វិធានការ​ទាន់​ពេល​ទេ​នោះ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​យើង​ទំាង​អស់​គ្នា​កំពុង​មាន​វត្តមាន​នៅ​ទីនេះ​ »។

យោង​តាម​លោក​អូបាម៉ា ចាប់​ពី​ពេល​នេះ​ត​ទៅ ពិភពលោក​ត្រូវ​តែ​ផ្តើម​ចាត់​វិធានការ​ជាក់ស្តែង​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស ពោល​មិន​អាច​បន្ត​ឈរ​ឱបដៃ​មើល និង​បញ្ចេញ​តែ​ទ្រឹស្តី​ទៀត​ឡើយ។ លោក​អូបាម៉ា​សង្ឃឹម​ថា សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ​ដែល​ត្រៀម​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​នៅ​ដំណាច់​ឆ្នំា​នេះ គឺ​ជា​ឱកាស​តែ​មួយ​គត់​ដែល​ពិភពលោក​ត្រូវ​តែ​អនុម័ត​ចេញ​នូវ​វិធានការ​ជាក់ស្តែង​ពិតៗ ពោល​មិន​ជា​សន្និសីទ​ដើម្បី​ជា​ការ​បង្រ្គប់កិច្ច​នោះ​ឡើយ។

គួរ​ជម្រាប​ជូន​ថា ជម្រើស​រដ្ឋ​អាឡាស្កា​ដើម្បី​រៀបចំ​ជំនួបកំពូល​ស្តីពី​បញ្ហា​អាកាសធាតុ​ពេល​នេះ​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ ព្រោះ​រដ្ឋ​របស់​អាមេរិក​មួយ​នេះ​កំពុង​រងគ្រោះ​ដោយ​ការ​បាក់​រលំ​ផ្ទំាងទឹកកក​ទំហំ​ប៉ុន​តារាង​បាល់ទាត់​ជា​រៀងរាល់​ថ្ងៃ​ដោយសារ​ការ​ឡើង​កំដៅ​ក្នុង​បរិយាកាស។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា រដ្ឋ​អាឡាស្កា​ក៏​រស់​ដោយ​ចំណូល​បាន​ពី​ប្រភព​ប្រេង​ដែរ។ លោក​អូបាម៉ា​ទើប​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ជីកអណ្តូង​ថ្មី​នៅ​តាម​ឆ្នេរសមុទ្រ​អាឡាស្កា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ