អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ទើប​តែ​ទៅ​ទស្សនកិច្ច​ប្រទេស​កេនយ៉ា​ ពេល​ជិត​ផុត​អាណត្តិ​បែប​នេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ចុង​សប្តាហ៍​នេះ​ ក្រសែភែ្នក​ពិភពលោក​ទាំងមូល​បាន​ផ្តោត​លើ​នយោបាយ​ការទូត​អាមេរិក​ចំពោះ​ទ្វីប​អាហ្វ្រិក។ នោះគឺ ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ នៅ​ប្រទេស​កេនយ៉ា។ ​នេះជា​ទស្សនកិច្ច​ប្រកប​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​បំផុត​ របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដោយ​ហេតុថា​កេនយ៉ា​ជា​ទឹកដី​កំណើត​របស់​ឪពុក​លោក។​ យើង​សូម​រៀបរាប់ ដោយ​សង្ខេប​អំពី​ដំណើរ​ឫសគល់​គ្រួសារ​របស់​លោក​ អូបាម៉ា។​ ហេតុអ្វី​បាន​ជា​លោក​ប្រធានាធិបតី​ អូបាម៉ា ទើប​តែ​នឹកឃើញ​ទៅ​ទស្សនកិច្ច​ប្រទេស​កេនយ៉ា​ ពេល​ជិត​ផុត​អាណត្តិ​បែប​នេះ? តើ​លោក​អាច​ជួយ​ផ្លាស់ប្តូរ​អ្វី​ខ្លះ​ដល់​ទ្វីប​អាហ្វ្រិក? 

ប្រធានាធិបតី អាមេរិក និង​លោក​កេនយ៉ាតា ប្រធានាធិបតី​កេនយ៉ា (ស្តាំ) នៅថ្ងៃ​សៅរ៍ ទី ២៦​កក្កដា​នៅ​ប្រទេស​កេនយ៉ា
ប្រធានាធិបតី អាមេរិក និង​លោក​កេនយ៉ាតា ប្រធានាធិបតី​កេនយ៉ា (ស្តាំ) នៅថ្ងៃ​សៅរ៍ ទី ២៦​កក្កដា​នៅ​ប្រទេស​កេនយ៉ា ©Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ កាល​ពី​ឆ្នាំ​ ២០០៨ លោក​ បារ៉ាក់ អូបាម៉ា​ ធ្លាប់​បាន​ទៅ​ទស្សនកិច្ច​ទ្វី​ប​អាហ្វ្រិក​ចំនួន​ ៤ លើក។​ ប៉ុន្តែ ​ប្រទេស​កេនយ៉ា​ពុំ​ដែល​ត្រូវ​បាន​ដាក់​បញ្ជូល​ក្នុង​គោលដៅ​ទស្សនកិច្ច​ឡើយ។ ​នេះ​ជា​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់​លោក​ បារ៉ាក់ អូបាម៉ា​ ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកទៅ​កាន់​ប្រទេស​នេះ។  ហើយ​ក៏​ជា​លើកដំបូង​ផងដែរ​សំរាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិកនៅ​ក្នុង​អាណត្តិ។

 
កេនយ៉ា​ ប្រទេស​កំណើត​ខាង​ពុក
សំរាប់​ប្រជាជន​កេនយ៉ា​ទាំងមូល​ ខ្សែរ​ជីវិត​របស់លោក​ ​អូបាម៉ា​ ដែល​មាន​ឈាមជ័រ​កេនយ៉ា​ជា​រឿង​មួយ​ប្រកប​ទៅ​ដោយ​កិត្តិយស​បំផុត។ឪពុក​លោក​អូបាម៉ាមាន​កំណើត​ និង​ធំ​ដឹង​ក្តី​នៅភូមិ​ Kogelo​ ភាគ​ខាង​លិច​ប្រទេស​កេនយ៉ា។​ គាត់​បាន​ទទួល​អាហារូបករណ៍ចេញ​ទៅ​សិក្សាជំនាញ​ផែ្នក​សេដ្ឋកិច្ច ​នៅសហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ហាវ៉ៃ។ កោះហាវ៉ៃ​នេះ​ហើយ​ជា​ទី​កន្លែងដែល​គាត់​បាន​ជួប និង​រៀបការ​ជាមួយ​លោកស្រី​ Ann Dunham​ដែល​បាន​ប្រសូត្រ​លោក​ ​អូបាម៉ា នាឆ្នាំ ១៩៦១។ រស់នៅ​ជាមួយ​គ្នា​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​​ ប្តី​ប្រពន្ធ​មួយ​គូ​នេះ​ក៏​បាន​លែងលះ​គ្នា ក្រោយ​ពី​លោក​ អូបាម៉ា​ បាន​អាយុ​ពីរ​ឆ្នាំ។​ លោក​អូបាម៉ា​បន្ត​រស់នៅ​ជាមួយ​ម្តាយ​នៅ​រដ្ឋ​ហាវ៉ៃ ខណៈ ​ឪពុក​របស់​លោកបាន​ត្រលប់​ទៅ​បំរើការ​អោយ​រដ្ឋាភិបាល​កេនយ៉ា។

ក្នុង​សៀវភៅ​រៀបរាប់​ប្រវត្តិ​ជីវិត​របស់​លោក​ក្រោម​ចំណង​ជើង​ថា​ «សុបិន្ត​ពី​ឪពុក​ខ្ញុំ» (Dreams from My Father) ដែល​បាន​បោះពុម្ព​កាលពី​ឆ្នាំ ១៩៩៥ លោក​ អូបាម៉ា បាន​អោយ​ដឹង​ថា​ លោក​មាន​ឪពុក​ក៏​ដូច​អត់​មាន​អញ្ចឹង ព្រោះ​លោក​បាន​ជួប​មុខ​តែ​មួយ​ដង​គត់​ពេល​មាន​អាយុ​ដប់​ឆ្នាំ។ តាម​ពិត​ទៅ​ កាលពី​អតីតៈកាល​ មុន​ជាប់​ឆ្នោត​​ជា​ប្រធានាធិបតី លោក​ អូបាម៉ា​ ធ្លាប់​បាន​ទៅ​លេង​ប្រទេស​កេនយ៉ា​ម្តងម្កាល​ដែរ។ លើក​ទីមួយបង្អស់​គឺ នាឆ្នាំ​ ១៩៨៧ ក្រោយ​ពេល​ដែល​ឪពុក​របស់​លោក​បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍។​ នៅ​ទីនោះ​ ​លោក​បាន​ស្គាល់​សែរ​ស្រឡាយ​គ្រួសារ​ និង​ញាតិ​សារ​លោហិត​ខាង​ឪពុក។ ចុង​ក្រោយ​គឺ នៅឆ្នាំ ២០០៦ ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំរដ្ឋ​ Illinois។

មូលហេតុ​នយោបាយ​ និង​ការទូត
នៅ​សល់​តែ​រយៈពេល​មួយ​ឆ្នាំ​កន្លះ​ទៀត​ប៉ុណ្ណោះ លោក​ បារ៉ាក់ អូបាម៉ា​ នឹង​ផុត​អាណត្តិ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ហេតុ​អ្វី​បាន​ជា​លោក អូបាម៉ា​ ទើប​តែ​ទៅ​ទស្សនកិច្ច​ប្រទេស​កេនយ៉ា​ ជាលក្ខណៈ​ផ្លូវ​រដ្ឋ? ​មាន​មូលហេតុ​ពីរ​ ដែល​ធ្វើ​អោយ​ប្រធានាធិបតី​អាមេរិក​ស្បែក​ខ្មៅ​រូប​នេះ​ពន្យា​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កេនយ៉ា។ ជា​មូលហេតុ​ផែ្នក​នយោបាយ​ផង​ និង​ការទូត​ផង។​ ទីមួយគឺ ទាក់ទង​នឹង​ពាក្យ​ចចាម​អារ៉ាម ដុតដាល​ដោយ​គូបដិបក្ស​នយោបាយ​ ដោយ​បាន​ចោទ​ថា​ លោក​ អូបាម៉ា កើត​នៅ​ប្រទេស​កេនយ៉ា​ មិនមែន​នៅ​រដ្ឋ​ហាវ៉ៃ​ឡើយ។​ កាលពី​ឆ្នាំ ២០០៨ ពេល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ភ្លាម​ ពាក្យ​ចចាម​អារ៉ាម​នេះ​បាន​រីក​សុះសាយ​ពេញ​សហរដ្ឋ​អាមេរិក​ទាំងមូលតែម្តង​ រហូត​ដល់​លោក​ អូបាម៉ា សុខ​ចិត្ត​បង្ហាញ​លិខិត​កំណើត​ជា​សាធារណៈ​ថាខ្លួន​ពិត​ជា​ជនជាតិ​អាមេរិក កើត​នៅ​រដ្ឋ​ហាវ៉ៃ​ប្រាកដ​មែន។​ ប៉ុន្តែ ឥឡូវនេះ​ ពាក្យ​ចាក់​ដោត​នេះ​បាន​សាបរលាប​ហើយ ​​ព្រោះ​លោក​ អូបាម៉ា នឹង​អស់​អាណត្តិ​ប្រធានាធិបតី​ចុង​ឆ្នាំ​ ២០១៦ ខាង​មុខ​នេះ។ គ្មាន​ប្រយោជន៍​អ្វី​ដែល​គូ​ប្រជែង​នយោបាយ​យក​មក​ធ្វើ​ជា​អាវុធ​ទៀត​ឡើយ។

ទីពីរ​គឺ រឿង​ក្តីក្តាំ​របស់​លោក​ប្រធានាធិបតី​កេនយ៉ា​ Uhuru Kenyatta ដែល​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដោយសង្ស័យ​ថាបាន​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង ​នៃ​អំពើ​ហឹង្សា​បង្ក្រាប​ហ្វូង​បាតុករ​ ក្រោយ​ការបោះឆ្នោត​ចុង​ឆ្នាំ​ ២០០៧។ ប៉ុន្តែ​ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បានទំលាក់​ចោលកាលពី​ខែធ្នូ​ ឆ្នាំ​២០១៤​ ដោយសារ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់។​ ការណ៍​នេះ​ហើយដែលបាន​ត្រួសត្រាយ ​បើក​ផ្លូវ​អោយ​លោក​ប្រធានាធិបតី​ បារាក់ អូបាម៉ា​ អាច​មក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​បាន។

ហាក់​ដូច​ជា​យឺត​ពេលបន្តិច សំរាប់​នយោបាយ​ទ្វីប​អាហ្រ្វិក
កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ២០០៩ នា​ទីក្រុង​គែរ​ ប្រទេស​អេហ្សីប​ ប៉ុន្មានខែ​ក្រោយ​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធបតី​សហរដ្ឋ​អាមេរិក​ លោក​ បារាក់ អូបាម៉ា បាន​សន្យា​ផ្លាស់ប្តូរ​ពិភពលោក​ ដោយ​ការចេញ​ដំណើរ​ថ្មី​មួយ​រវាង​សហរដ្ឋ​អាមេរិក​​ ជាមួយនឹង​ផែ្នក​ផ្សេង​ទៀត​នៃ​ពិភពលោក។ បណ្តា​ប្រជាជន​នៅ​ទ្វីប​អាហ្វ្រិក​ទន្ទឹង​រង់ចាំ​នយោបាយ​ជាក់ស្តែង​ពី​លោក​ អូបាម៉ា។ ជាលទ្ធផល​ គ្មាន​អ្វី​ប្រែប្រួល​សោះ មាន​តែ​ការសន្យា​ប្រកប​ដោយ​ពាក្យ​ពេចន៍​ពិរោះ​ស្តាប់។

ក្នុង​អាណត្តិ​ទីមួយ​ (២០០៨-២០១២) សហរដ្ឋ​អាមេរិក​របស់​លោក​ អូបាម៉ា ហាក់​បាត់​ស្រមោល​ចេញ​ពី​រាដ៉ា​ទ្វីប​អាហ្វ្រិក​តែ​ម្តង។​ នេះ​ក៏​ដោយ​សារ​តែ​លោក​ អូបាម៉ា​ ផ្តោត​អារម្មណ៍​លើ​សំណុំរឿង​សំខាន់ៗ​ផ្សេង​ទៀត។​ មាន​ជាអាទិ៍​ វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ វិបត្តិ​មជិ្ឈម​បូព៌ា​ ការដក​ទ័ព​នៅ​អ៊ីរ៉ាក់​ និង​អាហ្វហ្កានីស្ថាន ការគំរាម​កំហែង​របស់​បណ្តាញ​ភេរវនិយម​ និង​នយោបាយ​ចាក់គ្រឹះ​នៅ​អាស៊ី​។ ឥឡូវ​នេះ​ ដល់​ពេល​ដែល​លោក​ អូបាម៉ា ត្រូវ​ផ្តោត​លើ​ទ្វីប​អាហ្វ្រិកម្តង។​ ​ប៉ុន្តែ ពេលវេលា​ហាក់​ដូចជា​យឺត​ពេល​បន្តិច​សំរាប់​អាណត្តិ​របស់​លោក។​ យឺត​ក៏​ព្រោះ​តែ​ចិន​បាន​ពង្រីក​ឥទ្ធិពល​លាត​សន្ធឹង​ពេញ​ទ្វីប​អាហ្វ្រិក។ ជាក់ស្តែង​ ចាប់ពី​ឆ្នាំ​ ២០០៩ មក ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​ចិន​នៅ​អាហ្វ្រិក​បាន​កើន​ឡើង​ឈ្នះអាមេរិក។

ចិន​ថែម​ទាំង​បានផ្តល់​ជំនួយ​ឥត​សំណង​ ដោយ​បាន​សាងសង់​ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អាហ្វ្រិក ប្រចាំ​នៅ​រដ្ឋធានី​ Addis-Abeba ប្រទេស​អេត្យូពី។ នៅ​​ទីនោះ​ហើយ ជាទី​ដែល​លោក​ បារាក់​ អូបាម៉ា​ នឹង​ថ្លែង​សន្ទុរកថានៅ​ថ្ងៃ​អង្គារ​ ចំពោះ​មុខ​បណ្តា​មេដឹកនាំ​មកពី​ប្រទេស​សមាជិកចំនួន​ ៥៤ នៃ​អង្គការ​កំពូល​ប្រចាំ​ទ្វីប​អាហ្វ្រិក​មួយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ