ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អាមេរិក

OMC បើក​ការ​ពិគ្រោះ​យោបល់​គ្នា ​ដើម្បី​ឆ្លងកាត់​វិបត្តិ​ពាណិជ្ជកម្ម​សេរី​ពិភពលោក

media  
លោក Roberto Azevedo ​អគ្គនាយក ​WTO/OMC ក្នុងពេលធ្វើ​សន្និុសីទ​ថ្ងៃ​ទី​​១០ ធ្នូ ​២០១៧ REUTERS/Marcos Brindicci

អង្គការពាណិជ្ជកម្មពិភពលោក កំពុងតែបើកការប្រជុំថ្នាក់រដ្ឋមន្ត្រីមួយ​ នៅឯទីក្រុងបុយណូហ្សែរ ប្រទេសអាហ្សង់ទីន។ កម្មវត្ថុនៃការប្រជុំនេះ គឺដើម្បីពិគ្រោះយោបល់គ្នា ស្តីពីអនាគត នៃតួនាទីរបស់អង្គការ  ក៏ដូចជាអនាគតនៃពាណិជ្ជកម្មសេរី ទាំងមូលតែម្តង។ វិបត្តិទាំងអស់នេះកំពុងចោទឡើង ដោយសារតែ​មហាអំណាចសេដ្ឋកិច្ចធំៗទាំងពី​រ។ មួយសហរដ្ឋអាមេរិក ដែលចាប់តែពីលោកដូណាល់ត្រាំ បានចូលកាន់តំណែង តែងតែរិះគន់ តួនាទីការងារ របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយបានរុះរើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សឹងតែទាំងអស់។ ឯ​មួយទៀតគឺចិន ដែលត្រូវគ្រប់គ្នា ចោទថាធ្វើការប្រកួតប្រជែងមិនស្មោះត្រង់។

មុននឹងបើកកិច្ចប្រជុំ លោក Roberto Azevedo អគ្គ​នាយកអង្គការពាណិជ្ជកម្មពិភពលោក បានធ្វើសន្និសីទកាសែតមួយ ដែលក្នុងនោះ លោកបានលើកឡើង អំពីជំនឿ​ទុកចិត្តរបស់លោក ក្នុងតួនាទី និងសារៈសំខាន់ របស់អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា OMCWTO។ លោកថា ថ្វីបើអង្គការពាណិជ្ជកម្មពិភពលោកនេះ មិនល្អឥតខ្ចោះក៏ដោយ តែវាជាមធ្យោបាយដ៏ល្អជាងគេ តែមួយគត់ ដើម្បីគ្រប់គ្រងការដោះដូរពាណិជ្ជកម្មសេរី និងបញ្ចៀសមិនឲ្យមានវិវាទ សង្រ្គាមពាណិជ្ជកម្ម ដោយសារតែនយោបាយពាណិជ្ជកម្មអត្មានិយម របស់ប្រទេសសមាជិកម្នាក់ៗ។

គួរកត់សំគាល់ថា អង្គការពាណិជ្ជកម្មពិភពលោក កំពុងតែស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ ទាក់ទិននឹងតួនាទី ប្រសិទ្ធិភាពការងារ ក្នុងការគ្រប់គ្រង សម្របសម្រួលការដោះដូរពាណិជ្ជកម្មសេរី។ មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង២ ចិន និងសហរដ្ឋអាមេរិក កំពុងធ្វើឲ្យអង្គការកំពូលនេះ ឈឺក្បាលជាប្រចាំ។ តុល្យភាព នៃចរន្តដោះដូរពាណិជ្ជកម្ម កំពុងតែជួយបញ្ហា ដោយសារតែគោលជំហររបស់មហាអំណាចទាំងពីរ។

លោកដូណាល់ ត្រាំ​ ដែលគ្រប់គ្នាដឹងថា មានទស្សនវិស័យនយោបាយបិទទ្វារ អត្មានិយមគ្រប់វិស័យ​នោះ បានតែងតែរិះគន់អង្គការពាណិជ្ជកម្មពិភពលោកជានិច្ច ហើយមានបំណងសើរើកិច្ចព្រមព្រៀងជាច្រើន ក្នុងក្របខណ្ឌអង្គការនេះ។ លោកដូណាល់ ត្រាំ បានឡើងកាន់អំណាច សហរដ្ឋអាមេរិក បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អន្តរប៉ាស៊ីហ្វិក  ហើយថែមទាំងបានបង្ខំកាណាដា និងមិចស៊ិក ឲ្យរុះរើ និងចរចាសាជាថ្មី លើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់អាមេរិកខាងជើងទៀតផង។

ដោយឡែកចិនវិញ កំពុងត្រូវបានប្រទេសដទៃ មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម ចោទប្រកាន់ថាបានធ្វើការប្រកួតប្រជែងមិនស្មោះត្រង់។ ប្រទេសទាំងនោះចោទចិនថា ពុំបានអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីពិតប្រាកដទេ។ ក្រុមហ៊ុនឧស្សាហកម្មចិន ទទួលជំនួយពីរដ្ឋ ដើម្បីអាចផលិត និងលក់ផលិតផលទាំងខាតដើម នៅលើទីផ្សារ តួយ៉ាង ដូចជាផលិតដែកថែប និងអាលុយមីញ៉ូមជាដើម។

ជាមួយការរិះគន់ ព្រមទាំងអាកប្បកិរិយារឹងទទឹង របស់រដ្ឋាភិបាលអាមេរិក ហើយបូកផ្សំជាមួយនឹងវិវាទពាណិជ្ជកម្មជាច្រើន​ ដែលចិន បានបង្កឡើងជាមួយប្រទេសសមាជិកផ្សេងទៀត ទាំងអស់នេះ កំពុងតែធ្វើឲ្យអង្គការពាណិជ្ជកម្មពិភពលោល បាត់បង់ឥទ្ធិពល បាត់បង់ជំនឿទុកចិត្តពីប្រទេសសមាជិកខ្លួនទាំងអស់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ