អានតួអត្ថបទ

លោកត្រាំ ទុក​ពេល​៦​ខែ ឲ្យ​ជប៉ុន​និង​អឺរ៉ុប ដើម្បី​ចរចា ​ពុំនោះ​ទេ​នឹង​ដំឡើង​ពន្ធ​នាំចូល​រថយន្ត

លោកដូណាល់ ត្រាំ បានប្រកាសថា លោកទុកពេល​៦ខែ ឲ្យសហភាពអឺរ៉ុប និងជប៉ុន ក្នុងការចរចា ដើម្បីកំណត់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក។ ពុំនោះទេ អាមេរិក នឹងដំឡើងពន្ធ លើរថយន្តនាំចូលពីជប៉ុន និងពីអឺរ៉ុប។ ការនាំចូលរថយន្ត ដែលលោកដូណាល់ ត្រាំ បរិហារថា ក្រុមហ៊ុនជប៉ុន និងអឺរ៉ុប រកស៊ីខ្សែលើ ហើយធ្វើឲ្យវិស័យផលិតរថយន្តរបស់អាមេរិក ត្រូវដួលរលំ។

លោកដូណាល់ ត្រាំ នៅ​​សេតវិមាន ក្រុង​វ៉ាស៊ីនតោន ថ្ងៃទី​​១៦ ឧសភា ២០១៩
លោកដូណាល់ ត្រាំ នៅ​​សេតវិមាន ក្រុង​វ៉ាស៊ីនតោន ថ្ងៃទី​​១៦ ឧសភា ២០១៩ MANDEL NGAN / AFP
ផ្សាយពាណិជ្ជកម្ម

សេតវិមានអាមេរិក បានបញ្ជាក់ឲ្យដឹងថា បើក្នុងរយៈពេល​១៨០ថ្ងៃ នៅតែគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទេនោះ នោះលោកប្រធានាធិបតី និងសម្រេចអនុវត្ត ការដំឡើងពន្ធ លើរថយន្តនាំចូលពីជប៉ុន និងពីសហភាពអឺរ៉ុប។

លោកស្រី Cecilia Malström អ្នកទទួលបន្ទុកកិច្ចការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា អឺរ៉ុបត្រៀមខ្លួនក្នុងការចរចាជាមួយអាមេរិក។ នៅសប្តាហ៍ក្រោយ លោកស្រីនឹងជួបលោក Robert Lighthizer តំណាងចរចាពាណិជ្ជកម្មរបស់ភាគីអាមេរិក។

គួររំលឹកថា លោកដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធលើរថយន្តនាំចូល ដោយបានចាត់ទុកថា ការចុះអន់ថយ នៃវិស័យឧស្សាហកម្មផលិតរថយន្ត របស់អាមេរិក គឺបណ្តាលមកពីរថយន្តនាំចូលពីបរទេសច្រើនជ្រុល។​ ជប៉ុន និង អាល្លឺម៉ង់ ត្រូវបានលោកដូណាល់ ត្រាំ ចង្អុរមុខដោយចំៗ។ លោកដូណាល់ ត្រាំ ធ្លាប់បាននិយាយថា៖ "ប្រទេសអឺរ៉ុប តូចតែមាឌទេ តែរកស៊ីខ្សែលើដាក់អាមេរិក ​សាហាវជាងចិនទៅទៀត"។ លោកបន្ថែមថា៖ "គេនាំឡាន Mercedes ចូលដីអាមេរិកយ៉ាងធូរ ដូចនាំនំកុកគី មកលក់អញ្ចឹង"។

នៅក្នុងរបាយការណ៍មួយ របស់ក្រសួងពាណិជ្ជកម្មអាមេរិក បានសរសេរថា នៅរវាងប្រមាណ៣០ឆ្នាំចុងក្រោយនេះ ប្រទេសមួយចំនួនបានទទួលផលចំណេញច្រើនជ្រុល ក្នុងវិស័យឧស្សហកម្មផលិតរថយន្ត ខណៈដែល​អាមេរិកវិញ​ត្រូវចុះអន់ថយ។ របាយការណ៍ដដែល បន្ថែមថា វិស័យឧស្សាហកម្មគ្រឿងសព្វាវុធ សន្តិសុខជាតិ គឺវាជាប់ពាក់ព័ន្ធដោយផ្ទាល់​ ជាមួយឧស្សាហកម្មផលិតរថយន្ត។ ដូច្នេះ បើវិស័យនេះចុះអន់ថយ មានន័យថាវាប៉ះពាល់ដល់សន្តិសុខជាតិ។ កម្មវត្ថុរបស់អាមេរិក គឺកាត់បន្ថយការនាំចូលរថយន្តពីបរទេស ហើយទាមទារឲ្យប្រទេសផ្សេង បើកទីផ្សារឲ្យទូលាយ ដើម្បីទទួលយករថយន្តរបស់អាមេរិក។

តែយ៉ាងណា ទាំងជប៉ុន ទាំងអឺរ៉ុប បានច្រានចោលការលើកឡើង របស់អាមេរិក ដែលថាការនាំចូលរថយន្តរបស់ខ្លួន ធ្វើឲ្យប៉ះពាល់ ដល់សន្តិជាតិអាមេរិក។ ភាគីជប៉ុន ដែលមានក្រុមហ៊ុនតូយូតានោះ បានលើកឡើងថា ខ្លួនបានវិនិយោគច្រើនណាស់ នៅអាមេរិកតាមរយៈការ​បង្កើតរោងចក្រផលិតរថយន្ត។ ក្រុមហ៊ុនតូយ៉ូតា យល់ថា របាយការណ៍របស់ក្រសួងពាណិជ្ជកម្មអាមេរិក ហាក់មានន័យថា មិនស្វាគមន៍នូវការវិនិយោគរបស់តូយ៉ូតាឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ