កូនប្រសារលោកត្រាំ ត្រូវគេសង្ស័យ ថាបានសុំឲ្យរុស្ស៊ី បង្កើតខ្សែទូរស័ព្ទពិសេស រវាងលោក ត្រាំ និងលោកពូទីន
រឿងរ៉ាងសង្ស័យទំនាក់ទំនង រវាងក្រុមបក្សពួក លោកដូណាល់ ត្រាំ ជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី កាន់តែរីកធំឡើងៗ ធ្វើឲ្យសេតវិមានអាមេរិក ស្ថិតក្នុងស្ថានការណ៍មួយ ដ៏លំបាក។ កាលពីថ្ងៃ ព្រហស្បតិ៍កន្លងទៅ កាសែត Washington Post បានចុះផ្សាយថា FBI បានចាប់ផ្តើមស៊ើបអង្កេត លើរូបលោក ចារេដ គូឆនែរ កូនប្រសារ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ បន្ថែមពីនេះ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ កាសែតដដែលនេះ បានចុះផ្សាយថា កូនប្រសារលោកត្រាំ បានទាំងជួបឯកអគ្គរដ្ឋទូតរុស្ស៊ី កាលពីខែធ្នូ ហើយបានស្នើសុំឲ្យបង្កើតបណ្តាញទំនាក់ទំនងពិសេស ដោយសំងាត់ រវាងលោក ត្រាំ និងលោក ពូទីន ថែមទៀតផង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៤
ភាពសង្ស័យ កាន់តែធ្ងន់ធ្ងរទៅៗ ដោយសារ ពីមួយថ្ងៃទៅមួយថ្ងៃ ដំណឹងថ្មីបានបែកធ្លាយជាបន្តបន្ទាប់ ទាក់ទិនទៅនឹងរឿងរ៉ាវ ដែលថា លោកដូណាល់ ត្រាំ ព្រមទាំងបក្សពួកខ្លួន បានលួចមានទំនាក់ទំនងស៊ុំគ្រលំ ដោយសំងាត់ ជាមួយនឹងតំណាងរដ្ឋាភិបាលរបស់រុស្ស៊ី។ ពេលនេះរឿងរ៉ាវ បានរាលដាលមកដល់លោក Jared Kushner កូនប្រសារ និងជាដៃស្តាំ ជំនិតបំផុត របស់លោកដូណាល់ ត្រាំ។
បើតាមការចុះផ្សាយរបស់ Washington Post កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ នៅរវាងខែ មេសា និងខែ វិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ពោលគឺក្នុងកំឡុងពេលឃោសនាបោះឆ្នោត លោក Jared Kushner បានឆ្លើយឆ្លងតាមទូរស័ព្ទ យ៉ាងហោចណាស់ ចំនួន២ដង ជាមួយនឹងលោក Sergueï Kislyak ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំក្រុងវ៉ាស៊ីនតោន។
Washington Post ក៏បានបញ្ជាក់បន្ថែមទៀតថា កាលពីដើមខែធ្នូ ចុងឆ្នាំ២០១៦ លោក Jared Kushner បានជួបនឹងលោក ឯកអគ្គរដ្ឋទូតរុស្ស៊ី នៅអាគារ Trump Tower ហើយបានស្នើទៅខាងរុស្ស៊ីថា ត្រូវបង្កើតបណ្តាញទំនាក់ទំនងពិសេសមួយ ដើម្បីអាចឲ្យលោក ដូណាល់ ត្រាំ និងលោក ពូទីន អាចនិយាយគ្នា ដោយសំងាត់ ចៀសវៀងការប្រើប្រាស់បណ្តាញធម្មតា។ ធ្វើដូចនេះ គឺដើម្បីកុំឲ្យពួកចារកិច្ចអាមេរិក FBI ឬក៍ CIA ចាប់ថ្នាក់បាន។ ក្នុងជំនួបនោះ លោក Michael Flynn ក៏មានវត្តមាននៅទីនោះដែរ។
អាជ្ញាធរ FBI បានចាប់ផ្តើមបើកការស៊ើបអង្កេតលើរូបលោក Jared Kushner។ ហើយបើតាមការផ្សាយរបស់ទូរទស្សន៍ NBC កូនប្រសារសំណព្វ វ័យ៣៦ ឆ្នាំ របស់ដូណាល់ ត្រាំម្នាក់នេះ អាចជាមនុស្ស ដែលដឹងរឿងរ៉ាវសំងាត់ច្រើនជាងគេបង្អស់ ទាក់ទិននឹងទំនាក់ទំនងរវាង ក្រុមបក្សពួកលោកដូណាល់ ត្រាំ និងរដ្ឋាភិបាលរុស្ស៊ី។ ទាំង FBI ទាំង CIA សុទ្ធតែបានបង្ហាញជំហរថា ពួកគេជឿថា ពិតជាមានការស៊ិះស៊ុះ ស៊ុំគ្រលំគ្នា រវាងក្រុមលោកដូណាល់ ត្រាំ និងអាជ្ញាធររុស្ស៊ី។ អ្វីដែលត្រូវធ្វើពេលនេះ គឺត្រូវរកភស្តុតាង មកដាក់បន្ទុក។
ដោយឡែក កាលពីថ្ងៃសុក្រម្សិលមិញនេះដែរ គណកម្មការព្រឹទ្ធសភា ដែលទទួលបន្ទុកកិច្ចការស៊ើបអង្កេតនេះ បានផ្ញើរលិខិត ទាមទារ ឲ្យក្រុមការងាររបស់លោក ដូណាល់ ត្រាំ ត្រូវប្រគល់ជូននូវសំណុំឯកសារ ទាក់ទិនកិច្ចការឃោសនាបោះឆ្នោត ទាំងអស់។
គួររំលឹកដែរថា តាមការចុះផ្សាយរបស់ កាសែត New York Times លោក James Comey អតីតប្រធាន FBI ដែលត្រូវលោកត្រាំ ដកចោលនោះ បានចារ ក្នុងកំណត់ហេតុរបស់ខ្លួនថា លោក ដូណាល់ ត្រាំ បាននិយាយបង្ខំឲ្យលោក បិទបញ្ចប់ការស៊ើបអង្កេត លើរូបលោក Michael Flynn។ លោកអតីតប្រធាន FBI រូបនេះ នឹងត្រូវចូលទៅបំភ្លឺនៅមុខគណកម្មការសភា នៅដើមខែមិថុនានេះ។
ទោះជាយ៉ាងនេះក្តី បណ្តាញព័ត៌មានអាមេរិក មិនបានលើកឡើងទេថា ការស៊ើបអង្កេត បានរាលដាលទៅដល់ រូបលោក ប្រធានាធិបតី ដូណាល់ ត្រាំ ដោយផ្ទាល់ទេ។ តែ បើសិន ជាលោក James Comey និយាយបំភ្លឺដូចអ្វីដែលកាសែត New York Times ចុះផ្សាយមែននោះ លោកប្រធានាធិបតីត្រាំ អាចនឹងប្រឈមមុខ នឹងទោសបំពានលើអំណាចយុត្តិធម៌ ហើយអាចត្រូវសភាទាំងពីរ បោះឆ្នោតទំលាក់ពីតំណែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ