អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក៖ ​សភា​តំណាង ​ចាប់ផ្តើម​បោះឆ្នោត ​លុប​​ច្បាប់​ Obamacare ​ចោល

នៅ​សហរដ្ឋ​អាមេរិក​ គ្រប់​គ្នា​កំពុង​តែ​សម្លឹង​មើល​ទៅ​សភា​តំណាង ​ដែល​ត្រូវ​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មីនា​នេះ ​ ដើម្បី​សម្រេច​លប់​ច្បាប់​ធានា​រ៉ាបរង​សុខភាព​របស់​លោក​អូបាម៉ា ​ហើយ​ដាក់​ជំនួស​ដោយ​ច្បាប់​ថ្មី ​ ដែល​រដ្ឋាភិបាល​របស់​លោក​ដូណាល់ ត្រាំ ​និង​សមាជិក​សភា​បក្ស​សាធារណៈរដ្ឋ ​បាន​រៀបចំ​ឡើង។ ជាមួយ​នឹង​សមាជិក​សភា ​បក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ ដែល​មិន​គាំទ្រ ​ការ​ធ្វើ​កំណែ​ទម្រង់​នេះ​ បាន​ធ្វើ​ឲ្យ​គេ​កំពុង​ចោទ​សួរ​ថា​ តើ​គណបក្ស​សាធារណៈរដ្ឋ​ អាច​រក​សម្លេង​ភាគ​ច្រើន​ គ្រប់គ្រាន់ ​ដើម្បី​ធ្វើកំណែ​ទម្រង់​ច្បាប់​នេះ​ដែរ​រឺទេ?

ផ្សាយពាណិជ្ជកម្ម

ថ្ងៃព្រហស្បតិ៍ទី២៣ មីនា ​ អាច​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​ច្បាប់ ​ធានារ៉ាប់រង​សុខភាព​របស់​លោក​អូបាម៉ា ​ដែល​គេ​និយម​ហៅ​ថា ​ច្បាប់​Obamacare។ ប្រជាជន​ក្រីក្រ​នៅ​អាមេរិក​ ប្រមាណ​ជាង​២០​លាន​នាក់ ​អាច​នឹង​ប្រឈម​មុខ​ នឹង​ការ​បាត់បង់​សិទ្ធិ​ធានារ៉ាប់រង​សុខភាព ​បើ​សិន​ជា​ច្បាប់​Obamacare ​ត្រូវ​គេ​លុប​ចោល​នា​ពេល​នេះ។

 
កំណែ​ទម្រង់​ច្បាប់​Obamacare ​គឺ​ជា​កម្មវិធី​នយោបាយ​​ដ៏​សំខាន់​របស់​លោក​ដូណាល់ ត្រាំ ​ដែល​សម្រាប់​លោក​ ក៏​ដូច​ជា​គណបក្ស​សាធារណៈរដ្ឋ​ ច្បាប់​នេះ ​បាន​បណ្តាល​ឲ្យ​បាត់បង់​ប្រាក់​រដ្ឋ​ច្រើន​ណាស់ ​ហើយ​ជា​ពិសេស​គឺ​វា​បាន​តម្រូវ​ឲ្យ​ប្រជាជន​អាមេរិក​ អ្នក​មាន​ជីវភាព​ធូរធា​ ត្រូវ​ចូលរួម​ជួយ​ចំណាយ​ថ្លៃ​សេវា​សុខភាព​របស់​ប្រជាជន​ក្រីក្រ។

កំណែ​ទម្រង់ ​ដែល​គណបក្ស​សាធារណៈរដ្ឋ​ កំពុង​ព្យាយាម​ធ្វើ ​តាម​រយៈ​អត្ថបទ​ច្បាប់ថ្មី​ គឺ​មាន​ខ្លឹមសារ​ កាត់​បន្ថយ​ការ​ទទួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​របស់​រដ្ឋាសហព័ន្ធ​ ហើយ​ប្រគល់​វា​ទៅ​ឲ្យ​រដ្ឋ​សមាជិក​វិញ។ អ្វីដែល​ថ្មី​មួយ​ទៀត​ ខុស​ពី​ច្បាប់​Obamacare​ ​គឺ​ការ​កាត់​បន្ថយ​កម្រិត​ប្រាក់​ជំនួយ​ឥណ្ឌទាន ​ទៅ​ឲ្យ​ប្រជាជន​ក្រីក្រ ​សម្រាប់​យក​ទៅ​ទិញ​បណ្ណ​ធានា​រ៉ាប់រង​សុខភាព ​ពី​ក្រុមហ៊ុន​ឯកជន។ ច្បាប់​ថ្មី​ ក៏​បាន​លុប​​ចោល​កាតព្វកិច្ច ​ថា​ត្រូវ​តែ​ចុះ​ឈ្មោះ​ទិញ​បណ្ណ​ធានា​រ៉ាប់រង​សុខភាព​ដែរ។

ដើម្បី​ធ្វើ​កំណែ​ទម្រង់​ច្បាប់​Obamacare​ គណបក្ស​សាធារណៈ​រដ្ឋ​ត្រូវ​ការ​សម្លេង​៥០+១ ​នៅ​ក្នុង​សភា​តំណាង ​មាន​ន័យ​ថា ​គឺ​ត្រូវ​ឲ្យ​បាន​សម្លេង​ឆ្នោត​យ៉ាង​ហោច​ណាស់ ​២១៦​សម្លេង។ ដោយឡែក ​សមាជិក​សភា​មក​ពី​បក្ស​ប្រជាធិបតេយ្យ ​ចំនួន​១៩៧​នាក់ ​ត្រូវគេ​ជឿ​ថា​នឹង​បោះឆ្នោត​ប្រឆាំង​ទាំងអស់។ ជាង​នេះទៅ​ទៀត ​ ក្នុង​រវាង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​សមាជិក​សភា ​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​មួយ​ចំនួន​ ក៏បាន​សម្តែង​ការ​មិន​យល់​ស្រប​ លើ​ខ្លឹមសារ​នៃ​ច្បាប់​កំណែ​ទម្រង់​ថ្មី​នេះ​ដែរ។

យ៉ាង​ណាក៏​ដោយ​​អ្នកនាំ​ពាក្យ​សេតវិមាន​ បាន​លើកឡើង​ថា​ គេ​មាន​សុទិដ្ឋិនិយម​ថា​ច្បាប់​Obamacar ​នឹង​ត្រូវ​បាន​លុប​​ចោល​នៅ​ថ្ងៃ​ទី២៣​ មីនា។​ ដោយឡែក ​ លោក​ Paul Ryan​ ប្រធាន​សភា​តំណាង ​ដែល​មក​ពីបក្ស​សាធារណៈរដ្ឋ ​បាន​លើក​ឡើង​ថា ​គេ​មិន​អាច​ស្មាន​ដឹង​ពី​លទ្ធផល​បោះឆ្នោត​បានទេ។ ជាង​នេះ​ទៅទៀត ​ បើសិន​ជា​កំណែ​ទម្រង់​នេះ ​ត្រូវ​បាន​អនុម័ត​យល់​ព្រម​នៅ​សភា​តំណាង ​ក៏​មិន​ប្រាកដ​ថា​អត្ថបទ​ច្បាប់​ថ្មី​នេះ ​នឹង​អាច​ឆ្លង​កាត់​ព្រឹទ្ធសភា ​ដោយ​មិន​មាន​ការ​កែប្រែ​ខ្លឹមសារ​ខ្លះ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ