អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សហរដ្ឋ​អាមេរិក៖ ​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​បង្កើត​រដ្ឋាភិបាល​សហព័ន្ធ​ក្រោយ​ទទួល​ឯករាជ្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើងនៅ​សប្តាហ៍​នេះសេងឌីណាសូម​រៀបរាប់​អំពី​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​បង្កើត​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក ក្រោយ​ពី​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស។

រូបគំនូរ​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​ចុះហត្ថលេខា​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​សហរដ្ឋ​អាមេរិក នៅថ្ងៃ​ទី១៧ កញ្ញា ១៧៨៧
រូបគំនូរ​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​ចុះហត្ថលេខា​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​សហរដ្ឋ​អាមេរិក នៅថ្ងៃ​ទី១៧ កញ្ញា ១៧៨៧
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​ដែនដី​អាណានិគម​ទាំង ១៣ នៅ​អាមេរិក​ខាងជើង ច្បាំង​ទាមទារ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស នៅ​ចន្លោះ ពី​ឆ្នាំ​១៧៧៥ ដល់​ឆ្នាំ​១៧៨៣ ប្រជាជន​ប្រមាណ​ ៨៥% ដែល​រស់​​នៅ​ក្នុង​ទឹកដី​អាណានិគម​ទាំង ១៣នេះ គឺ​ជា​អ្នក​ដែល​មាន​ដើម​កំណើត​មក​ពី​ចក្រភព​អង់គ្លេស។ ហេតុដូច្នេះ​ហើយ​បានជា​​គេច្រើន​ហៅ​​សង្រ្គាម​នេះ​ថា​ “សង្រ្គាម​បដិវត្តន៍” ជាជាង “សង្រ្គាម​ទាមទារ​ឯករាជ្យ” ពីព្រោះ ​​វា​មិនមែន​ជា​សង្រ្គាម​ រវាង​ប្រជាជាតិ​មួយ ដើម្បី​ទាមទារ​ឯករាជ្យ​ពី​ប្រជាជាតិ​មួយ​ផ្សេងទៀត​នោះទេ តែ​វា​ជា​សង្រ្គាម​ រវាង​ប្រជាជន​អង់គ្លេស​ ដើម្បី​ផ្តាច់​ខ្លួន​ចេញ​ពី​ប្រទេស​កំណើត​ខ្លួនឯង ទៅ​បង្កើត​ជា​ប្រទេស​ថ្មី។

សូមអាន៖ អាមេរិក៖ ដំណើរឆ្ពោះទៅ​ការ​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស

សភា​នៃ​ដែនដី​អាណានិគម​ទាំង ១៣ បាន​អនុម័ត​លើ​សេចក្តីប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស នៅថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​១៧៧៦។ ថ្ងៃ ៤កក្កដា ដែល​ត្រូវបាន​សហរដ្ឋ​អាមេរិក​កំណត់​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​រហូត​មកទល់​នឹង​សព្វថ្ងៃ។ ក៏ប៉ុន្តែ នៅពេល​ប្រកាស​ឯករាជ្យ នៅថ្ងៃ​ទី៤ ខែ​កក្កដា ឆ្នាំ​១៧៧៦​នោះ ដែនដី​អាណានិគម​ទាំង ១៣ នៅ​មិនទាន់​ទទួលបាន​ឯករាជ្យ​ពេញលេញ​ ពី​ចក្រភព​អង់គ្លេស​នៅឡើយទេ។ រហូតដល់ឆ្នាំ​១៧៨៣ ទើបសង្រ្គាម​បដិវត្តន៍​ត្រូវ​បញ្ចប់​ជា​ស្ថាពរ ហើយ​ចក្រភព​អង់គ្លេស​ តាមរយៈ​សន្ធិសញ្ញា​ក្រុង​ប៉ារីស បាន​សុខចិត្ត​ទទួលស្គាល់​ជាផ្លូវការ​ថា អតីត​ដែនដី​អាណានិគម​អង់គ្លេស​ទាំង ១៣ គឺ​ជា​ប្រទេស​ឯករាជ្យ។

អាមេរិក ក្នុងឋានៈ​ជា​ប្រទេស​ឯករាជ្យ​ បាន​ចាប់កំណើត​ជាផ្លូវការ ក៏ប៉ុន្តែ ប្រទេស​ដែល​ទើប​នឹង​ចាប់កំណើត​ថ្មី​នេះ​ត្រូវ​ឆ្លងកាត់​នូវ​​ដំណាក់កាល​ដ៏​សំខាន់​មួយទៀត ដែល​ជា​ចំណុច​ស្លាប់​រស់ ក្នុងការ​កំណត់​ជោគវាសនា​ប្រទេស សម្រាប់​ថ្ងៃ​អនាគត គឺ​ការ​កំណត់​រចនាសម្ព័ន្ធ និង​របបនយោបាយ ដើម្បី​ដឹកនាំ​ប្រទេស​ថ្មី​នេះ។

តាមការពិត ប្រទេស​ដែល​ទើប​នឹង​ចាប់កំណើត​ថ្មី​នេះ មិនមែន​ជា​ប្រទេស​តែមួយ​នោះទេ ប៉ុន្តែ ជា​ដែនដី​ចំនួន ១៣ ដែល​មាន​រចនាសម្ព័ន្ធ​ដឹកនាំដាច់ៗ​ពីគ្នា ប្រៀបបាន​នឹង​ប្រទេស​ឯករាជ្យ ១៣​ផ្សេងគ្នា។ រដ្ឋ​ទាំង ១៣នេះ បាន​បង្កើត​សភា​រួមគ្នា កាល​ពី​ឆ្នាំ​១៧៧៤ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Continental Congress” ហើយ​ក្រោយ​មកទៀត​ប្តូរឈ្មោះ​ទៅជា “Confederation Congress”។ ក៏ប៉ុន្តែ នៅក្នុងការ​អនុវត្ត​ជាក់ស្តែង សភា​នេះ​មាន​អំណាច​តិចតួច​បំផុត​ទៅលើ​រដ្ឋ​​ជា​សមាជិក​ទាំង ១៣។

ការតាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី

ក្រោយ​ពី​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស មេដឹកនាំ​អាមេរិក​ចាប់ផ្តើម​មើលឃើញ​កាន់តែ​ច្បាស់​ថា ប្រទេស​ឯករាជ្យ​ថ្មី​នេះ​​ត្រូវការ​ចាំបាច់​នូវ​អំណាចរដ្ឋបាល​កណ្តាល​រឹងមាំ​មួយ ទើប​អាច​រក្សា​ស្ថិរភាព​ប្រទេស​បាន​យូរ​អង្វែង។ សភា​អាមេរិក (Confederation Congress) ក៏​បាន​កោះ​ប្រជុំ​តំណាង​រដ្ឋ​ទាំង ១៣ ដើម្បី​​តាក់តែង​រដ្ឋធម្មនុញ្ញ​ កំណត់​អំពី​របបនយោបាយ​ប្រទេស។ កិច្ចប្រជុំ​នៃ​សភា​ធម្មនុញ្ញ (Constitution Convention) បាន​ចាប់បើក​ធ្វើ នៅថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​១៧៨៧ នៅ​ក្នុង​ទីក្រុង Philadelphia នៅ​ក្នុង​អគារ ដែល​គេ​ធ្លាប់​ប្រជុំ​អនុម័ត​សេចក្តីប្រកាស​ឯករាជ្យ កាល​ពី​១១ឆ្នាំមុន។ ចច វ៉ាស៊ីងតោន (George Washington) មក​ពី​រដ្ឋ Virginia ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​វីរបុរស​ក្នុង​សង្រ្គាម​បដិវត្តន៍ ត្រូវ​បាន​គេ​បោះឆ្នោត​តែងតាំង​ឲ្យ​ធ្វើ​​ជា​ប្រធាន​សភា​ធម្មនុញ្ញ ដែល​​មាន​សមាជិក​សរុប ៥៥រូប មក​ពីគ្រប់រដ្ឋ​ទាំងអស់ លើកលែង​តែ​រដ្ឋ​ Rhode Island ដែល​បដិសេធ​មិន​ចូលរួម​ប្រជុំ ដោយសារ​រដ្ឋ​នេះ​មិនចង់​ឲ្យ​មាន​​អំណាច​រដ្ឋបាល​កណ្តាល​ថ្មី​ណាមួយ​​មក​ត្រួតត្រា​លើ​ពួកគេ។

សូមអាន៖ ការរកឃើញ​ទ្វីបអាមេរិក​ដោយ​គ្រីស្តូហ្វ​ កូឡុំ នៅ​ចុង​សតវត្សរ៍​ទី១៥

ក្រោយ​ពី​ជជែក​តស៊ូមតិ​គ្នា​យ៉ាង​ស្វិតស្វាញ​អស់រយៈពេល​រាប់ខែ សភាធម្មនុញ្ញ​នេះ​ក៏​បាន​ឯកភាព​គ្នា​លើ​ការ​បង្កើត​រដ្ឋ​សហព័ន្ធ​មួយ ដែល​មាន​អំណាច​លើ​រដ្ឋ​ជា​សមាជិក​ទាំង ១៣ ហើយ​រដ្ឋ​សហព័ន្ធ​នេះ​​មាន​អំណាច​ធំៗ​៣ គឺ​​នីតិ​ប្បញ្ញត្តិ ​នីតិ​ប្រតិបត្តិ និង​តុលាការ ដែល​ជា​អំណាច​ឯករាជ្យ​ពី​គ្នា ក៏ប៉ុន្តែ មាន​តុល្យភាព​អំណាច ដែល​អាច​ត្រួតមើល​គ្នា​ទៅវិញ​ទៅមក​ (Check and balance) ដោយ​មិន​ឲ្យ​ស្ថាប័ន​ណាមួយ​មាន​អំណាច​ហួសហេតុ​អាច​ធ្វើ​អ្វី​តាម​ចិត្ត។

បញ្ហា​ចម្រូងចម្រាស​ក្នុង​ការ​តាក់តែង​រដ្ឋ​ធម្មនុញ្ញ

នៅ​ក្នុងការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​​របស់​រដ្ឋ​សហព័ន្ធ​អាមេរិក បញ្ហា​ដែល​ចម្រូងចម្រាស​ខ្លាំង​ជាងគេ ដែល​រហូត​ដល់​ពេល​ខ្លះ​ស្ទើរតែ​នាំ​ឲ្យ​កិច្ចប្រជុំ​សភា​ធម្មនុញ្ញ​ត្រូវ​ទទួល​បរាជ័យ គឺ​​ភាព​ចម្រូងចម្រាស​ ​ស្តីអំពី​ទំនាក់ទំនង​ រវាង​រដ្ឋ​សមាជិក និង​រដ្ឋ​សហព័ន្ធ ជាពិសេស ការ​កំណត់​របៀប​ជ្រើសរើស​​​តំណាង​រដ្ឋ​សមាជិក នៅ​ក្នុង​សភា​សហព័ន្ធ។ គណៈប្រតិភូ​មក​ពី​រដ្ឋ​ ដែល​មាន​ផ្ទៃដី​ធំ និង​ប្រជាជន​ច្រើន ទាមទារ​ឲ្យ​​ធ្វើ​ការ​កំណត់​ចំនួន​​អាសនៈ ទៅតាម​ចំនួន​ប្រជាជន ពោលគឺ រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​ត្រូវ​មាន​អាសនៈ​ច្រើន​នៅ​ក្នុង​សភា។ ចំណែក​ឯ​រដ្ឋ​តូចៗ​វិញ​ទាមទារថា រដ្ឋ​សមាជិក​ទាំងអស់ ទោះតូច ទោះធំ ទោះ​មាន​ប្រជាជន​តិច ឬ​ច្រើន ត្រូវ​តែ​មាន​ចំនួន​អាសនៈ​ស្មើៗ​គ្នា នៅ​ក្នុង​សភា​សហព័ន្ធ។

សូមអាន៖ អរិយធម៌​អាមេរិក​មុន​គ្រីស្តូហ្វ កូឡុំ

នៅទីបំផុត គេ​ក៏​បាន​សម្រុះសម្រួលគ្នា​ដោយ​សម្រេច​យក​ដំណោះស្រាយ​កណ្តាល​មួយ គឺ​បង្កើត​អំណាច​នីតិប្បញ្ញត្តិ ដែលមាន​សភា​ពីរ។ រដ្ឋសភា (House of Representatives) ដែល​ចំនួន​អាសនៈ​ត្រូវ​បែងចែក​ទៅ​ឲ្យ​រដ្ឋ​ជា​សមាជិក ទៅតាម​ចំនួន​ប្រជាជន និង​ព្រឹទ្ធសភា (Senate) ដែល​គ្រប់រដ្ឋ​ទាំងអស់ មាន​ចំនួន​អាសនៈស្មើៗ​គ្នា ដោយ​មិន​គិត​ពី​ទំហំ​ផ្ទៃដី ឬ​ចំនួន​ប្រជាជន។

ការអនុម័ត​រដ្ឋធម្មនុញ្ញ

រដ្ឋធម្មនុញ្ញ​ថ្មីត្រូវ​បាន​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ នៅខែ​កញ្ញា ឆ្នាំ​១៧៨៧ មុននឹង​បញ្ជូន​ទៅ​ឲ្យ​​ប្រជាជន​នៅ​តាម​រដ្ឋ​សមាជិក​បោះឆ្នោត​អនុម័ត។ ដើម្បី​ឲ្យ​រដ្ឋធម្មនុញ្ញ​នេះ​ចូល​ជា​ធរមាន​បាន គេ​ត្រូវការ​ឲ្យ​មាន​ការ​យល់ព្រម​ពី​សំណាក់​​​រដ្ឋ​យ៉ាងតិច ៩ ក្នុង​ចំណោម​រដ្ឋ​ទាំង​ ១៣។

ដំណើរការ​បោះឆ្នោត​តាម​រដ្ឋ​សមាជិក ដើម្បី​​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ បាន​ចាប់ផ្តើម​ធ្វើ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​១៧៨៧ ដោយ​មាន​រដ្ឋ​ចំនួន ៥ គឺ Delaware, Pennsylvania, New Jersey, Georgia និង Connecticut បាន​ទទួល​យក​​រដ្ឋធម្មនុញ្ញ​នេះភ្លាមៗ។ ចំណែក​ឯ​រដ្ឋ​ខ្លះ​ទៀត​ ជាពិសេស រដ្ឋ​ Massachussetts បាន​បដិសេធ​មិន​ទទួល​យក​​ ដោយ​លើកហេតុផល​ថា រដ្ឋធម្មនុញ្ញ​ថ្មី​នេះ មិនមាន​ចែង​អំពី​ការ​ការពារ​សិទ្ធិ​ជាមូលដ្ឋាន​ខាង​ផ្នែក​នយោបាយ ដូចជា សិទ្ធិក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​សេរីភាព​ខាង​សារព័ត៌មាន និង​សិទ្ធិ​ខាង​ជំនឿ​សាសនា​ ជាដើម។

សូមអាន៖ យុគនៃ​ពន្លឺ​នៅ​អឺរ៉ុប ចន្លោះ​ពី​សតវត្សរ៍​ទី១៧ ដល់​ទី១៨

នៅ​ទីបំផុត នៅ​ពាក់កណ្តាល​ឆ្នាំ​១៧៨៨ រដ្ឋ Massachussetts ព្រមទាំង​រដ្ឋ​មួយចំនួន​ផ្សេងទៀត ក៏​បាន​ព្រមព្រៀងទទួល​យក​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ក្រោយ​ពី​ទទួលបាន​នូវការ​សន្យា​ថា​ ​រដ្ឋធម្មនុញ្ញ​នេះ​នឹង​ត្រូវ​​​​ធ្វើ​វិសោធនកម្ម​ ដើម្បី​ដាក់​បញ្ចូល​​នូវ​ចំណុច​ដែល​ពួកគេ​ចង់​បាន។ ​រដ្ឋ Massachussetts, Maryland និង South Carolina បាន​អនុម័ត​​ទទួលយក​រដ្ឋធម្មនុញ្ញ​នៃ​រដ្ឋ​សហព័ន្ធ​ជា​បន្តបន្ទាប់គ្នា ហើយ​នៅ​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​១៧៨៨ រដ្ឋធម្មនុញ្ញ​នេះ​ក៏​បាន​ចូល​ជា​ធរមាន​ ក្រោយ​ពី​ទទួល​បាន​ការ​អនុម័ត​យល់ព្រម​ពី​សំណាក់​រដ្ឋ​ទី៩ គឺ​រដ្ឋ New Hamsphire។

ស្ថិរភាព​នៃ​រដ្ឋ​ធម្មនុញ្ញ​និង​របបនយោបាយ​អាមេរិក

មួយឆ្នាំ​ក្រោយការ​ចូលជាធរមាន​នៃ​រដ្ឋធម្មនុញ្ញ​ រដ្ឋាភិបាល​នៃ​សហរដ្ឋ​អាមេរិកត្រូវ​បាន​បង្កើត​ឡើង ​ហើយ​​​នៅថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ​១៧៨៩ លោក ចច វ៉ាស៊ីងតោន បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទីមួយ នៃ​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក បាន​ចាប់កំណើត​ឡើង ជា​រដ្ឋ​សហព័ន្ធ ដែល​មាន​រដ្ឋ​សមាជិក​ចំនួន ១៣ (Delaware, Pennsylvania, New Jersey, Georgia, Connecticut, Massachusetts, Maryland, South Carolina, North Carolina, New Hampshire, Virginia, New York, និង Rhode Island)។

ជាង២០០ឆ្នាំ​ក្រោយ​មក សហរដ្ឋ​អាមេរិក​បាន​ស្គាល់​នូវ​ការ​ផ្លាស់ប្តូរ​ជាច្រើន​រាប់​មិន​អស់ ចាប់តាំង​ពី​ប្រទេស​ដែល​មាន​ទឹកដី​មួយ​ចម្រៀក​តូច​នៅ​ឆ្នេរ​ប៉ែក​ខាង​កើត ទៅជា​ប្រទេស​ដែល​មាន​ទឹកដី​លាត​សន្ធឹង​តាំង​ពី​ឆ្នេរ​សមុទ្រ​អាត្លង់​ទិក រហូត​ដល់​ឆ្នេ​រ​សមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ចំនួន​រដ្ឋ ដែល​មាន​ពី​ដំបូង​ត្រឹមតែ ១៣រដ្ឋ ​បាន​កើនឡើង​រហូត​ដល់ ៥០​រដ្ឋ (បូករួម​នឹង​ដែនដី​នៅ​ឯនាយ​សមុទ្រ​ជាច្រើន​ទៀត)។ ក៏ប៉ុន្តែ  អ្វី​ដែល​នៅ​ស្ថិត​ស្ថិរ​ជាប់ជានិច្ច​រៀងមក គឺ​រដ្ឋធម្មនុញ្ញ និង​របបនយោបាយ។ រដ្ឋធម្មនុញ្ញ​​នៃ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​គេ​​ធ្វើ​វិសោធនកម្ម​បន្ថែម​ជំពូក និង​មាត្រា​ថ្មីៗ ចំនួន ២៧​លើក ដើម្បី​សម្របទៅតាម​ការ​វិវឌ្ឍ​របស់​ប្រទេស​ជាតិ ក៏ប៉ុន្តែ របប​នយោបាយ និង​​គោលគំនិត​​​នៃ​រដ្ឋធម្មនុញ្ញ​ដើម នៅតែ​ស្ថិត​ជា​ធរមាន​​រហូតមក​ទល់​នឹងពេល​បច្ចុប្បន្ន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ