អានតួអត្ថបទ
អង់គ្លេស

អង់គ្លេស៖​​ប៉ូលិស​​​​ទទួលស្គាល់​​ថា​ ការគំរាម​​កំហែង​​ភេរវកម្ម​​កើនឡើង​​នៅ​​អង់គ្លេស​

ថ្ងៃ​សុក្រ​នេះ ​ប៉ូលិស​អង់គ្លេស​បាន​ទទួលស្គាល់​ថា ​ការគំរាម​កំហែង​ភេរវកម្ម​មានការ​កើនឡើង​ ក្នុង​ប្រទេស​អង់គ្លេស។ តាំង​ពី​មាន​​​​ភេរវកម្ម​នៅមុខ​​សភា ក្នុង​ក្រុង​ឡុងដ៍​​ ២២មីនា​មក ​ប៉ូលិស​​​បាន​ចាប់ខ្លួន​មនុស្ស​ ស្ទើរ​តែ​​រាល់ថ្ងៃ​។ ​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ ​ប៉ូលិស​​បាន​បើក​ប្រតិបត្តិការពិសេស​ ចាប់ខ្លួន​មនុស្ស​៦នាក់ សុទ្ធ​តែ​ជាប់​សង្ស័យ​ធ្វើ​សកម្មភាព​ភេរវកម្ម។  

ប៉ូលិស​នៅ​ជិត​សភា​អង់គ្លេស ​Westminster នៅ​កន្លែង​ដែល​រង​ការវាយប្រហារ​កាលពី​ថ្ងៃ​២២​មីនា
ប៉ូលិស​នៅ​ជិត​សភា​អង់គ្លេស ​Westminster នៅ​កន្លែង​ដែល​រង​ការវាយប្រហារ​កាលពី​ថ្ងៃ​២២​មីនា REUTERS/Stefan Wermuth
ផ្សាយពាណិជ្ជកម្ម

ថ្ងៃព្រហស្បតិ៍​កន្លងទៅ​ ​ ​បុរស​គួរ​សង្ស័យ​​ម្នាក់​អាយុ​២៧ឆ្នាំ ​មាន​កាំបិត​​​ជាច្រើន​ក្នុងខ្លួន​ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួននៅ​ជិត​សភា ក្នុង​ក្រុងឡុងដ៍។ ​យោងតាម​សារព័ត៌មានអង់គ្លេស ​បុរស​នេះ​ស្ថិត​ក្រោម​ការឃ្លាំ​មើល​របស់​ប៉ូលិសច្រើន​សប្តាហ៍ហើយ ព្រោះ​​​​​ក្រុមគ្រួសារ​គាត់បាន​សង្ស័យ​និងបាន​​​​ជូនដំណឹង​ទៅ​ប៉ូលិស ហេតុនេះ​ហើយ​ទើប​ប៉ូលិស​​មិនពិបាក​​​ចាប់ខ្លួន​គាត់។

ថ្ងៃ​ព្រហស្បតិ៍​​២៧​មេសា​ដដែល​ ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​ចាប់ខ្លួន​មនុស្ស​៦នាក់ ​​​នៅ​ផ្ទះ​មួយកន្លែង ក្នុង​ភាគពាយព្យ​ក្រុង​ឡុងដ៍ និង​នៅស្រុក​​Kent ភាគ​អាគ្នេយ៍​អង់គ្លេស។ មាន​នារី​​អាយុ​ជាង​២០ឆ្នាំ​ម្នាក់​ ​បាន​រងរបួសធ្ងន់​​ដោយ​គ្រាប់កាំភ្លើង​ប៉ូលិស ក្នុងប្រតិបត្តិការ​នេះ។ ស្ត្រី​រូបនេះ​កំពុងទទួល​ការ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ និងស្ថិត​ក្រោម​ការ​ឃ្លាំ​ពិនិត្យ​របស់​ប៉ូលិស។
 
ប៉ូលិស​​ប្រឆាំង​ភេរវកម្ម​អង់គ្លេស​​លើកឡើង​ថា ផ្ទះ​នៅ​ភាគពាយព្យ​ក្រុងឡុងដ៍​​នេះ​ ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ ក្នុង​ក្របខណ្ឌការ​ស៊ើបអង្កេត​​​​ភេរវកម្ម។ អ្នក​ជិតខាងម្នាក់​​ប្រាប់ថា ​ប៉ូលិស​​បាន​បង្ក្រាប​ស្ត្រី​ម្នាក់​​រុំស្បៃមុខ​ខ្មៅ មាន​រុំបង់​ដៃ​និង​នៅ​ពោះ​ ហើយ​ក្រុមគ្រួសារ​ដែល​រស់​ក្នុង​ផ្ទះ​នោះ មាន​ដើមកំណើតមកពី​ប្រទេស​សូម៉ាលី។

ប៉ូលិស​អង់គ្លេស​បានទទួលស្គាល់ថា ការគំរាម​ភេរវកម្ម​ក្នុងស្រុក​មាន​ការកើនឡើង និង​​បាន​​សុំអោយ​ប្រជាជន​ធ្វើការ​ប្រុងប្រយ័ត្ន។ ​គួរ​រំលឹក​ឡើង​វិញថា ភេរវកម្ម​នៅ​ជិត​សភា​ក្រុងឡុងដ៍​​ ​កាលពី​ថ្ងៃ​២២​មីនា បាន​ធ្វើអោយ​​​​មនុស្ស​ស្លាប់​៥នាក់។ ភេរវជន​​ជា​ពលរដ្ឋ​អង់គ្លេស​ ​ បាន​បើកឡាន​ទៅបុក​ហ្វូង​មនុស្ស​នៅ​ស្ពាន Westminster មុន​នឹង​ដក​កាំបិត​ចាក់​សម្លាប់​ប៉ូលិស​ម្នាក់​នៅ​មុខសភា។ ប៉ូលិស​បាន​បាញ់​សម្លាប់​ភេរវជន​រូបនេះ​នៅ​នឹងកន្លែង។ ក្រោយភេរវកម្ម​នេះ មនុស្ស​១២នាក់​ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​ក្រោយមក​ ក៏​ត្រូវបាន​ប៉ូលិស​លែង​អោយ​រួចខ្លួន​វិញទាំងអស់៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ