អានតួអត្ថបទ
បារាំង

ខួបមួយឆ្នាំ​នៃ​ភេរវកម្ម​នៅ​ទីក្រុង​នីស​​ខាង​ត្បូង​ប្រទេស​បារាំង

សម្រាប់​ប្រជាជន​បារាំង ថ្ងៃ១៤កក្កដា នៅឆ្នាំនេះ​ក៏ដូចជា​តទៅឆ្នាំខាងមុខ នឹងមិនមែន​ត្រឹមតែ​ជា​ថ្ងៃ​បុណ្យ​ជាតិ​ប៉ុណ្ណោះទេ តែ​ក៏​ជា​ថ្ងៃ​ដ៏សោកសៅ​មួយផងដែរ ព្រោះ​វា​ជា​ថ្ងៃ​រំឭកខួប​ភេរវកម្ម នៅ​ទីក្រុង​នីស (Nice) កាល​ពីយប់ថ្ងៃ​ទី១៤​កក្កដា ឆ្នាំទៅមិញ ដែល​បណ្តាល​ឲ្យ​ មនុស្ស ៨៦នាក់ ត្រូវ​បាត់បង់ជីវិត។ នៅក្រោយ​ពី​បញ្ចប់​ពិធីព្យុហយាត្រា​បុណ្យជាតិ​នៅ​ប៉ារីស លោក​ប្រធានាធិបតី​ អេម៉ានុយអែល ម៉ាក្រុង នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​នីស ដើម្បី​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​ជនរងគ្រោះ​។

ផ្កាកុលាប​ ស ដែល​គេ​ដាក់​តម្រៀប​ជួរគ្នា នៅ​មាត់ឆ្នេរ​ទីក្រុង​នីស ជា​ការ​រំឭក​វិញ្ញានក្ខន្ធ​ដល់​ជនរងគ្រោះ ដោយ​ភេរវកម្ម​ កាល​ពីថ្ងៃ​ទី១៤ កក្កដា ឆ្នាំ២០១៦
ផ្កាកុលាប​ ស ដែល​គេ​ដាក់​តម្រៀប​ជួរគ្នា នៅ​មាត់ឆ្នេរ​ទីក្រុង​នីស ជា​ការ​រំឭក​វិញ្ញានក្ខន្ធ​ដល់​ជនរងគ្រោះ ដោយ​ភេរវកម្ម​ កាល​ពីថ្ងៃ​ទី១៤ កក្កដា ឆ្នាំ២០១៦ AFP
ផ្សាយពាណិជ្ជកម្ម

ពីធីរំឭកខួប​ជនរងគ្រោះ​ ដោយ​ភេរវកម្ម​នៅ​ទីក្រុង​នីស នឹង​ត្រូវ​ធ្វើឡើង ដោយ​មាន​ទាំង​ការប្រារព្ធពិធី​តាមបែបសាសនា ព្យុហយាត្រា​នៅ​តាម​ដងផ្លូវ និង​នៅលើ​អាកាស ហើយ​ក៏​មាន​ដែរ ការប្រគុំតន្រ្តី។ ពិធីរំឭកខួប​នេះ​នឹង​ត្រូវ​ធ្វើឡើង ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ហើយ​ក៏​មាន​ការ​ចូលរួម​ផងដែរ ពី​សំណាក់​អតីតប្រធានាធិបតី គឺ​លោក​ហ្វ្រង់ស័រ ហូឡង់ និង​លោក​នីកូឡា សាកូហ្ស៊ី។ ​

គួររំឭកឡើងវិញ​ថា នៅយប់ថ្ងៃ​ទី១៤ កក្កដា ឆ្នាំ២០១៦ នៅ​ក្នុង​ពេល​ដែល​ហ្វូងមនុស្ស​កកកុញ​ កំពុង​ប្រមូលផ្តុំគ្នា នៅ​មាត់ឆ្នេរ​ក្រុង​នីស ដើម្បី​មើល​ការ​ដុតកាំជ្រួច​អបអរ​ថ្ងៃ​បុណ្យជាតិ ភេរវជន​បាន​បើក​រថយន្ត​កាំមីញ៉ុង​ដ៏ធំមួយ បើក​ចូល​ទៅ​ក្នុង​ហ្វូងមនុស្ស។ ក្នុងរយៈពេល​ប្រមាណ​មិនដល់ ៣នាទី​ផង រថយន្តកាំមីញ៉ុង​នេះ​បាន​បុក​សម្លាប់​មនុស្ស​ចំនួន ៨៦នាក់ ក្នុងនោះ មាន ១៥នាក់ ជា​កូនក្មេង ហើយ​ប្រមាណ​ជាង ៤៥០នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។ ភេរវជន​ដែល​ជា​អ្នក​បើក​កាំមីញ៉ុង​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់។

ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​ចេញមុខ​ទទួល​ខុសត្រូវ​ចំពោះ​ភេរវកម្ម​នេះ ក៏ប៉ុន្តែ រហូតមកទល់​នឹង​ពេលនេះ មួយឆ្នាំ​ក្រោយ​ការ​ស៊ើបអង្កេត អាជ្ញាធរ​បារាំង​នៅតែ​មិន​ទាន់​​រកឃើញ​តម្រ៉ុយ​ណាមួយ​ ដែល​អាច​បញ្ជាក់ច្បាស់លាស់​​ថា ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ពិត​ជា​នៅ​ពីក្រោយ​ការវាយប្រហារ​ភេរវកម្ម​នេះ​នៅឡើយទេ។

សម្រាប់​អ្ន​កក្រុង​នីស ជាពិសេស អ្នក​ដែល​ជា​ជនរងគ្រោះ អ្នក​ដែល​បាត់បង់​សាច់ញាតិ​ ឬ​អ្នក​ដែល​ស្ថិត​នៅ​ដោយផ្ទាល់​ក្នុងហេតុការណ៍​ភេរវកម្ម​នេះ អ្វី​ដែល​បាន​កើតឡើង​កាល​ពី​១ឆ្នាំមុន គឺ​ហាក់​នៅ​ថ្មីៗ​នៅឡើយ ហើយ​ម្នាក់ៗ​ត្រូវ​ប្រឈមមុខ​នឹង​ផល​ប៉ះពាល់​​នៅ​ក្នុងដំណើរជីវិត​រៀងៗខ្លួន។

លោក​ ឆាក លឹមឈាង និស្សិតខ្មែរ ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​នីស ហើយ​ដែល​ជា​អ្នក​ស្ថិត​នៅ​ដោយ​ផ្ទាល់​ក្នុង​ហេតុការណ៍​ភេរវកម្ម​ឆ្នាំទៅមិញ បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​​ខេមរភាសា នៅថ្ងៃសុក្រ​នេះ​ថា ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​លោក​បង្កើន​ការ​ប្រុងប្រយ័ត្ន ហើយ​លាយឡំ​ផងដែរ​ជាមួយ​នឹង​ការភ័យខ្លាច ជាពិសេស នៅ​ពេល​ធ្វើ​ដំណើរ ឬ​ពេល​នៅ​ក្នុង​ហ្វូងមនុស្សច្រើន។

តាមការពិត គេសង្កេតឃើញ​ថា ការបារម្ភ ការភ័យខ្លាច និង​ការ​ចៀសពី​ហ្វូងមនុស្ស គឺ​ជា​អារម្មណ៍ ដែលកើតមាន​ទៅលើ​ជនរងគ្រោះ​ភាគច្រើន នៅ​ក្នុង​ភេរវកម្ម​នេះ។ បើ​យោងតាម​មេធាវី​របស់​ជនរងគ្រោះ ការ​បន្ត​ដំណើរជីវិត​ប្រចាំថ្ងៃ ប្រឈមមុខ​នឹង​ផលប៉ះពាល់​ផ្លូវចិត្ត​របស់​ជនរងគ្រោះ​នីមួយៗ មាន​ភាព​ខុសៗគ្នា ហើយ​ភាគច្រើន គឺ​អាស្រ័យ​ថា តើ​ជនរងគ្រោះ​ទទួល​យក​នូវ​ជំនួយ​ពី​គ្រូពេទ្យ​ចិត្តសាស្រ្ត​ដែរ​ឬអត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ